អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ព្រួយ​បារម្ភ​នឹង​សុវត្ថិភាព​អាវុធ​នុយក្លេអ៊ែរស្តុក​ទុក​ទៅ​តួកគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អ្នក​វិភាគ​នយោបាយ​អាមេរិក​នៃ​មជ្ឈមណ្ឌល Stimson Center បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ ខ្លាច​អាវុធ​នុយក្លេអ៊ែរ ជា​ច្រើន​សិប​​គ្រាប់ លាក់​ទុក​ក្នុង​ឃ្លាំង​នៅ​ប្រទេស​តួកគី ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ភេរវនិយម ឬ​ក្រុម​ប្រដាប់​អាវុធ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​អាមេរិក។ ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​នេះ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Incirkik ក្នុង​ទឹក​ដី​តួកគី តែ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំប្រទល់​ប្រទេស​ស៊ីរី។

យន្តហោះ​ដឹក​ជញ្ជូន​សព្វាវុធ​តួកគី​ A400M នៅ​មូលដ្ឋាន​ទ័ព​អាមេរិក Incirlik
យន្តហោះ​ដឹក​ជញ្ជូន​សព្វាវុធ​តួកគី​ A400M នៅ​មូលដ្ឋាន​ទ័ព​អាមេរិក Incirlik REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

សម្រែក​ទាមទារ ឱ្យ​គិត​គូរ​ដល់​សុវត្ថិភាព​នៃ​ឃ្លាំង​រក្សា​អាវុធនុយក្លេអ៊ែរ នៅ​តួកគី ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Incirlik ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​១១០គីឡូម៉ែត្រ​ពី​ស៊ីរី មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ទេ។ ប៉ុន្តែក្តី​ព្រួយ​បារម្ភ និង​ការ​តស៊ូ​មតិ​ស្តី​ពី​អាវុធ​នុយក្លេអ៊ែរ​នេះ ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ និង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ​ក្រោយពី​តួកគីបាន​ឆ្លង​កាត់​​​រដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​ ថ្ងៃទី ១៥​កក្កដា ២០១៦​។

ក្រុម​អ្នក​វិភាគ​និង​សិក្សា​នយោបាយ Stimson Center បាន​ទាញ​សញ្ញា​អាសន្ន​ជា​ថ្មី​ បង្ហាញ​ពី​មិន​ទុក​ចិត្ត​ ​ព្រោះ​មើល​មិន​ឃើញ​ថា តើ​អាមេរិក​អាច​រក្សា​ ក្តោបក្តាប់​ និង​ត្រួត​ត្រា​​អាវុធ​ដ៏​គ្រោះថ្នាក់​បំផុត​​នៅ​លើ​លោក​បាន​យ៉ាង​ដូចម្តេច​ឡើយ ប្រសិន​បើ​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ​ពេល​វេលា​យូរ​នៅ​តួកគី​នោះ។

មូលដ្ឋាន​ទ័ពអាកាស​​អាមេរិក Incirlik លើ​ទឹក​ដី​តួកគី​នេះ ជា​មូលដ្ឋាន​ទ័ព​ប្រកប​ដោយ​យុទ្ធសាស្ត្រ​បំផុត​​សម្រាប់​កង​ទ័ព​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ ដឹកនាំ​ដោយ​វ៉ាស៊ីនតោន ដែល​កំពុង​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​​រដ្ឋ​អ៊ីស្លាម​ ព្រោះ​មាន​ទីតាំងល្អ​ អាចបង្ហោះ​យន្តហោះ​​ចេញ​ទៅ​វាយប្រហារ​​ចំណុច​ដៅសត្រូវ​​នៅ​​ស៊ីរី និង​អ៊ីរ៉ាក់ បាន​យ៉ាង​ឆាប់​រហ័ស។

ប៉ុន្តែ​តាំង​ពី​ខែ​មីនា​មក ក្រោម​មូលហេតុ​សុវត្ថិភាព មន្ទីរ​បញ្ចកោណ​​បាន​បញ្ជា​ឱ្យ​ជម្លៀស​គ្រួសារ​យោធា បុគ្គលិក​ស៊ីវិល ប្រចាំ​នៅ​តំបន់​ភាគ​ខាងត្បូង​តួកគី​នេះ។ មេបញ្ជាការ​តួកគី​ប្រចាំ​មូលដ្ឋាន​នេះ ក៏​ត្រូ​វបាន​អាជ្ញាធរ​អង់ការ៉ា ចាប់​ខ្លួន​ទៀត ដោយ​ជាប់​ចោទ​ថា​បាន​ផ្សំ​គំនិត​គាំទ្រ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​ប្រឆាំង​នឹង​លោក អ៊ែរដូហ្កាន។

សម្រាប់​ម្ចាស់​របាយការណ៍​ ដែល​ជំរុញ​ឱ្យ​អាមេរិក​គួរ​តែ​ដក​គ្រាប់​បែក​អាតូមិច​B៦១​ចេញ​ពី​តួកគី​តែ​ម្តង គេ​មិន​គួ​រ​បណ្តោយ​រក្សា​​ទុក​អាវុធ​នុយក្លេអ៊ែរ​ជាង​៥០​គ្រាប់​នៅ​ មូលដ្ឋាន​ Incirlikឡើយ គឺ​ ដូច​ជា​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ពេក​ណាស់ បើ​ទោះ​បី​ជា​​មនុស្ស​ការពារ​ច្រើន​មែន តែ​ហានិភ័យ​នៅ​តែ​មាន​ខ្ពស់​ដដែល។

លេខ​សម្ងាត់​បញ្ចៀសមហន្តរាយ
រហូត​មក​ទល់​ពេល​នេះ អាមេរិក​អាច​គេច​ផុត​ពី​មហន្តរាយ​នុយក្លេអ៊ែរ​បាន​រហូត​មក ! ប៉ុន្តែ​ក៏​មាន​ភស្តុតាង​ និង​ក៏​កត្តា​ក្រៅ​ជា​ច្រើនផ្សេង​ទៀត ដែល​បញ្ជាក់​ថា​​សុវត្ថិភាព​នៃ​ការ​ស្តុក​អាវុធ​នុយក្លេងអ៊ែរ​អាមេរិក នៅ​តួកគី អាច​​ប្តូរ​ផ្លាស់​ ភ្លាម​ភ្លែត នៅ​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក​ក៏​បាន។ ព្រោះ​បើ​ក្នុង​ករណី​មាន​រដ្ឋប្រហារ​ផ្ទុះ​ឡើង​បាន​សម្រេច តើ​ពេល​នោះ​គេ​ប្រាកដ​ជា​ពិបាក​កំណត់​បាន​ណាស់ ថា​តើ​ខាង​ណា​ជា​អ្នក​គ្រប់គ្រង​មូលដ្ឋាន​ទ័ព​នោះ។

ប៉ុន្តែ​​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​អះអាង​ថា​បាន​ចាត់​វិធាន​ការ​​សមស្រប សម្រាប់​ធានា​សុវត្ថិភាព​​ទាំង​បុគ្គលិក ទាំង​ទីតាំង​​ស្តុកអាវុធ។ ហើយ​បើ​តាម​អ្នក​ឯកទេស បើ​ទោះ​បី​ជា​អាវុធ​នោះ​ត្រូវ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​នរណា​ ក៏​គ្មាន​ហានិភ័យ​អ្វី​ដែរ ព្រោះ​អាវុធ​នុយក្លេអ៊ែរ​ទាំង​នោះ​សុទ្ធ​តែ​មាន​លេខ​កូត លេខ​សំងាត់ -មិន​អាច​ប្រើ​បាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​វ៉ាស៊ីនតោន​ទេ។

យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្តីព្រួយ​បារម្ភ​​ចំពោះ​មូលដ្ឋាន ​Incirlik មាន​ចុះ​នៅ​ក្នុង​ជំពូក​ដ៏​ធំ​មួយ​នៃ​កម្មវិធី​ធ្វើ​ទំនើបកម្ម​នុយក្លេអ៊ែរ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ដែល​វ៉ាស៊ីនតោន​​ត្រូវ​ចំណាយ​​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ឱ្យ​អាវុធ​នុយក្លេអ៊ែរ​អស់​នោះ​ដើរ​ទាន់​បច្ចេកវិទ្យា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

​​​អាវុធ​នុយក្លេអ៊ែរកម្លា​សត្រូវ​  

អាមេរិក​បាន​សម្រេច​ចិត្ត​យក​អាវុធ​នុយក្លេអ៊ែរ​ ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៃ​មូលដ្ឋាន​ទ័ព​​អាមេរិក Incirlik ប្រទេស​តួកគី​នេះ ដំបូង​ឡើង​គឺ​ក្នុង​បំណង​កម្លា​គូ​ប្រជែង​រុស្ស៊ីផង និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈដ៏​មុតមាំ​របស់​​អាមេរិក​​ក្នុង​រង្វង់​អង្គការ​អូតង់ ដែល​ក៏​មាន​តួកគី​ជា​សមាជិក​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែរ។

ការ​ប្រកួត​ប្រជែង​ផលិត​អាវុធ​បែប​ប្រល័យ​លោក បានប្រដេញ​គ្នា​ខ្លាំង​នៅ​ពេល​សហភាព​សូវៀត​បាន​កកើត​និង​ចាប់​មាន​អាវុធ​នុយក្លេអ៊ែរ។ ពេល​នោះ​អាមេរិក​មាន​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​ប្រមាណ​ជា​ ៣១២៥៥​ តែ​​​ដល់​សម័យ​សង្គ្រាម​ត្រជាក់ អាមេរិក​បង្កើត​ផលិត​​អាវុធ​នុយក្លេអ៊ែរ មួយ​ទ្វេ​ជាពីរ មាន​អាទិ៍ គ្រាប់បែក គ្រាប់​ផ្លោង​ ក្បាល​គ្រាប់ ... សរុប​៦៤​ប្រភេទ។ ប៉ុន្តែ​តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​ទៅ អាមេរិក​បាន​កាត់​បន្ថយ ​រួច​បញ្ឈប់ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ចាប់​ពី​ឆ្នាំ​១៩១​ ឬ​១៩៩២ មុន​នឹង​ចាប់​រើប​ឡើង​វិញខ្លះ​ៗ​នៅ​ឆ្នាំ​២០០៧។ ​

អាមេរិក​និង​រុស្ស៊ី បាន​ផ្តួច​ផ្តើម​គំនិត​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នេះ តែ​ការ​ចរចា​នៅ​តែ​មិន​ទាន់​សម្រេច​លទ្ធផល។ តែ​បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការ​រំសាយ​មែន ក៏​តាំង​ពី​ឆ្នាំ​២០០៤​មក អាមេរិក​បាន​យក​សព្វាវុធ​នុយក្លេអ៊ែរ​ទាំង​នោះ​​បញ្ជូល​ក្នុង​បញ្ជី​អាវុធ​អសកម្ម។ នៅ​ឆ្នាំ២០១៥ គេ​រាប់​ឃើញ​អាមេរិក​​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ​៤៧១៧​គ្រាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ