អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​​ដូណាល់ ត្រាំ​​​ ប្តូរ​​ចម្លើយ​​ចុះឡើង​ទាក់ទង​​នឹង​​ការ​​ដក​តំណែង​​នាយក​​​FBI​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​​ដក​លោក​​​James Comey ពី​តំណែង​​​នាយក​​FBI ​​យ៉ាងទាន់ហន់ ​​កាលពី​ថ្ងៃអង្គារ ​​​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​​ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ ​​ទទួលស្គាល់​ថា លោក​បាន​សួរ​លោក​ ចេម ខមី​ ចំនួន​៣ដង ​ថា តើ​លោក​​មានជាប់​​ក្នុង​ការ​ស៊ើបអង្កេត​​នឹង​រឿងសង្ស័យ​ពី​​ទំនាក់ទំនង​រវាង ​ក្រុម​ការងារ​លោក​ជាមួយ​រុស្ស៊ី​​​ដែរ​ទេ។ ការដក​តំណែងលោក​ខមី ​ជា​​នាយកFBI ក្រោម​លេស​ថាលោក​ខមី​គ្មានសមត្ថភាព​ ធ្វើអោយ​លោក​​ត្រាំ រងការរិះគន់​កាន់តែខ្លាំង ពិសេស​ក្រោយ​លោក​ត្រាំ ប្តូរចម្លើយ​ចុះឡើង​ទាក់ទង​នឹង​ការ​ដកតំណែង​នេះ។ 

លោក​ដូណាល់ ត្រាំ និង​អតីត​នាយកFBI​ លោក​​​ចេម ខមី ​
លោក​ដូណាល់ ត្រាំ និង​អតីត​នាយកFBI​ លោក​​​ចេម ខមី ​ REUTERS/Jim Lo Scalzo/Pool, Gary Cameron/File Photo
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ FBI សន្យា​បន្ត​​ការអង្កេត​របស់​ខ្លួន​ ក្នុង​លក្ខណៈ​ឯករាជ្យ​តទៅទៀត។ សភា​អាមេរិ​កវិញ​​ក៏​សន្យា​បន្ត​ការ​ស៊ើបអង្កេត​ចំពោះ​​ការ​សង្ស័យ​ថា រុស្ស៊ី​អាច​លូកដៃ​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកកាលពីខែ​វិច្ឆិកា​​​ផងដែរ។ ​​​

លោកដូណាល់ ត្រាំ ​និង​សេតវិមាន​​ផ្តល់​ចម្លើយ​បញ្ច្រាសគ្នា ទាក់ទង​​ការ​​ដកតំណែង​លោក​ចេម ខមី
​លោកត្រាំ​ប្តូរចម្លើយ​​ ចុះឡើង នាំ​អោយ​គេ​វង្វេង​គ្រប់គ្នា​​ទៅហើយ​។ ​រឿង​ដកតំណែង​លោក​ចេម ខមី សេតវិមាន​និង​លោក​ដូណាល់ ត្រាំ និយាយ​បញ្ច្រាសគ្នា។ កាលពី​ថ្ងៃអង្គារ​ ថ្ងៃដែល​​ដកតំណែង​លោក​ខមី ​សេតវិមា​នប្រាប់​ថា លោក​ត្រាំ​បានទទួលអានុសាសន៍​ពីក្រសួង​យុត្តិធម៌ ទើប​បាន​ជា​ដកតំណែង​លោក​ខមី ពី​នាយក​អេហ្វប៊ីអាយតាមក្រោយ។ ​​​លោកស្រី​សាន់ដឺ ជាអ្នកនាំពាក្យសេតវិមាន​​​ប្រាប់ថា ​លោក​ត្រាំជួប​​រដ្ឋមន្ត្រីក្រសួង​​យុត្តិធម៌កាលពី​ថ្ងៃចន្ទ ហើយ​លោក​បានសុំ​អោយ​​មេដឹកនាំ​ក្រសួងនេះ ​​​ធ្វើ​​លិខិត​អោយលោក ចំពោះ​​​អានុសាសន៍​ដក​លោក​ខមី។

អ្នកនាំពាក្យ​សេតវិមា​នប្រាប់​ទៀតថា ​លោក​ត្រាំ​ចង់ដក​លោក​ខមី ​តាំងពី​លោក​ឡើងកាន់​អំណាច​ម្ល៉េះ លោកត្រាំ​លែងទុកចិត្ត​លោក​ខមី​រាប់ខែហើយ។ តែ​​ក្នុងបទសម្ភាស​ជាមួយ​ទូរទស្សន៍ NBCម្សិលមិញ​ ​លោកដូណាល់ ​​ត្រាំ ប្រាប់ថា ​ទោះជា​អានុសាសន៍​អ្វីក៏ដោយចុះ ក៏​លោក​ដក​​តំណែង​​​លោក​ខមី​ដែរ។ លោក​ថា លោក​ខមី​នេះ​ជាមនុស្ស​អួតអាង​។ ដល់​អញ្ចឹង​ទៅ មិនដឺងថា ​លោកត្រាំ​ដក​តំណែង​នាយក​ FBI ដោយ​​មូលហេតុអ្វី​​ច្បាស់​ទេ។  ទាំង​អ្នកនៅ​បក្ស​សាធារណរដ្ឋ​របស់​លោកត្រាំ​ ទាំង​អ្នក​នៅបក្ស​ប្រជាធិបតេយ្យ ​មិន​សប្បាយចិត្ត​ទេ ចំពោះ​ពាក្យ​លោកត្រាំថា បើទោះ​​​គ្មាន​អានុសាសន៍​​​​ក្រសួង​យុត្តិធម៌ ​ក៏​លោក​ដក​លោក​ខមី​ដែរនោះ ព្រោះ​មានន័យថា ​​ លោក​ចង់ដកអ្នកណា​​គឺដកហើយ​ ​ស្រេចតែ​​លោក។ ​ប្រធានាធិបតី​មិនអាច​ធ្វើអ្វីស្រេចចិត្ត​អញ្ចឹងទេ។

“លោកត្រាំជាប់​​ក្នុង​ការអង្កេត​របស់​​FBI ?” ​លោក​ដូណាល់ ត្រាំ​ទទួលស្គាល់​ថា ធ្លាប់​សួរ​លោក​ខមី ដល់​ទៅ​៣ដង
ត្រាំ​​​ប្រាប់ទៀត​​ថា ​លោកធ្លាប់​ពិសា​បាយល្ងាច​ជាមួយ​លោក​ខមី។ ​លោកធ្លាប់​​​​សួរលោក​ខមី ៣ដង​ឯណោះ សួរថា តើ​លោក​ត្រាំ​ខ្លួនឯង​នេះ មាន​ជាប់ក្នុង​ការស៊ើ់បអង្កេត​ទាក់ទង​​​ការសង្ស័យ​ពី​ទំនាក់ទំនង​​​​​រវាង​ក្រុមការងារ​លោក ជាមួយ​រុស្ស៊ី​ដែរទេ។ បើតាម​លោក​ត្រាំ លោក​ខមី​ឆ្លើយថា​ទេ។ គេ​មើលឃើញថា លោក​ត្រាំ​ដកលោក​ខមី ចេញពី​តំណែង​នាយក​FBIក៏អាច​ដោយសារ​​​​FBIស៊ើបអង្កេត​រឿងសង្ស័យ​​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ក្រុមការងារ​លោក​ដែរ ម្ល៉ោះហើយ​​ បើ​លោក​​​​​ដូណាល់ ត្រាំ ​ដក​មេ​អេហ្វប៊ីអាយ​ ចេញ​ទៅ នោះ​អេហ្វប៊ីអាយ​លែង​ខ្លាំងដៃ​លែង​ធ្វើបាប​ក្រុមការងារ​លោកត្រាំ​​ហើយ។

FBI​កំពុង​​ស៊ើបអង្កេតពី​ការលូកដៃ​របស់​រុស្ស៊ី​ចូលក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ហើយ​ក៏ស៊ើបដែរ​ថា តើ​ក្រុមការងារ​លោកត្រាំ អាច​ទាក់ទង​ជាមួយ​រុស្ស៊ី​ដែរទេ។​ ម្សិលមិញ ​លោកត្រាំ​ប្រាប់ដែរថា ​ពេលលោក​សម្រេចចិត្ត​ដក​​លោកខមី​ពីតំណែង​​នោះ ​គឺពេលដែល​​​លោក​កំពុង​​គិតពីពាក្យ​ថា ​​​ទំនាក់ទំនង​​រវាង​រុស្ស៊ី និង​ក្រុមការងារ​លោក​ហ្នឹងហើយ។ ​

លោក​ត្រាំលើកឡើង​​​ហ៊ាន​សួរ​នាយក​អេហ្វប៊ីអាយ ទាក់ទង​កិច្ចការ​​​ស៊ើបអង្កេត​បែបនេះ​​ កាន់តែ​ធ្វើអោយ​ការសង្ស័យ​​ថា លោកអាច​​​មានទំនាក់ទំនង​នឹង​លោក​ពូទីន​មែនហើយ។ ហើយ​បើតា​មច្បាប់វិញ​​​ គេអាច​ចោទ​លោក​ត្រាំ ថា​ដាក់សម្ពាធ​លើ​នាយកFBI ​ចង់លូកដៃ​ក្នុង​កិច្ចការ​FBI។ ​ កាសែត​ញូវយក ថែមស៍​ចុះផ្សាយ​ដែរថា ប្រធានាធិបតី​អាមេរិក​ធ្លាប់​បាន​ពិសា​បាយល្ងាច​ជាមួយ​លោកចេម ​ខមី ហើយ​បាន​សុំអោយ​លោក​​ ខមី ​សន្យាបង្ហាញភាព​​​ស្មោះត្រង់។ បើតាម​កាសែត​ញូវយក ថែមស៍ ​អ្នកជំនួយការ​លោក​ខមី ២នាក់ ប្រាប់ថា លោក​ខមី ​បដិសេធ​ការសុំ​របស់​លោកត្រាំ។

បើតាម​អ្នកនាំពាក្យ​សេតវិមាន​​ ការដែលកាសែត​ញូវយកថែមស៍​ថា ​លោកត្រាំ​សុំអោយ​លោក​ខមី សន្យា​ស្មោះត្រង់នោះ​ គឺមិនមែន​ស្មោះត្រង់​ស្តាប់តាម​បញ្ជា​​លោកត្រាំ​​ទេ គឺស្មោះត្រង់​នឹងប្រទេស​ជាតិ​ទៅវិញទេ។ សេតវិមា​នមិនចង់​អោយ​លោកត្រាំ​ខូចឈ្មោះ​ទេ។ លោកត្រាំ​ប្រាប់ថា លោក​ខមី បាន​និយាយ​​ពី​តំណែង​នាយកFBI​ជាមួយលោក។ អញ្ចឹង​អាច​ថា​​​ លោកត្រាំនិង​លោក​ខមី ចង់​ពុក​រលួយបែបណា​មួយទេដឺង មួយចង់​បន្ត​តំណែង មួយ​ទៀត​ចង់​​​ទាមទារ​អោយ​ស្តាប់បញ្ជាខ្លួន។​ សេតវិមាន​​ច្បាស់ជា​​​ត្រូវ​រឹត​ខ្ចៅ​លោកត្រាំ​វិញបន្តិច​ហើយ ​​​ដើម្បី​កុំអោយហួសហេតុ​ជាងនេះ។

ដោយឡែក សភា​អាមេរិ​ក​​សន្យា​បន្ត​​ស៊ើបអង្កេត​ចំពោះ​​ការ​សង្ស័យ​ថា រុស្ស៊ី​អាច​លូកដៃ​ក្នុង​ការ​បោះឆ្នោត​​ប្រធានាធិបតី​អាមេរិកកាលពីខែ​វិច្ឆិកា​​​។ គេសង្ស័យ​ថា រុស្ស៊ី​បាន​ទំលាយ​អ៊ីមែល​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ ធ្វើអោ​យបក្ស​ប្រជាធិបតេយ្យ​ចាញ់ឆ្នោត។ បក្ស​ប្រជាធិបតេយ្យ​បាន​ទាមទារ​អោយ​មាន​រដ្ឋអាជ្ញា​ពិសេស​មួយ ដើម្បី​ត្រួតពិនិត្យ​ការស៊ើបអង្កេត​នេះ។

FBI​ប្រកាស​​​​បន្តការងារ​​​ក្នុង​លក្ខណៈ​​​ឯករាជ្យ​ ​និង​បរិហារ​សេតវិមាន​បើ​សេតវិមា​នលូកដៃ​ក្នុង​កិច្ចការ​FBI​​
​តំណែង​នាយក​FBI ជា​តំណែង​ក្តៅ តំណែង​​ខ្លាំង ​ជា​តំណែង​ដែល​តែងតាំង​​​សម្រាប់​រយៈពេល​១០ឆ្នាំ ដើម្បី​កុំអោយ​អេហ្វប៊ីអាយ រងសម្ពាធ​ និង​ឥទ្ធិពល​​នយោបាយ។ កិច្ចការ​​FBI ជាកិច្ចការ​ឯករាជ្យ។ ​​ទាំងបក្ស​សាធារណរដ្ឋ ទាំងបក្ស​ប្រជាធិបតេយ្យ បក្ស​ណា​​កាន់អំណាច​ក៏ដោយ គឺសុទ្ធតែ​ខ្លាច​អេហ្វប៊ីអាយ​ទាំងអស់។ 

លោកចេម ​​ខមី គ្រប់គ្រង​មិនដល់​១០ឆ្នាំ​ផង ឥឡូវ ​អស់តំណែង​ហើយ។ អេហ្វប៊ីអាយ​កំពុង​រង់ចាំ​ការតែងតាំង​មេដឺកនាំ​ថ្មី។ ប៉ុន្តែ លោក​អេនឌ្រូ ម៉ាក់ ខាបេ ជាមេដឺកនាំ​បណ្តោះ​អាសន្ន​បាន​អះអាង​ថា ​ទោះជា​ស្ថានភាព​ផ្លាស់ប្តូរ​ដូចម្តេច​ក៏ដោយចុះ ក៏​បុគ្គលិក​អេហ្វប៊ីអាយ​ទាំងប្រុសទាំងស្រី នៅតែ​បន្ត​ការងារ​របស់​ខ្លួន។ ​​លោក​ម៉ាក់ខាបេ ​ប្រាប់ថា អេហ្វប៊ីអាយ​នឹង​បន្តការងារ​យ៉ាងឯករាជ្យ។ FBI ប្រកាស​ទៀតថា នឹង​បរិហារ​សេតវិមាន បើ​សេតវិមា​នលូកដៃ​ក្នុង​កិច្ចការ​ខ្លួន។
 

មេដឺកនាំ​​បណ្តោះអាសន្ន​អេហ្វប៊ីអាយ​រូបនេះ ថែមទាំងហ៊ាន​​លើកឡើង​ទៀតថា បុគ្គលិក​អេហ្វប៊ីអាយ​ទាំងអស់​គាំទ្រ​លោក​ចេម ខមី ជា​អតីត​នាយក​អេហ្វប៊ីអាយ ដែល​ត្រូវ​ដកតំណែង​នោះទៀតផង។ ការ​ប្រកាស​ថា បុគ្គលិកអេហ្វប៊ីអាយគាំទ្រ​លោក​ខមី មា​ន ខ្លឹមសារ​ផ្ទុយស្រឡះ​ពី​អ្វី​ដែល​​សេតវិមាន​បាន​ប្រាប់។​ កាលពី​ថ្ងៃអង្គារ ​សេតវិមាន​​​​ប្រាប់ថា​ ភ្នាក់ងារអេហ្វប៊ីអាយ​លែងទុកចិត្ត​លោកខមី​ទៀត៕ ​ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ