ភេរវកម្មប៊ែរឡាំង ៖ អាល្លឺម៉ង់ចង់ធ្វើកំណែទម្រង់ភ្នាក់ងារសន្តិសុខ
នៅថ្ងៃអង្គារទី ៣ មករានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបង្ហើបបង្ហាញផែនការគោល ខាងផ្នែកបណ្តេញជនអន្តោប្រវេសន៍ និងគម្រោងធ្វើកំណែទម្រង់ ពង្រឹងភ្នាក់ងារសន្តិសុខជាតិ។ ភ្នាក់ងារសន្តិសុខដែលមានចំណុចខ្សោយ ប្រហែសប្រហោងរហូតបណ្តោយឱ្យមានភេរវកម្មវាយប្រហារក្រុងប៊ែរឡាំងបាន ថ្ងៃទី ១៩ ធ្នូ សម្លាប់មនុស្ស១២នាក់ និងរបួសជាច្រើននាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៣
តាមរយៈទំព័រសារព័ត៌មាន Frankfurter Allgemeine Zeitung លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការពន្លឿនដំណើរការចាប់បញ្ជូនអន្តោប្រវេសន៍សុំសិទ្ធិជកកោន និងការពង្រឹងអំណាចរដ្ឋសហព័ន្ធ ក្នុងវិស័យចារកិច្ចផ្ទៃក្នុង ដែលបែងចែក បច្ចុប្បន្ននេះជា១៦តំបន់។ លោកក៏បានស្នើសុំឱ្យមានការបង្កើនសមត្ថភាពដែលរហូតមកទល់ពេលនេះ កំរិតត្រឹមថ្នាក់ប៉ូលិសសហព័ន្ធ និងដាក់ឱ្យមានមជ្ឈមណ្ឌលមួយគ្រប់គ្រងទូទៅ បញ្ហាសន្តិសុខជុំវិញករណីពាក់ព័ន្ធរវាងអន្តោប្រវេសន៍និងភេរវកម្ម។
បើតាមលោករដ្ឋមន្ត្រី ប៉ូលិសសហព័ន្ធគ្មានសមត្ថភាពគ្រប់គ្រាន់ទប់ស្កាត់មហន្តរាយថ្នាក់ជាតិ ដូចយ៉ាងភេរវកម្មថ្ងៃទី ១៩ធ្នូ ប្រឆាំងនឹងផ្សារណូអែលក្រុងប៊ែរឡាំងទេ ហើយសមត្ថភាពអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មក៏កំពុងបែកខ្ចាយដែរ។ ហេតុដូច្នេះហើយបានជាអាល្លឺម៉ង់ ត្រូវការមានវិធានទូទៅដូចគ្នា និងមានកិច្ចសហប្រតិបត្តិការល្អ សម្រាប់តាមដានជនគ្រោះថ្នាក់។
ដោយឡែកអាល្លឺម៉ង់ ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលឃុំឃាំង នៅក្បែរអាកាសយានដ្ឋាន។ បើតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មណ្ឌលនេះនឹងត្រូវប្រើសម្រាប់ឃុំឃាំងជនដែលត្រូវបណ្តេញចេញពីទឹកដីអាល្លឺម៉ង់ ជាបណ្តោះអាសន្នរយៈពេលរាប់ថ្ងៃ ឬរាប់សប្តាហ៍បាន។ អាល្លឺម៉ង់មានគំរូអាក្រក់មួយ កើតរួចមកហើយលើករណីភេរវជន អានីស អាមរី ជាតិទុយនីស៊ី រត់ភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ ដែលគួរតែត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតវិញ តាំងពីដំបូងភ្លាម តែត្រូវយឺតយ៉ាវដោយអាជ្ញាធរទុយនីស៊ីមិនព្រមផ្តល់ឯកសារចាំបាច់សម្រាប់បញ្ជូនចេញ ទើបត្រូវហួសពេល ធ្លោយឱ្យកើតភេរវកម្មក្នុងប្រទេសបាន។
មិនមែនមានតែភេរវកម្មប្រឆាំងផ្សារណូអែលទេ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណុចខ្សោយរបស់ភ្នាក់ងារសន្តិសុខជាតិអាល្លឺម៉ង់ គេក៏សង្កេតឃើញមានភាពមិនប្រក្រតីប្រហែសប្រហោងច្រើន នារយៈពេលប៉ុន្មានខែនេះ មានភ្នាក់ងារចារកិច្ចផ្ទៃក្នុងជាអ៊ីស្លាមជ្រុលនិយមជីហាត ជនភៀសខ្លួនជ្រុលនិយមម្នាក់ស្ថិតក្រោមការតាមដានរបស់ប៉ូលិសតែអាចសម្លាប់ខ្លួនក្នុងពន្ធនាគារបាន ...
ប៉ុន្តែក្នុងបរិបទជិតបោះឆ្នោត ប្រកាសធ្វើកំណែទម្រង់នៅពេលនេះ ត្រូវបានបក្សប្រឆាំងចោទថាជាវិធានការដើម្បីយកចំណេញនយោបាយតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ