អានតួអត្ថបទ

ជំនួបរវាងប្រធានាធិបតីរុស្ស៊ី​ និង នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ ក្រោយពី​អាក់ខាន​អស់​ពីរ​ឆ្នាំ

ថ្ងៃទី២ឧសភានេះ នៅ​ឯ​និវេសនដ្ឋាន​ខ្លួន​ជាយ​ក្រុង Sochi មាត់​សមុទ្រ​ខ្មៅ ចម្ងាយ​ប្រមាណ ១.៨០០គម ខាងត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutineទទួល​ជួប​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅរុស្ស៊ី ក្រោយពី អាក់ខាន​អស់​២​ឆ្នាំ។ វិមានក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង​ថា ចង្កោម​បញ្ហា​ស្ថិត​ក្នុង​ការពិភាក្សា គឺ​អំពី​ការប្រយុទ្ធ​ទល់​នឹង​ភេរវនិយម ក្នុងផ្ទៃ​នៃ​ស្ថានការណ៍​នៅ​ស៊ីរី និង​តំបន់​ដើម​បូព៌ា អំពី​ស្ថានការណ៍​នៅ​អ៊ុយក្រែន អំពី​ទំនាក់ទំនង​ទ្វេភាគី បែប​យ៉ាង​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ពាណិជ្ជកម្ម-សេដ្ឋកិច្ច។

លោកប្រធានាធិបតី​រុស្ស៊ី Vladimir Poutine និង​លោកស្រីនាយក​រដ្ឋមន្ត្រីអាល្លឺម៉ង់​ Angela Merkel.
លោកប្រធានាធិបតី​រុស្ស៊ី Vladimir Poutine និង​លោកស្រីនាយក​រដ្ឋមន្ត្រីអាល្លឺម៉ង់​ Angela Merkel. (Photo : reuters)
ផ្សាយពាណិជ្ជកម្ម

ប៉ុន្តែវិមានក្រេមឡាំង ចង្អុលឲ្យ​ឃើញ​ថា លេស​ជា​ទម្រង់ការ​សម្រាប់​ការអញ្ជើញ​មកកាន់​រុស្ស៊ី នៃ​លោកស្រី​នាយក​រដ្ឋមន្ត្រី Angela Merkel គឺ​ការរៀបចំ​ជំនួប​កំពូល​នៃ​២០​ប្រទេស​មាន​សេដ្ឋកិច្ច​ហំហួន ជាងគេ​ហៅថា​ G-20 ដែល​អាល្លឺម៉ង់​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ ទទួល​នៅ​ក្រុង Hambourg ក្នុង​ខែ​កក្កដា​ខាងមុខ។

ទោះយ៉ាងណាក្តី ក៏ ស្ថិតក្នុងរង្វង់​នៃ​ការយកចិត្ត​ទុកដាក់​គឺ បញ្ហា​គន្លឹះៗ នៃ​របៀវារៈ​អន្តរជាតិ។ គួរនិយាយ ថា​មុន​ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន​ឆ្នាំ​២០១៤ មេដឹកនាំ​ប្រទេស​ទាំងពីរ ឧស្សាហ៍​ជួបគ្នា​ជា​រឿយៗ។ រួចឥឡូវ​ជាថ្មីវិញ គេ​មាន​លទ្ធភាព​ពិភាក្សា​ជា​សាច់ការ​តែ​ម្តង ទាំង​អំពី​សភាពការណ៍​បច្ចុប្បន្ន ទាំង​អំពី​ទស្សនវិស័យ នៃ​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល និង ពាណិជ្ជកម្ម​សេដ្ឋកិច្ច - នេះបើ​តាម​វិមាន​ក្រេមឡាំង។

ចំណែកតំណាងផ្លូវការ​នៃ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក Steffen Zaibert បាន​ឲ្យ​ដឹង​ថា លោកស្រី Merkel គ្រោងលើក​យក​ទៅ​ពិភាក្សា​ជាមួយ​លោក ពូទីន គឺ​ស្ថានការណ៍​នៅ​អ៊ុយក្រែន ជម្លោះ​នៅ​ស៊ីរី ព្រមទាំង​ស្ថានការណ៍​នយោបាយ​នៅ​លីប៊ី។ មេដឹកនាំ​ប្រទេស​ទាំងពីរ នឹង​ធ្វើ​កិច្ចចរចា​ដល់​ទៅ ២​វគ្គ ហើយ​ពេល​ដក​ឃ្លា​ពី​វគ្គ​មួយ​ទៅ​មួយ គេ​នឹង​មាន​ឱកាស​ជួប​ជាមួយ​ពួក​អ្នកកាសែត។

អំពីស្ថានការណ៍នៅអ៊ុយក្រែន ក្រសួងការបរទេស​អាល្លឺម៉ង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​ប្រាកដ ក្នុង​ចិត្ត​ថា ទោះបី​គ្មាន​ការចម្រើន​ទៅ​មុខ​ជា​ដុំ​កំភួន​ក្តី ក៏​គ្មាន​អ្វី​អាច​ជំនួស​កិច្ចព្រមព្រៀង​ក្រុងមិនស្ក៍​ឡើយ សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយក្រែន​ ហើយ “កូនសោ​នៃ​ដំណោះស្រាយ​នេះ គឺ​ស្ថិត​នៅក្រុង ម៉ូស្គូ និង ក្រុង គៀវ តែម្តង”។

អំពីស្ថានការណ៍នៅស៊ីរី ប្រទេស​ទាំងពីរ នៅ​តែ​ខ្វែង​គំនិត​គ្នា ឧទាហរណ៍ ពេល​ដែល​កងទ័ព​ស៊ីរី បាន​រំដោះ​ក្រុង​អាឡិប និង ទាំង​ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​កើត​ឡើង​មួយ​ខែ​មុន ក្នុង​ខេត្ត​ស៊ីរី Idlib បណ្កាល​មកពី​មាន​ប្រើ​នៅ​ទីនោះ គឺ ឧស្ម័នពុល ដែល​ភាគី​អាល្លឺម៉ង់​បាន​ចោទ​រដ្ឋាភិបាល​ស៊ីរី​ភ្លាមភ្លែត ប៉ុន្តែ​ម៉ូស្គូ ទាមទារ​ឲ្យ​ធ្វើ​អង្កេត​យ៉ាង​ហ្មត់ចត់​សិន មុន​នឹង​សន្និដ្ឋាន។

មជ្ឈដ្ឋាន Business អាល្លឺម៉ង់ សំដែងសេចក្តីសង្ឃឹម​ថា ទស្សនកិច្ច​លោកស្រី Merkel មុខជា​នឹង​ជួយ​ប្រោះ​ឲ្យ​រស់​ឡើង​វិញ ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​រុស្ស៊ី ដែល​កាលពី​ឆ្នាំ​២០១២ បាន​មាន​ទឹក​ប្រាក់ ៨០.០០០ លានអឺរ៉ូ ហើយស្រាប់តែ​ធ្លាក់​មក​នៅ​ត្រឹម ៥០.០០០ លានអឺរ៉ូ ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ