អានតួអត្ថបទ
សហរដ្ឋអាមេរិក-អង់គ្លេស​

លោក​ Donald Trump ​ទទួល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​នៅ​​សេតវិមាន​​​ក្នុង​​ថ្ងៃ​​សុក្រ​​ទី​២៧​មករា​នេះ​

គ្រាន់​តែ​បាន​ចូល​កាន់​កាប់​សេតវិមាន​ប្រធានាធិបតី​អាមេរិក​ភ្លាម លោក Donald Trump នៅ​ថ្ងៃ​សុក្រ​២៧​មករា​នេះ ​ទទួល​​​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី  Theresa May ដើម្បី​លើក​ឡើង​អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្រោយ​ពី​អង់គ្លេស​បោះ​ឆ្នោត​ចេញ​ពី​សហភាព​អឺរ៉ុប។​ ជំនួប​​រវាង​ប្រធានាធិបតី​ថ្មី​អាមេរិក​និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នា​ពេល​នេះ គឺ​​ដើម្បី​ផ្តល់​សន្ទុះ​​​មួយ​បែប​ផ្សេង​ទៀត​​ដល់​ទំនាក់​ទំនង​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​អង់គ្លេស។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​Theresa May និង​លោក​ ​Donald Trump​​
នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​Theresa May និង​លោក​ ​Donald Trump​​ REUTERS/Jonathan Ernst//Neil Hall
ផ្សាយពាណិជ្ជកម្ម

លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​Theresa May គឺ​ជា​ថ្នាក់​ដឹកនាំ​បរទេស​មុន​គេ​បង្អស់​ដែល​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ ​ទទូល​ជួប​នៅ​សេតវិមាន​នៅថ្ងៃសុក្រ​២៧​មករា​នេះ។

 
ជំនួប​ប្រាស្រ័យ​រវាង​អង់គ្លេស​និង​អាមេរិក​នេះ​ ជា​ការ​ស​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​ថា ​នាយក​​រដ្ឋមន្ត្រី​​អង់គ្លេស បាន​សម្រេច​ជោគ​ជ័យ​​​​នៅ​​លើ​​វិស័យ​ការ​ទូត​មួយ​​ដែរ។​

ទន្ទឹមនេះ លោកស្រី​ Theresa May ​ក៏​បាន​យល់​ដឹង​ដែរ​ថា អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អង់គ្លេស ពិត​ជា​នឹង​តាម​ពិនិត្យ​មើល​គ្រប់​សកម្មភាព​និង​កាយវិការ​របស់​គាត់​ដោយ​យ៉ាង​ល្អិត​ល្អន់​​ជាទីបំផុត​។ ពីព្រោះ​អាមេរិក ក៏​ចង់​យល់​ដឹង​ឲ្យ​ជាក់​ច្បាស់​ថា​តើ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​រូប​នេះ​ ប្រកាន់​អាកប្បកិរិយា​បែប​ដូច​ម្តេច​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ថ្មី​នេះ ដែល​មាន​​គោល​ជំហរ​គិត​គូ​តែ​ពី​ជាតិ​ឯង​​ប៉ុណ្ណោះគត់។

ពីព្រោះ  រដ្ឋបាល​អាមេរិក​របស់​លោក​Trump ​កំពុង​តែ​បង្ក​ឲ្យ​មាន​ភាពតាន​តឹង​យ៉ាង​ក្រៃលែង​​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ដែល​ជា​ប្រទេស​ជិត​ខាង​ខ្លួន​​នៅ​ជុំវិញ​គម្រោង​សាងសង់​ជញ្ជាំង​បិទ​ព្រំដែន​អាមេរិក​ជាមួយ​ម៉ិចស៊ិក។
 

យ៉ាងណាមិញ សេចក្តី​សម្រេចចិត្ត​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ​ក្នុង​ការ​អញ្ជើញ​ទៅ​​កាន់​សហរដ្ឋអាមេរិក​នេះ មួយសប្តាហ៍​បន្ទាប់​ពី​លោក​មហាសេដ្ឋី​ខាង​អចលនៈទ្រព​Donald Trump បាន​ស្បថ​ចូល​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក បាន​បណ្តាល​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ដ៏​ក្រៃលែង​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

 ដោយហេតុថា លោក​ Donald Trump បាន​ពោល​ពាក្យ​សំដី​ពុំគួរ​គប្បី​នា​​ពេល​កន្លង​មក​ សំដី​ដែល​បាន​ប៉ះពាល់​ដល់​សហគមន៍​​អ្នក​កាន់​សាសនា​អ៊ីស្លាម ទៅ​លើ​ស្រ្តី​ភេទ ឬ​ក៏​និយាយ​ពី​ការ​ប្រើ​វិធី​ធម៌ក្តៅ​ធ្វើ​ទារុណកម្ម​ដើម្បី​សាកសួរ​ចម្លើយ​អ្នក​ទោស​ជាដើម។លនិងល។ សំដី​ទាំង​អស់​នេះ​ហើយ​ដែល​ជម្រុញ​ឲ្យ​សាធារណៈជន​អង់គ្លេស​ភាគ​ច្រើន​ពុំ​អាច​ទទួល​យក​បាន​ឡើយ។

សូមបញ្ជាក់ថា នៅ​វេលា​ម៉ោង​១៦​ម៉ោង​សកល ប្រមុខ​ដឹកនាំ​អង់គ្លេស​និង​អាមេរិក​នឹង​ធ្វើ​សុន្ទរកថា​​​នៅ​ក្នុង​សន្និសីទ​សាព័ត៌មាន​រួម​គ្នា​មួយ។ នោះ​គឺ​ជា​សន្ទុកថា​របស់​លោក Donald Trump ​​ក្នុង​នាម​ជា​ប្រធានាធិបតី​នៃ​មហា​អំណាច​ពិភព​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ