ក្រោយភេរវកម្ម ជំនាញសន្តិសុខនិងចារកិច្ចឡើងកូដខ្លាំងនៅសាកលវិទ្យាល័យបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៧
បន្ទាប់ពីរងភេរវកម្មមួយហើយមួយទៀត កណ្តាលក្រុងប៉ារីស និងពាក្យថាប្រឈមនឹងគំរាមកំហែងភេរវកម្មលាន់ចេញស្ទើរគ្រប់មាត់មក សកលវិទ្យាល័យបារាំងបានចាប់ពង្រីកមុខវិជ្ជាជំនាញថ្មី ក្នុងផ្នែកសន្តិសុខនិងចារកិច្ច។ ការបើកជំនាញថ្មីកាន់តែច្រើនឡើងៗនេះ គឺដើម្បីបំពេញបំណងស្រេកឃ្លានចង់ដឹងរបស់និស្សិតផង និងដើម្បីបំពេញតម្រូវការរបស់រដ្ឋផង។
ជានិស្សិតច្បាប់ និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រសង្គម ឆ្នាំទីពីរ ទីបី ... នៅឡើយ ប៉ុន្តែពួកគេចង់ធ្វើជាមនុស្សមានប្រយោជន៍ និងបានស្ម័គ្រចិត្តចូលបំរើយោធា ក្នុងនាមជាទ័ពបំរុង។ ខ្លះរៀនចប់បរិញ្ញាហើយបានទៅចុះឈ្មោះរៀនបន្តថ្នាក់អនុបណ្ឌិត ដើម្បីបានក្លាយជាអ្នកជំនាញក្នុងជម្លោះប្រដាប់អាវុធ ...។ ប្រឈមនឹងការគំរាមកំហែងភេរវកម្ម យុវជនបារាំង កាន់តែច្រើនឡើងៗ បានបង្ហាញឆន្ទៈចង់បំរើជាតិ មិនចង់នៅឈរស្ងៀមអោបដៃគៀនជញ្ជាំងការពារតែប្រយោជន៍បុគ្គលទេ។ តើនេះជានិន្នាការថ្មី មែនទេ ?
សម្រាប់អតីតនាយករងទីភ្នាក់ងារចារកិច្ចនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងជាតិ និងជាសាស្ត្រាចារ្យវាគ្មិន នៅវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយក្រុងប៉ារីស Sciences-Po ដ៏ល្បីល្បាញ ហេតុការណ៍ភេរវកម្មកណ្តាលក្រុងប៉ារីស កាលពីថ្ងៃទី ១៣វិច្ឆិកា ២០១៥ បានដាស់កន្ត្រាក់សតិយុវជនបារាំង ឱ្យផ្តើមត្រិះរិះពិចារណា ថាតើត្រូវធ្វើដូចម្តេចទើបមានប្រយោជន៍ ប្រឈមនឹងការគំរាមកំហែងភេរវកម្ម។
តាំងពីមានហេតុការណ៍ភេរវកម្មកណ្តាលក្រុងប៉ារីសមក ចរន្តដាក់ពាក្យសុំចូលកងទ័ពបំរុង ដោយស្ម័គ្រចិត្ត បានកើនឡើងទ្វេដងប្រើប្រៀបទៅនឹងឆ្នាំ២០១៤។ ពេលភ្នាក់ងារចារកិច្ចទៅធ្វើបទបង្ហាញនៅក្នុងសាកលវិទ្យាល័យ និស្សិតបានចូលមកត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់ និងណែនសាល។
ម្យ៉ាងវិញទៀត ក្រៅអំពីការស្ម័គ្រចិត្តចូលបំរើទាហាន រដ្ឋាភិបាលក៏បានបើកយុទ្ធនាការជ្រើសរើសប៉ូលិស/យោធាដែរ ៖ បង្កើតប៉ុស្តិ៍ថ្មីចំនួន១៤០០កន្លែង នៅរវាងពីឆ្នាំ២០១៥-២០១៧ នៅក្នុងក្រសួងមហាផ្ទៃ ក្នុងនោះ១១០០កន្លែងសម្រាប់សេវាចារកិច្ច និងរហូតដល់ឆ្នាំ២០១៨ ក្រសួងការពារជាតិត្រូវការជ្រើសរើសទាហាន៨០០នាក់។នៅខាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងទូទៅ មានការជ្រើសរើសបុគ្គលិក៦០០នាក់ក្នុងមួយឆ្នាំៗ ដើម្បីធ្វើយ៉ាងណាឱ្យនៅឆ្នាំ២០១៩ ចំនួនភ្នាក់ងារចារកិច្ចបានឡើងដល់៧០០០នាក់។
ទីផ្សារការងារដែលមានបើកច្រកធំខ្លាំងចាំទទួលទៀតនោះ គឺសម្រាប់អ្នកមានឯកទេសផ្នែកទូរគមនាគមន៍ និងព័ត៌មានវិទ្យាវិទ្យា បច្ចេកទេសជាន់ខ្ពស់ វិស្វករ ឬ អ្នកវិភាគ កូដគ្រីប ... ហើយបើចេះភាសាកម្រទៀត រុស្ស៊ី អារ៉ាប ចិន ឬក្រៀមភាសាក្នុងតំបន់មានជម្លោះទៀត កាន់តែប្រសើរ។ ចេញពីសាលា ពីមហាវិទ្យាល័យ ជាមួយសញ្ញាប័ត្របឋមមែន តែមានឯកទេសផ្នែកសន្តិសុខអ៊ីនធ័រនែត ឬវិស្វករ Big data មិនត្រឹមតែជាចំណាប់អារម្មណ៍របស់ភ្នាក់ងារសន្តិសុខជាតិទេ តែថែមទាំងបានទទួលប្រាក់ខែខ្ពស់ទៀត។
ទឹកចិត្តពលរដ្ឋក៏មាន តម្រូវការរបស់រដ្ឋក៏ធំ សូម្បីតែសេវាកម្មឯកជនក៏ត្រូវការអ្នកជំនាញសន្តិសុខនិងសុវត្ថិភាពដែរ ហេតុដូច្នេះហើយបានជាសាកលវិទ្យាល័យបារាំង បានផ្តួចផ្តើមបង្កើតនិងបង្កើនមុខវិជ្ជាជំនាញផ្នែកការពារ និងសន្តិសុខ។ បច្ចុប្បន្ននេះ គេរាប់ឃើញមានការបង្រៀនជំនាញឯកទេសផ្នែកសន្តិសុខ និងយោធា ចំនួន៦៧ ជំនាញ ក្នុងនោះ ២៥ ជាមុខវិជ្ជារបស់អ្នកសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម នៅសាកលវិទ្យាល័យច្បាប់ Sorbonne ឬវិទ្យាសាស្ត្រនយោបាយ Sciences-Po ជាដើម។ នេះបើតាមការរៀបរាប់លម្អិតរបស់នាយកបំពាក់បំប៉ននៃវិទ្យាស្ថានជាតិយោធាជាន់ខ្ពស់។
មានន័យថា នៅពេលនេះមហាវិទ្យាល័យ បានផ្តើមគិតគូរ ពង្រីកជំនាញណាដែលអនុញ្ញាតឱ្យ និស្សិតអាចតម្រង់ទិស និងសម្រួចខ្លួនទៅលើផ្នែក ច្បាប់សន្តិសុខផ្ទៃក្នុង ច្បាប់សន្តិសុខហិរញ្ញវត្ថុ និងនយោបាយការពារជាតិសាធារណៈ សុវត្ថិភាពអ៊ីនធ័រនែត ការចាត់ចែងហានិភ័យ ចារកិច្ច និងការសមវិបត្តិ ។ល។ និង។ល។ កម្មវត្ថុរបស់សាកលវិទ្យាល័យ គឺបំពាក់បំប៉ននិស្សិតឱ្យក្លាយទៅជាបុគ្គលិកជាន់ខ្ពស់មានសមត្ថភាពអាចយល់ភាសាវិស្វករ និងល្បែងល្បងបច្ចេកទេសនៃសុវត្ថិភាព ដែលបារាំងនៅមានការខ្វះខាតធនធានមនុស្សខ្លាំងនៅឡើយ។
ប៉ុន្តែទម្រាំបំពាក់បំប៉នបាន តើអាចជាការយឺតពេលបន្តិចទេ ? ទីផ្សារការងារបែបនេះងាយនឹងរួមតូចទៅវិញណាស់ ព្រោះអ្វីៗអាចប្រែប្រួលលឿន ទៅតាមស្ថានភាពនយោបាយ។ បើស្ថានភាពនយោបាយបានធូរស្រាល នោះទីផ្សារសន្តិសុខសុវត្ថិភាពក៏លែងសូវទាក់ទាញដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ