អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ភេរវកម្មប៊ែរឡាំង ជា​សម្ពាធ​ថ្មីសង្កត់​លើ​​លោកស្រី​មែរកិល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភេរវជន​បើក​ឡាន​កាមីញ៉ុង​កិន​មនុស្ស​នៅ​ទីក្រុង​ប៊ែរឡាំង ថ្ងៃទី ១៩ ធ្នូ មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន និងកំណត់​អត្តសញ្ញាណ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ការ​វាយប្រហារ​ភេរវកម្ម​នេះ បាន​បំផុស​ឱ្យ​​មាន​រឿង​អាស្រូវ​​ជុំ​វិញ​នយោបាយមេត្តាធម៌​​ទទួល​ជនភៀស​ខ្លួន​​របស់​លោកស្រី​មែលកិល​ ជា​ថ្មី។ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ទើបស្តារ​​ប្រជាប្រិយភាព​​បាន​​បន្តិចឡើង​វិញ ត្រូវ​រង​សម្ពាធ​ថ្មី និង​កាន់​​ធ្ងន់ធ្ងរខ្លាំង។

លោកស្រី​ Angela Merkel និង​ចៅហ្វាយក្រុង​ប៊ែរ​ឡាំង Michael Müller (ឆ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​កន្លែង​កើត​ភេរវកម្ម
លោកស្រី​ Angela Merkel និង​ចៅហ្វាយក្រុង​ប៊ែរ​ឡាំង Michael Müller (ឆ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​កន្លែង​កើត​ភេរវកម្ម REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

សោកនាដកម្ម​នៅ​ផ្សារ​ណូអែល​ក្រុង​ប៊ែរឡាំង ​ថ្ងៃទី ១៩ ធ្នូ អាច​ចាត់ទុក​ថា​ភេរវកម្មជីហាត​អ៊ីស្លាមជ្រុលនិយម “ពិតៗ​​​ដំបូង” ដែល​​អាល្លឺម៉ង់បាន​ជួប​ប្រទះ។ ពី​មុន​មក​ អាល្លឺម៉ង់​តែង​រឹង​មាំ បង្ហាញ​ជំហរ​ឱ្យ​គេ​ជឿ​ថា​ភេរវកម្ម​អាច​កើត​ឡើង​តែ​ក្នុង​ប្រទេស​ផ្សេង​ មិន​មែន​អាល្លឺម៉ង់។ អាល្លឺម៉ង់​ធ្លាប់​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​ញឹក​ញយ​ដងមែន នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ប៉ុន្តែ​មាន​ទម្រង់​តូច​តាច​ទម្រង់​ទោល មិនមែន​ជា​ការ​គំរាមកំហែងជាក់ស្តែង​ទ្រង់ទ្រាយ​ធំឡើយ។

ប៉ុន្តែពេល​នេះ អាល្លឺម៉ង់​អាច​និយាយ​បាន​ ពេល​មុន និង​ក្រោយ​ភេរវកម្ម​ថ្ងៃទី​១៩​ធ្នូ ! ជា​ការ​វាយប្រហារ​ចំ​បេះដូង រដ្ឋ​ធានី ត្រង់​​ចំណុច​ប្រកប​ដោយ​និម្មិត្តរូបបី​យ៉ាង ៖ ទីមួយ​ផ្សារ​ណូអែល​ ជា​តំណាង​វប្បធម៌​ប្រពៃណី​យូរលង់​ប្រកាន់​ខ្ជាប់​ខ្លាំង​នៅ​​អាល្លឺម៉ង់​​ជាង​ប្រទេស​អឺរ៉ុបផ្សេង​ទៀត ទីពីរ​កន្លែង​កើត​ហេតុ​នៅ​ចំ​ពី​មុខ​វិហារ​កាតូលិក​ ល្បី​ទូទាំង​ពិភពលោក​ដែល​មាន​ជួង​បែក ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទីពីរ និង​ចុង​ក្រោយទីលាន​នេះ ស្ថិត​នៅ​ចំងាយ​តែ​ពី​រ​ជំហាន​ពី​មហាវិថី​និង​​សង្កាត់​ពាណិជ្ជកម្មដែល​​ ប្រមូល​ផ្តុំ​ទៅ​ដោយ​ហាង​ម៉ាក​អន្តរជាតិ​ល្បីៗ​របស់​លោក​ខាង​លិច ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។

ដោយ​សារ​តែ​​​ហេតុផលខាង​លើ បាន​ជា​រដ្ឋាភិបាល​អាល្លឺម៉ង់ ត្រូវ​រង​គំនាប​​ខ្លាំង​គ្មាន​ប្រៀប។ ទម្ងន់​សម្ពាធ​ដ៏​ធ្ងន់​នេះ​ធ្លាក់​ជា​ដំបូង​លើ​រូប​លោកស្រី​អង់ហ្គឺឡា​ មែរកិល ដែល​ទើប​ប្រកាស​ថ្មី​ថ្មោង ថា​នឹង​ឈរ​ឈ្មោះ​ជាប្រមុខ​រដ្ឋាភិបាល​លើក​ទី​បួន នៅ​ក្នុង​ការ​បោះឆ្នោត​នា​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ខាង​មុខ។

លោក​ស្រី​បាន​ដឹង​យ៉ាង​ច្បាស់​ណាស់​រួច​មក​ហើយ​ថា ដើម្បី​អាច​ទាក់ទាញ​ និងជាប់​ឆ្នោត​ជា​ថ្មី​បាន ល្គិក​ណា​តែ​លោកស្រី​សម្រេច​ឱ្យ​បាន​ជោគជ័យ​អ្វី​ជា​រូបភាព​របស់​លោកស្រី​ពី​មុន នោះ​គឺ​លោកស្រី​ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​ការពារ​ប្រយោជន៍​អាល្លឺម៉ង់និយម លោកស្រី​អាច​ការពារ​​​សន្តិសុខ​ជាតិ ប្រឈម​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម ប្រសើរជាង​ការពារ​អាល្លឺម៉ង់​ប្រឈម​នឹង​វិបត្តិ​អឺរ៉ូ។

ប៉ុន្តែ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ អាល្លឺម៉ង​ត្រូវ​រង​គ្រោះមួយ​ហើយ​មួយ​ទៀត ដែល​បង្ក​ឱ្យ​ពលរដ្ឋ​ចាប់​ផ្តើម​ មិន​ទុក​ចិត្ត​លើ​ចំណាត់ការ​របស់​លោក​ស្រី។ កាលពី​យប់​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​​ ស្ត្រី​ជាង​១២០០​នាក់ រង​ការ​បំពារបំពាន​ផ្លូវ​ភេទពី​សំណាក់​ជន​អន្តោប្រវេសន៍​មិន​ស្គាល់​មុខ។ នៅ​ខែ​កក្កដា​ អាល្លឺម៉ង់​រង​ការ​វាយប្រហារ​បួន ពី​សំណាក់​ជនភៀស​ខ្លួន ក្នុង​នោះ​ពីរ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ស្នាដៃអង្គការ​រដ្ឋ​អ៊ីស្លាម។ លោកស្រី​មែរកិល​បាន​ចាត់​វិធានការ​ជា​បន្ទាន់​៩​ចំណុច​ ដើម្បី​ត្រួតពិនិត្យ​ឱ្យ​កាន់​ល្អិតល្អន់​លើ​លំហូរ​អន្តោប្រវេសន៍ និង​ប្រយុទ្ធ​ប្រឆាំងកម្ចាត់​បណ្តាញ​ផ្តាច់​ខ្លួន​ជ្រុលនិយម​អ៊ីស្លាម ព្រមទាំង​បង្កើន​ល្បឿន​បញ្ជូន​ជនភៀស​ខ្លួន​មិន​បំពេញ​សិទ្ធិ​សុំ​ជ្រកកោន​ចេញ​ក្រៅ​ព្រំដែន។

អាជ្ញាធរ​អាល្លឺម៉ង់​ក៏​បាន​បញ្ចេញ​កម្លាំង​បាយ បើ​ក​យុទ្ធនាការ​ទ្រង់ទ្រាយ​ស្រាវ​ចាប់​បណ្តាញ​អ៊ីស្លាម​​​ចាំ​អូស​ទាញ​មនុស្ស​ទៅ​ធ្វើ​ជីហាត​បាន​ជា​ច្រើន​នាក់ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​ ប៉ុន្តែ​ការ​ប្រើ​កម្លាំង​មិន​គ្រប់គ្រាន់​នឹង​បោស​សម្អាតពួក​ជ្រុលនិយម​ទេ អាល្លឺម៉ង់​នៅ​តែស្ថិត​ក្នុង​ភាព​ងាយ​រង​គ្រោះ​ដដែល។ ជាក់​ស្តែង កាលពី​ចុង​ខែ​វិច្ឆកា គេ​បាន​វែក​រក​ឃើញ​មាន​ជន​អ៊ីស្លាម​ជ្រុល​និយម​ម្នាក់​បង្កប់​ខ្លួន​ក្នុង​ភ្នាក់ងារ​ចារកិច្ច​នៃ​ក្រសួង​មហាផ្ទៃ។ នៅ​ថ្ងៃទី​២​ធ្នូ ជន​សុំ​សិទ្ធិជ្រក​កោន​ជាតិ​អាហ្វហ្កានីស្ថាន​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចាប់​រំលោភ​ស្ត្រី ហើយ​កាលពី​៥​ថ្ងៃ​មុន​កុមារ​អាយុ​១២​ឆ្នាំ​ដើម​កំណើត​អ៊ីរ៉ាក់ ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ដែកគោល ...

ឥលូវ​មាន​ភេរវកម្ម​នៅ​ប៊ែរឡាំង​​​ទៀត ! ភេរវកម្ម​នេះ​ត្រូវ​តែ​ជះ​ឥទ្ធពល​អាក្រក់​ដល់​នយោបាយ​ខ្លាំង ព្រោះ​វា​បាន​និង​កំពុង​នាំ​លោកស្រី​មែរកិល​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​ខ្លួន​ឯង។ មួយ​ឆ្នាំ​ចុងក្រោយ​នេះ លោក​ស្រី​បាន​ផ្តល់​អាទិភាព​ដល់​សន្តិសុខ​ តែ​បែរ​ជា​ប្រទេស​ត្រូវ​រង​ការ​វាយប្រហារ​ចំ​បេះ​ដូង​ទៅ​វិញ។ សម្រាប់​ក្រុម​អ្នក​ប្រឆាំង អ្នកដែល​មាន​ទោស​គឺ​លោកស្រី​មែរកិល​នេះ​តែ​ម្តង​ ! ការរិះគន់​មិនមែន​ហូរ​មក​ពី​ខាង​ទិស​អ្នក​ប្រឆាំង​ទេ ​សូម្បី​តែ​មែកធាង​ក្នុង​បក្ស​តែ​មួយ​ក៏​បាន​ដំឡើង​សំឡេង​ប្រឆាំង​ដែរ អំពី​ហានិភ័យ​នៃ​ដំណើរ​មក​ដល់​យ៉ាងគំហុក​របស់ជនភៀស​ខ្លួន​ចូលអឺរ៉ុប និង​​អាល្លឺម៉ង់។

ហើយ​នៅ​សល់​តែ​ប្រមាណ​១០ខែទៀត​ប៉ុណ្ណោះ អាល្លឺម៉ង់​នឹង​ត្រូវ​រៀប​ចំ​បោះឆ្នោត​សភា​។ ដូច្នេះ​លោក​ស្រី មែរកិល ពិត​ជា​នឹង​ត្រូវ​បាន​ភ្លក្ស​រសជាតិ​នៃ​យុទ្ធនាការឃោសនា​​ដ៏​លំបាក និង​តាន​តឹង​បំផុត​ ដែល​លោកស្រី​មិន​ធ្លាប់​ឆ្លង​កាត់​កាលពី​បី​អាណត្តិមុន​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ