អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេសអៀរឡង់ព្រួយបារម្ភចំពោះផែនការយកពន្ធលើប្រាក់ចំណេញសហគ្រាសរបស់លោក ដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រោយ​ពីបាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ លោក​ ដូណាល់ ត្រាំ​ មិន​ទាន់​លាត​ត្រដាងផែនការ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាលខ្លួននៅ​ឡើយ​ទេ។​ម្នាក់ៗ​កំពុង​ទន្ទឹង​រង់ចាំ​ចង់​ដឹង​ទិសដៅ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ថ្មី។ ប៉ុន្តែអ្វី​ដែល​គេ​ជឿ​ជាក់ច្បាស់​នោះ​ គឺ​លោក​ ដូណាល់​ ត្រាំ​ ​មាន​ផែនការ​បន្ថយ​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​សហគ្រាស​ក្នុង​ស្រុក​។​លើស​ពីនេះ​ លោក​ក៏​គ្រោង​បញ្ជុះ​អត្រា​ពន្ធ​មក​នៅ​ត្រឹម​តែ​ ១០%​ ប៉ុណ្ណោះ​ ប្រសិន​បើ​ក្រុមហ៊ុន​អាមេរិក​ណា​ចង់​ផ្ទេរ​លុយ​ចំណេញ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ត្រលប់​ចូល​ក្នុង​ស្រុក​វិញ។​ផែនការ​សេដ្ឋកិច្ច​បែប​ការពារ​ប្រយោធន៍​អាមេរិក​បែប​នេះ​កំពុង​តែ​ធ្វើ​អោយ​អ្នក​នយោបាយ​ប្រទេស​អៀរឡង់​ភ័យ​ព្រួយយ៉ាង​ខ្លាំង។ 

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​កំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក​ ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​រូប​នេះ​បាន​ប្រកាស​ក្តែងៗ​ហើយ​ថា​ គាត់​នឹង​ធ្វើ​កំណែ​ទម្រង់​ផែ្នក​សារពើរពន្ធ​លើ​សហគ្រាស។​ នៅ​ក្នុង​អត្ថបទ​មួយ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ ទី​១១ វិចិ្ឆការ​ ដោយ​សារព័ត៌មាន Financial Times លោក​ Anthony Scaramucci ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ ដូណាល់​ ត្រាំ​ បាន​និយាយ​បញ្ជាក់​ថា​ លោក​ប្រធានាធិបតី​អាមេរិក​ថ្មី​គ្រោង​បញ្ជុះ​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​សហគ្រាស​ពី​ ៣៥%​ មក​នៅ​តែ​ ១៥%​ ប៉ុណ្ណោះ។

លើស​ពីនេះ​​ រដ្ឋាភិបាល​ថ្មី​របស់​លោក​ ត្រាំ​ ក៏​មាន​ផែនការ​ជំរុញ​លើក​ទឹកចិត្ត​អោយ​ក្រុមហ៊ុន​អាមេរិក​ធំៗ​ធ្វើការ​បង្វិល​លុយ​របស់​ខ្លួន​ ដែល​តំកល់ទុក​នៅ​បរទេស​អោយ​ត្រលប់​ចូល​មក​សហរដ្ឋ​អាមេរិក​វិញ។​ រដ្ឋាភិបាល​នឹង​ផ្តល់​អត្រា​ពន្ធ​អនុគ្រោះ​លើ​ការ​ផ្ទេរលុយ​ចូល​ក្នុងស្រុក​វិញ​នេះ​គឺ​ ១០%​ ចំពោះ​ក្រុមហ៊ុន​ទូទៅ។​ ហើយ​ក្រុមហ៊ុន​អាមេរិកត្រូវ​រួសរាន់​ផ្ទេរ​លុយ​ត្រលប់​មក​វិញជា​បន្ទាន់​ បើ​ចង់​ទទួល​បាន​អត្រា​ទាប​បែប​នេះ​ ព្រោះ​រយៈ​ពេល​អនុគ្រោះ​នេះមាន​​កំណត់។

ផែនការ​ពន្ធ​បែប​នេះ​របស់​លោក​ ដូណាល់ ត្រាំ​ កំពុង​តែ​ធ្វើ​អោយ​ថ្នាក់​ដឹកនាំ​នយោបាយ​ប្រទេស​អៀរឡង់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​ លោក​ Michael McGrath ជា​អ្នក​តំណាង​រាស្រ្ត​អៀរឡង់​ម្នាក់​ ​ដែល​បាន​សំដែង​ការភ័យ​ព្រួយ​នេះ​មុន​គេ​។​ នៅ​លើ​បណ្តាញ​សង្គម​ Twitter លោក​បាន​អះអាង​ថា​ ផលវិបាក​នឹង​ជះឥទ្ធិពល​អាកក្រក់​មក​លើ​សេដ្ឋកិច្ច​ប្រទេស​អៀរឡង់។​ ​លំហូរ​វិនិយោគ​បរទេស​ ជាពិសេស​វិនិយោគ​អាមេរិក​ គឺ​មាន​សារៈសំខាន់​ណាស់​សំរាប់​ប្រទេស​អឺរ៉ុប​មួយ​នេះ។ ​បច្ចុប្បន្ននេះ​ ជោគជ័យ​សេដ្ឋកិច្ច​របស់​ប្រទេស​អៀរឡង់​រំពឹង​លើ​អត្រា​ពន្ធ​សហគ្រាស​ ដែល​មាន​កំរិត​ទាប​បំផុត​ ពោល គឺ​ត្រឹម​តែ​ ១២,៥%​ ប៉ុណ្ណោះ។

ហើយ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​សំរេច​ចិត្ត​បន្ថយ​អត្រាពន្ធ​សហគ្រាស​អោយ​មក​នៅ​កំរិត​ទាប ក្រុមហ៊ុន​អាមេរិក​អាច​នឹង​ផ្ទេរ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អៀរឡង់​ត្រលប់​ទៅ​ទឹកដី​អាមេរិក​វិញ។​ ទន្ទឹម​គ្នា​នោះ​ផងដែរ​ សាច់​ប្រាក់​មួយ​ចំនួន​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​សហរដ្ឋ​អាមេរិក​វិញ។​ ហេតុដូចនេះ​ រដ្ឋាភិបាល​អៀរឡង់​កំពុង​ប្រុង​ប្រយ័ត្ន​ខ្លួន​ ហើយ​​តាមដាន​បញ្ហា​នេះ​យ៉ាង​ល្អិត​ល្អន់​បំផុត។​ នៅ​ក្នុង​បទសម្ភាន៍​មួយ​ជាមួយ​សារព័ត៌មាន​បារាំង​ Le Monde លោក​ Tom White អ្នក​ជំនាញ​ផែ្នក​ហិរញ្ញ​វត្ថុ​ប្រចាំ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់​ Gloabal Counsel​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​បាន​អោយ​ដឹង​ថា​ វិនិយោគ​អាមេរិក​បច្ចុប្បន្ន​នៅ​ប្រទេស​អៀរឡង់​នឹង​មិន​ប៉ះពាល់​ទេ។​ ប៉ុន្តែ លំហូរ​វិនិយោគ​សំរាប់​ថ្ងៃ​អនាគត​នឹង​ចុះ​ថយ​យ៉ាងគំហុក។

អាមេរិក​មាន​អត្រាពន្ធ​សហគ្រាស​ខ្ពស់​បំផុត

ហេតុអ្វី​ក្រុមហ៊ុន​អាមេរិក​ធំៗ​បង្កើត​ការិយាល័យ​អាជីវកម្ម​នៅបរទេស​ ឬ​រក្សា​ទុក​ប្រាក់​ចំណេញ​​នៅ​ធនាគារ​បរទេស?​ ចំលើយ​ គឺ​រដ្ឋាភិបាល​អាមេរិក​ដាក់​កំរិត​អត្រា​ពន្ធ​ខ្ពស់​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន។​ ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក ឬ​ប្រទេស​ដ៏ទៃ​ ប្រទេស​ និង​ដែនដី​មួយ​ចំនួន​បាន​បង្កើត​នយោបាយ​ឋានសួគ៌​គេចពន្ធ។​ មានន័យ​ថា​ ក្រុមហ៊ុន​ធំៗ​អាច​ចុះ​បញ្ជី​អាជីវកម្ម​ក្នុង​ទឹកដី​នេះ​ ហើយ​អាច​តំកល់​ប្រាក់ និង​រក្សា​ប្រាក់​ចំណេញ​​ក្នុង​ធនាគារ​​។

តាមរយៈ​នយោបាយ​នេះ​ ប្រាក់​ចំណេញ​ទាំង​ប៉ុន្មាន​របស់​ក្រុមហ៊ុន​ទាំង​នោះ​នឹង​មិន​ចាំ​បាច់​បង់​ពន្ធ​ឡើយ​ ឬ​ក៏​អាច​បង់​ពន្ធ​ក្នុង​កំរិត​អត្រា​ទាប​ប៉ុណ្ណោះ។ ឧទាហរណ៍​ដូចជា​ប្រទេស​ប៉ាណាម៉ា​​, កោះ​ Cayman និង​ កោះ​ Virgin របស់​ប្រទេស​អង់គ្លេសជាដើម​ ដែល​​សុទ្ធសឹង​តែ​ជា​ទិសដៅ​ដ៏​ពេញ​និយម​របស់​ក្រុមហ៊ុន​អាមេរិក​ធំៗ។ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សន៍​កន្លង​មកនេះ​ ដែនដី​ឋានសួគ៌​គេចពន្ធ​ទាំង​នោះ​បាន​រីករាយ​ដុះ​ដាល​ដូច​ផ្សិត។

​យោង​តាម​របាយការណ៍​​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់​សេដ្ឋកិច្ច​ Capital Economics បាន​អោយ​ដឹង​ថា​ សព្វថ្ងៃ​នេះ​ ក្រុមហ៊ុន​អាមេរិក​ធំៗ​មាន​សាច់​ប្រាក់​ចំនួន​ ២ ៥០០ កោដិ​ដុល្លារ​រក្សា​ទុក​នៅ​ក្រៅ​ទឹកដី សហរដ្ឋ​អាមេរិក។​ ចំនួន​ទឹកប្រាក់​ដ៏​មហាសាល​នេះ​ គឺ​ស្មើ​នឹង​ ១៤% នៃ​ផលិត​ផល​ដុល​សរុប​ (PIB) របស់​អាមេរិក។​ ក្រុមហ៊ុន​ Apple ត្រូវ​បាន​គេ​ដឹង​ថាជាក្រុមហ៊ុន​ដែល​សកម្ម​បំផុត​ ក្នុង​ការ​តំកល់​សាច់​ប្រាក់​របស់​ខ្លួន​ក្រៅ​ទឹកដី​អាមេរិក​។ សព្វ​ថ្ងៃ​នេះ​ ក្រុមហ៊ុន​ Apple មាន​សាច់​ប្រាក់​ចំនួន​ ២០០ កោដិ​ដុល្លារ​នៅ​បរទេស។ កន្លង​មក​ លោក​ Tim Cook ប្រធាន​ក្រុមហ៊ុន​ស្លាក​សញ្ញា​ផ្លែ​ប៉ោម​នេះ​បាន​ថ្លែង​អះអាង​ជាច្រើន​ដងហើយ​ថា​ ប្រសិន​បើ​អត្រា​ពន្ធ​ផ្ទេរ​សាច់​ប្រាក់​ចំណេញ​សហគ្រាស​ចូល​ទឹកដី​អាមេរិក​នៅ​តែ​ខ្ពស់​បែប​នេះ​ លោក​នឹង​មិនធ្វើ​មាតុភូមិ​និវត្តន៍​សាច់​ប្រាក់​ទាំង​នោះ​ចូល​ក្នុង​គណនី​ធនាគារ​អាមេរិក​ឡើយ។
កំណែទម្រង់​ប្រព័ន្ធ​សារពើរពន្ធ​ជា​អាទិភាព​
ដើម្បី​សំរេច​បំណង​បន្ថយ​អត្រា​ពន្ធ​នេះ​ ជា​បឋម​ លោក​ ដូណាល់​ ត្រាំ​ ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សារពើរ​ពន្ធ​សហគ្រាស​ជាមុន​សិន។ បន្ទាប់​មក​ លោក​ត្រូវ​សុំ​ការ​អនុម័ត​​ពី​សភា។​ បើ​តាម​លោក​ Jon Taub អ្នក​ជំនាញ​ប្រចាំ​ក្រុមហ៊ុន​ Deloitte បាន​វិភាគ​ថា​ កំ​ណែ​ទម្រង់​នេះ​អាចលេច​ចេញ​ជា​រូបរាង​​ ដោយសារ​តែ​គណបក្ស​សាធារណរដ្ឋ​មាន​សមាជិក​សភា​ភាគច្រើន​លើស​លុប​នៅ​សភា​ទាំង​ពីរ​ថ្នាក់។​ ហើយ​កំណែទម្រង់​នេះ​នឹង​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​សារពើរ​ពន្ធ​​​​ពិភព​លោក​ទាំង​មូល។​ និយាយ​បែប​សាមញ្ញ​ កំណែទម្រង់​អាមេរិកអាច​បង្ក​ជា​សង្គ្រាម​ផែ្នក​អត្រា​ពន្ធ​រវាង​ប្រទេស​នានា។ ប្រទេស​និមួយៗ​អាច​នឹង​បញ្ជុះ​អត្រា​ពន្ធ​របស់​ខ្លួន​ ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ ជាពិសេស​វិនិយោគ​អាមេរិក។​

កំណែទម្រង់​អាមេរិក​បែប​នេះ​អាច​នឹង​ក្លាយ​ជា​ដំណឹង​អាក្រក់​សំរាប់​អង្គការ​សហប្រតិបត្តិការ​ និង​អភិវឌ្ឈន៍​សេដ្ឋកិច្ច​ (OCDE)​។ សូម​បញ្ជាក់​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ព្យាយាម​សំរប​សំរួល​បង្កើត​​ប្រព័ន្ធ​សារពើរ​ពន្ធ​ស្រដៀង​គ្នា​មួយ​រវាង​ប្រទេស​សមាជិក ​ដែល​ភាគ​ច្រើន​ជា​ប្រទេស​អភិវឌ្ឈន៍​មាន​សេដ្ឋកិច្ច​លូតលាស់។​

ការចរចារវាង​ប្រទេស​នានា​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​តឹង​តែង​បំផុត។​ ហើយ​កាលពី​កិច្ច​ប្រជុំ​ប្រទេស​ G20 កាលពី​ឆ្នាំ​២០១៥ ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងនោះ​បាន​អនុម័ត​ផែនការ​នេះ។​ ប៉ុន្តែ ប្រព័ន្ធ​សារពើរពន្ធ​អាមេរិក​ថ្មី​របស់​លោក​ ដូណាល់​ ត្រាំ​ អាច​បង្ក​អោយ​ផែនការ​នេះ​បរាជ័យ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ