អានតួអត្ថបទ
ម៉ាល់ត៍-អឺរ៉ុប

អន្តោប្រវេសន៍ អនាគតអឺរ៉ុប និង​នយោបាយថ្មី​របស់​អាមេរិក ជា​ប្រធានបទ​នៃ​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ប្រទេស​ម៉ាល់ត៍

នៅ​ថ្ងៃ​សុក្រ ទី៣ កុម្ភៈ​នេះ អឺរ៉ុប​បាន​បើក​ជំនួបកំពូល​ក្នុង​ទីក្រុង​វ៉ាឡែត ប្រទេស​ម៉ាល់ត៍។ ជំនួបកំពូល​ត្រូវ​រៀប​ចំ​ធ្វើ​ជា​ពីរ​វគ្គ គឺ​វគ្គ​រវាង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ២៨ប្រទេស និង​វគ្គ​រវាង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​តែ​ចំនួន ២៧ប្រទេស​ដោយ​គ្មាន​ប្រទេស​អង់គ្លេស។ អន្តោប្រវេសន៍ នយោបាយ​ថ្មី​របស់​រដ្ឋបាល​អាមេរិក និង​អនាគត​អឺរ៉ុប គឺ​ជា​ប្រធានបទ​សំខាន់​នៃ​ជំនួបកំពូល។

ជំនួបកំពូល​អឺរ៉ុបបើក​ធ្វើ​ក្នុង​ថ្ងៃទី៣ កុម្ភៈ ២០១៧ ​ក្នុង​ប្រទេស​ម៉ាល់ត៍
ជំនួបកំពូល​អឺរ៉ុបបើក​ធ្វើ​ក្នុង​ថ្ងៃទី៣ កុម្ភៈ ២០១៧ ​ក្នុង​ប្រទេស​ម៉ាល់ត៍ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​អឺរ៉ុប​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​បន្ត​ប្រឈម​មុខ​នឹង​លំហូរ​ជនអន្តោប្រវេសន៍​តាម​ផ្លូវសមុទ្រ ពិសេស​សមុទ្រ​មេឌីទែរ៉ាណេ។ ពេញ​មួយ​ឆ្នាំ ២០១៦ កន្លង​ទៅ មាន​ជនអន្តោប្រវេសន៍​ជាង ១៨ម៉ឺននាក់​បាន​ផ្សងព្រេង​តាម​សមុទ្រ​ក្នុង​នោះ​មាន ៩០% ចេញ​ពី​ប្រទេស​លីប៊ី។ ទន្ទឹម​គ្នា​នេះ ចំនួន​ជនអន្តោប្រវេសន៍​ស្លាប់​ក្នុង​សមុទ្រ​ក៏​មាន​ច្រើន​ដែរ ពោល​មាន​ជាង ៤ ៥០០នាក់ នេះ​បើ​យោង​តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​ដែល AFP ទទួល​បាន​មុន​ឲ្យ​ដឹង​ថា អាទិភាព​របស់​អឺរ៉ុប​គឺ​ចូលរួម​ជួយ​ហ្វឹកហ្វឺន​កម្លាំង​ឆ្នាំ​សមុទ្រ​លីប៊ី​ពី​ប្រតិបត្តិការ​ឃ្លាំមើល ស្ទាក់ចាប់​ទូក ឬ​កាណូត​ដឹក​ជនអន្តោប្រវេសន៍ និង​ប្រឆាំង​ពួក​មេខ្លោង អ្នក​នាំ​ផ្លូវ។ ទន្ទឹម​គ្នា​នេះ អឺរ៉ុប​ក៏​ឯកភាព​គ្នា​ក្នុង​ការ​ជួយ​លើក​ដំកើង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​លីប៊ី និង​រួម​សហការណ៍​ស្អិតរមួត​ជាមួយ​ឧត្តមស្នងការដ្ឋាន​អន្តរជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ដើម្បី​ធានា​ពី​ការ​ទទួល និង​ការ​ស្នាក់នៅ​របស់​ជនអន្តោប្រវេសន៍​ដែល​បាន​មក​ដល់​ទឹកដី​លីប៊ី។

ក្រៅ​ពី​បញ្ហា​លំហូរ​ជនអន្តោប្រវេសន៍ ជំនួបកំពូល​អឺរ៉ុប​ក៏​ជជែក​អំពី​ភូមិសាស្រ្ត​នយោបាយ និង​យុទ្ធសាស្រ្ត​ថ្មី ពិសេស​ផ្លូវ​ថ្មី​ដែល​អឺរ៉ុប​ត្រូវ​ដើរ​ដើម្បី​ឆ្លើយតប​នឹង​រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ កាល​ពី​ដើម​សប្តាហ៍​នេះ លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក​បាន​ចាត់​ទុក​គួរ​ឲ្យ​បារម្ភ​នូវ​សេចក្តីសម្រេច​មួយ​ចំនួន​របស់​លោក​ដូណាល់ ត្រាំ និង​ថា រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​ជា​ការ​គំរាមកំហែង​អឺរ៉ុប។

នៅ​ចុង​បញ្ចប់ ជំនួបកំពូល​ជជែក​ពី​អនាគត​របស់​សហភាព​អឺរ៉ុប បន្ទាប់​ពី​ប្រជារាស្រ្ត​អង់គ្លេស​បាន​បោះឆ្នោត​ចេញ​ពី​អឺរ៉ុប​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦។ នៅ​ក្នុង​បញ្ហា​នេះ ជំនួបកំពូល​បាន​រួម​ប្រជុំ​តែ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ២៧ប្រទេស ដោយ​គ្មាន​វត្តមាន​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី Theresa May ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ