នៅអ.ស.ប ប្រធានាធិបតី បារាំងដើរតួជាអ្នកសន្តិនិយម នៅពេលលោកដូណាល់ ត្រាំ និយមសង្រ្គាម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៤
ប្រធានាធិបតីបារាំង ដ៏វ័យក្មេង លោកអេម៉ានុយអែល ម៉ាក្រុងបានបង្ហាញជំហរផ្ទុយស្រឡះពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មិនថា នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ការប្រែប្រួលអាកាសធាតុ ឬសង្រ្គាមនៅស៊ីរី។ នៅក្នុងពេលដែលប្រធានាធិបតី អាមេរិក ធ្វើបញ្ជីឈ្មោះសត្រូវរបស់អាមេរិក ដែលមានតាំងពីមេដឹកនាំកូរ៉េខាងជើង អ៊ីរ៉ង់ វេណេស៊ុយអេឡា ហើយនិងស៊ីរី ប្រធានាធិបតី បារាំងឯណោះវិញ ចង់ធ្វើនយោបាយបង្កើតមិត្ត ច្រើនជាងបង្កើតសត្រូវ។
នៅមួយថ្ងៃមុនឡើងថ្លែង ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុងត្រូវបានលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទទួលយ៉ាងរាក់ទាក់ នៅក្នុងសណ្ឋាគារមួយ ក្នុងក្រុងញូវយ៉ក។ នៅមុខកាម៉េរ៉ា ព្រោងព្រាត ប្រមុខដឹកនាំកំពូលបារាំង និងអាមេរិកបានបង្ហាញ ស្និទ្ធស្នាល ជាពិសេសនៅពេលលោកដូណាល់ ត្រាំបានកោតសរសើរការងាររបស់ប្រធានាធិបតីបារាំង។ លោកដូណាល់ ត្រាំ នៅបានអរគុណផងទៀត ដល់លោកអេម៉ានុយអែល ម៉ាក្រុង ដែលបានអញ្ជើញលោកឲ្យចូលរួមក្នុងពិធីបុណ្យជាតិ បារាំង ១៤កក្កដា ដែលបានផ្តល់គំនិតឲ្យលោកចង់រៀបចំពិធីបុណ្យជាតិអាមេរិក ដ៏ធំ ជាមួយនឹងក្បួនព្យុហយាត្រា ដូចបារាំង។
ភាពល្អូកល្អឺន ចាប់ដៃគ្នា រវាងលោកដូណាល់ ត្រាំ និងលោកអេម៉ានុយអែល ម៉ាក្រុងគ្រាន់តែជាល្បោយ បិទបាំងពីខាងក្រៅ ព្រោះថា នៅក្នុងការពិភាក្សាស៊ីជម្រៅ ប្រមុខដឹកនាំទាំងពីរនៅតែនិយាយមិនចុះសម្រុងគ្នា លើសំណុំរឿងជាច្រើន ដែលមានតាំងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយនិងកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។ នៅក្នុងជំនួបទ្វេភាគីជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីបារាំង សង្ឃឹមចង់បញ្ចុះបញ្ចូលឲ្យអាមេរិកប្តូរជំហរឡើងវិញ បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ។ លោកអេម៉ានុយអែល ម៉ាក្រុងបាននិយាយប្រាប់លោកដូណាល់ ត្រាំ ផងដែរពីវិបត្តិនុយក្លេអ៊ែរ អ៊ីរ៉ង់ ប្រសិនបើអាមេរិកចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលប្រទេសមហាអំណាចទើបសម្រេចបានជាមួយ អ៊ីរ៉ង់ នៅឆ្នាំ ២០១៥កន្លងទៅ។
នៅថ្ងៃអង្គារ សន្ទរកថា រយៈពេល ៤៥នាទី ដែលបង្កប់ដោយអត្ថន័យហិង្សា ទោសៈ របស់លោកដូណាល់ត្រាំ បានបង្ហាញថា លោកដូណាល់ ត្រាំ មិនបានស្តាប់ យកពាក្យរបស់ប្រធានាធិបតីបារាំងទៅពិចារណាឡើយ។ ក្រៅតែពីអះអាងថា លោកនឹងគិតប្រយោជន៍អាមេរិកជាធំ លោកដូណាល់ ត្រាំ នៅបានធ្វើបញ្ជីរាយឈ្មោះមេដឹកនាំប្រទេសដែលលោកចាត់ទុកថា ជាសត្រូវរបស់អាមេរិក។ លោកបានដាក់ឈ្មោះមេដឹកនាំកូរ៉េខាងជើងថា ជាបុរសមីស៊ីលដែលកំពុងធ្វើអត្តឃាត និងថា បើចាំបាច់ត្រូវការពារខ្លួន និងការពារសម្ព័ន្ធមិត្ត អាមេរិកត្រូវបំផ្លាញកូរ៉េខាងជើងឲ្យខ្ទេចក្លាយជាផេះ។
នៅក្នុងសំណុំរឿងអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិកបានចោទថ្នាក់ដឹកនាំអ៊ីរ៉ង់ថា ក្រុមយូកូងដែលកំពុងសាបព្រួសបង្កអស្ថិរភាព នៅដើមបូព៌ា។ នៅក្នុងសន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោកដូណាល់ ត្រាំ ដែលបានរិះគន់ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់ ដែលបន្សល់ ដោយរដ្ឋបាលមុន បាននិយាយគំរាមថា នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលយល់ថា គ្រាន់តែជាវាំងននដែល អ៊ីរ៉ង់ ប្រើសម្រាប់បិទបាំងមហិច្ឆតាពិត ក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះ។
បន្ទាប់ពីអ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានថ្លែងរិះគន់ខ្លាំង របបសង្គមនិយមរបស់ដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងថា អាមេរិកនឹងមិនអាចនៅឈរឱបដៃ បណ្តោយឲ្យកើតមានអស្ថិរភាពនយោបាយ នៅក្នុងប្រទេសក្បែរខាងរបស់អាមេរិកទៀតនោះទេ។
លោកដូណាល់ ត្រាំដុតរោលដោយកំហឹង ការស្អប់ និងអំពើហិង្សាពេញខ្លួន។ តែប្រធានាធិបតី វ័យក្មេងរបស់បារាំងឯណោះវិញ បានឡើងទៅនិយាយបន្តពីលោកដូណាល់ ត្រាំ ជាមួយនឹងទឹកចិត្តត្រជាក់ សន្តិនិយម។ នៅក្នុងសន្ទរកថា រយៈពេល ៣០នាទី គឺតិចជាង លោកដូណាល់ ត្រាំ ១៥នាកទី លោកអេម៉ានុយអែល ម៉ាក្រុង មានគំនិតផ្ទុយទាំងស្រុងពីលោកដូណាល់ ត្រាំ នៅស្ទើរគ្រប់សំណុំរឿង។ នៅក្នុងចម្លើយបកស្រាយរបស់ខ្លួន ប្រធានាធិបតីបារាំងមិនបាននិយាយចោទចំៗឈ្មោះលោកដូណាល់ ត្រាំ ប៉ុន្តែ គេដឹងច្បាស់ណាស់ថា លោកកំពុងចង់និយាយសំដៅដល់ជំហររបស់មេដឹកនាំ ម្នាក់ ដែលទើបតែថ្លែងសារនៅមុនលោកបន្តិច មុននេះ។
តើលោកអេម៉ានុយអ៊ែល ម៉ាក្រុងកំពុងប្រឆាំងលោកដូណាល់ ត្រាំ?
លោកម៉ាក្រុង ស្និទ្ធស្នាលជាមួយលោកដូណាល់ ត្រាំ ប៉ុន្តែ លោកមិនដែលលាក់ពីជំហរ មិនយល់ស្របរបស់លោកជាមួយមេដឹកនាំអាមេរិកនោះទេ។ នៅក្នុងមហាសន្និបាត លោកដូណាល់ ត្រាំ ដែលធ្លាប់រិះគន់ស្ថាប័នអសមត្ថភាពរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសនីមួយៗ មានឯករាជ្យម្ចាស់ការរៀងៗខ្លួន ដូចជាអាមេរិកត្រូវគិតដល់អាមេរិកមុនគេយ៉ាងដូច្នេះឯង។ ប៉ុន្តែ សម្រាប់លោកម៉ាក្រុង ពហុភាគីនិយមដែលមានអាវុធក្នុងដៃ ពោលគឺការសហការគ្នារវាងប្រទេសលើលោក គឺនៅតែមានកម្លាំងខ្លាំង និងប្រយោជន៍ជានិច្ច។
នៅក្នុងសំណុំរឿងអ៊ីរ៉ង់ ប្រធានាធិបតី បារាំងបានព្រមានពីកំហុសមួយដ៏ធ្ងន់ធ្ងរ បើសិនកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវរលាយ ដោយសារតែការដកខ្លួនរបស់អាមេរិក។ សម្រាប់ប្រធានាធិបតីបារាំង ការមិនចង់គោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយនិងការបរិហាររិះគន់ដោយគ្មានស្នើដំណោះស្រាយអ្វីថ្មី គឺជាមិនទទួលខុសត្រូវ និងជាកំហុសមួយដ៏ធ្ងន់ ព្រោះថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ សព្វថ្ងៃ គឺមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលជួយឲ្យគេអាចត្រួតពិនិត្យ រារាំងកុំឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរដូចកូរ៉េខាងជើង។ គ្មាននរណាម្នាក់ ចង់ឲ្យមានបញ្ហាកូរ៉េខាងជើង កើតឡើងជាថ្មីនៅដើមបូព៌ានោះទេ។
លោកម៉ាក្រុង បើទោះជាមិនប្រើពាក្យធ្ងន់ៗរិះគន់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ប៉ុន្តែ បានទាមទារឲ្យមានការដាក់បន្ថែមទណ្ឌកម្ម ជាពិសេសពីខាងចិន និងរុស្ស៊ី ដើម្បីឲ្យប្រទេសនេះត្រលប់ចូលតុចរចា។ នៅក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង លោកម៉ាក្រុងចង់ឲ្យមានការចរចាសន្តិភាព ប៉ុន្តែ មិនមែនសង្រ្គាមដូចដែលលោកដូណាល់ ត្រាំ បានគំរាមនោះឡើយ។
ចំណុចមួយទៀត ដែលប្រធានាធិបតីបារាំងឡើងការពារ យ៉ាងដាច់ណាត់ គឺកិច្ចព្រមព្រៀងប៉ារីសស្តីពីអាកាសធាតុ។ លោកម៉ាក្រុងអះអាងថា លោកយល់ពីជំហររបស់លោកដូណាល់ ត្រាំ ដែលដកអាមេរិក ចេញពីកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ។ នៅក្នុងរឿងប្រែប្រួលអាកាសធាតុនេះ លោកម៉ាក្រុងបានបង្ហាញជំហរដាច់ណាត់មិនចង់ឲ្យមានការចរចា សើរើឡើងវិញ កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ទៅតាមការទាមទាររបស់លោកដូណាល់ ត្រាំនោះទេ។ លោកម៉ាក្រុង ដែលបាននិយាយក្នុងនាមជនរងគ្រោះដោយសារព្យុះអ៊ូរ៉ាហ្កង់ នៅសមុទ្រការ៉ាអ៊ីប បានអះអាងថា ផលប៉ះពាល់ ដោយសារការឡើងកំដៅនៃភពផែនដីពិតជាមានមែន។ គ្រប់គ្នារងប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ នៅវេទិការអង្គការសហប្រជាជាតិ លោកអេម៉ានុយអែលម៉ាក្រុង បានដើរជាមេដឹកនាំគំរូ ដែលនាំមកនូវតែគំនិតដោះស្រាយវិបត្តិ ជាជាង ដាក់ខ្លួនប្រឈម យកគេគ្រប់គ្នាមកធ្វើជាសត្រូវ ដូចលោកដូណាល់ ត្រាំ។ ចង់ ឬមិនចង់ មេដឹកនាំប្រទេសមហាអំណាច ដូចជាអាមេរិក កំពុង ត្រូវមេដឹកនាំវ័យក្មេង របស់បារាំងលួចយកប្រជាប្រិយភាព ទាល់តែបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ