អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​ប្រជាមតិ​ អេស្ប៉ាញ​និង​​កាតាឡូញ៉ា​មាន​អនាគត​មិន​ជាក់លាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចម្លើយ​ “ព្រម” ចង់ទាមទារ​​​ឯករាជ្យ​​តំបន់​កាតាឡូញ៉ា បាន​ឈ្នះ​នាំ​មុខ​ដាច់​នៅ​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃ​ទី ១ តុលា​ម្សិលមិញ។ បើ​តាម​អាជ្ញាធរ​តំបន់ ការ​ឈ្នះ​មាន​កំរិត​ដល់​ទៅ​៩០%។ ប៉ុន្តែប្រជាមតិ​ខុស​ច្បាប់ និង​​ហាមឃាត់​ ​ដោយរដ្ឋាភិបាល​​ក្រុង​ម៉ាឌ្រីដនេះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ដ៏​ហិង្សា ដែល​អាច​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​ពិបាក​ស្មាន​បំផុត។ រដ្ឋាភិបាល​អេស្ប៉ាញ​និង​អាជ្ញាធរ​គ្រប់​គ្រង​តំបន់​កាតាឡូញ៉ា បន្ត​ប្រឈម​មុខ​ដាក់គ្នា ស្រែក​យក​ឈ្នះ​រៀង​ខ្លួនៗ !

ជនកាតាឡូញ៉ា​អបអរ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ខុស​ច្បាប់
ជនកាតាឡូញ៉ា​អបអរ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ខុស​ច្បាប់ REUTERS/Jon Nazca
ផ្សាយពាណិជ្ជកម្ម

ប្រជាមតិ​ក្នុង​ផ្ទៃនៃ​អំពើ​ហិង្សា

ម្សិលមិញ​នេះ តំបន់​កាតាឡូញ៉ា បាន​ស្គាល់​ភាព​ហិង្សា​​យ៉ាង​ខ្លាំង ! ​អាជ្ញាធរ​កាតាឡូញ៉ា ជំនះ​​រៀប​ចំ​ប្រជាមតិ បើទោះ​បី​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​បញ្ជូន​កម្លាំង​ប៉ូលិស​មក​បិទ​ការិយាល័យ​បោះឆ្នោត​អស់​ជាង​ពាក់​កណ្តាល​ក៏​ដោយ​ ក៏​ការ​បោះឆ្នោត​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​បាន​ទៀត។

ជោគជ័យ​មួយ​ទៀត គឺ​សន្ទុះ​នៃ​ការ​ចង់​ចូល​រួម​បោះឆ្នោត។ តាម​ការ​ពិត​ទៅ​បើនិយាយ​អំពី​ចំនួន​អ្នក​ចូល​រួម និង​លទ្ធផល​តែ​ម្តង​ គេ​ពិបាក​នឹង​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ណាស់​ ព្រោះ​ដោយ​សារ​អន្តរាគមន៍​រារាំង​របស់​រដ្ឋាភិបាល គេ​មិនអាច​​ដឹង​ថា នៅ​ក្នុង​ចំណោម​ប្រជាជន​៥​លាន​នាក់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ប៉ុន្មាន​ចូល​រួម ហើយ​​មាន​ការិយាល័យ​បោះឆ្នោត​ប៉ុន្មានបាន​ដំណើរការទេ។ ខាង​រដ្ឋាភិបាល​ក៏​បាន​បិទ​ខ្ទប់កម្មវិធី​រាប់​សន្លឹក​ឆ្នោត​តាម​​ប្រព័ន្ធ​អ៊ីនធ័រនែត​។ សុពលភាព​នៃ​ការបោះឆ្នោត​អាច​នឹង​ត្រូវ​គេបន្ទោស​ថា​ពិបាក​ទុកចិត្ត​។ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​តំបន់ កាតាឡូញ៉ាបានធ្វើ​អ្វី​ដែល​ជា​សិទ្ធិរបស់​គេ​ ដែល​ជា​ការបញ្ចេញ​យោបល់​ មិនពេញ​លេញ​មែន​តែ​ក៏​ក្នុង​ទម្រង់​ជា​ប្រជាមតិដែរ។ នេះ​ហើយ​ជា​ជ័យ​ជំនះ ! អាជ្ញាធរកាតាឡូញ៉ា​​ប្រកាស​ថា​ ​មាន​ពលរដ្ឋ​ដល់​ទៅ​ជាង​៤២%​បាន​ទៅ​បោះឆ្នោត​បាន ក្នុង​នោះ​៩០%​ បាន​គាំទ្រ​ការ​ទាមទារ​ឯករាជ្យ។

អ្នក​ដែល​ចាញ់ខ្លាំង​ គឺប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ​លោក​Mariano Rajoy ៖ មិន​អាច​រារាំង​ការ​បោះឆ្នោត​បាន​ហើយ និង​ថែម​ទាំង​បាន​បន្សល់​ទុក​នូវភាព​ហិង្សា​ដ៏​អាក្រក់​ របស់​ប៉ូលិស​ ផ្សព្វផ្សាយ​ពេញ​ពិភពលោក។

កាតាឡូញ៉ា​នឹង​ប្រកាស​ឯករាជ្យ ?

កាតាឡូញ៉ា ត្រូវ​ឆ្លង​កាត់​វិញ្ញាសា​ស្មុគស្មាញ​មួយ​ចំនួន​ទៀត​សិន ដោយ​មាន​ជម្រើស​រវាង​ទី​មួយ ប្រកាស​រៀប​ចំ​បោះឆ្នោត​សភា​មុន​អាណត្តិ ដោយ​សង្ឃឹម​ថា​នឹង​អាច​បាន​ទទួល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា ឬ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​កាតាឡូញ៉ា ធ្វើ​អ្វី​ដូច​ដែល​បាន​សន្យា គឺ​ស្នើ​សុំ​សភា​តំបន់​កាតាឡូញ៉ា ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​តែ​ម្តង។

យោង​តាម​អត្ថបទ​ច្បាប់​អនុម័ត​នៅ​ថ្ងៃទី ៦ កញ្ញា ដោយ​ក្រុម​អ្នក​ផ្តាច់​ទឹក​និយម​ ឯករាជ្យ​នឹង​ត្រូវ​ប្រកាស​នៅ​៤៨​ម៉ោង ក្រោយ​លទ្ធផល​ប្រជាមតិ « ព្រម” ឈ្នះ ពោល​គឺ​នៅ​ថ្ងៃទី ពុធ​ទី​៤ តុលា។ បន្ទាប់​មក​នឹង​មាន​ ដំណើរការកម្មវិធី​​​ផ្តាច់​ខ្លួនចេញ​ពី​អេស្ប៉ាញ ជា​មួយ​គ្រប់​ភាគី​បក្ស​នយោបាយ និង​រដ្ឋ ដូច​អ្វី​ដែល​មាន​ធ្វើ​ក្នុង​ករណី​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប។

បើ​រដ្ឋាភិបាល​កាតាឡូញ៉ា​ ធ្វើ​បែប​នេះ​មែន​ នោះមិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ ! អ្វី​ដែល​ច្បាស់​គឺ​រដ្ឋាភិបាល​អេស្ប៉ាញ​ពិត​ជា​មិន​យល់ និង​ធ្វើការ​ប្រឆាំង​ជា​ដាច់​ខាត​ហើយ។

​​រដ្ឋាភិបាល​អេស្ប៉ាញ​​​អាច​ប្រឆាំង​ជំទាស់​បាន​យ៉ាង​ដូចម្តេច​​ខ្លះ?

រដ្ឋាភិបាល​អេស្ប៉ាញ​ ជា​អំណាច​កណ្តាល​ របស់​ប្រទេស ! ថ្វី​បើ​ពេល​នេះ លោកប្រមុខ​រដ្ឋាភិបាល​ Mariano Rajoy ហាក់​ដូច​ជា​ឯកា និង​រង​ការ​បន្ទោស​ ថា​ទន់​ខ្សោយ​ និងអសមត្ថភាព មែន ប៉ុន្តែ​លោក​ច្បាស់​ជា​មិន​នៅ​ស្ងៀម បណ្តោយ​ឱ្យ​កាតាឡូញ៉ា ប្រកាស​ឯករាជ្យ​​ដោយ​ស្រួលៗ​ឡើយ។ រដ្ឋាភិបាល​ម៉ាឌ្រីដ​មិន​ដែល​នឹក​ឃើញ​ចង់​ឱ្យ​​មាន​ប្រជាមតិ​ស្វ័យប្រកាស​ឯករាជ្យទេ ហើយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏​មិន​អនុញ្ញាត បក្ស​នយោបាយ​អ្នក​ដឹកនាំ​ប្រទេស​ក៏​គ្មាន​គំនិត​ចង់​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញក្នុង​ផ្លូវ​នោះ​​ដែរ។

ដូច្នេះ ប្រសិនបើ​កាតាឡូញ៉ា​ប្រកាស​ផ្តាច់​ខ្លួន​មែន នោះ​ រដ្ឋាភិបាល​ម៉ាឌ្រីដ​​នឹង​ប្រើ​ច្បាប់​ជា​អាវុធ។ ច្បាប់​ដែលអនុញ្ញាត​ឱ្យ​អេស្ប៉ាញ​​​ព្យួរ​ស្វ័យភាព​របស់​តំបន់​ និងត្រលប់​មក​គ្រប់គ្រង​​ប៉ូលិស​តំបន់​ដោយ​ខ្លួន​ឯង​វិញ។

ការ​ប្រកាស​ឯករាជ្យរបស់​កាតាឡូញ៉ា ក៏​ជា​ឱកាស​អនុញ្ញាត​ឱ្យ​តុលាការ​ចាប់​ផ្តើម​ដំណើរការ​ នីតិវិធីចាប់​ខ្លួន លោកCarles Puigdemont ប្រមុខ​រដ្ឋាភិបាលកាតាឡូញ៉ា​ និង​សមាជិករដ្ឋាភិបាល​កាតាឡូញ៉ា​ផ្សេង​ទៀត។ ព្រោះ​រដ្ឋាភិបាល​កាតាឡូញ៉ា​នេះ កំពុង​ជាប់​អង្កេត​ព្រហ្មទណ្ឌ ពី​បទ “មិនគោរព​ច្បាប់” “បង្វិលថវិការដ្ឋ” យក​ទៅ​រៀប​ចំ​ការ​បោះឆ្នោត​ប្រជាមតិ ដែល​ហាមឃាត់​ដោយ​តុលាការ។

ដូច្នេះ​បើ​ដល់​ដំណាក់កាល​នោះ ច្បាប់​ប្រទេស​នឹង​ត្រូវ​ជា​អ្នក​ឈ្នះ ​តំបន់​ជា​អ្នក​ចាញ់​ ! តែ​គេ​ត្រូវ​ការ​ពេលវេលា​យូរ​សម្រាប់​ផ្សះផ្សា​និង​បំបាត់ស្នាម​បែក​បាក់​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ