អានតួអត្ថបទ
បារាំង-អាមេរិក

បារាំង​អញ្ជើញ​លោក​ដូណាល់ត្រាំ​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​បុណ្យជាតិ​១៤កក្កដា

លោក​ដូណាល់ត្រាំ​នឹង​ធ្វើ​ដំណើរ​ទៅ​បារាំង ដើម្បី​ចូលរួម​ជាភ្ញៀវកិត្តិយស​​ក្នុង​ពិធី​បុណ្យជាតិ​បារាំង​១៤កក្កដា។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យដឹង​ដោយ​រដ្ឋាភិបាល​បារាំង និង​អាមេរិក នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ពីរ​ផ្សេងគ្នា កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ។ ដំណើរទស្សនកិច្ច​របស់​លោក​ដូណាល់ត្រាំ​ គឺ​ធ្វើឡើង​ទៅតាម​ការ​អញ្ជើញ​របស់​លោក​អេម៉ានុយអែល​ម៉ាក្រុង ក៏ប៉ុន្តែ មាន​អ្នក​នយោបាយ​បារាំង​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត ដោយ​មិន​ចង់​ទទួល​ស្វាគមន៍​លោក​ដូណាល់ត្រាំ។

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ពេល​ជួបគ្នា​ នៅ​ទីក្រុង​ព្រុចស៊ែល ថ្ងៃទី២៥ ឧសភា ២០១៧
លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ពេល​ជួបគ្នា​ នៅ​ទីក្រុង​ព្រុចស៊ែល ថ្ងៃទី២៥ ឧសភា ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បារាំង​អញ្ជើញ​ឲ្យ​​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ព្យុហយាត្រា​ថ្ងៃ​បុណ្យជាតិ ១៤កក្កដា​ឆ្នាំ​នេះ ដោយសារ​តែ​វា​ត្រូវ​នឹង​​ខួប ១០០ឆ្នាំ នៃ​ការ​ចូលរួម​របស់​កងទ័ព​អាមេរិក នៅ​ក្នុង​សង្រ្គាម​លោក​លើកទី១។

ការអញ្ជើញ​ត្រូវ​បាន​ធ្វើឡើង ដោយ​លោក​អេម៉ានុយអែល​ម៉ាក្រុង​ នៅ​ក្នុង​អំឡុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​អូតង់​នៅ​ទីក្រុង​ព្រុចស៊ែល កាល​ពីចុងខែ​ឧសភា​កន្លងទៅ ហើយ​​​លោក​ដូណាល់ត្រាំ​បាន​ទទួល​តាម​ការ​អញ្ជើញ​នេះ កាល​ពីថ្ងៃ​ពុធ ក្រោយ​ពី​មាន​​​កិច្ចសន្ទនា​តាមទូរស័ព្ទ ​ជាមួយ​លោក​ម៉ាក្រុង កាល​ពីថ្ងៃ​អង្គារ​។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាល​ពីថ្ងៃ​ពុធ ការិយាល័យ​ប្រធានាធិបតី​បារាំង​បាន​ឲ្យដឹង​ថា នៅ​ក្នុង​ថ្ងៃ​បុណ្យជាតិ​១៤កក្កដា​នេះ ក្រៅ​ពី​វត្តមាន​របស់​លោក​ដូណាល់ត្រាំ​នៅ​លើ​វេទិកា​កិត្តិយស​ កងទ័ព​អាមេរិក​ក៏​នឹង​ចូលរួម​ផងដែរ នៅ​ក្នុង​ការ​ដើរ​ព្យុហយាត្រា​ជាមួយ​កងទ័ព​បារាំង។ ចំណែក​សេតវិមាន​វិញ​បាន​ឲ្យដឹង​ថា លោក​ដូណាល់ត្រាំ​មាន​ក្តីរីករាយ និង​ទន្ទឹងរង់ចាំ​ឱកាស​ចូលរួម​ក្នុង​ពិធី​បុណ្យជាតិ​១៤កក្កដា​នេះ ដើម្បី​បញ្ជាក់​ពី​ចំណងមិត្តភាព​ដ៏រឹងមាំ រវាង​បារាំង និង​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ វត្តមាន​របស់​លោក​ដូណាល់ត្រាំ​​នៅ​ក្នុង​ពិធី​បុណ្យជាតិ​បារាំងនេះ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មួយចំនួន​របស់​បារាំង​មិន​សប្បាយចិត្ត ជាពិសេស អ្នក​នយោបាយ​មក​ពី​គណបក្ស​ឆ្វេងនិយម ដែល​បានចាត់ទុកលោក​ដូណាល់ត្រាំ​ថា​ជា​អ្នក​មាន​ឥរិយាបថ “ហិង្សា” មិនស័ក្តិសម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធីបុណ្យជាតិ​១៤កក្កដា ដែល​ជា​បុណ្យ​​អបអរ​សិទ្ធិសេរីភាព​របស់​ប្រជាជាន​បារាំង​នោះទេ។

គួររំឭកឡើងវិញ​ថា គម្រោង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ដូណាល់ត្រាំ​នៅ​អង់គ្លេស ក៏​ធ្លាប់​ទទួល​រង​នូវការ​ប្រឆាំង​​​ផងដែរ ពី​សំណាក់​ប្រជាជន​អង់គ្លេស កាល​ពី​ពេល​កន្លងមក។ ចលនា​ប្រឆាំងដែល​មាន​សន្ទុះ​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​អង់គ្លេស និង​អាមេរិក គ្រោង​នឹង​លុបចោល​ដំណើរទស្សនកិច្ច​នេះ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ