អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​ក្រុង​ប៉ារីស៖​បង្កើត​រដ្ឋ​ពីរ​រស់​ក្បែរ​គ្នា​ជា​ផ្លូវ​តែ​មួយ​គត់​សម្រាប់​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី១៥ មករា​នេះ ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ សន្និសីទ​លើក​នេះ​ចូលរួម​ដោយ​ប្រទេស​ជាង ៧០ រួម​ទាំង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន ដូច​យ៉ាង​អង្គការ​សហប្រជាជាតិ ឬ​មួយ​ក៏​សម្ព័ន្ធអារ៉ាប់​ជា​ដើម។ តែ​មិន​មាន​អវត្តមាន​ភាគី​ជម្លោះ​ផ្ទាល់ គឺ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ទេ។ កំណត់​សម្គាល់​មួយ​ទៀត សន្និសីទ​ពេល​នេះ​បាន​ធ្វើ​ឡើង ៥ថ្ងៃ​មុន​ការ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​អ៊ីស្រាអែល​ខ្លាំង​ជាង​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អូបាម៉ា។

លោក Jean-Marc Ayrault ប្រមុខ​ការទូតបារាំង ថ្ងៃទី១៥ មករា ២០១៧
លោក Jean-Marc Ayrault ប្រមុខ​ការទូតបារាំង ថ្ងៃទី១៥ មករា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី២ ដែល​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ កម្មវត្ថុ​របស់​ទីក្រុង​ប៉ារីស គឺ​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​ដែល​កំពុង​បន្ត​ជាប់គាំង​តាំង​ពី ២ឆ្នាំ និង​ហាក់​កាន់​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទីក្រុង​ប៉ារីស​បាន​យល់​ច្បាស់​ថា សន្និសីទ​អន្តរជាតិ​រៀបចំ​ថ្ងៃ​នេះ​នឹង​មិន​អាច​ផ្តល់​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​នៅ​ថ្ងៃ​ស្អែក ឬ​មួយ​ក៏​សម្រេច​បាន​នូវ​រូបមន្តទិព្វ​អ្វី​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​វិល​ចូល​អង្គុយ​តុ​ចរចា​មួយ​ទល់​មួយ​ភ្លាមៗ​ទេ។

តែ​ប្រសិន​បើ​គេ​បន្ត​ឈរ​ក្រពាត់ដៃ​មើល​មិន​ធ្វើ​អ្វី​សោះ នោះ​ស្ថានការណ៍​នឹង​រឹត​តែ​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង។ សម្រាប់​បារាំង មាន​តែ​ការ​កែនប្រមូល​សហគមន៍​អន្តរជាតិ​តាម​រយៈ​កិច្ចប្រជុំ​របៀប​នេះ​ទេ​ទើប​គេ​អាច​ដាស់​ស្មារតី​ពិភពលោក​កុំ​ឲ្យ​ភ្លេច​ជម្លោះ​រុំារ៉ៃ និង​ស្មុគស្មាញ​មួយ​នេះ​នៅ​តំបន់​ដើមបូព៌ា។ កំណត់​សម្គាល់​មួយ​ទៀត កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ​បាន​ធ្វើ​ឡើង ៥ថ្ងៃ​មុន​ការ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ។

ការ​ដែល​បារាំង​ចង់​កន្ទ្រាក់​ស្មារតី​លោកត្រាំ​ក៏​ដោយសារ​តែ​ប្រធានាធិបតី​ថ្មី​អាមេរិក​រូប​នេះ​មាន​ជំហរ​គាំទ្រ​អ៊ីស្រាអែល​ខ្លាំង​ជ្រុល​ធៀប​នឹង​ជំហរ​របស់​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អូបាម៉ា ពិសេស​ទាក់ទង​នឹង​លក្ខន្តិក​ទីក្រុង​យេរ៉ុយសាឡិម។

យេរ៉ុយសាឡិម​ជា​បញ្ហា​ស្លាប់រស់​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល

ការ​កំណត់​លក្ខន្តិក​ទីក្រុង​យេរ៉ុយសាឡិម ជា​ប្រធានបទ​ស្លាប់ រស់​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ដែល​កំពុង​ដណ្តើម​គ្នា​យក​យេរ៉ុយសាឡិម​ធ្វើ​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​ខ្លួន។ កុំ​ថា​ឡើយ​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា សូម្បី​តែ​ប្រធានាធិបតី​អាមេរិក​មុនៗ​ក៏​មិន​ដែល​ហ៊ាន​និយាយ​ច្បាស់ៗ​ទាក់ទង​នឹង​លក្ខន្តិក​ទីក្រុង​យេរ៉ុយសាឡិម​ដូច​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​ដែរ។ លោក​ត្រាំ​ដែល​បាន​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា បើ​លោក​ជាប់​ឆ្នោត លោក​នឹង​ទទួល​ស្គាល់​យេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល ហើយ​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​នៅ​អ៊ីស្រាអែល​ពី​ទីក្រុង​តេឡាវី​ទៅ​ដាក់​នៅ​ក្នុង​ទីក្រុង​យេរ៉ុយសាឡិម​វិញ។

ពិត​ណាស់ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ដូណាល់ ត្រាំ​នឹង​ធ្វើ​​អ្វី​ដូច​ដែល​លោក​បាន​និយាយ​ដែរ ឬ​ទេ។ តែ​សម្រាប់​អ៊ីស្រាអែល ជំហរ​របស់​លោក​ត្រាំ​របៀប​នេះ​ជា​រឿង​គួរ​ឲ្យ​ត្រេកត្រអាល​ខ្លាំង​ណាស់ ចំណែក​ប៉ាឡេស្ទីន​បាន​យល់​ឃើញ​ថា លោកត្រាំ​កំពុង​ត្រៀម​ខ្លួន​បំពាន​លើ​ខ្សែ​បន្ទាត់​ក្រហម និង​គំរាម​ទុក​មុន​ពី​ការ​ដែល​ប៉ាឡេស្ទីន​ឈប់​ទទួល​ស្គាល់​រដ្ឋអ៊ីស្រាអែល។ ថ្មីៗ​នេះ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ថែម​បាន​សរសេរ​សំបុត្រ​ព្រមាន​លោក​ត្រាំ​ឲ្យ​ពិចារណា​ឡើង​វិញ​លើ​ជំហរ​របស់​លោក​ត្រាំ​ទាក់ទង​នឹង​ទីក្រុង​យេរ៉ុយសាឡិម។

នៅ​ថ្ងៃ​សៅរ៍ ទី១៤ មករា លោក​អាបាស់​បាន​ថ្លែង​រម្លឹក​នៅ​ក្នុង​កាសែត​បារាំង Le Figaro ថា អនាគត​លក្ខន្តិក​ទីក្រុង​យេរ៉ុយសាឡិម​នឹង​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ចរចា និង​ថា វិធានការ​អត្តនោម័តិ​របស់​លោក​ត្រាំ​នឹង​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​តួនាទី​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

សន្និសីទ​បង្កប់​ដោយ​និមិត្តរូប​ជាង​ការ​ស្វែង​រក​ដំណោះស្រាយ​ស៊ីជម្រៅ​ឲ្យ​បញ្ហា

សន្និសីទ​អន្តរជាតិ​ស្តីពី​ជម្លោះ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ថ្ងៃ​នេះ​មិន​មាន​វត្តមាន​ភាគី​ជម្លោះ​ទាំង​ពីរ​ទេ។ តាម​គម្រោង បារាំង​បាន​អញ្ជើញ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់ និង​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ឲ្យ​ចូលរួម តែ​ដោយ​លោក​នេតាន់យ៉ាហ៊ូ​បដិសេធ​មិន​ព្រម​ចូលរួម បារាំង​ក៏​មិន​អាច​អនុញ្ញាត​ឲ្យ​លោក​អាបាស់​ចូលរួម​បាន​ដែរ បើ​លោក​អាបាស់​យល់ព្រម​ចូលរួម​ក៏​ដោយ។

លោក​នេតាន់យ៉ាហ៊ូ​បាន​លើក​យក​ហេតុផល​មួយ​ចំនួន​ទៅ​ពន្យល់​ដើម្បី​បញ្ជាក់​ពី​ការ​មិន​ព្រម​ចូលរួម​របស់​លោក ទី១ លោក​នេតាន់យ៉ាហ៊ូ​បាន​ចាត់​ទុក​កិច្ចប្រជុំ​រៀបចំ​ដោយ​បារាំង​ថា​មាន​គោលដៅ​ប្រឆាំង​អ៊ីស្រាអែល ទី២ លោក​នេតាន់យ៉ាហ៊ូ​ជំទាស់​រាល់​ដំណោះស្រាយ​ឲ្យ​ជម្លោះ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ជា​លក្ខណៈ​អន្តរជាតិ និង​ទី៣ លោក​នេតាន់យ៉ាហ៊ូ​ប្រកាន់​ខ្ជាប់​នូវ​កិច្ចចរចា​ទ្វេភាគី​មួយ​ទល់​មួយ​ជា​មួយ​ប៉ាឡេស្ទីន​ដោយ​គ្មាន​លក្ខខណ្ឌ។

នៅ​ក្នុង​ដំណោះស្រាយ​ចំណុច​ទី៣ នេះ​ក៏​ជា​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ និង​ភាគី​ប៉ាឡេស្ទីន​ដែរ តែ​បញ្ហា​នៅ​ត្រង់​ថា តាំង​ពី ២ឆ្នាំ​មក​ហើយ​ដែល​កិច្ចចរចា​ទ្វេភាគី​បាន​ជាប់​គាំង និង​បាន​អូសបន្លាយ​ស្ថានការណ៍​ឲ្យ​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​ការ​បន្ត​អនុវត្តន៍​នយោបាយ​អាណានិគម​លើ​ដែនដី​ប៉ាឡេស្ទីន​ពី​សំណាក់​អ៊ីស្រាអែល។ មួយ​វិញ​ទៀត ភាគី​ប៉ាឡេស្ទីន​ក៏​ហាក់​គ្មាន​ជំនឿ​លើ​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា​ទ្វេភាគី និង​បាន​ផ្តើម​ចាត់​វិធានការ​ផ្លូវទូត​ផ្ទាល់ខ្លួន និង​បែរ​រក​អន្តរាគមន៍​ពី​អន្តរជាតិ​វិញ​ម្តង។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​អាទិត្យ ទី១៥ មករា​នេះ​ទៀត​សោត ក៏​គេ​មិន​បាន​រក​ចាំ​លទ្ធផល​ដុំកំភួន​អ្វី​ទាំង​អស់ អ្វី​ដែល​កិច្ចប្រជុំ​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះ គឺ​រម្លឹក​ឡើង​វិញ​ពី​គោលការណ៍​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ដែល​ជា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​វិបត្តិ​រុំារ៉ៃ និង​ស្មុគស្មាញ​មួយ​នេះ​នៅ​តំបន់​ដើមបូព៌ា។ ម្យ៉ាង​ទៀត កិច្ចប្រជុំ​ក៏​អាច​រម្លឹក​ឡើង​វិញ​ពី​សេចក្តីសម្រេច​ជា​ច្រើន​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​កន្លង​មក​ដែល​ភាគី​ជម្លោះ​ត្រូវ​បន្ត​យក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​កិច្ចចរចា​នា​ពេល​ខាង​មុខ។ ដូច្នេះ​ឃើញ​ថា កិច្ចប្រជុំ​ស្តីពី​ជម្លោះ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ក្នុង​ទីក្រុង​ប៉ារីស​លើកទី២ ពេល​នេះ​បាន​បង្កប់​ច្រើន​ដោយ​និមិត្តរូប​ជាង​ការ​ស្វែង​រក​ដំណោះស្រាយ​ស៊ីជម្រៅ​ឲ្យ​បញ្ហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ