អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​រដ្ឋសភា​បារាំង​បើក​អាណត្តិថ្មី សមាជិក​ម្នាក់​មាន​ដើម​កំណើត​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋសភា​ថ្មី​របស់​​បារាំង ដែល​កើតចេញ​ពី​ការ​បោះឆ្នោត កាលពីថ្ងៃ​ទី១៨​មិថុនា ​ចាប់ផ្តើម​ចូល​ធ្វើការ​នៅថ្ងៃ​នេះ ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​មុខមាត់​សមាជិក​ថ្មី​ជាច្រើន ហើយ​ទំនង​ជា​នឹង​មាន​ប្រធាន​ជា​ស្រ្តី​លើកដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង។ នៅក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំង​៥៧៧​រូប​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ថ្មោង ភាគ​ច្រើន​បាន​ចូល​ទៅ​កាន់​អាសនៈ​សភា​​ជា​លើក​ដំបូង ក្នុង​ជីវិត​របស់​គេ។ រដ្ឋសភា​​អាណត្តិថ្មី​នេះ បាន​ទទួល​ចំណាប់​អារម្មណ៍​ពិសេស​ជាង​សភា​មុនៗ ព្រោះ​មាន​ការ​ប្តូរផ្លាស់សមាជិក​​​ច្រើន ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ៖ ស្ត្រី​ច្រើន តំណាង​សង្គម​ស៊ីវិលក៏​ច្រើន ហើយ​នៅ​ក្នុង​រដ្ឋសភា​ថ្មី​នេះ ក៏​មាន​សមាជិកម្នាក់​មាន​ដើមកំណើតខ្មែរ។

វិមាន​រដ្ឋ​សភា​បារាំង​
វិមាន​រដ្ឋ​សភា​បារាំង​ LUDOVIC MARIN / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ចាស់​ផុត​អាណត្តិ​៣៤៥​នាក់​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ថ្មី មាន​តែ​១៤០​រូប​ប៉ុណ្ណោះ​​បាន​ជាប់​ឆ្នោតម្តង​ទៀត។ សមាជិក​​ភាគច្រើន ( ៤២៤រូប)​ ​បាន​ជាប់​ឆ្នោតសភា​ជា​លើក​ទីមួយ រហូត​មាន​ពាក្យ​លែបខាយ​ថា​សភាអាណត្តិ​នេះ ជា​រដ្ឋ​សភា​ក្មេង​ខ្ចី​ ខ្វះ​បទ​ពិសោធ​ផង។

​រដ្ឋសភា​ថ្មី​នេះ មាន​ចំនួន​សមាជិកសភា​ភេទ​ស្រ្តី​ដល់​ទៅ ២២៣​រូប ពោល​គឺស្មើ​នឹង​ប្រមាណ​ ៣៩%។ មិន​មែន​ជា​សមភាពពិត​ទេ តែ​​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ​សម្រាប់​សភា​បារាំង។ កាលពី​ឆ្នាំ​២០១២ បារាំង​ស្ថិត​ក្នុង​លំដាប់​លេខ​៣៤​ នៅ​លើ​ពិភពលោក លេខ​៩​ក្នុង​អឺរ៉ុប ខាង​ផ្នែក​សមភាព​ស្ត្រី​បុរស ដោយ​រដ្ឋសភា​មាន​សមាជិក​ភេទ​ស្ត្រី​តែ​១៥៥​នាក់​ប៉ុណ្ណោះ (២៧%)។

ជា​រដ្ឋសភា​ក្មេង អាយុ​ជា​មធ្យម ៤៨​ឆ្នាំ។ សមាជិក​ពៅ​គេ​អាយុ​២៣​ឆ្នាំ នៅ​ជា​និស្សិត​នៅឡើយ ហើយ​អ្នក​ចាស់​ជាង​គេ​អាយុ​៧៩​ឆ្នាំ។ នៅ​អាណត្តិ​នេះ ចំនួន​សមាជិក​សភាតំណាង​​អ្នក​រដ្ឋការ​ បាន​ថយ​ចុះ​ តែទៅ​ឡើង​ខាងតំណាង​​ក្រុមហ៊ុន​ឯកជន​។​ សមាជិក​សភា​តំណាង​សង្គមស៊ីវិល​​ក៏​មាន​ច្រើន​ឡើង​ដែរ គ្រាន់​តែ​​មិន​ច្រើន​ខ្លាំង​ដូច​អ្វី​លោក​ប្រធានាធិបតី ម៉ាក្រុង ចង់​បាន​នោះ​ឡើយ។​ ប៉ុន្តែ​រដ្ឋ​សភា​ថ្មី​នេះ​ គ្មាន​តំណាង​រាស្ត្រ​ប្រសូត​ចេញ​ពី​ថ្នាក់​កម្មករ​ទេ។ តំណាង​រាស្ត្រ​ជា​មនុស្ស​ចាស់​ចូល​និវត្តន៍​ក៏​មាន​តិច​ខ្លាំង​មិន​ធ្លាប់​មាន​ឡើយ។

​​ប្រធានសភា​​ជា​ស្ត្រី​ ?

សមភាព​ស្ត្រី​និង​បុរស​ជា​ជោគជ័យទីពីរ ​នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​ឆ្នាំ​២០១៧​នេះ។ នៅ​ល្ងាច​នេះ គេ​នឹង​បាន​ស្គាល់​មុខ​ប្រធាន​រដ្ឋ​សភា ដែល​ជា​តួនាទី​កំពូល​លំដាប់​ទី​បួន​នៅ​ប្រទេស​បារាំង (ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា និង​ប្រធានសភា)។

នៅ​ពេល​នេះ មានលេច​ឮ​ឈ្មោះ​តំណាង​រាស្ត្រ​បួន​រូប ដែល​ចង់​ប្រកួត​ដណ្តើម​​តំណែង​ប្រធាន​រដ្ឋ​សភា ដែល​សមាជិក ត្រូវ​បោះឆ្នោត​ដោយ​សេរី​និង​សម្ងាត់។ La République En Marche​ បក្ស​ដំណើរ​សាធារណរដ្ឋ ទំនង​ជា​នឹង​អាច​​ស្នើ​បេក្ខភាព​​ប្រធាន​សភា​បី​រូប ក្នុង​នោះ​ពីរ​រូប​គឺ​ជា​ស្ត្រី។ ​អ្វី​ដែល​ច្បាស់​គឺ ឥស្សរជនណា​​ដែលបក្ស​កាន់​អំណាច​តែង​តាំង​ជា​បេក្ខភាព​ប្រធាន​សភា ​តំណាង​រាស្ត្រនោះ​នឹង​ឈ្នះហើយ ព្រោះ​បក្ស​ La République En Marche មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា។ សកម្មជន​​បក្ស​លោក​ម៉ាក្រុង​ជា​ច្រើន​មាន​នយោបាយ​គោរពនិន្នាការ​​សមភាព​នារី សង្ឃឹម​ថា​នឹង​ផ្តល់​ឱកាស​ដល់​ស្ត្រី ដើម្បី​បំបែក​ទម្លាប់។ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ក៏​បាន​ប្រកាស​ជំរុញ​ឱ្យលើក​​​តម្កើង​ស្ត្រី​មក​​ធ្វើ​ជា​អ្នក​ដឹកនាំ​សភាដែរ។ បារាំង​ទំនង​ជា​នឹង​អាច​មាន​ស្ត្រី​ជា​ប្រធានសភា​ហើយ​នៅ​លើក​នេះ។

លោក បួន តាន តំណាងរាស្ត្រ​បារាំង​ដើម​កំណើត​ខ្មែរ
លោក បួន តាន តំណាងរាស្ត្រ​បារាំង​ដើម​កំណើត​ខ្មែរ RFI

តំណាងរាស្ត្រ​​​ដើមកំណើត​ខ្មែរ ក្នុងរដ្ឋសភា​បារាំង​

ថ្ងៃ​នេះ​ក៏​ជា​លើក​ដំបូង​ដែរ ដែល​រដ្ឋសភា​បារាំងទទួល​​​តំណាងរាស្ត្រម្នាក់​ជា​ដើម​កំណើត​ខ្មែរ។ លោក​មាន​ឈ្មោះ​ថា ហួង បួន តាន Buon Huong Tan ឬ ហៅខ្លី​ថា បួន តាន ជា​ប្រធាន​ក្រុមហ៊ុន​លក់​តែ តាំង​ពី​បួន​ជំនាន់​មក​ហើយ។

ថ្វី​បើ​ថ្ងៃ​នេះ ជា​លើក​ទី​មួយ ដែល​លោក​បាន​ចូល​កាន់​​អាសនៈនៅ​រដ្ឋ​សភា ក្នុង​នាម​ជា​តំណាង​រាស្ត្រមែន តែលោកមិនមែន​អត់​បទ​ពិសោធន៍​ផ្នែក​នយោបាយ​ឡើយ ព្រោះ​លោកជា​មេឃុំ​រង​ នៅ​សាលា​សង្កាត់​ទី​១៣ ក្រុង​ប៉ារីស តាំង​ពី​ឆ្នាំ​២០០៨​មក ក្នុង​នាម​ជា​តំណាង​សង្គម​ស៊ីវិល ​តែស្និទ្ធិ​និង​គាំទ្រ​បក្ស​សង្គមនិយម (បក្ស​កាន់​អំណាច​កាលពី​អាណត្តិមុន)។ លោក​មាន​បន្ទុក​គ្រប់គ្រង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិង​ទេសចរណ៍។ ចាប់​ពី​ឆ្នាំ​២០១៤​មក លោក​បាន​ក្លាយ​ជា​ទីប្រឹក្សា​របស់​ក្រុង​ប៉ារីស ក្រោម​​ផ្អាក​នយោបាយ​ជា​អ្នក​ឯករាជ្យ មុន​នឹង​ភ្ជាប់​ខ្លួន​ចូល​ជា​សកម្មជន​បក្ស​ដំណើរ​សាធារណរដ្ឋ​ La République En Marche នា​សម័យ​បោះឆ្នោត​សភា​ឆ្នាំ​២០១៧​នេះ។

កើត​នៅ​ភ្នំពេញ ក្នុង​គ្រួសារ​កូន​ចៅ​ចិន លោក Buon Huong Tan បាន​ចាក​ចេញ​ពី​ភ្នំពេញ នៅ​ឆ្នាំ​១៩៧៥ ពេល​​​ខ្មែរ​ក្រហមចូល ដូច​បណ្តា​ជន​ខ្មែរ​ទូទៅដែរ ដែល​កាលណោះ​លោក​មាន​អាយុ​ទើប​តែ​៨​ឆ្នាំ។ លោក​និ​ងក្រុមគ្រួសារ​បាន​រត់​ភៀស​ខ្លួន​តាមទន្លេ​មេគង្គ សង្គ្រោះ​ដោយ​គ្រួសារ​​វៀតណាម ទម្រាំ​​បាន​មក​ដល់​ប្រទេស​បារាំង។ លោក​បាន​​រស់​នៅ​ធំធាត់​ក្នុង​សង្កាត់​ទី ១៣ ក្រុង​ប៉ារីស ជា​កូន​ចៅ​ចិន និយាយ​ភាសា​ ​ចិននៅ​ផ្ទះ និង​បារាំងនៅ​សាលា។ លោក​មាន​សញ្ញាប័ត្រ​ផ្នែក​ពាណិជ្ជកម្ម​និង​គ្រង់គ្រង​ក្រុមហ៊ុន ដែល​ស៊ី​ចង្វាក់​ល្អ​នឹង​ជំនួញ​របស់គ្រួសារ។ ក្នុងពេល​លោក​កំពុង​នៅ​សិក្សា​នៅឡើយ ឪពុក​លោក​បាន​បើក​ភោជនីដ្ឋាន​អាស៊ី​ដំបូងគេ​មួយ​​ក្នុង​សង្កាត់ មុននឹង​ត្រលប់​មក​បើក​ហាង​លក់​តែ របរ​ប្រចាំ​ត្រកូល​វិញ នៅ​ឆ្នាំ​២០០១។ លោក និង​ឪពុក​​​បាន​ចូល​រួម​ចំណែក​​អភិវឌ្ឍន៍​សង្កាត់​អាស៊ី ChinaTown​ និង​សមាគម​ពលរដ្ឋ​អាស៊ី​ ក្នុង​សង្កាត់​ទី​១៣​នៃ​ក្រុង​ប៉ារីស។

ប៉ុន្តែ​ទន្ទឹម​នឹង​ប្រវត្តិ​ដ៏​ល្អ​ថ្កុំថ្កើន​រហូត​បានក្លាយ​ជា​តំណាង​រាស្ត្រ​នេះ លោក​ Buon Tan ក៏​មាន​ជាប់​រឿង​អាស្រូវ​ខ្លះ នៅ​តុលាការដែរ។ កាល​ពី​ដើម​ខែ​មិថុនា​នេះ​តែ​ម្តង លោក​ត្រូវ​ជាប់​អង្កេត​បឋម​ ពី​បទ​កេង​លុយ​សមាគម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ