អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ហ្វ្រង់ស័រ ហូឡង់ ប្រកាស​មិន​ឈរ​ឈ្មោះជា​ប្រធានាធិបតីបារាំង​អាណត្តិថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ដ៏​អប្រជាប្រិយភាព​បំផុត​ក្នុង​ប្រវត្តិ​សាធារណរដ្ឋ​បារាំង បាន​ប្រកាស​នៅ​ល្ងាច​មិញ មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ដើម្បី​ប្រជែង​យក​តំណែង​នៅ​អាណត្តិថ្មី​ទេ។ ជា​សេចក្តី​ប្រកាស​ដែល​ពុំ​ធ្លាប់​មានប្រធានាធិបតី​បារាំង​ណាធ្លាប់​ធ្វើ​​ទាល់​សោះ​ ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​សម័យ​ថ្មី។

ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ ប្រកាស​មិន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អាណត្តិថ្មី ថ្ងៃទី ១ ធ្នូ ២០១៧
ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ ប្រកាស​មិន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អាណត្តិថ្មី ថ្ងៃទី ១ ធ្នូ ២០១៧ Elysée
ផ្សាយពាណិជ្ជកម្ម

នៅ​យប់​មិញ លោក​ប្រធានាធិបតី​បារាំង​បាន​ធ្វើ​សុន្ទរកថា​តាមកញ្ចក់​ទូរទស្សន៍ រយៈ​ពេលប្រមាណ​​១០​នាទី ក្នុង​សំឡេង​ដ៏​សក្តិសម​ជាប្រមុខ​រដ្ឋ ពន្យល់​ប្រាប់​ពលរដ្ឋ​​អំពី​តុល្យការ​ការងារ​៥​ឆ្នាំ​របស់​លោក ក្នុង​ការ​​លើកស្ទួយ​ប្រទេស​ និង​ធ្វើ​ប្រទេស​មាន​យុត្តិធម៌​ខ្លាំង ៖​ ហិប​រដ្ឋ​លែង​ក្រហត ការធានារ៉ាប់រង​សង្គម​ក៏​មាន​លំនឹង បំណុល​រដ្ឋ​ក៏​មិន​កើន គំរូ​សង្គម​ក៏​បាន​ប្រសើរ ពលរដ្ឋអាច​ចូល​និវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ ...

ប៉ុន្តែ​លោក​សោក​ស្តាយ​ចំពោះ​​​ការ​ចង់បង្កើត​ច្បាប់​​ដក​សញ្ជាតិបារាំង​ពី​ភេរវជន។​ និយាយ​ចេញ​ទៅ​ហើយ​បែរ​ធ្វើ​មិន​កើត ត្រូវ​ដក​សំដី​វិញ ព្រោះ​វាបាន​ធ្វើ​ឱ្យ​បារាំង​បែកបាក់​គ្នា។ ​​ការសោកស្តាយ​មួយ​ទៀត គឺ​លោក​ធ្លាប់​បាន​សន្យាខក​ទៅ​ហើយ ! ​តាំង​ពីនៅ​ជា​បេក្ខជន​និង​រហូត​មក​ទល់​នឹង​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ​ទៀត លោក​ប្រធានាធិបតី នៅ​តែ​ទន្ទេញ​ពាក្យ​ដដែលៗ ថា​នឹង​បញ្ចុះ​អត្រា​អ្នក​អត់​ការងារ​ធ្វើ !​ ជោគវាសនា​នយោបាយ​របស់​លោក ផ្អែក​ទាំងស្រុង​លើ​លទ្ធផល​នៃ​ការ​ផ្តល់ការងារ​ឱ្យ​ពលរដ្ឋ។ តែ​ផល​បានធ្លាក់​មក​យឺត​ជាង​អ្វី​ដែល​លោក​ធ្លាប់​បាន​ប្រកាស។ លោកយល់​អំពីហានិភ័យ​ ហើយ​​ដើម្បី​ប្រយោជន៍ជាតិ​ជា​ធំ ​ព្រមទាំងដើម្បី​​កិត្តិនាមបារាំង​ ទើប​លោក​សម្រេច​ចិត្ត មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​​ជា​ថ្មី។

អប្រជាប្រិយភាព​ខ្លាំង​ពេក​ ?​​

ថ្វីបើ​លោក ហ្វ្រង់ស័រ​ ហូឡង់ គ្មាន​ប្រសាសន៍​អ្វី​ទាក់ទង​នឹង​ប្រជាប្រិយភាព​លោក​ក៏​ដោយ​ តែ​សព្វថ្ងៃ​នេះ មាន​​ប្រជាពលរដ្ឋបារាំង​​ប្រមាណ​៧,៥%​ប៉ុណ្ណោះ​គាំទ្រលោក។ ហើយ​លោក​ធ្លាក់​​ចំណាត់ថ្នាក់ដល់​ទី​៥ ក្នុង​ស្ទង់​មតិ​បើ​ប្រៀប​ទៅ​នឹង​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្សប្រឆាំង​និង​បក្ស​​ផ្សេងទៀត។ ប្រសិន​បើ​លោក​ស្ម័គ្រ​ចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជនប្រធានាធិបតី​ជា​ថ្មី​ លោក​ត្រូវ​ឆ្លង​កាត់​វិញ្ញាសា​របស់​បក្ស​ ដែល​លោក​បាន​កំណត់​ដោយ​ខ្លួនឯង គឺ​ឆ្លង​កាត់​ការ​​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​សិន​។ នៅក្នុង​​ការ​បោះឆ្នោត​នេះ បើ​តាម​ការស្ទង់​មតិ​ ក៏​លោក​ស្ថិត​នៅ​លំដាប់​ទីបីដែរ បាន​ន័យ​ចាញ់​កូនចៅ​ក្នុង​បក្ស​ឯង​ទៀត។

រវាង​ការ​ដក​ខ្លួន​នៅ​ពេល​នេះ និង​ការទទឹង​រុល​ទៅ​មុខ​ប្រឈម​នឹង​គ្រោះ​ជួប​បរាជ័យ-បរាជ័យ​ខ្លួនឯង​ផង​ បរាជ័យដល់បក្សផង តើ​គេ​ជ្រើស​យក​មួយ​ណា ? លោក​ទំនង​ជា​គិត​ដល់​បញ្ហា​នេះ ទើប​សម្រេច​មិន​ធ្វើ​ដូច​លោក នីកូឡា សាកូហ្ស៊ី ដែល​ចាញ់​ឆ្នោត​ម្តង​ហើយ វិល​មក​ប្រកួត​ប្រជែង​ជា​ថ្មី ហើយ​ត្រូវ​ចាញ់​ម្តង​ទៀត​នោះ​ទេ។

ដូច្នេះ​ហើយ​បាន​ជា​បក្ស​និង​អ្នក​គាំទ្រ​បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​លោក ហូឡង់ ថា​ក្លាហាន​ និង​ភ្លឺស្វាង។ តែ​សម្រាប់​បក្ស​ប្រឆាំង​ពួក​គេ​តែង​​ពាក្យ​រិះគន់​ជានិច្ច ជាន់​បន្ថែម​ថា លោក​ហ្វង់ស័រ ហូឡង់ ទទួល​ស្គាល់​បរាជ័យ​ -បរាជ័យ​ក្នុង​នយោបាយ​ដឹកនាំ​ប្រទេស​មួយ​អាណត្តិ​ (នេះ​ជា​ប្រសាសន៍​របស់​លោកហ្វ្រង់ស័រ​ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រឆាំង​ស្តាំនិយម)។

លោកហូឡង់ និងលោក​សាកូហ្ស៊ី​ នៅ​ក្រៅ​សង្វៀនទាំង​ទ្វេ​

​នេះ​ជា​លើក​ទី​មួយ​ដែល​ប្រធានាធិបតី​កាន់​អំណាច​ បាន​សម្រេច​មិន​ចូល​ប្រកួត​ប្រជែង​ដើម្បី​សាក​ល្បង​ដណ្តើម​យក​អាណត្តិទី​ពីរ។ មិន​តែ​ប៉ុណ្ណោះ​នេះ​ក៏​លើក​ទី​មួយ​ដែរ សម្រាប់​ប្រវត្តិ​សាស្ត្រ​បារាំង​សម័យ​សាធារណរដ្ឋ​ ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​ឧសភា ខាង​មុខ នឹង​គ្មាន​បេក្ខជនធ្លាប់​កាន់​អំណាច​កំពូល​ឈរ​ឈ្មោះ​សោះ។ លើកលែង​តែ​កាលពី​ឆ្នាំ​១៩៧៤ ដែល​កាលណោះ​ប្រធានាធិបតី​ Pompidou បាន​ទទួល​មរណភាព​ពេល​កំពុង​កាន់​អំណាច ឯ​ចំណែក​នៅ​​ឆ្នាំ​២០០៧ លោក​Jacques Chirac មិន​បន្ត​បេក្ខភាព​មែន​ តែ​លោក​បាន​កាន់​អំណាច​បាន​ពីរ​អាណត្តិ​រួច​មក​ហើយ។

មាន​ប្រធានាធិបតី​បារាំង​ខ្លះ​ទៀត ក៏​បានកាន់​អំណាច​តែ​មួយ​អាណត្តិ​ដែរ តែ​សុទ្ធ​​បាន​ចាញ់​ឆ្នោត​នៅ​ពេល​ប្រកួត​យក​អាណត្តិ​ទី​ពីរ ជា​ឧទាហរណ៍​ជាក់​ស្តែង គឺ​លោក​នីកូឡា សាកូហ្ស៊ី ដែល​​ត្រូវ​យក​ឈ្នះ​ដោយ​លោក​ហ្វ្រង់ស័រ​ ហូឡង់​ នេះ​តែ​ម្តង។ ចម្លែក​តែ​​លោក​ ហូឡង់ ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ស្វ័យ​ប្រវត្តិ​សោះ បែរ​ជា​សម្រេច​ដក​ខ្លួន​មិន​ឈរ​ឈ្មោះ​ជា​ថ្មី​ដោយ​ខ្លួនឯងទៅវិញ​។ ពិត​ជា​ពុំ​ធ្លាប់​មាន​ឡើយ ក្នុង​ប្រវត្តិបារាំង !

នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ឆ្នាំ​២០១៧​នេះ គ្រប់គ្នារង់ចាំ​មើល​សង្គ្រាម​ ហូឡង់​-សាកូហ្ស៊ី ដែលមាន​វ័យ​ស្របាល​គ្នា​ ស្គាល់​គ្នា​ច្បាស់ អើ​អញ​ក្នុង​ជីវិត​ឯកជន តែ​សំលៀង​អាវុធ​ប្រយុទ្ធ​គ្នា​ស៊ីដាច់​ហុត​ឈាម​ក្នុង​នយោបាយ​ដណ្តើម​កៅអី​ប្រធានាធិបតី​ បែរ​ជា​ត្រូវ​អវត្តមាន​ទាំង​ព្រម។ ​កាលពី​១២​ថ្ងៃ​មុន ​អតីត​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី ដែលសង្ឃឹម​បាន​សងសឹក​លោក​ហូឡង់​ នៅ​ខែ​ឧសភា​​២០១៧ ត្រូវ​ខ្ទាត​ពី​សង្វៀង​ឆ្នោត​តាំង​ពី​ជុំ​ទី​មួយ។ ថ្ងៃ​នេះ លោក​ហូឡង់ប្រកាស​​ដើរ​ចេញ​ពី​ការ​ប្រកួត​ទៀត។

លោក ហូឡង់ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ ម៉ានុយអែល វ៉ាល្ស ដែល​នឹង​អាច​ក្លាយ​បេក្ខជន​ប្រធានាធិបតី​ ឆ្នាំ​២០១៧
លោក ហូឡង់ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ ម៉ានុយអែល វ៉ាល្ស ដែល​នឹង​អាច​ក្លាយ​បេក្ខជន​ប្រធានាធិបតី​ ឆ្នាំ​២០១៧ REUTERS/Philippe Wojazer

ប្រធានាធិបតី​​ដកថយ ​បើកផ្លូវ​ឱ្យនាយករដ្ឋមន្ត្រី​​ Manuel Valls

មានឥស្សរជន​ឆ្វេង​និយម​​ច្រើន​នាក់ហើយ​បាន​ប្រកាស​បេក្ខភាពចង់​ឈរ​ឈ្មោះ​ប្រធានាធិបតី​​ តែ​គេ​នឹង​អាច​ដឹង​ច្បាស់​ ​ជាប្រាកដ​ ខែ​មករា​ ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​បក្ស​។ ប៉ុន្តែ​គ្រប់គ្នា​កំពុ​ងផ្តោត​ចក្ខុ​ទៅ​លើ​លោក នាយក​រដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល្ស ដែលមាន​ប្រជាប្រិយភាព​ជាង​គេ បើ​ប្រៀប​ទៅ​នឹង​ឥស្សរជន​ក្នុង​បក្ស និង​ដែលមិន​លាក់​អំពី​មហិច្ឆតា​ចង់​ឈរ​ឈ្មោះ​ជា​ជា​បេក្ខជនប្រធានាធិបតីឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ