តើពិធីការផ្ទេរតំណែងប្រធានាធិបតីប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ ?
បារាំងមានប្រធានាធិបតីថ្មីជាផ្លូវការហើយ ! នៅថ្ងៃអាទិត្យទី ១៤ ឧសភា ២០១៧នេះ លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីផុតអាណត្តិ ត្រូវប្រគល់អំណាចដឹកនាំប្រទេសទៅជូនលោក អេម៉ានុយអែល ម៉ាក្រុង។ កម្មវិធីផ្ទេរតំណែង ពីប្រធានាធិបតីចាស់ ឱ្យទៅប្រធានាធិបតីថ្មី ដែលជាប្រពៃណីនៃរបបសាធារណរដ្ឋ បានចាប់ផ្តើមនៅម៉ោង ១០ព្រឹក ម៉ោងនៅប្រទេសបារាំង ពោលគឺក្រោយការជាប់ឆ្នោតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១១
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងថ្មី ចង់បានកម្មវិធីផ្ទេរតំណែងដែលសាមញ្ញបំផុត នៅវេលាម៉ោង១០ព្រឹក លោក អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញមកដល់វិមានប្រធានាធិបតី ក្រោយការទទួលស្វាគមន៍ពីលោកហ្វ្រង់ស័រហូឡង់ ប្រធានាធិបតីផុតអាណត្តិ។ ចាប់ដៃគ្នាយ៉ាងរលាក់ ប្រធានាធិបតីទាំងពីរ ក៏ចូលទៅពិភាក្សាគ្នាក្នុងការិយាល័យធ្វើការ រយៈពេលប្រមាណ១ម៉ោង ដើម្បីផ្តល់កិច្ចការសម្ងាត់ជាតិ មានជាអាទិ៍លេខកូដសម្រាប់ចុចបញ្ជាអាវុធនុយក្លេអ៊ែរ ក្នុងករណីត្រូវធ្វើការវាយប្រហារ។ បន្ទាប់ទើបមានការបាញ់កាំភ្លើងធំ ២១ គ្រាប់ជាកិច្ចអបអរទទួលស្វាគមន៍ប្រធានាធិបតីថ្មី។
ក្រោយពីបានថ្លែងសុន្ទរកថាខ្លីជាផ្លូវការ នៅពេលបានទទួលខ្សែកកិត្តិយសជាប្រធានាធិបតីហើយ ដល់វេលាដែលប្រធានាធិបតីថ្មីត្រូវចេញស្វាគមន៍ពលរដ្ឋ និងទៅគោរពវិញ្ញាណក្ខន្ធយោធាពលី នៅArc de Triomphe និងទៅគោរពឧទ្ទិសដល់វីរបុរសឬឥស្សរជនល្បីល្បាញរបស់ជាតិ ទៅតាមជម្រើសរបស់ប្រធានាធិបតីនីមួយៗ ព្រោះថាពិធីការនេះ ជាពេលវេលាដែលប្រធានាធិបតីថ្មីចង់បង្ហាញអំពីស្ទីលដឹកនាំរបស់ខ្លួន។
កាលពីឆ្នាំ១៩៧៤ ប្រធានាធិបតីថ្មី លោក បានបង្ហាញស្ទីលថ្មី ចុះដើរ តាមដងរុក្ខវិថីហ្សង់ហ្សេលីហ្សេ ដោយថ្មើរជើង ក្នុងសម្លៀកបំពាក់ធម្មតា ខុសពីទម្លាប់ប្រពៃណី ដែលប្រធានាធិបីត្រូវជិះឡានបើកដំបូល ចេញស្វាគមន៍ពលរដ្ឋនិងទៅគោរពវិញ្ញាណក្ខន្ធយោធាពលីនៅArc de Triomphe។
ក្នុងសម័យលោកនីកូឡា សាកូហ្ស៊ី លោកបានចុះពីរថយន្តមួយភ្លែតទៅចាប់ដៃពលរដ្ឋ។ ឯចំពោះលោក ហ្វ្រង់ស័រ ហូឡង់ វិញ ដំណើរស្វាគមន៍ក្នុងថ្ងៃឡើងកាន់អំណាចសម្គាល់ដោយមេឃភ្លៀង ទទឹកខ្លួនជោគ។
ប្រធានាធិបតីមុនៗ មានចំណុចរួមដូចគ្នាមួយ គឺសុទ្ធតែមានបទពិសោធន៍នយោបាយរាប់សិបឆ្នាំមុននឹងបានកាន់តំណែងកំពូលជាតិ តែលោកអេម៉ានុយអែល ម៉ាក្រុង វ័យក្មេង៣៩ឆ្នាំ បានឆ្លងកាត់ជីវិតនយោបាយប្រមាណត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ តើលោក នឹងបង្ហាញភាពខុសប្លែកពីប្រធានាធិបតីមុនៗយ៉ាងណា ? អ្វីៗស្ថិតក្នុងភាពអាថកំបាំងនៅឡើយ ! ការណ៍ដែលច្បាស់ គឺលោក ម៉ាក្រុង បានបង្ហាញខ្លួន ស្វាគមន៍ពលរដ្ឋតាមដងវិថីស្ហង់ហ្សេលីហ្សេ ដោយជិះរថយន្តយោធា និងបានចុះដើរបន្តិចពេលជិតដល់វិមានArc de Triomphe ក្រោមដំណក់ទឹកភ្លៀងដូចសម័យលោកហូឡង់ដែរ និងបានអញ្ជើញទៅសួរសុខទុក្ខយុទ្ធជនរបួសកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ