អានតួអត្ថបទ

មន្ត្រី​ប៉ូលិស​តួកគីម្នាក់ បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​​អង់ការ៉ា

លោក អង់ដ្រៃ ការឡូវ Andreï Karlov​ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​តួកគី តាំង​ពី​ឆ្នាំ​២០១៣មក ត្រូវ​បានខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ទី ១៩ ធ្នូ ពេល​កំពុង​ថ្លែង​សុន្ទរកថា​បើក​សម្ពោធសិល្បៈ នៅ​ក្រុង​អង់ការ៉ា។ លោកប្រមុខ​ការទូត បាន​ទទួល​មរណភាព នៅ​ពេល​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ! មនុស្ស​បី​នាក់​ផ្សេង​ទៀត បាន​រង​របួស ក្នុង​ទង្វើ​នេះ។ ចំណែក​ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ សម្លាប់​នៅ​កន្លែង​ភ្លាម​ដែរ។ អ្នក​នាំ​ពាក្យ​ ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ចាត់​ទុក​ អំពើ​ភេរវកម្ម។ ប៉ុន្តែ​គ្មាន​ក្រុម​ណា​ចេញ​មុខប្រកាសទទួល​ស្គាល់​​​ទង្វើ​មនុស្សឃាត​នេះនៅ​ឡើយ​ទេ។

ខ្មាន់​កាំភ្លើង​ ដែល​បាញ់​សម្លាប់​លោក​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ក្រុង​អង់ការ៉ា
ខ្មាន់​កាំភ្លើង​ ដែល​បាញ់​សម្លាប់​លោក​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ក្រុង​អង់ការ៉ា © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​រូប​ភាព​ដ៏​គួរ​ឱ្យ​រន្ធត់ ! មាន​អាយុ​ទើប​តែ ២២​ឆ្នាំ មេវលូត មើត អាល់តាំងតាស Mevlüt  Mert Altintas ជា​ប៉ូលិស​បាន​ប្រែ​ខ្លួន​​ជា​ខា្មន់​កាំភ្លើងជីហាត។​

បាន​មក​ឈរ​ក្បែរ​លោក ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​អង់ការ៉ា តាំង​ពី​កម្មវិធី​ចាប់​ភ្លាម ក្នុង​ទម្រង់​ជាអង្គរក្ស  គ្រាន់​តែ​លោក​ប្រមុខ​ការទូត ចាប់​ផ្តើម​ឡើង​ថ្លែង​សុន្ទរកថា​ភ្លាម ស្រាប់​តែ​ ជន​នេះ បាន​លើក​ដៃ​មួយ​ចង្អុល​មេឃ ស្រែក​ថា​មក​សង​សឹង​ឱ្យក្រុង​អាឡិប​​ស៊ីរី រួចដក​កាំភ្លើង​ខ្លី បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​ជា​ច្រើន​គ្រាប់ លើ​លោក​ឯកអគ្គរដ្ឋទូត ពី​ក្រោយ​ខ្នង។

ប្រមុខ​ការ​ទូត​រុស្ស៊ី​បាន​ដួល​ខ្ពោក ខ្មាន់​កាំភ្លើងបាន​ស្រែក​ជា​ភាសា​អារ៉ាប ឧទ្ទិស​ដល់​សកម្មភាព​ជីហាត​របស់​ខ្លួន “អាឡា អាល់បាកា” អំពាវនាវ​ហៅ​ពួក​ជីហាត​ទាំង​អស់​ “កុំភ្លេច​ស៊ីរី កុំភ្លេច​អាឡិប ! និងជា​ភាសា​តួកគីនូវ​ឃ្លា​ដ៏​ល្បី​របស់​អូសាម៉ា បិនឡាដិនថា​ បើពលរដ្ឋ​ស៊ីរី​គ្មាន​សុវត្ថិភាព អ្នក​ឯង​ក៏​មិន​បាន​សុខដែរ”។

ភ្លាម​មួយ​រំពេច ប៉ូលិស​ប្រឆាំង​ភេរវកម្ម​តួកគី​ បាន​មក​ដល់​កន្លែង​កើត​ហេតុ នៅ​ម្តុំ​ម៉ោង ៧​និង​៥​នាទី​យប់ ម៉ោង​នៅ​អង់ការ៉ា។ ការ​បាញ់​រះ​តទល់​គ្នា​បាន​ផ្ទុះ​ឡើង។ កង​កម្លាំង​អន្តារាគមន៍​ពិសេស ក៏​ត្រូវ​បាន​បញ្ជូន​មក​បន្ថែម​ដើម្បី​ជា​ជំនួយ​ ទម្រាំ​កម្ចាត់​ខ្មាន់​កាំភ្លើង​បាន ព្រោះ​ត្រូវ​គ្រាប់ស្ទើរ​សុះ​ពេញ​ខ្លួន។​

ជា​ប៉ូលិសប្រចាំ​ការិយាល័យ​អង្គរក្ស​នៅ​ក្រុង​អង់ការ៉ា ​មេវលូត មើត អាល់តាំងតាស គ្មាន​ភារកិច្ច​ត្រូវ​ចូល​ទៅ​សម្ពោធ​ពិព័រណ៍​សិល្បៈ​ជាមួយ​គណៈប្រតិភូ​រុស្ស៊ី​ទេ តែបាន​ប្រើ​អត្តសញ្ញាណបណ្ណ​ជា​ប៉ូលិស​ ដើម្បី​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​កន្លែង​បារព្ធ​កម្មវិធី​ ដោយ​អះអាង​ថា​ជា​អង្គរក្ស​របស់​លោក​ប្រមុខការទូត​។ ក្រោយហេតុការណ៍​នេះ​ភ្លាម ប៉ូលិស​ក៏​បាន​ទៅ​ឆែកឆេរ​ដល់​ផ្ទះ និង​ចាប់​ខ្លួន​ឪពុកម្តាយ​និង​បង​ស្រី ព្រមទាំង​មនុស្ស​បី​នាក់ផ្សេង​ទៀត មក​សួរ​ចម្លើយ និង​ឃុំឃាំង​បណ្តោះអាសន្ន។ 

អាជ្ញាធរ​តួកគី​ក៏​បាន​បង្កើន​ការ​ពង្រឹង​សន្តិសុខ​ នៅ​តាម​ស្ថានទូត​នានា ព្រោះ​ថា ក្រោយ​ឃាតកម្ម​លើ​រូប​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី តែ​ប៉ុន្មាន​ម៉ោង គេ​ឃើញ​មាន​ការ​បាញ់​រះ​ដោយ​ចេតនា នៅ​មុខ​ស្ថានទូត​អាមេរិក ដែល​ប៉ូលិស​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​បាន​ភ្លាម​មួយ​រំពេច។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ