វាយប្រហារដោយកាំបិតពូថៅ ភេរវកម្មជីហាតបែបថ្មី នៅអាល្លឺម៉ង់ ?!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១២
អង្គការរដ្ឋអ៊ីស្លាម បានប្រកាសទទួលស្គាល់ការវាយប្រហារដោយកាំបិតពូថៅ លើរថភ្លើង នៅប្រទេសអាល្លឺម៉ង់ ថាជាភេរវកម្ម ដែលធ្វើឡើងដោយ “កូនទាហាន” ម្នាក់របស់អង្គការ។ អង្គការរដ្ឋអ៊ីស្លាមបានប្រើពាក្យតែមួយ ដូចកាលប្រកាសទទួលភេរវកម្មនៅក្រុងនីសប្រទេសបារាំង។ សម្រាប់ខាងអាល្លឺម៉ង់វិញ គ្រាន់តែបានឃើញការវាយប្រហារ កាលពីយប់ថ្ងៃចន្ទ ដែលបានបង្កឱ្យមានមនុស្សរបួសធ្ងន់បួននាក់ភ្លាម អាជ្ញាធរអាល្លឺម៉ង់ បានបង្ហាញភាពសង្ស័យដោយគ្មានបង្អង់ ថាអាចជាភេរវកម្មអ៊ីស្លាមជ្រុលនិយម។
មនុស្សបួននាក់រងរបួសធ្ងន់ និងជាច្រើននាក់ផ្សេងទៀត ស្ថិតក្នុងស្ថានភាពតក់ស្លុតយ៉ាងខ្លាំង នៅក្នុងវាយប្រហារដោយកាំបិតពូថៅ ពីសំណាក់យុវជនជាតិអាហ្វហ្កានិស្ថានម្នាក់ នៅក្នុងទូររថភ្លើងមួយ។
ជនដៃដល់ជាក្មេងអន្តោប្រវេសន៍
ការវាយប្រហារ បានប្រព្រឹត្តទៅនៅក្នុងរថភ្លើងតំបន់មួយ ដែលមានផ្ទុកអ្នកដំណើរជាង៣០នាក់ នៅវេលាម៉ោង ៩និង១៥នាទី យប់ ថ្ងៃចន្ទទី ១៧កក្កដា ពេលជិតដល់ចំណត។ មានភស្តុតាង និងសាក្សីជាច្រើន បានបញ្ជាក់ អំពីលក្ខណៈអ៊ីស្លាមជ្រុលនិយម ពេលកំពុងវាយប្រហារ ដោយឮជនដៃដល់នេះស្រែកថា "អាឡា អាបា” ព្រះជាធំ !
ប៉ុន្តែអាជ្ញាធរត្រូវការធ្វើអង្កេតស៊ីជម្រៅសិន ព្រោះជននេះឡើងរថភ្លើងតែម្នាក់ឯង បញ្ចេញសកម្មភាពក៏តែម្នាក់ឯង ... ម្យ៉ាងវិញទៀត ជននេះក៏គ្មានជាប់ឈ្មោះក្នុងបញ្ជីអង្កេតភេរវជនដែរ។ អ្វីដែលគេបានដឹងច្បាស់លាស់ គិតមកត្រឹមពេលនេះ គឺប៉ូលិសបានឆែកឆេររកឃើញទង់ជាតិអង្គការរដ្ឋអ៊ីស្លាម ធ្វើដោយដៃ នៅក្នុងបន្ទប់គេងរបស់គេ។ មានអាយុ ១៧ឆ្នាំ យុវជនជាតិអាហ្វហ្កានីស្ថានរូបនេះ បានធ្វើដំណើរមកដល់អាល្លឺម៉ង់កាលពីពីរឆ្នាំមុន តែម្នាក់ឯង ក្នុងចំណោមហ្វូងជនភៀសខ្លួន គ្មានម្តាយឪពុកក្រុមគ្រួសារឡើយ។ យុវជនអាហ្វហ្កានិស្ថាននេះ បានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់តាំងពីជាងមួយឆ្នាំមកហើយ និងបានមករស់នៅក្នុងគ្រួសារសប្បុរសមួយ កាលពីពីរសប្តាហ៍មុន មិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។
កូនទាហានរបស់អង្គការរដ្ឋអ៊ីស្លាម ?
អង្គការរដ្ឋអ៊ីស្លាម ដែលកំពុងធ្វើសង្គ្រាមមនោគមវិជ្ជាប្រឆាំងនឹងបស្ចឹមលោក ធ្លាប់បានផ្សព្វផ្សាយ និងអំពាវនាវឱ្យអ្នកអ៊ីស្លាមជ្រុលនិយមទាំងអស់ បញ្ចេញសកម្មភាពនៅក្នុងប្រទេសរៀងខ្លួន ដោយប្រើគ្រប់មធ្យោបាយដែលមាន ដូចជាកាំបិតពូថៅ ដុំថ្ម ។ល។ និង។ល។ ធ្វើយ៉ាងណាសម្លាប់មនុស្សឱ្យខាងតែបានច្រើន និងណែនាំមិនឱ្យយុទ្ធជនទាំងនោះធ្វើដំណើរទៅស៊ីរី ឬអ៊ីរ៉ាក់ទេ ព្រោះអាចនឹងត្រូវប៉ូលិស ចាប់បាន ឬមានដាន។
បើគិតត្រឹមណេះ ទោះបីជនជ្រុលនិយមអ៊ីស្លាមណាមិនបានទៅដល់កន្លែង មិនបានចូលជាបម្រើអង្គការរដ្ឋអ៊ីស្លាមដោយផ្ទាល់ក៏ដោយ តែដោយគ្រាន់តែគាំទ្រមនោគមវិជ្ជារបស់ពួកគេ និង បានអនុវត្តអំពើឃោរឃៅ កាប់សម្លាប់មនុស្ស ដើម្បីបុព្វហេតុអង្គការរដ្ឋអ៊ីស្លាម នោះពិតជាត្រូវបានចាត់ទុកជាកូនទាហានរបស់អង្គការរដ្ឋអ៊ីស្លាមបានហើយ។ កូនទាហានបែបនេះ គ្មានបានប្រាក់ខែ ជួនកាលគ្មានបានទទួលបញ្ជា ឬផែនការពីថ្នាក់លើ ឬគ្មានបណ្តាញអ្វីទេ។
ការវាយប្រហារដោយកាំបិត ភេរវកម្មទោលនៅអាល្លឺម៉ង់
បើយើងធ្វើការប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចយ៉ាង បារាំង ឬបែលហ្សិក អាល្លឺម៉ង់មិនដែលរងភេរវកម្មជាទ្រង់ទ្រាយធំឡើយ។ តែអាជ្ញាធរអាល្លឺម៉ង់ តែងតែរំលឹកជាញយៗដងថាប្រទេសជាតិក៏ជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្មដែរ និងមានការស្រាវចាប់ពួកបណ្តាញភេរវនិយមជាប់សង្ស័យជាច្រើននាក់។
ប៉ុន្តែនេះជាលើកទីមួយ ដែលអង្គការរដ្ឋអ៊ីស្លាមប្រកាសសកម្មភាពភេរវកម្មនៅអាល្លឺម៉ង់។គិតរហូតមកទល់នឹងពេលនេះ អាល្លឺម៉ង់រងតែការវាយប្រហារភេរវកម្មជីហាត បែប ទោល តែប៉ុណ្ណោះ។ កាលពីឧសភា មានការវាយប្រហារក្នុងរថភ្លើងដោយប្រើកាំបិតចាក់សម្លាប់មនុស្សម្នាក់ និងរបួសបីនាក់ កាលណោះអាជ្ញាធរអាល្លឺម៉ង់ក៏សង្ស័យថាជាការវាយប្រហារភេរវកម្មអ៊ីស្លាម និងតាមដានអង្គការរដ្ឋអ៊ីស្លាម មុននឹងប្រកាសសេចក្តីសន្និដ្ឋានបញ្ចប់ថាជាជនខូចសតិ។ នៅខែកុម្ភៈដើមឆ្នាំ២០១៦ដដែល មានការវាយប្រហារដោយកាំបិត ប្រឆាំងនឹងប៉ូលិសម្នាក់ ពីសំណាក់ក្មេងស្រីជំទង់ដើមកំណើតតួកគីអាយុ១៥ឆ្នាំ ដែលចង់ចេញទៅស៊ីរី ឬអ៊ីរ៉ាក់ ដើម្បីបម្រើអង្គការរដ្ឋអ៊ីស្លាម។
ប៉ុន្តែនៅលើកនេះ ប្រសិនបើការវាយប្រហាររបស់យុវជនអាហ្វហ្កានីស្ថាន មានដានជាប់ជីហាតអង្គការរដ្ឋអ៊ីស្លាមពិតជាត្រូវបញ្ជាក់មែន អ្នកដែលខាតគឺអន្តោប្រវេសន៍ ព្រោះការតស៊ូមតិទាក់ទងនឹងបញ្ហាជនភៀសខ្លួននឹងត្រូវឆេះសន្ធោសន្ធៅឡើងវិញជាក់ជាមិនខាន។ បើទោះបីស្ថិតិក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបង្ហាញថា លំហូរអន្តោប្រវេសន៍ មិនបង្កើនចំនួនឧក្រិដ្ឋកម្មនិងហានិភ័យភេរវកម្មក៏ដោយ។
សូមបញ្ជាក់ថា ឆ្នាំមុន អាល្លឺម៉ង់បានទទួលយកជនភៀសខ្លួនជាង១លាននាក់ ភាគច្រើនជាជនជាតិស៊ីរី តែជនជាតិអាហ្វហ្កានីស្ថាន ក៏មានចំនួនច្រើនខ្លាំងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ