អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Brexit៖ អង់គ្លេស​សុំ​លែងលះជាផ្លូវការ​​ពី​​សហភាព​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធទី ២៩ មីនា ជា​ថ្ងៃ​ដែល​អង់គ្លេស​ជូនដំណឹង​ជា​ផ្លូវការ ទៅ​សហភាព​អឺរ៉ុប ពី​ការដក​សមាជិកភាព​របស់​អង់គ្លេស។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ លោកស្រី នាយករដ្ឋមន្រ្តី អង់គ្លេស តេរ៉េសា មេ​បាន​ចុះហត្ថលេខា លើ​លិខិត​សុំ​លែងលះ​ជា​ផ្លូវការ​ពី​អឺរ៉ុប។ ទៅតាម​មាត្រា​ទី ៥០​នៃ​សន្ធិសញ្ញា​អឺរ៉ុប អង់គ្លេស និង​អឺរ៉ុប​មាន​រយៈពេល ២​ឆ្នាំ ដើម្បី​ចរចា​លែងលះគ្នា ឲ្យ​ដាច់ស្រលះ នៅ​ឆ្នាំ ២០១៩។

អ្នកកាសែត​លើក​បង្ហាញ​សេចក្តី​ព្រាងច្បាប់​ស្តីពីការដើរចេញ​របស់​អង់គ្លេស នៅ​មុខ​សភា​អង់គ្លេស នៅថ្ងៃ​ទី ២៦ មីនា ២០១៧
អ្នកកាសែត​លើក​បង្ហាញ​សេចក្តី​ព្រាងច្បាប់​ស្តីពីការដើរចេញ​របស់​អង់គ្លេស នៅ​មុខ​សភា​អង់គ្លេស នៅថ្ងៃ​ទី ២៦ មីនា ២០១៧ ©REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​សហភាព​អឺរ៉ុប ជា​អ្នកនាំយក​លិខិត​ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ចុះ​ហត្ថលេខា​នៅយប់​ថ្ងៃ អង្គា ​ទៅ​ប្រគល់ដល់​ដៃ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក​ដូណាល់ ទូស្ក នៅ​ថ្ងៃពុធ ទី ២៩​មីនា។ ចាប់​ពី​ថ្ងៃ ដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ទទួល​បាន​លិខិត​សុំ​ជា​ផ្លូវការ​របស់​អង់គ្លេស និតិវិធី​សម្រាប់​ចរចា​រវាង​ភាគី​ទាំងពីរ នឹង​ចាប់​ដំណើរការ ទៅតាម​មាត្រា ទី ៥០​ដែល​មាន​ចែង​នៅក្នុង សន្ធិសញ្ញា​ក្រុងរ៉ូម។

 
អង់គ្លេស និង​សហភាព​អឺរ៉ុប​មាន​ពេលវេលា ២​ឆ្នាំ ដើម្បី ចរចា រក​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​អង់គ្លេស​អាច​ដើរចេញ ពី​សហភាពអឺរ៉ុប​បាន​ដាច់ស្រេច នៅ​អំឡុង​ខែ មេសា ឆ្នាំ ២០១៩។ ក្នុង​អំឡុង​ពេល​ចរចា ២​ឆ្នាំនេះ អង់គ្លេស នៅ​តែ​ជាសមាជិក​របស់​សហភាពអឺរ៉ុប ប៉ុន្តែ មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយចំនួន​របស់​សហភាព​អឺរ៉ុប ដែល​និយាយ​ផ្តោត​ទៅ​លើ​ករណី​អង់គ្លេស។ ជាក់ស្តែង អង់គ្លេស​នឹង​មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​អឺរ៉ុប ដែល​ត្រូវ​រៀបចំ នៅពាក់កណ្តាល​ខែ​មេសា ខាងមុខ ព្រោះថា នៅ​ក្នុង​កិច្ចប្រជុំនោះ មេដឹកនាំ​កំពូល​របស់​ប្រទេស​សមាជិក​អឺរ៉ុប​នឹង​បោះឆ្នោត​សម្រេច​លើ​គោលការណ៍ ដែល​គេ​ត្រូវ​ប្រើ យក​ទៅ​ដាក់​ក្នុង​តុ​ចរចា ជាមួយ​អង់គ្លេស​ដែល​បាន​សម្រេច​ដើរចេញ​ពី​អឺរ៉ុប។

លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស តេរ៉េសា មេ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ចាកចេញ​របស់​អង់គ្លេស ពី​សមាជិក​របស់​សហភាពអឺរ៉ុប
លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស តេរ៉េសា មេ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ចាកចេញ​របស់​អង់គ្លេស ពី​សមាជិក​របស់​សហភាពអឺរ៉ុប REUTERS/Christopher Furlong/Pool

ការចរចា​ដ៏​ស្មុគស្មាញ
ទៅតាម​បទប្បញត្តិ​របស់​សន្ធិសញ្ញា​សហភាព​អឺរ៉ុប អង់គ្លេស​នឹង​មាន​សេរីភាព ដើរចេញ​ពី អឺរ៉ុប នៅក្រោយ​ការចរចា រក​កិច្ចព្រមព្រៀង ជាមួយ​ភាគី​អឺរ៉ុប។ ប៉ុន្តែ នៅក្នុង​ការជាក់ស្តែង ការចរចា ចង់​សុំ​លែងលះ​របស់​អង់គ្លេស គឺ​វាស្មុគស្មាញ និង​អាច​វែង​ជាងពេលវេលា​២​ឆ្នាំ ដែល​ច្បាប់​បាន​កំណត់។ ស្មុគស្មាញ ព្រោះ​នេះ​ជា​លើកទី ១ ដែល​ប្រទេស​សមាជិក​មួយ បាន​សម្រេច​ដើរចេញ​ពី​អឺរ៉ុប បន្ទាប់ពី​បាន​រួមរស់​ជា​សមាជិក អស់​៤៤​ឆ្នាំ។

ស្មុគស្មាញ ព្រោះ​ថា តាំង​ពី​មិនទាន់​មាន​ការចរចា​ម្ល៉េះ ភាគី​ទាំងពីរ អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ឲ្យ​ឃើញ​រួចហើយ​ពី​ជំហរ ការខ្វែងគំនិត​គ្នា ពី​ចំណុច​ដែល​គេ​ត្រូវ​លើក​យក​មក​និយាយ នៅក្នុង​ពេល​ចរចា។

ភាគី​អង់គ្លេស ចង់ឲ្យ​មាន​ការចរចា ក្នុង​ពេលតែមួយ ពី​ការដើរចេញ​របស់​អង់គ្លេស​ផង និង​ពី​អនាគត​ចំណង​សេដ្ឋកិច្ច​រវាង​អង់គ្លេស ហើយ​និង​អឺរ៉ុប ផង។ ពោល គឺ​ក្នុង​រយៈពេល ២​ឆ្នាំ អង់គ្លេស អាច​ចរចា​បាន​សម្រេច​ដើរចេញ​ពី​សហភាព​អឺរ៉ុប ហើយ​ជាមួយ​គ្នានោះ ក៏​អាច​រក​បាន​កិច្ចព្រមព្រៀង​មួយ​ទៀត ស្តីពី​ការសហការ ថ្មី​មួយ ជាមួយ សហភាព​អឺរ៉ុប ក្នុង​នាម​ជា​ប្រទេស​ដៃគូ ប៉ុន្តែ មិនមែន​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អឺរ៉ុប​ទៀត​នោះទេ។

ជំហរ​ចង់​បាន​របស់​អង់គ្លេស គឺ​ត្រូវ​បាន​ប្រឆាំង​រួចហើយ​ពី​អ្នកតំណាង​គណៈកម្មការ​អឺរ៉ុប ទទួល​បន្ទុក​ការចរចា​លែងលះ​ជាមួយ​អង់គ្លេស។ សម្រាប់​លោក​Michel Banier ការចរចា​ជាមួយ​អង់គ្លេស​ត្រូវ​ធ្វើ​តាម​លំដាប់លំដោយ។ មាន​ន័យថា ដំបូង​គេ​ត្រូវ​ចរចា លែងលះ​ឲ្យ​ដាច់ស្រឡះ​ជាមួយ​អង់គ្លេស ដែល​អាច​ត្រូវការ​ពេលវេលា ២​ឆ្នាំ បន្ទាប់​មក អង់គ្លេស និងអឺរ៉ុប​ត្រូវ​ស្ថិតនៅក្នុង​ដំណាក់កាល អន្តរកាល មុន​នឹង​ចាប់ផ្តើម​ចរចា គ្នា​សាជាថ្មី ដើម្បី សហការគ្នា​ជា​ដៃគូ ទៅ​ថ្ងៃ​អនាគត។

ជនជាតិ​អង់គ្លេស​ដែល​ប្រឆាំង​នឹង​ការដើរចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប
ជនជាតិ​អង់គ្លេស​ដែល​ប្រឆាំង​នឹង​ការដើរចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប REUTERS/Neil Hall

អនាគត​ជនជាតិ​អឺរ៉ុប និង​ព្រំដែន​ពន្ធគយ នៅក្រោយ​អង់គ្លេស​លែង​ជា​សមាជិក​របស់​សហភាពអឺរ៉ុប
ក្នុង​ដំណាក់កាល​ចរចា​លែងលះ ភាគី​អឺរ៉ុប ចង់​ឲ្យ​អង់គ្លេស​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ជោគវាសនា​របស់​ប្រជាជន​អឺរ៉ុប ដែល​កំពុងរស់នៅ​ធ្វើការ​ក្នុង​ទឹកដី​អង់គ្លេស។ សព្វថ្ងៃ​នេះ មាន​ប្រជាជន​អឺរ៉ុប ប្រមាណ ៣​លាន​នាក់ រស់ និង​ធ្វើការ​នៅ​ក្នុង​ទឹកដី​អង់គ្លេស។

នាយករដ្ឋមន្រ្តី អង់គ្លេស លោកស្រី តេរ៉ាសា មេ​នៅ​តែ​បដិសេធ​មិននិយាយ​ធានា អនាគត​ជោគ​វាសនា របស់​ប្រជាជន​អឺរ៉ុប បើសិន​សហភាពអឺរ៉ុប​មិន​ធានា​ដូចគ្នា ជោគវាសនា​របស់​ប្រជាជន​អង់គ្លេស ប្រមាណ ១លាន ២សែននាក់ ដែល​កំពុង​ធ្វើការ នៅ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត។

អឺរ៉ុប​ចង់ដឹង​ឲ្យ​ច្បាស់​ផងដែរ​ពី​ជំហរ​របស់​អង់គ្លេស ចំពោះ​ប្រាក់បំណុល ដែល​អង់គ្លេស​បាន​ជំពាក់ កេសប្រាក់​អឺរ៉ុប។ តាម​ការគណនា របស់​អឺរ៉ុប អង់គ្លេស​ត្រូវ​សងប្រាក់ ពី ៥០ ទៅ ៦០​ពាន់លាន​អឺរ៉ូ ដែល​អង់គ្លេស​បាន​ជំពាក់ សន្យា ត្រូវ​បង់​ឲ្យ​សហភាព​អឺរ៉ុប មុន​នឹង​អង់គ្លេស​អាច​ដើរចេញ​ពី​អឺរ៉ុប។ ភាគី​អង់គ្លេស​វិញ ធ្លាប់​បាន​បង្ហើប​រួចហើយ ថា ខ្លួន​នឹង​បង់​ប្រាក់សង ដ៏​ច្រើន​សន្ធឹកសន្ធាប់​តាម​ការទាមទារ​របស់​អឺរ៉ុប​នោះទេ។

អឺរ៉ុប​ចង់​ឲ្យ​អង់គ្លេស​បង្ហាញ​ឲ្យ​ច្បាស់ផងដែរ គឺ​ព្រំដែន​ពន្ធ​រវាង​ទឹកដី អៀរឡង់​ខាងជើង របស់​អង់គ្លេស ជាមួយ​សហភាព​អឺរ៉ុប នៅ​ក្រោយ​ពេល​ដែល​អង់គ្លេស លែង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

អនាគត​ដ៏ស្រពិចស្រពិល
ដោយសារ​តែ​ភាពស្មុគស្មាញ និងការខ្វែងគំនិត​គ្នាច្រើន អង់គ្លេស និង​សហភាព​អឺរ៉ុប​ទំនងនឹង​​មិន​អាច​រកឃើញ​កិច្ចព្រមព្រៀង​មួយ នៅក្នុង​រយៈពេល ២​ឆ្នាំ នៃ​ការចរចា។ នេះ​ជា​សេណារីយ៉ូ​ដែល​អាច​ទៅរួច។ នាយក​រដ្ឋមន្រ្តី អង់គ្លេស ​ធ្លាប់​បាន​និយាយ​រួចហើយថា គេ​សុខចិត្ត គ្មាន​កិច្ចព្រមព្រៀង ជាជាង មាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាក្រក់។

ប៉ុន្តែ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូណាល់ ទូស្ក​វិញ​បាន​ព្រមាន​រួចហើយ ថា បើសិន​គ្មាន​កិច្ចព្រមព្រៀង នៅ​ក្រោយ​ការចរចា នោះគឺ​ភាគី​ទាំង​សងខាង ដែល​នឹង​ខាតបង់​ប្រយោជន៍។ តាម​មាត្រា​ទី ៥០ ភាគី​ទាំង​ពីរ​អាច​ចរចា រយៈពេល ២​ឆ្នាំ និង​អាច​ពន្យារ​ពេល​ចរចា​ទៅមុខទៀត បើសិន​ចាំបាច់។ ប៉ុន្តែ បើ​សិនជា​នៅក្នុង​ ការពន្យារ​ពេល ភាគី​ទាំង២ នៅ​តែ​មិន​ចុះសម្រុង​គ្នា រក​ឲ្យ​បាន​កិច្ចព្រមព្រៀង​ទៀត នោះ​ភាពអនាធិបតេយ្យ​ប្រាកដ​ជា​នឹង​អាច​កើតមាន​ ព្រោះថា គេ​នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​របស់​ជនជាតិ​អឺរ៉ុប ដែល​រស់នៅ​អង់គ្លេស។ អង់គ្លេស​លែង​ជា​សមាជិក​របស់​​សហភាពអឺរ៉ុប ប៉ុន្តែ នៅតែ​ជាប់​កាតព្វកិច្ច សងលុយ​ដែល​ខ្លួន​ជំពាក់​អឺរ៉ុប។

សេណារីយ៉ូ​ដ៏​អាក្រក់​នេះ គ្មាន​ភាគី​ណា​ចង់​បាន​ទេ។ អឺរ៉ុប​មិន​ចង់​ច្របាច់​ក​ឲ្យ​អង់គ្លេស​សង​ប្រាក់​បំណុល​ទាំង ៦០ពាន់​លាន​អឺរ៉ូ​ក្នុង​ពេល​តែមួយ។ ចំណែក​អង់គ្លេស​វិញ ក៏​ត្រូវ​តែ​ប្រឹងប្រែង​ចរចា​ឲ្យ​បាន​កិច្ចព្រមព្រៀង មួយជាមួយ​សហភាព​អឺរ៉ុប។

អង់គ្លេស​បាន​សម្រេច​ចិត្ត​ដើរចេញ​ពី​សហភាព​អឺរ៉ុប ដើម្បី ចង់គេច​ចេញ​ពី​កាតព្វកិច្ច​បង់​ប្រាក់​វិភាគទាន​ទៅ​ឲ្យ​អឺរ៉ុប ដែល​អង់គ្លេស​វាយតម្លៃ​ថា ជា​ចំនួន​ច្រើន​ហួសហេតុ។ អង់គ្លេស​ដើរចេញពី​អឺរ៉ុប ក៏​ដើម្បីទាមទារ​សេរីភាព​ឲ្យ​តុលាការ​របស់ខ្លួន​ឡើងវិញ។ ទី៣ គឺ​អង់គ្លេស​មិន​ចង់​ទទួល​ជនអន្តោប្រវេសន៍ ទៅតាម​ការកំណត់​របស់​សហភាពអឺរ៉ុប។

ប៉ុន្តែ យ៉ាងណាក៏ដោយ ​អង់គ្លេស​នៅ​តែ​សំឡឹង​ចង់​បាន​ប្រយោជន៍​ពី​ទីផ្សារ​អឺរ៉ុប ដែល​មាន​អតិថិជន ដល់​ទៅ​ជាង ៥០០​លាន​នាក់ និង​ដែល​ជា​ទីផ្សារ​ដ៏ធំ ទី មួយ របស់​ផលិតផល​អង់គ្លេស។ អង់គ្លេស​ចង់​ងើប​រួច​ខ្លួន​ពី​កាតព្វកិច្ច​ចាប់ចង របស់​អឺរ៉ុប ប៉ុន្តែ នៅ​តែ​សំលឹង​ចង់​បាន​ប្រយោជន៍ ពី​ទីផ្សារ​សេដ្ឋកិច្ច​របស់​អឺរ៉ុប។ ការចង់​បាន​ទាំង​មេមាន់ និង​ពងមាន់ ដោយ​គ្មាន​ចង់ លះបង់ ហត់កម្លាំង​អ្វីសោះ​នោះ គឺ​ជារឿង​ដែល​មិន​អាចកើត​ទៅរួច ទេ ជាពិសេស នៅក្នុង​សម័យ​សកលភាវូបនីយកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ