អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​នៅ​អាល្លឺម៉ង់៖មាន​​​ស្លាប់​យ៉ាង​តិច ១២នាក់ និង​របួស​ធ្ងន់ ស្រាល ៤៨នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១២នាក់ និង​របួស​ធ្ងន់ស្រាល​ចំនួន ៤៨នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ហេតុការណ៍​ឡានកាមីញ៉ុង​មួយ​គ្រឿង​បាន​បើក​សំដៅ​ផ្សារ​ណូអែល​មួយ​ក្នុង​ទីក្រុង​ប៊ែរឡាំង​នា​យប់​ថ្ងៃ​ចន្ទ ទី១៩ ធ្នូ។ នៅ​មិន​ទាន់​មាន​ជន ឬ​ក្រុម​ណា​មួយ​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ទេ តែ​រដ្ឋអំណាច​អាល្លឺម៉ង់​បាន​ចាត់​ទុក​ជា​ទង្វើ​ភេរវនិយម។ ប្រតិកម្ម​ថ្កោលទោស​ពី​អន្តរជាតិ​បាន​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់។ ព្រឹត្តិការណ៍​នៅ​ទីក្រុង​ប៊ែរឡាំង​ពេល​នេះ​មាន​លក្ខណៈ និង​ទ្រង់ទ្រាយ​ដូច​គ្នា​បិះបិត​នឹង​ភេរវកម្ម​ក្នុង​ទីក្រុង​នីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី១៤ កក្កដា។

អាល្លឺម៉ង់៖​ទង្វើ​បើក​ឡាន​កាមីញ៉ុង​សម្លាប់​មនុស្ស​នៅ​ផ្សារណូអែល គឺ​ជា​ទង្វើ​ភេរវនិយម
អាល្លឺម៉ង់៖​ទង្វើ​បើក​ឡាន​កាមីញ៉ុង​សម្លាប់​មនុស្ស​នៅ​ផ្សារណូអែល គឺ​ជា​ទង្វើ​ភេរវនិយម REUTERS/Pawel Kopczynski
ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ម៉ោង ៨យប់​ម៉ោង​ក្នុង​ប្រទេស​អាល្លឺម៉ង់​នា​ថ្ងៃ​ចន្ទ ទី១៩ ធ្នូ មាន​ឡានកាមីញ៉ុង​ពណ៌ខ្មៅ​មួយ​គ្រឿង​បាន​បើក​សំដៅ​ទីផ្សារ​មួយ​លក់​អីវ៉ាន់​ក្នុង​ឱកាស​បុណ្យ​ណូអែល​ស្ថិត​ក្នុង​ទីក្រុង​ប៊ែរឡាំង។ ឡានកាមីញ៉ុង​បាន​បើក​បុក​របាំង​សុវត្ថិភាព​ចូល​ក្នុង​ទីលានផ្សារ​នោះ​ក្នុង​ចម្ងាយ​ពី ៥០ ទៅ ៨០ម៉ែត្រ មុន​នឹង​ឈប់​មួយ​កន្លែង ហើយ​អ្នក​បើកបរ​ក៏​បាន​ចុះ​ពី​ឡាន​ដើម្បី​រត់​គេច​ខ្លួន​ដែរ។ តែ​រត់​បាន​ប្រមាណ​ជា ២គីឡូម៉ែត្រ​ក៏​ត្រូវ​កម្លាំង​ប៉ូលិស និង​កម្លាំង​សន្តិសុខ​ព័ទ្ធស្ទាក់ក្របួច ក​ជាប់។ ឧប្បត្តិហេតុ​នោះ​បាន​កើត​មាន​ឡើង ចំ​ពេល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ដើរ​លេង​នៅ​ក្នុង​ទីផ្សារ​នោះ។

តុល្យការ​ចុង​ក្រោយ​បណ្តោះអាសន្ន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១២នាក់ និង​របួស​ធ្ងន់ ស្រាល ៤៨នាក់។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជនរងគ្រោះ​ទាំង​អស់​នោះ​មាន​ជនជាតិ​អ្វី​ខ្លះ​ទេ។ តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​នៅ​យប់​មិញ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ក៏​មាន​កូនក្មេង​ជា​ច្រើន​នាក់​ដែរ។ ក្រោយ​ពី​ក្របួច ក អ្នកបើកបរ​ភ្លាម ប៉ូលិច​ក៏​បាន​ចូល​ឆែកឆេរ​ក្នុង​ឡានកាមីញ៉ុង ហើយ​ស្រាប់​តែ​ឃើញ​មនុស្សម្នាក់​ស្លាប់​ក្នុង​កាប៊ីន​អ្នកបើកបរ។

ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឡានកាមីញ៉ុង​នោះ​មាន​ស្លាកលេខ​ប៉ូឡូញ ម្ចាស់​របស់​ឡាន​ជា​ជនជាតិ​ប៉ូឡូញ ហើយ​បុរស​រក​ឃើញ​ស្លាប់​ក្នុង​កាប៊ីន​អ្នកបើកបរ​ក៏​ជា​ជនជាតិ​ប៉ូឡូញ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់។ ក៏​ប៉ុន្តែ អ្នកបើកបរ​ដែល​ប៉ូលិស​កំពុង​បន្ត​សួរចម្លើយ​មិនមែន​ជា​ជនជាតិ​ប៉ូឡូញ​ទេ តែ​អាច​ជា​ជនជាតិ​ប៉ាគីស្ថាន ឬ​អាហ្វហ្កានីស្ថាន​ដែល​បាន​ភៀសខ្លួន​ចូល​ក្នុង​ទឹកដី​អាល្លឺម៉ង់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៦។ តែ​ព័ត៌មាន​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​យ៉ាង​ណា​ពី​រដ្ឋអំណាច​អាល្លឺម៉ង់​នៅ​ឡើយ​ទេ។

ហេតុផល​ដែល​អាល្លឺម៉ង់​សន្និដ្ឋាន​ជា​ទង្វើ​ភេរវនិយម

បន្ទាប់​ពី​បាន​លើក​សម្មតិកម្ម​ជា​ច្រើន​មក លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ Thomas de Maizière បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ទង្វើ​បើកឡាន​កាមីញ៉ុង​​កិន​មនុស្ស​ស្លាប់ និង​របួស​ជា​ទង្វើ​ភេរវនិយម។ ការ​សន្និដ្ឋាន​របស់​លោក Thomas de Maizière មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ព្រោះ​នៅ​ប៉ុន្មាន​ក្រោយ​ព្រឹត្តិការណ៍​នោះ លោក Thomas de Maizière បាន​ថ្លែង​ឲ្យ​ដឹង​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​គេ​អាច​សន្និដ្ឋាន​​ថា​ជា​ទង្វើ​ភេរវនិយម។ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២០ ធ្នូ ក្រុម​អ្នក​ស៊ើបអង្កេត​ក៏​បាន​យល់​ឃើញ​ថា ទង្វើ​របៀប​នេះ​មិនមែន​ជា​រឿង​ចៃដន្យ ហើយ​ក៏​មិនមែន​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដែរ តែ​ជា​ទង្វើ​មាន​ចេតនា​សម្លាប់​មនុស្ស​ទាំង​កម្រោល។

ម្យ៉ាង​ទៀត សាក្សី​ជា​ច្រើន​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹង​ថា ឡាន​កាមីញ៉ុង​នោះ​ពិត​ជា​មាន​ចេតនា​បើក​សំដៅ​ចូល​ទីលាន​ផ្សារ​ដើម្បី​កិន​សម្លាប់​មនុស្ស ព្រោះ​អ្នកបើកបរ​មិន​បាន​ព្យាយាម​បន្ថយ​ល្បឿន ឬ​មួយ​ក៏​ព្យាយាម​បញ្ជៀស​ហ្វូង​មនុស្ស​ទេ។ ហេតុការណ៍​មួយ​នេះ គឺ​មាន​លក្ខណៈ និង​ទ្រង់ទ្រាយ​ដូច​គ្នា​បិះបិត​ទៅ​នឹង​ហេតុការណ៍​នៅ​ក្នុង​ទីក្រុង​នីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី១៤ កក្កដា​ដែល​មាន​ឡាន​កាមីញ៉ុង​មួយ​បរ​បុក​ទម្លាយ​របាំង​សុវត្ថិភាព​សំដៅ​លើ​ហ្វូង​មនុស្ស​ក្មេង ចាស់​ដែល​កំពុង​ទស្សនា​ពិធី​បាញ់​កាំជ្រួច​ក្នុង​ពិធី​អបអរសាទរ​បុណ្យជាតិ​បារាំង ១៤ កក្កដា។ កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៨៦នាក់ និង​របួស​ជាង ៤០០នាក់​ផ្សេង​ទៀត។

ដូច្នេះ​សម្រាប់​រដ្ឋអំណាច​អាល្លឺម៉ង់ ទង្វើ​នេះ​ពិត​ជា​ទង្វើ​ភេរវកម្ម​ដែល​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ទេ។ តែ​គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​ក្រុម ឬ​ចលនា​ភេរវជន​មួយ​ណា​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ទង្វើ​នេះ ព្រោះ​មក​ដល់​ម៉ោង​នេះ នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​មួយ​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ តែ​ថ្លែង​តាម​កញ្ជក់​ទូរទស្សន៍​ក្នុង​ថ្ងៃ​អង្គារ ទី២០ ធ្នូ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​ថ្កោលទោស​លើ​ទង្វើ​ដ៏​ឆ្កួត​លីលា​មួយ​នេះ និង​ថែម​ទាំង​អះអាង​ថា អ្នក​ដែល​បាន​ប្រព្រឹត្តិ​ទង្វើ​នេះ​អាច​ជា​អ្នក​ដែល​កំពុង​សុំសិទ្ធិ​ជ្រកកោណ​ក្នុង​ទឹកដី​អាល្លឺម៉ង់។

តើ​អាល្លឺម៉ង់​កំពុង​ទទួល​ផល​ពី​ចិត្តធម៌ និង​ក្តីមេត្តាករុណា​របស់​ខ្លួន​ឬ?

អាល្លឺម៉ង​មិន​បាន​ចូលរួម​ជាមួយ​ក្រុមសម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​វាយប្រហារ​ពួកជីហាត​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់​ដូច​បារាំង​ទេ តែ​អាល្លឺម៉ង់​ជា​ប្រទេស​មហាអំណាច​មួយ​ក្នុង​ទ្វីបអឺរ៉ុប ជា​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប ហើយ​ក៏​ជា​ប្រទេស​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម ពិសេស​បាន​ផ្គត់ផ្គង់​ផ្នែក​ភស្តុភា​យ៉ាង​ច្រើន​សម្បើម​ដល់​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ។ ដូច្នេះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល អាល្លឺម៉ង់​ពិត​ជា​មាន​ចំណែក​ភាគហ៊ុន។

គួរ​រម្លឹក​ជូន​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​អាល្លឺម៉ង់​បាន​រង​ការ​គំរាមកំហែង​ភេរវកម្ម ឬ​រងគ្រោះ​ដោយ​ភេរវកម្ម គ្រាន់​តែ​ថា លើក​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​លើក​មុនៗ។ តាំង​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​បាន​បើក​ទ្វារ​ទទួល​ជនភៀសខ្លួន​ជិត ១លាននាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ស៊ីរី​ក្នុង​ឆ្នាំ ២០១៥​មក ក្តីបារម្ភ​រងគ្រោះ​ដោយ​ភេរវកម្ម​បាន​កើត​មាន​យ៉ាង​ផុសផុល​នៅ​ក្នុង​ស្រទាប់​អ្នកនយោបាយ​អាល្លឺម៉ង់។

តើ​ផ្លែផ្កា​របៀប​នេះ​ឬ​ដែល​អាល្លឺម៉ង់​ត្រូវ​ទទួល​បាន​ពី​កាយវិការ​មនុស្សធម៌ និង​ចិត្តមេត្តាករុណា​របស់​ខ្លួន និង​ថា​តើ​ទង្វើ​របៀប​នេះ មិនមែន​ជា​ការ​ស៊ីបាយ បោក​ឆ្នាំង​ទេ ឬ​យ៉ាង​ណា?។ នេះ​ហើយ​ជា​អ្វី​ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​កំពុង​សង្ស័យ​ដែល​ថា អ្នកបើក​ឡានកាំមីញ៉ុង​កិនសម្លាប់​ពលរដ្ឋអាល្លឺម៉ង់​ជា​អ្នក​ដែល​កំពុង​សុំសិទ្ធិ ជ្រកកោណ​ក្នុង​ទឹកដី​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ