អានតួអត្ថបទ
សហរដ្ឋអាមេរិក-អូតង់

រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាមេរិក​​លោក ​James Mattis ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​អូតង់​

នៅ​ថ្ងៃ​ពុធ​ទី​១៥​កុម្ភៈ​នេះ អង្គការ​អូតង់​ទទួល​ស្វាគមន៍​ជា​លើក​ដំបូង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក James Mattis ក្នុង​ក្តី​រំពឹង​ថា ​រដ្ឋមន្ត្រី​អាមេរិក​រូប​នេះ​នឹង​ធ្វើការ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​លាស់​ពី​កិច្ច​សន្យា​របស់​អាមេរិក​នៅ​ក្នុង​ការ​ចូល​រួម​ជា​មួយ​អូតង់។​ 

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក James Mattis
រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក James Mattis Toru YAMANAKA / AFP
ផ្សាយពាណិជ្ជកម្ម

 

អ្នក​ការទូត​អឺរ៉ុប​ម្នាក់​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា​ ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក James Mattis នៅ​អង្គការ​អូតង់​នា​ពេល​នេះ គឺ​ជា​ដំណឹង​ល្អ​ដើម្បី​អនុញ្ញាត​ឲ្យ​អូតង់​​បាន​យល់​ច្បាស់​ពី​ជំហរ​ពិត​ប្រាកដ​របស់​រដ្ឋបាល​ថ្មី​អាមេរិក។

ការ​អះអាង​របស់​អ្នក​ការទូត​អឺរ៉ុប​នេះ បាន​ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ​មុន​សម័យ​ប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​២៨​ប្រទេស​សមាជិក​អូតង់​ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ​ និង​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ នៅទីក្រុង​Bruxelles។​

គួររំលឹកថា ចាប់​តាំង​ពី​លោក Donald Trump ​បាន​ជាប់​ឆ្នោត​ឡើង​ជា​ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក​​មក លោក Trump បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ដែល​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ។ ភ្ញាក់ផ្អើល ដោយ​សារ​តែ​​​ជំហរ​នយោបាយ​របស់​លោក Trump ​គិត​តែ​ប្រយោជន៍​ជាតិ​ឯង​ដោយ​មិន​ខ្វល់​ឡើយ​ពី​បញ្ហា​អ្នក​ដទៃ។​

ហើយ​កាលពី​ពាក់​កណ្តាល​ខែ​មករា​មុន​នេះ លោក​ Trump បាន​ប្រើ​ពាក្យ​មើល​ស្រាល​ចំពោះ​​អូតង់​​ថា ជា​អង្គការ​ចាស់​គំរិល​ហួស​សម័យ​និង​ជា​ពិសេស ពុំ​បាន​គិតគូ​ពី​បញ្ហា​ភេរវនិយម​អ្វី​ទេ។​​​
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​រដ្ឋមន្ត្រី​ម្នាក់ ​ក្នុង​រដ្ឋបាល​លោក​TRUMP ​នេះ ​អូតង់​ ដាច់​ខាត​ត្រូវ​តែ​លើក​យក​ប្រធាន​បទ​ដ៏​សំខាន់​មួយ​មក​ពិភាក្សា​គ្នា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។ ​បញ្ហា​នោះ គឺ​​ការ​ចូល​រួម​ចំណែក​របស់​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អូតង់​នៅ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម​របស់​ពួក​អ៊ីស្លាម​ជីហាត ជាពិសេស​នៅ​ក្នុង​តំបន់​ដើម​បូព៌ា។​

អគ្គលេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg វិញ កាលពី​ម្សិលមិញ បាន​អះអាងដែរ​ថា ដំណើរ​របស់​លោក James Mattis នៅ​អូតង់​នា​ពេល​នេះ គឺជា​ឱកាស​ដ៏​ប្រពៃ​មួយ​ ដើម្បី​​ការ​​ជជែក​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់លាស់​​អំពី​បំណង​ពិត​​របស់​អាមេរិក​។ ប្រធាន​អូតង់​ថែម​ទាំង​​បាន​គូស​បញ្ជាក់​ជាថ្មី​ទៀត​ថា​ លោក ​មាន​ទំនុកទុកចិត្ត​ទាំងស្រុង​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ទាំងស្រុង​​​​របស់​សហរដ្ឋអាមេរិក​នៅ​​ក្នុង​ការ​ស្ថិត​នៅ​ក្បែរ​​ជានិច្ច​ជាមួយ​អូតង់​របស់​លោក​។

ហើយ​បញ្ហា​សំខាន់​មួយ​ទៀត​ដែល​ប្រធាន​អូតង់​លើក​ឡើង​នា​ពេល​នេះ​ដែរ គឺ​អំពី​បញ្ហា​កម្រិត​នៃ​ការ​ចំណាយ​​យោធា​របស់​ប្រទេស​សម្ព័ន្ធមិត្ត​អ៊ីរ៉ុប​​ដែល​ទីក្រុង​វ៉ាស៊ីនតោន​យល់​ថា ​នៅ​តែ​មិន​​ទាន់​​គ្រប់​គ្រាន់។
 

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នៅ​ទី​ក្រុង​Bruxelles ប្រទេស​​ទាំង ២៨ ដែល​ជា​សមាជិក​អូតង់ នឹង​លើក​អំពី​បញ្ហា​កម្រិត​​នៃ​ការ​ចូល​រួម​របស់​ពួក​គេ​នៅ​ក្នុង​ការ​ដាក់​ពង្រាយ​កង​វរសេនា​តូច​ចម្រុះ​ជាតិ​សាសន៍​​៤​កង​ដែល​កំពុង​បន្ត​ធ្វើ​នៅ​ក្បែរ​មាត់​ទ្វារ​នៃ​ប្រទេស​រុស្ស៊ី៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ