អានតួអត្ថបទ

លោក ត្រាំ រង​ការ​ចោទ​ប្រកាន់ថា​បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យរុស្ស៊ី

កាសែត Washington Post បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក ដូណាល់ ត្រាំ បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ ទៅ​ឱ្យ​រុស្ស៊ី កាលពី​សប្តាហ៍​មុន។​ សប្តាហ៍​​ដែល​លោក​ប្រធានាធិបតី​ទទួល​ស្វាគមន៍​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី នៅ​សេតវិមាន មួយ​ថ្ងៃ​ក្រោយ​ការ​ដក​តំណែង​នាយក​ទីភ្នាក់ងារ​ចារកិច្ច​FBI។ វិមាន​ប្រធានាធិបតី​បាន​បដិសេធ​ព័ត៌មាន​នេះ ប៉ុន្តែ​ប្រសិន​បើ​គេ​រក​ឃើញភស្តុតាង​ពិត នោះ​លោក​ត្រាំ​ ពិត​ជាលំបាក​ខ្លាំង​ហើយ។

លោក​ត្រាំ​ទទួល​ស្វាគមន៍​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ថ្ងៃទី​១០ឧសភា។ រូបថតផ្សព្វផ្សាយ​ដោយ​រុស្ស៊ី
លោក​ត្រាំ​ទទួល​ស្វាគមន៍​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ថ្ងៃទី​១០ឧសភា។ រូបថតផ្សព្វផ្សាយ​ដោយ​រុស្ស៊ី HO / RUSSIAN FOREIGN MINISTRY / AFP
ផ្សាយពាណិជ្ជកម្ម

កាសែត Washington Post បាន​ទម្លាយ​ព័ត៌មាន​គួរ​ឱ្យ​ព្រឺ​ក្បាល​មួយមុនគេ​​នៅ​រសៀល​ម្សិលមិញ ថា លោក ដូណាល់​ បាន​ផ្តល់​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ប្រតិបត្តិការ​​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី ទៅ​ភាគី​រុស្ស៊ី។  ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​សម្ងាត់​ ដែល​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​បាន​ផ្តល់​ឱ្យ​​អាមេរិក​ និង​ដែល​វ៉ាស៊ីនតោន គ្មាន​សិទ្ធចែកចាយ​ព័ត៌មាន​នេះ​ទៅ​អ្នក​ទីបី សូម្បី​តែ​ឱ្យ​សមាជិក​ក្នុង​សម្ព័ន្ធ​ក៏​មិន​បាន​ផង ! រឿង​អី​អាមេរិក​ត្រូវ​​​ឱ្យ​រុស្ស៊ី​ដឹង។ គឺ​មិន​បាន​ជា​ដាច់​ខាត។

មិន​ដឹង​ថា​តើ​ទីប្រឹក្សា​នៅសេតវិមាន​មាន​អារម្មណ៍​យ៉ាងណា​ទេ ពេល​ឮ​ប្រធានាធិបតី​អួតអាង​ថា​មាន​​ព័ត៌មាន​សម្ងាត់​ល្អៗ និង​ពិពណ៌នា​អំពី​ភាព​រីករាយ​របស់​ភ្ញៀវ​រុស្ស៊ី គឺ​លោក​សែហ្គៃ ឡាវ្រូស រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ដែលលោក ត្រាំ​ទទួល​ជួប​កាលពី​​ថ្ងៃទី ១០ឧសភា។បើ​តាម​កាសែត​ដដែល ទីប្រឹក្សា​ម្នាក់​បាន​ទូរស័ព្ទ​ហៅភ្នាក់ងារ​CIA និង​NSA ភ្លាម ដើម្បី​ប្រាប់​អំពី​ស្ថានភាព​នេះ។

ការ​ធ្លាយ​ព័ត៌មាន​នេះ បាន​ធ្វើ​បញ្ឆេះ​កំហឹង​លោក​ត្រាំ​យ៉ាង​ខ្លាំង។ សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​ភ្លាម​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ បាន​គូស​បញ្ជាក់​​ថា​នា​ឱកាស​ជំនួប​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ីនោះ ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​អំពី​ការ​គំរាម​កំហែង​រួម​ គ្មានការ​ទម្លាយ​រឿង​​​សម្ងាត់​ ឬ​វិធីសាស្ត្រ ឬ​យុទ្ធសាស្ត្រ​ប្រតិបត្តិការ​យោធា​ណា​មួយ​ត្រូវ​បាន​បង្ហើប​បង្ហាញ​នៅ​ក្នុងជំនួប​នោះឡើយ។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ​ក៏បាន​ប្រកាស​ដែរ​ជំនួប​រវាង​ឥស្សរជន​ទាំង​ពីរ​ផ្តោតជា​សំខាន់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។

​​ប៉ុន្តែ​​​អាមេរិក​មិន​អាច​ស្ងប់​អារម្មណ៍​បាន​ឡើយ ! ព្រោះ​គេ​ស្គាល់​ចរិក​លោក​ត្រាំ​ច្បាស់ ! ជួនកាល​លោក​ចង់សំញ៉ែង​សាច់​ដុំ​ដាក់​រុស្ស៊ី​ ទើបធ្លោយ​មាត់​និយាយភ្លេច​គិត។ ភាព​សង្ស័យ​លើ​សមត្ថភាព​ដឹកនាំ​របស់​លោក ត្រាំ ដែល​មាន​ស្រាប់​ នឹង​កាន់​តែ​រីកដុះ​ដាល។ ថ្វី​បើ​ការ​ទម្លាយ​រឿង​សម្ងាត់​មិនមែន​សុទ្ធ​តែ​ខុស​ច្បាប់​សម្រាប់​ប្រធានាធិបតី​មែន ប៉ុន្តែ​ពេល​នេះ ការ​រិះគន់​ធ្លាក់​មក​ពី​គ្រប់​មជ្ឈដ្ឋាន។ មិន​មែន​ត្រឹម​អ្នក​នៅក្នុង​បក្ស​ប្រឆាំង​ទេ សូម្បី​តែ​អ្នក​សាធារណរដ្ឋ​ដូច​គ្នា​ ក៏​លែង​អាច​ទប់​ចិត្ត​បាន។ ប្រធានព្រឹទ្ធសភា​អាមេរិក​បាន​លាន់​មាត់​ថា សេតវិមាន​កំពុង​ស្ថិតក្នុង​ភាព​វឹកវរ និង​វិលវល់​រក​ច្រក​ចេញ​មិន​រួច​ទេ។​ ឯ​ប្រធានសភា​មក​ពី​បក្ស​សាធារណរដ្ឋ​ដូច​គ្នា​ និង​តាម​រយៈអ្នក​នាំពាក្យ ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ ​ថា នឹង​មាន​ការ​ពន្យល់​បំភ្លឺ​ពេញ​លេញ​ពី​រដ្ឋបាលលោកត្រាំ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ