អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាមតិ​កាតាឡូញ៉ា បញ្ចប់​ដោយ​ការ​ហែកហួរ​ប្រទេស​អេស្ប៉ាញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខុសច្បាប់ ហាមឃាត់​ដោយ​តុលាការ ប្រឆាំង​ដាច់​ខាត​ដោយ​រដ្ឋាភិបាលអេស្ប៉ាញ​ ប៉ុន្តែអាជ្ញាធរ​តំបន់​កាតាឡូញ៉ា នៅ​តែ​​ជំនះ​ប្តេជ្ញា​រៀប​ចំ​ប្រជាមតិ ស្តី​ពី​ការ​ទាមទារ​ឯករាជ្យ​ដដែល។​ ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​ដូច​ការ​គ្រោង​ទុក​នៅ​ម៉ោង​ ... ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ បាន​​​ប្រមូល​​​គ្នា​មក​ឈរ​នៅ​មុខ​ការិយាល័យ ​រង់ចាំ​បោះឆ្នោត តាំង​ពី​ព្រលឹមស្រាងៗ​មិន​ទាន់​ភ្លឺ​ច្បាស់។ ប្រមុខ​អាជ្ញាធរ​តំបន់​បាន​ទៅ​បោះឆ្នោត​រួច​ហើយ​ដែរ។ ឯ​ខាង​រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ជំហរ​ដាច់​ខាតបង្អាក់​ប្រជាមតិ​ខុស​ច្បាប់​នេះ​ឱ្យ​បាន​ ដោយ​ប្រើ​​កម្លាំង​ប៉ូលិស​តំបន់ និង​ប៉ូលិស​ជាតិ ទៅ​បិទ​ខ្ទប់​ការិយាល័យ​បោះឆ្នោត​តែ​ម្តង។

សកម្មជន​អ្នក​ផ្តាច់​ទឹក​ដី​និយម ប្រឈម​នឹង​ប៉ូលិស ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រជាមតិខុសច្បាប់
សកម្មជន​អ្នក​ផ្តាច់​ទឹក​ដី​និយម ប្រឈម​នឹង​ប៉ូលិស ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រជាមតិខុសច្បាប់ REUTERS/Juan Medina
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​​ ចាប់​ពី​ម៉ោង​៩ ដល់​ម៉ោង​៨​ល្ងាច។ តាំង​ពី​​ព្រលឹម គេ​ឃើញ​ពលរដ្ឋ​កាតាឡូញ៉ា​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ឈរ​រង់ចាំ​នៅ​មុខ​ការិយាល័យ​បោះឆ្នោត​ជា​ស្រេច ឱ្យ​បាន​មុន​ប៉ូលិស​ទៅ​ហាមឃាត់។

​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​បញ្ជូន​ប៉ូលិសតំបន់ និង​ប៉ូលិស​ជាតិ ប្រមាណ​ជាង ១២០០០​នាក់ ទៅ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹងការ​បោះឆ្នោត។ កាលពី​ពេល​ព្រឹក​ព្រលឹម ប៉ូលិស​កាតាឡូញ៉ា ​ បានចេញ​​ចាប់​ហិបឆ្នោត តែ​ក្រោម​គំនាប​និង​សម្រែក​របស់ពលរដ្ឋ​ ប៉ូលិស​ទាំង​នោះ​ក៏​ដក​ខ្លួន​ចេញ​វិញ។ ប៉ូលិស​តំបន់​ហាក់​មាន​អារម្មណ៍បែងចែក​រវាង​ខ្លួន​ជា​​ ​កាតាឡូញ៉ាផង និង​តំណាង​សណ្តាប់​ធ្នាប់​រដ្ឋ បាន​ជ្រើស​រើស​ការ​ធ្មេញ​ភ្នែក។

ប៉ុន្តែ​​ពេល​ថ្ងៃ​បន្តិច ក្រោយ​ពី​​មេ​ប៉ូលិស​ជាតិ​បាន​ស្រែក​បរិហារ​អត្តចរិត​របស់​ប៉ូលិស​តំបន់​មក ​ប្រតិបត្តិការ​បង្ក្រាប​មាន​​​សកម្មភាព​ខ្លាំង។ ប៉ូលិស​បាន​សម្រុក​ចូល​ដោយ​កម្លាំង​ ទៅ​រឹប​អូស ចាប់​ហិបឆ្នោត តែ​ត្រូវ​ឆ្លង​កាត់​រនាំង​បាតុករ​គាំទ្រ​ការ​ធ្វើ​ប្រជាមតិ ... ការ​ប៉ះទង្គិច​បែប​ហិង្សា​ក៏​បាន​កើត​មាន​ឡើង​ដោយ​គេច​មិន​ផុត។ ឮ​ថា​មាន​របួស​យ៉ាង​ហោច​ណាស់ ៤០​នាក់ ហើយ​ គិត​មក​ត្រឹម​ពេល​ថ្ងៃ​ត្រង់។ ប្រមុខ​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា បាន​ថ្កោល​ទោស​សកម្មភាព​ហិង្សា​ មិន​សមហេតុផល​ លើ​បាតុករ​នៅ​បាសឺឡោន។

ហេតុអ្វីបាន​ជា​អេស្ប៉ាញ​ធ្លាក់​ដល់​ដំណាក់កាល​នេះ ?

កាតាឡូញ៉ា ជា​តំបន់​ស្វយ័ត​មួយ​ របស់​អេស្ប៉ាញ​ដែល​ចែក​ជា​តំបន់​ស្វយ័ត​១៧។ ជា​តំបន់ដ៏​ធំ​មួយ​នៃ​ប្រទេស​ មាន​ប្រជាជន​រស់​នៅ​៧,៥​លាន​នាក់​​នេះ​ មាន​រចនា​សម្ព័ន្ធ​ដឹក​នាំ​របស់​ខ្លួន​ច្បាស់​លាស់ ដូច​ជា​មាន​ប៉ូលិស​ផ្ទាល់​របស់​តំបន់ មាន​រដ្ឋាភិបាល​ មាន​សភា និង​មាន​ទង់ជាតិ​ មាន​ភាសា​ ជា​របស់​កាតាឡូញ៉ាផ្ទាល់។ រដ្ឋាភិបាល​កាតាឡូញ៉ា ទទួល​បន្ទុក​សព្វគ្រប់​បែប​យ៉ាង​ដោយ​ខ្លួន​ឯង​ ក្នុង​វិស័យ​អប់រំ សុខាភិបាល សង្គម​កិច្ច​ ​លើក​លែង​តែ​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ និង​ពន្ធដារ។

គឺ​វិស័យ​ចុងក្រោយ​នេះ​ឯង​ ដែលជា​ចំណោទ​ស្នូល​រុញ​ច្រាន​ឱ្យ​រដ្ឋាភិបាល​កាតាឡូញ៉ា ចង់​ទាមទារ​ឯករាជ្យ​កាន់​តែ​ខ្លាំង។ កាតាឡូញ៉ា ជា​តំបន់​មាន​បាន​ជាងគេ​បំផុត​​របស់​អេស្ប៉ាញផង ​ជា​តំបន់​មហាឧស្សាហកម្ម​ដ៏​ធំ​ជាងគេ​របស់​ប្រទេស​ទៀត។ មាន​ប្រជាជាតិ​តំណាង​ឱ្យ​១៦%​នៃ​ប្រជាជន​សរុប​អេស្ប៉ាញ​មែន តែ​កាតាឡូញ៉ា អាច​ផលិត​និង​ផ្តល់​ភាព​មាន​បាន​ដល់​ប្រទេស​ដល់​ទៅ​២០%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ កាតាឡូញ៉ា លែង​ចង់​ចែក​រំលែក​ភាព​មានបាន​របស់ខ្លួន​ ទៅឱ្យ​​តំបន់​ផ្សេង​ទៀត​របស់​អេស្ប៉ាញ​ហើយ​ ទើប​ត្រូវ​ការ​ទាមទារ​ឯករាជ្យ​ដូច្នេះ។ នេះ​ជា​ហេតុ​ផលចំបង​ទី​មួយ !

នៅ​មាន​ហេតុផល​មួយ​ទៀ​តគឺ​នយោបាយ ! ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ ក្រុម​អ្នកឯករាជ្យ​និយម កាន់​​កើន​សំឡេង​ច្រើនឡើងៗ។ នៅ​ឆ្នាំ​២០១៥ ក្រុមនេះ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​កាតាឡូញ៉ា។ កាលពី​មុន​កាតាឡូញ៉ា​ត្រូវការ​ការ​គាំទ្រ​ពី​បក្ស​សង្គម​និយម ដើម្បី​បាន​ស្វយ័តភាព​ និង​បាន​ទទួល​លក្ខន្តិកៈ​​ជា​ “ជាតិ” ​មួយនៅ​ក្នុង​រដ្ឋ​អេស្ប៉ាញ។ ប៉ុន្តែ​លក្ខន្តិកៈ​នេះ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ នៅ​ឆ្នាំ​២០១០ ដោយ​តុលាការធម្មនុញ្ញ តាម​សំណើ​របស់​បក្ស​ប្រជាជន​អេស្ប៉ាញ​។ ការ​សម្រេចបែប​នេះ​ជា​ទង្វើ​ក្បត់​ពលរដ្ឋ​កាតាឡូញ៉ា ! ហេតុដូច្នេះ​ហើយ​បាន​ជា​កាតាឡូញ៉ា​ផុស​គំនិត​កាន់​តែ​ចង់​ទាមទារ​ឯករាជ្យ​ខ្លាំងឡើងៗ និង​បាន​រៀប​ចំ​ប្រជាមតិ ជា​និម្មិត្តរូប​ ​ម្តង​កាលពី​ឆ្នាំ​២០១៤ ដែល​៨០%​នៃ​ពលរដ្ឋ​កាតាឡូញ៉ា​ ឆ្លើយ​ព្រម​ទាមទារ​ឯករាជ្យ តែ​ចំនួន​អ្នក​ចូល​រួម​បោះឆ្នោត​មាន​ត្រឹម​តែ​៣៣%​ប៉ុណ្ណោះ។ លទ្ធផល​នោះ​មិន​ត្រូវ​បាន​យក​ជាការ​ទេ ! អញ្ចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា​ តាំង​ចិត្ត​ត្រូវ​រៀប​ចំ​ប្រជាមតិ​ម្តង​ទៀត​នៅ​ថ្ងៃ​នេះ។

​កាតាឡូញ៉ា​ក្រោយ​ប្រជាមតិ

ចង់​ឬ​មិន​ចង់ រវាង​អេស្ប៉ាញ​និង​កាតាឡូញ៉ា ​ប្រៀប​ដូច​ជា​ចាន​ដែល​ប្រេះ​ស្រាំ​ហើយ គឺ​​មិន​អាច​រលុបស្នាម​បាន​ទេ។ នា​ពេល​នេះ​ក្នុង​ខួរ​​ក្បាល​របស់​អាជ្ញាធរ​កាតាឡូញ៉ា គេ​ស្រមៃ​ឃើញ​ច្រក​តែ​មួយ​គត់​គឺ​ដើរ​ចេញ​ពី​ក្រញ៉ាំ​អេស្ប៉ាញ។ ប្រជាមតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក ! ចម្លើយ​ថា​ “ព្រម” នឹង​ឈ្នះ​ ហើយ​៤៨​ម៉ោង​ក្រោយ​លទ្ធផល​ កាតាឡូញ៉ា នឹង​ប្រកាស​ឯករាជ្យ ! នេះ​ជា​ការ​អះអាង​របស់​ប្រមុខ​ការទុត​តំបន់។

ប៉ុន្តែ​រាល់​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាតាឡូញ៉ា ទំនង​ជា​​គ្មាន​នរណា​ទទួល​ស្គាល់​ទេ។ ឯករាជ្យ​កាតាឡូញ៉ា​មិន​អាច​កើត​មាន​បាន​ទេ ! គេ​ទំនង​ជា​ត្រូវ​រង់​ចាំ​ពេល​យូរ​ទៀត​ ១០​ឬ​២០​ឆ្នាំ​អី​ទៀត ក្រែង​អាច​ទៅ​រួច​ខ្លះ ! ទាល់​តែ​មាន​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល​ក្រុងម៉ាឌ្រីដ ព្រម​ឱ្យ​កាតាឡូញ៉ា​រៀប​ចំ​ប្រជាមតិ​ស្រប​ច្បាប់។ ហើយ​ពេល​នោះ​អេស្ប៉ាញ​នឹង​អាច​ក្លាយ​ជា​ប្រទេស​សហព័ន្ធ​ពហុជាតិ​ ​តាម​គំរូតំបន់​កេប៉ិច របស់កាណាដា ឬ​អេកូសអង់គ្លេស​​។

​លទ្ធផល​ថ្ងៃនេះ​បាន​ត្រឹម​តែ​បញ្ជាក់​ថា វិបត្តិ​សង្គម និង​នយោបាយ​ កំពុង​ពុះ​ហែក​អេស្ប៉ាញ។ ដំបៅ​នយោបាយ​នេះ​ជ្រៅ ព្រម​ទាំង​ចុក​ចាប់​ខ្លាំង ណាស់​សម្រាប់​អេស្ប៉ាញ​ និង​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិ​​​អេស្ប៉ាញ​ប្រជាធិបតេយ្យ​ (គិត​ចាប់​ពី​ឆ្នាំ​១៩៧៥មក) និង​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​តែ​ម្តង ប្រសិន​បើ​​ លទ្ធផល​ឈ្នះ​មាន​ខ្លាំង និង​មាន​ការ​ចូល​រួម​ច្រើន !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ