អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី៖​ភេវកម្មអត្តឃាត​ចំនួន៣ដង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ស្លាប់​ និង​របួស​មនុស្ស​ជាច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​តួកគី អាកាសយានដ្ឋាន​អន្តរជាតិ​អាតាតួក(Atatürk) ស្ថិត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុម​ភេរវជន​នៅ​យប់​ថ្ងៃ​អង្គារ ទី២៨ មិថុនា។ យោង​តាម​លោក​នាយរដ្ឋមន្រ្តី​តួកគី​ប៊ីណាលី យីលឌីរីម អំពើ​ភេរវកម្ម​អត្តឃាត​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៤១នាក់ និង​របួស​ធ្ងន់ ស្រាល​ជិត ២៤០នាក់​ផ្សេង​ទៀត។ សហគមន៍​អន្តរជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​ដោយ​បាន​ចាត់​ទុក​ជា​ទង្វើ​ដ៏​ថោកទាប។ ជា​ទូទៅ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​ទម្លាក់​កំហុស​ដាក់​ក្រុម​ឧទ្ទាម PKK ឬ​អង្គការ​រដ្ឋអ៊ីស្លាម។

ពី​មុខ​អាកាសយានដ្ឋាន Atatürk ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​ដែល​រង​អំពើ​​ភេរវកម្ម​យប់​ថ្ងៃទី២៨ មិថុនា
ពី​មុខ​អាកាសយានដ្ឋាន Atatürk ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​ដែល​រង​អំពើ​​ភេរវកម្ម​យប់​ថ្ងៃទី២៨ មិថុនា REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ផ្ទួនៗ​គ្នា​ចំនួន ៣ដង​នៅ​ក្នុង​អាកាសយានដ្ឋាន​អាតាតួក​ក្នុង​ប្រទេស​តួកគី​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ដោយ​លោក​នាយករដ្ឋមន្រ្តី​តួកគី​ប៊ីណាលី យីលឌីរីម។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ លោក​យីលឌីរីម​បាន​បញ្ជាក់​ថា មាន​ភេរវជន​អត្តឃាត​យ៉ាង​តិច ៣នាក់​ដែល​បាន​រៀបចំ​ការ​វាយប្រហារ​នោះ។ ភេរវជន​អត្តឃាត​ទាំង ៣នាក់​ដែល​កាន់​អាវុធ​គ្រប់ដៃ និង​ពាក់​ខ្សែក្រវ៉ាត់​ផ្ទុក​ជាតិផ្ទុះ​ជាប់​នឹង​ខ្លួន​បាន​មក​ដល់​អាកាសយានដ្ឋាន​តាម​ឡាន​តាក់ស៊ី​មួយ​នៅ​វេលា​ម៉ោង១០យប់​ម៉ោង​ក្នុង​ប្រទេស​តួកគី​ក្នុង​ថ្ងៃ​អង្គារ ទី២៨ មិថុនា​ត្រូវ​ជា​ម៉ោង ២ភ្លឺ​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ពេល​ទៅ​ដល់​អាកាសយានដ្ឋាន​ភ្លាម ភេរវជន​ក៏​បាន​បើក​ការ​បាញ់រះ​លើ​ហ្វូង​មនុស្ស រួច​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយ​ចុច​បំផ្ទុះ​ខ្សែក្រវ៉ាត់​បំពាក់ជាតិផ្ទុះ​ជាប់​នឹង​ខ្លួន។ ភេរវជនអត្តឃាត​ទាំង ៣នាក់​បាន​ស្លាប់ ដោយ​គេ​មិន​ទាន់​បាន​ដឹង​អំពី​អត្តសញ្ញាណ និង​ជនជាតិ​របស់​គេ​នៅ​ឡើយ​ទេ។ រីឯ​ព័ត៌មាន​ទាក់ទង​នឹង​ភេរវជន​ទី៤ ដែល​កំពុង​រត់​គេច​ខ្លួន​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ប្រមុខ​រដ្ឋាភិបាល​តួកគី​ទេ តែ​ក៏​លោក​មិន​បាន​ឆ្លើយ​បដិសេធ​ចោល​ទាំង​ស្រុង​ដែរ។ និយាយ​ពី​ចំនួន​ជនរងគ្រោះ​វិញ គឺ​មាន​ស្លាប់​យ៉ាង​តិច ៤១នាក់ និង​របួស​ជិត ២៤០នាក់។ អ្វី​ដែល​កំពុង​បន្ត​ស្រពិចស្រពិល និង​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ គឺ​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​ជនជាតិ​អ្វី​ខ្លះ​ទេ។
 
រដ្ឋាភិបាល​បាន​ទម្លាក់​ការ​សង្ស័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម

ជិត ២០ម៉ោង​ក្រោយ​អំពើ​ភេរវកម្ម នៅ​មិន​ទាន់​មាន​ចលនា ឬ​ក្រុម​ណា​មួយ​ចេញ​មុខ​សារភាព​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ទេ តែ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​សង្ស័យ​ជា​ស្នាដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ គួរ​ជម្រាប​ជូន​ថា រាល់​អំពើ​ភេរវកម្ម​នៅ​តួកគី​កន្លង​មក​ត្រូវ​បាន​រដ្ឋាភិបាល​ទម្លាក់​កំហុស​ទៅ​លើ​តែ​ពីរ​ក្រុម​គត់ គឺ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុម​ឧទ្ទាម​គួដ PPK ឬ​មួយ​ក៏​ក្រុម​ឧទ្ទាម​ផ្សេង​ដែល​ស្និទ្ធ​នឹង PKK។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រាល់​អំពើ​ភេរវកម្ម​នៅ​ក្នុង​ទឹកដី​តួកគី PKK មិន​ញញើត​នឹង​ចេញ​មុខ​សារភាព​ទេ តែ​គេ​កម្រ​ឃើញ​អង្គការ​រដ្ឋអ៊ីស្លាម​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ណាស់។
 
ជា​ការ​ពិត និង​ក៏​ដូច​ជា​នៅ​ក្នុង​អំពើ​ភេរវកម្ម​ចុង​ក្រោយ​ចំនួន​ពីរ​លើក​ថ្មីៗ​នេះ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​ដែរ រដ្ឋអំណាច​តួកគី​ហាក់​ដូច​ជា​ប្រញិបប្រញាប់​សន្និដ្ឋាន​ភ្លាមៗ​ថា ជា​ស្នាដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ ការ​ហ៊ាន​អះអាង​ដូច​នេះ​ដោយសារ​តែ​សំអាង​លើ​តម្រុយ និង​ផែនការ​វាយប្រហារ ព្រោះ​ក្រុម PKK និង​អង្គការ​រដ្ឋអ៊ីស្លាម​បាន​រៀបចំ​ផែនការ​វាយប្រហារ​មិន​ដូច​គ្នា​ទេ ទាំង​ផ្ទាំងស៊ីប ទីកន្លែង និង​រូបភាព​ទូទៅ។ រូបភាព​នៃ​ការ​វាយប្រហារ​លើ​អាកាសយានដ្ឋាន​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ូល​នៅ​យប់​ថ្ងៃទី២៨ មិថុនា គឺ​ស្រដៀន​គ្នា​បិះបិត​នឹង​រូបភាព​នៃ​ការ​វាយប្រហារ​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃទី២២ មីនា​កន្លង​ទៅ និង​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ចេញ​មុខ​សារភាព​ថា​ជា​ស្នាដៃ​របស់​ពួក​គេ។
 
ផ្ទាំងស៊ីប​របស់​អង្គការ​រដ្ឋអ៊ីស្លាម គឺ​ជនបរទេស និង​ទីកន្លែង​យុទ្ធសាស្ត្រ​សំខាន់ៗ ដូច​យ៉ាង​អាកាសយានដ្ឋាន ស្ថានីយ៍​រថភ្លើង​ដោយ​ធ្វើ​យ៉ាង​ណា បង្កើត​ឲ្យ​មាន​បរិយាកាស​តក់ស្លុត និង​ភ័យខ្លាច​ក្រោម​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង។
 
ហេតុអ្វី​បាន​ជា​តួកគី​កំពុង​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​អង្គការ​រដ្ឋអ៊ីស្លាម?
 
ក្រៅ​ពី​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​អង្គការ​រដ្ឋអ៊ីស្លាម តួកគី​ក៏​កំពុង​បន្ត​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុមឧទ្ទាម PKK និង​ក្រុម​ផ្សេង​ទៀត​ដែល​ស្និទ្ធ​នឹង PKK ដែរ។ ចលនា PKK ដែល​កំពុង​កាន់កាប់​ដែនដី​ស្វយ័ត​មួយ​ក្នុង​ទឹកដី​តួកគី​បាន​ធ្វើ​ការ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​តាំង​ពី​ឆ្នាំ ១៩៨៤។ ជា​រឿយៗ ក្រុម​ឧទ្ទាម​មួយ​នេះ​តែងតែ​ចូល​ទៅ​បង្ក​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា និង​ទីក្រុង​អ៊ីស្តង់ប៊ូល​ដោយ​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​យ៉ាង​ច្រើន ហើយ​ជា​រឿយៗ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ក៏​មិន​ញញើត​នឹង​ប្រើ​កម្លាំងបាយ​ដើម្បី​វាយបក​វិញ​ទេ។
 
ជម្លោះ​រវាង​រដ្ឋាភិបាល​តួកគី និង PKK ជា​ជម្លោះ​ផ្ទៃក្នុង​អូសបន្លាយ។ តែ​ទន្ទឹម​គ្នា​នេះ គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ដែនដី​តួគកី​ក៏​ជា​ជម្រក​លួចលាក់​មួយ​យ៉ាង​សំខាន់​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រើប្រាស់​ទឹកដី​តួកគី​ដើម្បី​ឆ្លង​ចេញ ចូល​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ ក្រៅ​ពី​នេះ នៅ​មាន​ពលរដ្ឋ​តួកគី​វ័យក្មេង​ប្រមាណ​ពី ៣ ទៅ ៤ពាន់នាក់​បាន​រត់​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី ហើយ​ពួក​នេះ​បាន​វិល​ចូលស្រុក​វិញ រួច​បង្ក​ភេរវកម្ម។
 
បន្ទាប់​មក នៅ​មាន​ពួកជីហាត​ជនបរទេស​ផ្សេង​ទៀត​ដែល​បាន​បាក់​ទ័ព​ពី​ស៊ីរី និង​អ៊ីរ៉ាក់​ចូល​មក​សំងំ​ក្នុង​ទឹកដី​តួកគី។ សូម​ជម្រាប​ជូន​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ទទួល​បរាជ័យ និង​បាត់បង់​ទឹកដី​ជា​ច្រើន​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ដោយសារ​តែ​អន្តរាគមន៍​របស់​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ តួកគី​កំពុង​ក្លាយ​ជា​ទឹកដី​ជ្រកកោណ និង​ការ​គំរាម​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ គ្រាន់​តែ​ជិត ២ឆ្នាំ​កន្លង​ទៅ តួកគី​ទទួល​រងគ្រោះ​ភេរវកម្ម​មិន​តិច​ជាង ១០លើក និង​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ៣០០នាក់ និង​របួស​ជិត ១ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ