អានតួអត្ថបទ

ម៉ូស្គូ មិនគាំទ្រ បុគ្គលអាសាដទេ ម៉ូស្គូគាំទ្រ​ការប្រយុទ្ធ​ទល់​នឹង​ពួក​ភេរវជន​នៅ​ស៊ីរី

សេចក្តីនេះ ថ្លែង​ក្នុង​សន្និសីទ​កាសែត ដោយ​ប្រមុខ​ការទូត​រុស្ស៊ី - ប្រទេស​ដែល​រួម​ជាមួយ​អាមេរិក ជា​សហប្រធាន​នៃ ក្រុម​អន្តរជាតិ​ខាង​គាំទ្រ​ស៊ីរី ដែល​បាន​រួម​ប្រជុំ នៅ​ក្រុង Vienne ម្សិលមិញ ដើម្បី​ពិភាក្សា បញ្ហា​ធំៗ​ជា​គោល ពាក់ព័ន្ធ​នឹង​ស៊ីរី បែប​យ៉ាង ទស្សនវិស័យ​នៃ​ការផ្លាស់ប្តូរ​អំណាច​នៅ​ក្រុង​ដាម៉ាស ពង្រឹង​របប​ឈប់​បាញ់​លើ​សមរភូមិ​ស៊ីរី កែ​ឲ្យ​ប្រសើរ​ឡើង​ស្ថានការណ៍​ខាង​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ផ្គត់ផ្គង់​ដល់​បណ្តាជន​រងគ្រោះ ស្តារឡើងវិញ​កិច្ចចរចា​អន្តរស៊ីរី ក្រោយពី​ភាគី​ប្រឆាំង​ស៊ីរី បាន​ចាកចេញ​ពី​ក្រុង​ហ្ស៊ឺណែវ​ទៅ ៤​សប្តាហ៍​មុន។

ប្រមុខ​ការ​ទូត​រុស្ស៊ី​ Sergei Lavrov និង​សមភាគី​អាមេរិក John Kerry (កណ្តាល)  ក្នុង​ជំនួប​ប្រជុំ​ក្រុម​ប្រទេស​គាំទ្រ​ស៊ីរី នៅ​ទីក្រុង​វីយ៉ែន
ប្រមុខ​ការ​ទូត​រុស្ស៊ី​ Sergei Lavrov និង​សមភាគី​អាមេរិក John Kerry (កណ្តាល) ក្នុង​ជំនួប​ប្រជុំ​ក្រុម​ប្រទេស​គាំទ្រ​ស៊ីរី នៅ​ទីក្រុង​វីយ៉ែន REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

ក្នុង ក្រុមអន្តរជាតិខាងគាំទ្រស៊ីរី នោះ មាន​១៧​ប្រទេស ពោល​គឺ រុស្ស៊ី ស.រ.អា. អ៊ីរ៉ង់ បណ្តា​ប្រទេស​នាំ​មុខ​ទ្វីប​អឺរ៉ុប និង មជ្ឈឹមបូព៌ា។ ក្រោយពី​រួម​ប្រជុំ​អស់​៥​ម៉ោង ក្នុង​ជាន់​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ក្រុម​១៧​ប្រទេស​នោះ បាន​អនុម័ត​សេចក្តី​ថ្លែងការណ៍ ដែល​ចែង​អំពី​វិធានការ​ខាង​ទ្រទ្រង់​របប​ឈប់​បាញ់ វិធី​ដឹក​ជំនួយ​មនុស្សធម៌​ និង​ដំណោះស្រាយ​វិបត្តិ​ស៊ីរី តាម​ផ្លូវ​នយោបាយ។

តាមសម្តីលោកប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅតាម​ទិសដៅ​ទាំង​នេះ មាន​ការចម្រើន ទៅមុខ។ មាន​ទាំង​ពន្លឺ នាំ​ឲ្យ​សង្ឃឹម​ថា កិច្ចចរចា​អន្តរស៊ីរី នឹង​បន្ត​ឡើង​វិញ មុន​ថ្ងៃ​ទី​១​មិថុនា។ ម៉ូស្គូ រំពឹងថា ក្នុង​កិច្ចចរចា​នេះ ក៏​នឹង​មាន​តំណាង​របស់​ជនជាតិ​គួដ​ស៊ីរី ចូលរួម​ដែរ។

លោកឡាវ្រ៉ូវ គូសបញ្ជាក់ថា ម៉ូស្គូ​មិន​គាំទ្រ​របប​នៃ​បុគ្គល​លោក បាស្ហា អាល់ អាសាដ ឡើយ។ អ្វីដែល​រុស្ស៊ី គាំទ្រ គឺ ការប្រយុទ្ធ​ទល់​នឹង​​ពួក​ភេរវជន​នៅ​លើ​សមរភូមិ​ស៊ីរី​ផ្ទាល់ ហើយ​តាម​យោបល់​ម៉ូស្គូ ក្នុងការប្រយុទ្ធ​នេះ គ្មាន​កម្លាំង​ណា ដែល​មាន​ប្រសិទ្ធិភាព​ជាក់លាក់ ជាង​កងទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ឡើយ ទោះបី​កងទ័ព​នេះ​នៅ​ខ្សោយ​នៅ​ឡើយ។ លោក ឡាវ្រ៉ូវ ក៏​រិះគន់​អាជ្ញាធរ​តួកគី ដែល​ចេះ​តែ​បណ្តោយ ឲ្យ​មាន​ការដឹក​ជំនួយ​យោធា ចេញ​ពី​តួកគី ទៅ​បំប៉ន​​ក្រុម​ភេរវជន នៅស៊ីរី។

ចំណែកភាគីប្រឆាំង​ស៊ីរី ឈរ​លើ​គោលជំហរ ដែលថា​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ដែល​នឹង​ប្រព្រឹត្ត​ទៅ​ឡើង​វិញ ក្រោម​ការឧបត្ថម្ភ​របស់ លោក Staffan de Mistura ត្រូវនាំ​ទៅ​កាន់​ការបង្កើត​ឡើង​ជា រដ្ឋាភិបាល​អន្តរកាល ដោយ​គ្មាន​រូប​លោក​អាសាដ​ទេ ឲ្យ​បាន​មុន​ថ្ងៃ ១ សីហា ដើម្បី​បន្ទាប់មក ក្នុង​១៨​ខែ​ទៅ​មុខ ចាត់ចែង​ឡើង​ជា​ការបោះឆ្នោត​សាកល​តែម្តង​នៅ​ស៊ីរី។

សេចក្តីថ្លែងការណ៍ចេញ​នៅក្រុង Vienne ម្សិលមិញ ក៏​ប្រមើល​ឆូត​ចេញ​ពី កិច្ចព្រមព្រៀង​ដែល​ស្តី​អំពី​ការបញ្ឈប់​ភាព​ជា​ខ្មាំង​សត្រូវ ចុះ​កាលពី​ខែ​កុម្ភៈ​ដែល​បាន​ជួយ​ឲ្យ​មាន​​ការឈប់បាញ់ បាន​ពីរ​ខែ​ជាប់ គឺក្រុម​ប្រដាប់​អាវុធ​ណា​ដែល​ជាប់​ពិរុទ្ធ​ក្នុង​ការរំលោភ​លើ​បទឈប់បាញ់​នេះ ដោយ​លែង​ទទួល​បាន​ការការពារ​ទៀត​ឡើយ។

ខាងមនុស្សធម៌​វិញ ឯកសារ​ក្រុង Vienne អនុញ្ញាត ឲ្យ​ទម្លាក់​តាម​ឆ័ត្រ​យោង នូវ​​ស្បៀងសម្រាប់ ផ្គត់ផ្គង់​ដល់​បណ្តាជន​ណា​នៅ​ស៊ីរី ដែល​ជាប់​ក្នុង​ការឡោមព័ទ្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ