អានតួអត្ថបទ
អង់គ្លេស-អាមេរិក

អង់គ្លេស-អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ប្រឆាំង « Brexit »

ចេញ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បន្ត​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​កន្លះ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ចាប់​ពី​នៅ​ថ្ងៃ​សុក្រ ទី២២ មេសា​នេះ។ វត្តមាន​របស់​លោក​អូបាម៉ា​ក្នុង​ទឹកដី​អង់គ្លេស​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រជារាស្រ្ត​អង់គ្លេស​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រី ​Elisabeth ទី២ ឈាន​ចូល ៩០ព្រះវស្សា និង​ចំ​ពេល​ដែល​ប្រទេស​អង់គ្លេស​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រជាមតិ​ស្តីពី “Brexit” មាន​ន័យ​ថា តើ​ត្រូវ​បន្ត​រក្សា​ទុក ឬ​មួយ​ក៏​ដក​អង់គ្លេស​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប។

លោក​នាយករដ្ឋមន្រ្តី​​អង់គ្លេស ដាវីដ កាមេរ៉ូន និង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា
លោក​នាយករដ្ឋមន្រ្តី​​អង់គ្លេស ដាវីដ កាមេរ៉ូន និង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ប្រធានបទ​សំខាន់​ចំនួន​ពីរ​ដែល​គ្របដណ្តប់​ដំណើរទស្សនកិច្ច​រយៈពេល​ជាង ២ថ្ងៃ​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​នៅ​​ក្នុង​ប្រទេស​អង់គ្លេស ទី១ ទាក់ទង​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម និង​ប្រធានបទ​ទី២ ទាក់ទង​នឹង​គម្រោង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ស្តីពី “Brexit” មាន​ន័យ​ថា​តើ​ត្រូវ​បន្ត​រក្សា​ទុក ឬ​មួយ​ក៏​ដក​ប្រទេស​អង់គ្លេស​ចេញ​សមាជិក​សហភាព​អឺរ៉ុប។

ក៏​ប៉ុន្តែ ប្រធានបទ​ទី២ កំពុង​គ្របដណ្តប់​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក​អូបាម៉ា និង​ក៏​កំពុង​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​នៅ​ក្នុង​មជ្ឈដ្ឋាន​មហាជន​អង់គ្លសេ​ទូទៅ តាំង​ពី​ស្រទាប់​មហាជន​សាមញ្ញ រហូត​ដល់​ស្រទាប់​អ្នកនយោបាយ​អង់គ្លេស។ សូម​ជម្រាប​ជូន​ថា រឿង “Brexit” នេះ​បាន និង​កំពុង​ពុះ​ចែក​សង្គម​អង់គ្លេស​ជា​ពីរ នៅ​ម្ខាង គឺ​ក្រុម​គាំទ្រ​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​ដែល​ចង់​រក្សា​ទុក​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប រីឯ​នៅ​ម្ខាង​ទៀត គឺ​ក្រុម​ដែល​ចង់​ដក​អង់គ្លេស​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប។
 
រហូត​មក​ដល់​ពេល​នេះ លោក​ដាវីដ កាមេរ៉ូន​កំពុង​ឈឺ​ក្បាល​ខ្លាំង ព្រោះ​សម្លេង​គាំទ្រ“Brexit” មាន​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ តែ​យ៉ាង​ណា​ក៏​ដោយ ជោគវាសនា​របស់​អង់គ្លេស​យ៉ាង​ណា​នៅ​ក្នុង​សហភាព​អឺរ៉ុប​នឹង​ត្រូវ​កំណត់​ដោយ​ប្រជារាស្រ្ត​អង់គ្លេស​តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី២៣ មិថុនា​ខាង​មុខ។
 
 
លោក​អូបាម៉ា​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ដក​អង់គ្លេស​ពី​សហភាព​អឺរ៉ុប
 
លោក​អូបាម៉ា​បាន​ចេញ​មុខ​ប្រឆាំង​នឹង “Brexit” តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ និង​ធ្លាប់​បាន​ស្នើ​លោក​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​កុំ​ឲ្យ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​​ទៀត​ផង។ វត្តមាន​របស់​លោក​អូបាម៉ា​នៅ​អង់គ្លេស​ពេល​នេះ​ក៏​មាន​ការ​លើក​ឡើង​ថា គ្មាន​ហេតុផល​អ្វី​ដែល​លោក​អូបាម៉ា​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អង់គ្លេស ឬ​មួយ​ក៏​មាន​សំណុំរឿង​អ្វី​បន្ទាន់​ដែល​លោក​អូបាម៉ា​ត្រូវ​ដោះស្រាយ​ជាមួយ​លោក​ដាវីដ កាមេរ៉ូន​ផ្ទាល់​ទេ។ រឿង​បន្ទាន់​របស់​លោក​អូបាម៉ា​មាន​តែ​មួយ គឺ​ជួយ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ដល់​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន ឬ​មួយ​ក៏​ដាក់​សម្ពាធ​ដល់​ប្រជារាស្រ្ត​អង់គ្លេស​កុំ​ឲ្យ​បោះឆ្នោត​ទទួល​យក “Brexit”
 
នៅ​ក្នុង​កាសែត​អង់គ្លេស​ប្រចាំថ្ងៃ​ឈ្មោះ Daily Telegraph ចេញ​ផ្សាយ​ថ្ងៃ​នេះ លោក​អូបាម៉ា​បាន​ប្រាប់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​លោក​ប្រឆាំង​នឹង“Brexit” ។ លោក​អូបាម៉ា​យល់​ថា សហភាព​អឺរ៉ុប​មិន​បាន​កាត់​បន្ថយ​ឥទ្ធិពល​របស់​អង់គ្លេស​ទេ ពោល​មាន​តែ​ជួយ​បង្កើន​ថែម ហើយ​សហភាព​អឺរ៉ុប​ខ្លាំង​ក៏​មិន​បាន​គំរាមកំហែង​តួនាទី​របស់​អង់គ្លេស​នៅ​ក្នុង​លោក​ដែរ ពោល​មាន​តែ​ជួយ​បង្កើន​បន្ថែម។ បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា លោក​អូបាម៉ា​ចង់​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​រួបរួម​គ្នា ព្រោះ​ការ​ចាកចេញ​របស់​អង់គ្លេស​អាច​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត។
 
តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ឃើញ​ថា ការ​ដែល​លោក​អូបាម៉ា​មិន​ចង់​ឲ្យ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ព្រោះ​អង់គ្លេស​ជា​ស្ពាន​ត​ភ្ជាប់ និង​ជា​រឹត​ចំណង​ទាក់ទង​រវាង​អាមេរិក និង​សហភាព​អឺរ៉ុប។ សម្រាប់​អាមេរិក អង់គ្លេស​ជា​សម្ព័ន្ធមិត្ត​ផ្តាច់​មុខ​នៅ​ផ្ទៃក្នុង​អឺរ៉ុប​ដែល​ខ្លួន​អាច​ពឹងពាក់​បាន និង​មាន​ទឹកមាត់ប្រៃ ព្រម​ទាំង​ជា​អ្នក​ជួយ​គាំទ្រ​ជំហរ​របស់​អាមេរិក​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​សហភាព​អឺរ៉ុប។ អាមេរិក​យល់​ច្បាស់​ថា បើ​អង់គ្លេស​ចេញ​ពី​សមាជិក​អឺរ៉ុប អាមេរិក និង​សហភាព​អឺរ៉ុប​អាច​នឹង​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា។
 
ក្រុម​គាំទ្រ “Brexit”ចោទ​លោក​អូបាម៉ា​ថា​បាន​ជ្រៀតជ្រែក​រឿង​ផ្ទៃក្នុង​របស់​អង់គ្លេស
 
ទង្វើ​របស់​លោក​អូបាម៉ា​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុម​សកម្មជន​អង់គ្លេស​គាំទ្រ “Brexit” ក្តៅក្រហាយ​យ៉ាង​ខ្លាំង។ ក្រុម​សកម្មជន​គាំទ្រ “Brexit” បាន​ចាត់​ទុក​អន្តរាគមន៍​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ថា ជា​ការ​លូកដៃ​ចូល​ជ្រៀតជ្រែត​កិច្ចការ​ផ្ទៃក្នុង​របស់​អង់គ្លេស។ នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ សមាជិក​សភា​អង់គ្លេស​ប្រមាណ​ជា ១០០នាក់​ដែល​ភាគ​ច្រើន​ជា​អ្នកអភិរក្សនិយម​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ឡុងដ៍​ដោយ​បាន​ស្នើ​ឲ្យ​លោក​អូបាម៉ា​លប់​ចោល​ទស្សនកិច្ច​ក្នុង​ប្រទេស​អង់គ្លេស។
 
ទន្ទឹម​គ្នា​នេះ ក្រុម​សកម្មជន​គាំទ្រ “Brexit” ថែម​ទាំង​បាន​ចោទ​លោក​អូបាម៉ា​ថា ជា​មនុស្ស​លាក់ពុត និង​ចោទ​ជា​សំណួរ​ថា តើ​អាមេរិក​ខ្លួន​ឯង​យល់​ព្រម​ឲ្យ​អ្នក​ផ្សេង​លូកដៃ​ចូល​កកូរកកាយ​រឿង​ផ្ទៃក្នុង​របស់​ខ្លួន​ដែរ ឬ​ទេ?។ សូមជម្រាប​ជូន​ថា ក្រុម​សកម្មជន​ដែល​ចង់​ឲ្យ​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប​ដោយ​ពួក​គេ​យល់​ថា ជា​ការ​អនុញ្ញាត​ឲ្យ​អង់គ្លេស​មាន​សេរីភាព​ទៅ​ចាប់​ដៃ​ជាមួយ​ប្រទេស​ផ្សេង​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​តាម​ស្ថាប័ន​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ