អានតួអត្ថបទ
បារាំង

បារាំង​បង្កើត​​កម្មវិធីដែល​នឹង​​កាត់បន្ថយ​ការខ្ជះខ្ជាយ​ចំណី​អាហារ

នៅក្នុង​ទិសដៅ ប្រយុទ្ធប្រឆាំង​នឹង​ការខ្ជះខ្ជាយ បោះចោល​ចំណី​អាហារ ទៅ​ក្នុង​ធុង​សំរាម បារាំង​បាន​បង្កើត​កម្មវិធី​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ហាងទំនិញ​លក់​អាហារ អាច​ទាក់ទង​ជាមួយ​សមាគម​ដែល​ធ្វើការ​ទៅលើ​ផ្នែក​មនុស្សធម៌ ផ្តល់​ចំណី​អាហារ ដល់​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត ឬ​អ្នកដែល​រស់នៅ​តាម​ផ្លូវ គ្មានជម្រក​នៅក្នុង​ប្រទេស​បារាំង។ កម្មវិធី The Food Life​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ ចាប់​ពី​ថ្ងៃ​ចន្ទ ទី ១៦ តុលា ដែល​ជា​ទិវា​ចំណី​អាហារ​ពិភពលោក។

យុទ្ធនាការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការខ្ជះខ្ជាយ​ចំណី​អាហារ​នៅ​តាម​ហាងលក់​ទំនិញ​នៅ​ប្រទេស​បារាំង
យុទ្ធនាការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការខ្ជះខ្ជាយ​ចំណី​អាហារ​នៅ​តាម​ហាងលក់​ទំនិញ​នៅ​ប្រទេស​បារាំង AFP PHOTO MYCHELE DANIAU
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង គេ​វាយតម្លៃ​ថា ហាង​ទំនិញ​នីមួយៗ បោះ​ចោល ក្នុង​ធុងសំរាម ចំណីអាហារ យ៉ាង​ហោច ៥០គីឡូក្រាម ក្នុង​មួយថ្ងៃ ក្នុង​ពេល​ដែល​ប្រជាជន​បារាំង រាប់លាន​នាក់ ជាពិសេស នៅ​ខ្វះខាត រក​តែ​នំប៉័ង​សម្រាប់​បំពេញ​ក្រពះ​សឹងមិនបាន។ គឺ​នៅក្នុង​ទិសដៅ កាត់បន្ថយ​គំលាត ចន្លោះ​ខ្វះខាតនេះ ដែល មន្ត្រី​ម្នាក់​របស់​សាលាក្រុង​Courbevoie នៅ​ជាយក្រុង​ប៉ារីស បាន​បង្កើត​កម្មវិធី The Food Life​នេះឡើង។

កម្មវិធី​ The Food Life ដែល​អាច​ថតទុក​ពី​ក្នុង​Apple Store ឬ Play Store របស់​ក្រុមហ៊ុន​Google​នឹង​មាន​ដាក់បង្ហាញ ផែនទី​បារាំង ដែលនៅក្នុង​នោះ មាន​រាយឈ្មោះ​របស់​ហាងទំនិញ លក់​គ្រឿង​បរិភោគប្រមាណ ៧ពាន់ ក្នុង​ប្រទេស​បារាំង។ ហាងទំនិញ ដែល​មាន​ទំហំ ពី​៤០០ម៉ែត្រ​ការ៉េ ឡើងទៅ រហូត​ដល់​២៥០០​ម៉ែត្រ​ការ៉េ ត្រូវ​ចុះឈ្មោះ ដាក់​លេខ​ទូរស័ព្ទ និង​បរិមាណ​ចំណីអាហារ​ដែល នៅ​សល់ ឬ ហួស​កំណត់ថ្ងៃ​បរិភោគ ដែល​ហាង​លក់លែង​កើត។ ហាង​ទំនិញ​ទាំងនោះ​ត្រូវ​បញ្ជាក់​ផងដែរ ម៉ោង ដែល​គេ​អាច​ចុះ​ទៅ​ប្រមូល​ចំណី​អាហារ​ដែល​នៅ​សល់ លក់​លែង​បាន នៅ​តាមហាង។ តាមរយៈ​ព័ត៌មាន​ដែល​ហាងទំនិញ​ចុះ នៅក្នុង កម្មវិធី The Food Life សមាគម​អាច​ទៅ​ប្រមូល​ចំណីអាហារ​ទាំងនោះ ដើម្បី​យក​ចែកចាយ​បន្ត​ទៀត​ទៅ​ដល់​ប្រជាជន​ដែល​មានជីវភាព​ខ្វះខាត។

យោងតាម​ ច្បាប់​ប្រយុទ្ធប្រឆាំង​ការខ្ជះខ្ជាយ​ចំណីអាហារ​ដែល​ត្រូវ​បានបោះឆ្នោត​អនុម័ត នៅ​ឆ្នាំ ២០១៦ ហាង​ទំនិញ ដែល​បដិសេធ មិន​ផ្តល់​អាហារ ដែល​នៅសល់ ឬ គ្រឿងបរិភោគ ដែល​ហួសកាលកំណត់ ដល់​សមាគម ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល នឹង​ប្រឈម​នឹង​ការពិន័យ​ជាប្រាក់ ៣៧៥០​អឺរ៉ូ។

នៅ​បារាំង សមាគម​ក្នុងស្រុក​ប្រមាណ ៥ពាន់ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ដើរប្រមូល​ចំណី​អាហារ​ដែល​នៅ​សល់ ពី​ហាង​លក់​ទំនិញ។ ប៉ុន្តែ កន្លងមក ក្នុង​ហេតុផល​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ប៉ះពាល់​សុខភាព​ដោយសារ​តែ​អាហារ​នៅ​សល់ ឬ​ហួសកាល​កំណត់ ហាងទំនិញ ជា​ច្រើន​ ចាក់​ក្នុង​ធុងសំរាម ចំណី​អាហារ ដែលគេ​មិន​អាច​លក់បាន (ហាង​ខ្លះ​បាន​ចាក់​ទឹកអាស៊ីដ ដើម្បី​បំផ្លាញ ទាំងស្រុង កុំ​ឲ្យ​គេ​អាច​យក​ទៅ​បរិភោគ​បាន)។ លោក​Arash Derambqrsh មន្រ្តី​សាលាក្រុង Courbevoie ដែល​ជា​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​កម្មវិធី The Food Life សង្ឃឹម​ចង់​ពង្រីក​ការប្រើប្រាស់​កម្មវិធី​ដើរប្រមូល​ចំណីអាហារ ដែល​នៅ​សល់ នៅ​តាម​ហាង នៅ​ក្នុង​ទំហ​សហភាពអឺរ៉ុប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ