អានតួអត្ថបទ
អង់គ្លេស-អាមេរិក

អង់គ្លេស៖​ញត្តិ​ប្រឆាំង​លោក Donald Trump មិន​ឲ្យ​ចូល​ទឹកដី​អង់គ្លេស

ពាក្យសម្តី​របស់​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋបាន​និង​កំពុង​បន្ត​បំផុស​ឲ្យ​មាន​សង្រ្គាម​ប៉ាកា​យ៉ាង​ខ្លាំងក្លា​នៅ​ទូទាំង​ពិភពលោក។ នៅ​ថ្ងៃ​ពុធ ទី៩ ធ្នូ មាន​ញត្តិ​មួយ​នៅ​លើ​គេហទំព័រ​រដ្ឋសភា​អង់គ្លេស​បាន​អំពាវនាវ​កុំ​ឲ្យ​លោក Donald Trump ដាក់​ជើង​ជាន់​ទឹកដី​អង់គ្លេស។ គួរ​រម្លឹក​ជូន​ថា​នា​ថ្ងៃ​ចន្ទ ទី៧ ធ្នូ​ដើម​សប្តាហ៍​នេះ លោក Donald Trump បាន​ថ្លែង​ទាមទារ​ឲ្យ​ហាមឃាត់​ជនបរទេស​ដែល​កាន់​សាសនា​អ៊ីស្លាម​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អាមេរិក។ គោលដៅ​របស់ លោក Donald Trump គឺ​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ភេរវកម្ម។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ REUTERS/Mark Kauzlarich
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ប្រតិកម្ម​ប្រឆាំង​នៅ​អាមេរិក ពាក្យ​សម្តី​របស់​លោក Donald Trump ក៏​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​កាន់​តែ​ច្រើន​នៅ​បរទេស​ដែរ ពិសេស​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ នៅ​ថ្ងៃ​ពុធ ទី៩ ធ្នូ មាន​ញត្តិ​មួយ​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​រដ្ឋសភា​អង់គ្លេស​បាន​អំពាវនាវ​រារាំង​កុំ​ឲ្យ​លោក Donald Trump ដាក់​ជើង​ជាន់​ក្នុង​ទឹកដី​អង់គ្លេស។ គិត​ត្រឹម​ថ្ងៃ​ពុធ​ដដែល​នោះ ញត្តិ​ប្រឆាំង​លោក Donald Trump ទទួល​បាន ១០០ ០០០ហត្ថលេខា ហើយ​បើ​យោង​តាម​ច្បាប់​អង់គ្លេស ញត្តិ​ណា​ដែល​មាន​ទទួល​បាន ១០០ ០០០ហត្ថលេខា​នឹង​អាច​ដាក់​ឲ្យ​សភា​ជជែក​ពិភាក្សា។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ថ្លែង​ទាមទារ​មិន​ឲ្យ​ជនបរទេស​អ្នកកាន់សាសនា​អ៊ីស្លាម​ទាំង​អស់​ដាក់​ជើង​ជាន់ទឹកដី​អាមេរិក បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ Donald Trump ក៏​បាន​និយាយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ដែរ។ យោង​តាម​លោក Donald trump នៅ​ប៉ារីស ក៏​ដូច​នៅ​ឡុងដ៏ គឺ​មាន​តំបន់​ខ្លះ​សំបូរ​ទៅ​ដោយ​ជនផ្តាច់ខ្លួន​រួមគំនិត​ជាមួយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ដែល​កម្លាំង​ប៉ូលិស​មិន​ហ៊ាន​ចូល​ជិត​ដោយ​បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ប៉ារីស​ទេ តែ​ចៅហ្វាយ​ក្រុង​នៅ​ឡុងដ៏​លោក Boris Johnson បាន​ចាត់​ទុក​សម្តី​របស់​លោក Donald Trump ថា​ជា​សម្តី​ភ្លើ​សុទ្ធសាធ និង​ថា ហេតុផល​ដែល​លោក​នឹង​ចៀសវាង​ទៅ​តំបន់​ខ្លះ​ក្នុង​ទីក្រុង​ញូយ៉ក គឺ​ខ្លាច​ជួប​មុខ​លោក Donald Trump។ ចំណែក​អ្នក​នាំពាក្យ​ប៉ូលិស​ក្នុង​ទីក្រុង​ឡុងដ៏​បាន​បញ្ចេញ​ប្រតិកម្ម​ថា អ្វី​ដែល​សំខាន់​ត្រូវ​និយាយ​ប្រាប់​ប្រជារាសស្រ្ត​អង់គ្លេស​រស់ក្នុង​ទីក្រុង​ឡុងដ៏​នោះ គឺ​ពាក្យសម្តី​មិន​ត្រឹមត្រូវ​របស់​លោក Donald Trump។

ខុស​ពី​នៅ​អង់គ្លេស មាន​សម្លេង​ប្រតិកម្ម​ពីរ​ខុស​គ្នា​នៅ​អ៊ីស្រាអែល​ទាក់ទង​នឹង​ពាក្យ​សម្តី​របស់​លោក Donald Trump។ អ៊ីស្រាអែល​ដែល​លោក Donald Trump គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ថ្ងៃទី២៨ ធ្នូ​ខាង​មុខ។ ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​នឹង​ទទួល​លោក Donald Trump ព្រោះ​ជា​ទស្សនកិច្ច​ដែល​បាន​គ្រោង​ទុក​តំាង​ពី​មុន​ការ​ថ្លែង​របស់​លោក Donald Trump ទៅ​ទៀត។ តែ​មាន​មតិ​របស់​ក្រុម​អ្នកប្រឆាំង រួម​ទាំង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ខ្លះ​បាន​រិះគន់​ការ​ថ្លែង​របស់​លោក Donald Trump ដោយ​ចាត់​ទុក​ជា​សម្តី​ប្រកាន់​ពូជសាសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ