សហភាពអឺរ៉ុបនិងអង់គ្លេសបើកការចរចាBrexit ជុំទី៣
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២២
ថ្ងៃចន្ទនេះ សហភាពអឺរ៉ុបនិងអង់គ្លេសចូលតុពិភាក្សាគ្នាជាលើកទី៣ ទាក់ទងនឹងនិតិវិធីប្រិចស៊ីត។ កិច្ចពិភាក្សានឹងធ្វើដល់ថ្ងៃព្រហស្បតិ៍ រវាងរដ្ឋមន្ត្រីតំណាងភាគីអង់គ្លេេសគឺ លោកដាវីដ ដាវីស និងជនជាតិបារាំង តំណាងអោយភាគីអឺរ៉ុប គឺលោកមីឆែល បានីញ៉េ។ អង់គ្លេសកំពុងអន្ទះសាចង់ចរចាភ្លាមៗពីអនាគតទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ប៉ុន្តែ សហភាពអឺរ៉ុបបានបង្ហាញជំហររឹងប៉ឹងដោយទាមទារអោយចរចាពីអាទិភាព៣ចំណុចអោយរួចរាល់សិន ទើបអាចនិយាយពីទំនាក់ទំនងពាណិជ្ជកម្មបាន។
អាទិភាព៣ចំណុច ក្នុងក្រសែភ្នែកអឺរ៉ុប ដែលជាប្រភពនៃភាពតានតឹងក្នុងទំនាក់ទំនងអង់គ្លេស-អឺរ៉ុប
អឺរ៉ុបចង់ដោះស្រាយអោយដាច់ស្រេចនូវអាទិភាព៣ចំនុច មុននឹងចរចាពីអនាគតទំនាក់ទំនងពាណិជ្ជកម្មជាមួយអង់គ្លេស។ អាទិភាពទាំង៣ចំណុចនេះ ទី១ អង់គ្លេសត្រូវបង់លុយទាក់ទងនឹងការដកខ្លួនចេញពីអឺរ៉ុបអោយហើយសិន ចំណុចទី២គឺទាក់ទងនឹងសិទ្ធិរបស់ពលរដ្ឋអឺរ៉ុប៣លាននាក់ដែលកំពុងរស់នៅនិងធ្វើការក្នុងទឹកដីអង់គ្លេស ហើយទី៣ គឺអនាគតព្រំដែនពន្ធរវាងអឺរ៉ុប និងអៀឡង់ខាងជើង។ ដើរចេញពីអឺរ៉ុប តំរូវអោយអង់គ្លេសបង់ថវិកាពី៦០ពាន់លាន ទៅ១០០ពាន់លានអឺរ៉ូ។ កន្លងមក អង់គ្លេសបដិសេធមិនចង់បង់លើសពី៤០ពាន់លានអឺរ៉ូទេ។ ទាក់ទងនឹងសិទ្ធិពលរដ្ឋអឺរ៉ុបដែលរស់នៅអង់គ្លេសវិញ សហភាពអឺរ៉ុបចង់អោយតុលាការអឺរ៉ុបនៅតែមានវត្តមាន មានសិទ្ធិ ក្នុងដំណោះស្រាយសិទ្ធិពលរដ្ឋអឺរ៉ុបនៅអង់គ្លេស។
ទាក់ទងនឹងដំណោះស្រាយសិទ្ធិពលរដ្ឋអឺរ៉ុបនេះ កន្លងមក នាយករដ្ឋមន្ត្រីតេរេសា មៃ ចង់អោយតុលាការអង់គ្លេសមានសេរីភាព ដោយលើកហេតុផលពីបូរណភាពអង់គ្លេស។ ប៉ុន្តែយោងតាមឯកសារដែលអង់គ្លេសចុះផ្សាយទាក់ទងជំហរចំពោះប្រិចស៊ីត ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេឃើញថា អង់គ្លេសបានបន្ទន់ឥរិយាបថបន្តិចមកវិញ។ អង់គ្លេសបានលើកឡើងពីលទ្ធភាពនៃការបង្កើតគណៈកម្មាធិការអាជ្ញាកណ្តាលរវាងអឺរ៉ុបនិងអង់គ្លេស ហើយអាចនឹងមានការសុំអោយតុលាការអឺរ៉ុបចូលរួមដោះស្រាយជម្លោះរវាងអង់គ្លេសនិងព្រុចសែលទៀតផង។ មានន័យថា តុលាការអឺរ៉ុបអាចមានតួនាទីបែបប្រយោលវិញ។ ចំពោះអាទិភាពទី៣ ទាក់ទងព្រំដែនពន្ធអឺរ៉ុបជាមួយអៀឡង់ខាងជើង ប៉ុន្មានថ្ងៃចុងក្រោយនេះ អឺរ៉ុបប្រាប់ថា នេះគ្រាន់តែជាចំណុចបច្ចេកទេស អាទិភាពពេលនេះ គឺអឺរ៉ុបចង់រកអោយបានកិច្ចព្រមព្រៀងស្រួលបួលមួយជាមួយអង់គ្លេសសិន ទាក់ទងនឹងប្រិចស៊ីត។
អាទិភាពទាំង៣ដែលលើកឡើងខាងលើ ដែលអឺរ៉ុបតំរូវអោយចរចាពេលនេះ ជាបញ្ហាតានតឹងរវាងអង់គ្លេសនិងអឺរ៉ុប។ ដូចបានលើកឡើងខាងដើមអញ្ចឹង អង់គ្លេសយល់ថាបង់លុយ រហូតដល់៦០ពាន់លានអឺរ៉ូទេ គ្រាន់តែត្រូវដើរចេញពីអឺរ៉ុប ដូចជាថ្លៃពេកហើយ ប៉ុន្តែ នេះជាកាតព្វកិច្ចមិនមែនសម្រាប់តែអង់គ្លេសតែម្នាក់ទេ គឺសម្រាប់គ្រប់សមាជិកអឺរ៉ុប ដែលចង់ដើរចេញពីសហភាពអឺរ៉ុប។ ប្រជាជនអង់គ្លេសភាគច្រើនចង់អោយរដ្ឋាភិបាលឈប់រួញរាត្អូញត្អែរទៀត ត្រូវតែបង់ថវិកានេះទៅអឺរ៉ុបអោយរួចរាល់ ដើម្បីកុំអោយជាប់ដៃជាប់ជើងនឹងអឺរ៉ុបយូរពេក។ ពលរដ្ឋអង់គ្លេសបានបោះឆ្នោតប្រជាមតិអោយចេញពីអឺរ៉ុប ក៏ដោយសារពួកគេមិនចង់អោយពលរដ្ឋអឺរ៉ុបចូលមកដណ្តើមការងារពួកគេ ធ្វើអោយពលរដ្ឋអង់គ្លេសបាត់បង់ការងារធ្វើដែរ។
ប៉ុន្តែ អង់គ្លេសមិនសូវជាអត់ធ្មត់ច្រើនទេ អន្ទះសាចង់តែផ្តោតការចរចាទៅលើទំនាក់ទំនងពាណិជ្ជកម្មជាមួយអឺរ៉ុបជាអាទិភាព។ អ្នកណាក៏ដឺងដែរថា អង់គ្លេសចូលចិត្តដើរខ្សែ២ គឺចង់ចេញពីអឺរ៉ុប ដោយមិនព្រមលះបង់អ្វីច្រើនទេ តែក៏នៅតែចង់ទទួលបានប្រយោជន៍ច្រើនពីអឺរ៉ុប ពិសេសប្រយោជន៍ពាណិជ្ជកម្មសតែម្តង។ ដើរចេញពីអឺរ៉ុបធ្វើអោយអង់គ្លេសខ្លួនមួយ ត្រូវទៅចរចាពាណិជ្ជកម្មដោយឡែក ជាមួយប្រទេសដល់ទៅ២៧។ ហើយបើចង់មានមុខមុនអឺរ៉ុប ក្នុងទំនាក់ទំនងជាមួយប្រទេសក្រៅដែនដីអឺរ៉ុប ដូចជាចិនរឺក៏អាមេរិក ក៏ពិបាក ព្រោះចិន រឺក៏អាមេរិក គេត្រូវមើលសហភាពអឺរ៉ុបដែលមានប្រជាជនរាប់រយលាននាក់មុនហើយ អង់គ្លេសលែងមានអាទិភាពដូចមុនទៀតហើយ។ ក្រុមហ៊ុនសហគ្រាសក្នុងស្រុកកំពុងបារម្ភពីផលវិបាកប្រិចស៊ីត ចំពោះសកម្មភាពរកស៊ីរបស់ពួកគេ។
ដោយសារឃើញថា ខាតប្រយោជន៍បែបនេះ ក្នុងពេលចរចាលែងលះពីអឺរ៉ុបពេលនេះ អង់គ្លេសមិនចង់បាត់ប្រយោជន៍សេដ្ឋកិច្ចភ្លាមៗទេ គឺចង់មានអន្តរកាលប្រិចស៊ីតមួយ អនុញ្ញាតអោយអង់គ្លេសនៅតែអាចស្ថិតក្នុងទីផ្សាររួមអឺរ៉ុប ក្នុងសហភាពពន្ធ បានច្រើនឆ្នាំទៀត។
ការចរចានិតិវិធីលែងលះពីអឺរ៉ុបគឺត្រូវធ្វើអោយរួចរាល់ នៅខែមិនា ឆ្នាំ២០១៩។ ប៉ុន្តែ ការចរចាមកដល់ពេលនេះ ដូចជាយឺតបន្តិចហើយ ប្រៀបនឹងអ្វីដែលត្រូវធ្វើអោយចប់សព្វគ្រប់ មុនខែមិនាឆ្នាំ២០១៩។ ខាងសហភាពអឺរ៉ុបប្រាប់ថា ពេលវេលាមិនមែនជាបញ្ហាទេ បញ្ហាគឺនៅខាងអង់គ្លេសឯណោះទេ។ អឺរ៉ុបពិបាកទុកចិត្តអង់គ្លេស។ ប្រាកដហើយ អង់គ្លេសមិនចង់បង់លុយជាកាតព្វកិច្ចនៃការដើរចេញពីអឺរ៉ុប មិនចង់អោយពលរដ្ឋអឺរ៉ុបមានសិទ្ធិដើរហើរក្នុងទឹកដីខ្លួន មិនចង់ទទួលយកកូតាជន អន្តោប្រវេសន៍ដែលអឺរ៉ុបកំណត់អោយ។ ទាំងអស់នេះសុទ្ធតែជាបញ្ហាដែលនាំអោយការចរចាប្រិចស៊ីតរាំងស្ទះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ