អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា តើ​នឹង​មាន​អ្វី​កើត​ឡើង​នា​ពេល​ខាង​មុខ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទីបំផុត​នា​ថ្ងៃ​សុក្រទី២៧ តុលា សភា​នៅ​តំបន់​កាតាឡូញ៉ា​ដែល​ជា​តំបន់​ស្វយ័ត​របស់​ប្រទេស​អេស្ប៉ាញ​បាន​បោះឆ្នោត​ប្រកាស​ឯករាជ្យ​ជា​ឯកតាភាគី​ផ្តាច់ខ្លួន​ចេញ​ពី​រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ។ ប្រតិកម្ម​ភ្លាមៗ ព្រឹទ្ធសភា​អេស្ប៉ាញ​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​អនុវត្ត​មាត្រាទី១៥៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​យក​តំបន់​កាតាឡូញ៉ា​មក​គ្រប់គ្រង​វិញ។ ទន្ទឹម​គ្នា​នេះ លោក​នាយករដ្ឋមន្រ្តី​អេស្បាញ Mariano Rajoy បាន​ប្រកាស​រំលាយ​រដ្ឋបាល និង​សភា​កាតាឡូញ៉ា រួច​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃទី២១ ធ្នូ​ខាង​មុខ។ ចំណែក​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​ដោយ​ចាត់​ទុក​ទីក្រុង​ម៉ាឌ្រីដ​ជា​ដៃគូ​តែ​មួយ​គត់​នៅ​ក្នុង​អឺរ៉ុប។

ពលរដ្ឋ​កាតាឡូញ៉ា​ដែល​គាំទ្រ​​ឯករាជ្យ​បាន​សាទរ ​ក្រោយ​សភា​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យ​ជា​ឯតោភាគី
ពលរដ្ឋ​កាតាឡូញ៉ា​ដែល​គាំទ្រ​​ឯករាជ្យ​បាន​សាទរ ​ក្រោយ​សភា​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យ​ជា​ឯតោភាគី REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

គេ​ពិបាក​ផ្តល់​ចម្លើយ​មួយ​ទៅ​នឹង​សំណួរ​ថា តើ​ការ​ប្រកាស​ឯករាជ្យ​ជា​ឯកតាភាគី​របស់​សភា​កាតាឡូញ៉ា​ពេល​នេះ​មាន​តម្លៃ​កម្រិត​ណា​នោះ ព្រោះ​ដូច​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យភាព​របស់​ពលរដ្ឋ​កាតាឡូញ៉ា​ក្នុង​ថ្ងៃទី១ តុលា​ដែល​មាន​ពលរដ្ឋ​កាតាឡូញ៉ា​ប្រមាណ​ជា ៩០% បោះឆ្នោត​ចង់​បាន​ឯករាជ្យ តែ​មាន​អ្នក​ចូលរួម​តែ​៤៣% ប៉ុណ្ណោះ។ នៅ​លើក​នេះ សភា​កាតាឡូញ៉ា​បាន​បោះឆ្នោត​ដោយ​ប្រើ​សន្លឹក​ឆ្នោត​សម្ងាត់​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​ដោយ​មាន​សម្លេង​គាំទ្រ ៧០សម្លេង ប្រឆាំង ១០សម្លេង និង​អនុប្បវាទ ២សម្លេង។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រុម​អ្នកតំណាងរាស្រ្ត​បក្សប្រឆាំង​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។

ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ទាក់ទង​នឹង​តម្លៃ និង​ភាព​ជឿជាក់​នៃ​លទ្ធផល​​បោះឆ្នោត​របស់​សភា​កាតាឡូញ៉ា។ មួយ​វិញ​ទៀត ពលរដ្ឋ​កាតាឡូញ៉ា​ភាគ​ច្រើន ទាំង​អ្នក​ចង់​បាន​ឯករាជ្យ និង​មិន​ចង់​បាន​ឯករាជ្យ​មាន​បំណង​ឲ្យ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ឡើង​វិញ តែ​ប្រមុខ​ដឹកនាំ​កាតាឡូញ៉ា​លោក Carles Puigdemont មិន​យល់ព្រម។ ឥឡូវ​នេះ អ្វីៗ​ហាក់​ដូច​ជា​ជ្រុល​ខ្លួន និង​ដែល​ពលរដ្ឋ​កាតាឡូញ៉ា​ទាមទារ​ឯករាជ្យ​បាន​ស្នើ​ឲ្យ​បើក​កិច្ចចរចា​ភ្លាម​ជាមួយ​រដ្ឋអំណាច​អេស្ប៉ាញ។ ជំហាន​ដំបូង គេ​ចង់​ដាក់​តំបន់​កាតាឡូញ៉ា​ដែល​ទើប​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​ឲ្យ​ស្ថិត​នៅ​ក្រៅ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​អេស្ប៉ាញ។

ជំហាន​បន្ទាប់ គេ​ចង់​ឲ្យ​គិតគូរ​ពី​ការ​បង្កើត​លិខិតឆ្លងដែន អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​ពីរ បង្កើត​ឲ្យ​មាន​សេវា​សាធារណៈ​កាតាឡូញ៉ា បង្កើត​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​សម្រាប់​កាតាឡូញ៉ា ឬ​មួយ​ក៏​ចរចា​ជាមួយ​រដ្ឋអំណាច​អេស្បាញ​ក្នុង​រឿង​បំណុល​ជា​ដើម។

អេស្ប៉ាញ​ប្តេជ្ញា​ការពារ​នីតិរដ្ឋ និង​អធិបតេយ្យភាព

នៅ​ប៉ុន្មាន​ម៉ោង ក្រោយ​សភា​កាតាឡូញ៉ា​​បោះឆ្នោត​ប្រកាស​ឯករាជ្យ ព្រឹទ្ធសភា​អេស្ប៉ាញ​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​មាត្រាទី១៥៥​នៃ​រដ្ឋធម្មនុញ្ញ ហើយ​លោក​នាយករដ្ឋមន្រ្តី​អេស្បាញ Mariano Rajoy បាន​ប្រកាស​រំលាយ​រដ្ឋបាល និង​សភា​កាតាឡូញ៉ា រួច​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃទី២១ ធ្នូ​ខាង​មុខ។ លោក​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ Mariano Rajoy បាន​ថ្លែង​ថា ទីក្រុង​ម៉ាឌ្រីដ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​យក​តំបន់​ស្វយ័ត​មួយ​នេះ​ទៅ​គ្រប់គ្រង​វិញ​ដើម្បី​កសាង​នីតិរដ្ឋ​របស់​អេស្ប៉ាញ​ឡើង​វិញ។ ដើម្បី​អាច​ធ្វើ​ដូច​នេះ​បាន លោក Rajoy បាន​យក​ច្បាប់​រដ្ឋធម្មនុញ​ត្រង់​មាត្រា​ទី១៥៥ ទៅ​សំអាង​ដែល​ចែង​ថា ទីក្រុង​ម៉ាឌ្រីដ​មាន​សិទ្ធិ​ដក​ស្វ័យភាព​ពី​តំបន់​ណា​មួយ និង​យក​តំបន់​នោះ​មក​គ្រប់គ្រង​ឡើង​វិញ ប្រសិន​បើ​តំបន់​ស្វយ័ត​នោះ​បំពាន​ច្បាប់​រដ្ឋធម្មនុញ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ទូទៅ​របស់​ប្រទេស​អេស្ប៉ាញ។

ទន្ទឹម​នឹង​ការ​ប្រកាស​រំលាយ​រដ្ឋបាល និង​សភា​កាតាឡូញ៉ា លោក​នាយករដ្ឋមន្រ្តី​អេស្ប៉ាញ Rajoy ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ងៃ​រៀបចំ​បោះឆ្នោត​ថ្មី​នៅ​កាតាឡូញ៉ា​នា​ថ្ងៃទី២១ ធ្នូ​ខាង​មុខ។ ការ​បោះឆ្នោត​ដែល​លោក Rajoy បាន​សន្យា​រៀបចំ​ដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​ក្នុង​គោលដៅ​រៀបចំ​សណ្តាប់ធ្នាប់ និង​ច្បាប់​នៅ​តំបន់​កាតាឡូញ៉ា​ឡើង​វិញ​ដោយ​រក្សា​ទុក​ជា​តំបន់​ស្វយ័ត​ដដែល ពោល​មិន​ព្យួរ​ស្វ័យភាព​របស់​វា​ទេ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​បោះឆ្នោត ទីក្រុង​ម៉ាឌ្រីដ​គ្រប់គ្រង និង​ចាត់​ចែង​លើ​ការងារ​ប្រចាំថ្ងៃ​នៅ​តំបន់​កាតាឡូញ៉ា ពិសេស​គ្រប់គ្រង​លើ​កម្លាំងប៉ូលិស ព្រោះ​លោក Rajoy ទើប​បាន​ដក​តំណែង​មេប៉ូលិស​កាតាឡូញ៉ា។

វិធានការ​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ Mariano Rajoy ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិនមែន​ងាយ​ស្រួល​អនុវត្ត​ដូច​ដែល​លោក​ចង់​បាន​នោះ​ទេ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​នោះ​គឺ​ថា បើ​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​លោក Carles Puigdemont មិន​ព្រម​ស្តាប់​តាម​វិធានការ​របស់​លោក Rajoy និង​មិន​ព្រម​ចុះចេញ​ពី​តំណែង តើ​លោក Rajoy គិត​យ៉ាង​ម៉េច?។ យ៉ាង​ណា​ក៏​ដោយ តុលាការ​អេស្ប៉ាញ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​បំណង​ចង់​ប្តឹង​លោក Puigdemont ក្នុង​បទ​រៀបចំ​ការ​បះបោរ និង​ដែល​​ទង្វើ​មួយ​នេះ​អាច​នឹង​ដេក​រហូត​ដល់​ទៅ ៣០ឆ្នាំ។

តំបន់​កាតាឡូញ៉ា​កំពុង​ស្ថិត​ឯកោ

ប្រទេស​ភាគ​ច្រើន​ក្នុង​លោក​មិន​បាន​គាំទ្រ​លើ​ការ​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​របស់​តំបន់​កាតាឡូញ៉ា​ពេល​នេះ​ទេ។ សហភាព​អឺរ៉ុប​មិន​ចង់​ឃើញ​សមាជិក​របស់​ខ្លួន​ទទួល​រង​ការ​បាត់បង់​ទឹកដី និង​បាន​បញ្ជាក់​ជា​ថ្មី​ថា អេស្ប៉ាញ​បន្ត​ជា​ដៃគូ​ចរចា​តែ​មួយ​គត់​របស់​ខ្លួន​សម្រាប់​ពេល​នេះ និង​ត​ទៅ​ថ្ងៃ​អនាគត។ លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ថ្លែង​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​ថា ការ​បោះឆ្នោត​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​របស់​សភា​កាតាឡូញ៉ា​នឹង​គ្មាន​អ្វី​ផ្លាស់ប្តូរ​សម្រាប់​អឺរ៉ុប​ទេ។

ចំណែក​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker ដែល​រួម​ដំណើរ​ទស្សនកិច្ច​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ក្នុង​ដែនដី​បារាំង Guyane បាន​យល់​ឃើញ​ថា អ្វី​ដែល​បាន​កើត​ឡើង​នៅ​អេស្ប៉ាញ​ពេល​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​អេស្ប៉ាញ តែ​លោក​ក៏​មិន​ចង់​ឃើញ​អឺរ៉ុប​ត្រូវ​បន្ថែម​សមាជិក​ថ្មី​ពី​ការ​បែកបាក់​នៅ​ក្នុង​ប្រទេស​សមាជិក​ណា​មួយ​ដែរ។ ក្តីបារម្ភ​មួយ​នេះ​ក៏​មាន​ពី​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ប្រកាស​មិន​ទទួល​ស្គាល់​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា និង​ថា អធិបតេយ្យភាព​របស់​អេស្ប៉ាញ​មិន​អាច​រំលោភបំពាន និង​បំបែក​បាន​ទេ។

នៅ​ក្នុង​ប្រទេស​អង់គ្លេស ទីក្រុង​ឡុងដ៏​ក៏​បាន​ប្រកាស​មិន​ទទួល​ស្គាល់​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា។ ក្រៅ​ពី​អឺរ៉ុប ប្រតិកម្ម​ក៏​មាន​ពី​ប្រទេស​ផ្សេង ពិសេស​អាមេរិក​បាន​ប្រកាស​គាំទ្រ​លើ​ចំណាត់ការ​តាម​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​អេស្ប៉ាញ និង​បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ ក្រៅ​ពី​ផលវិបាក​នយោបាយ​ដែល​នឹង​កើត​មាន​នៅ​ក្នុង​តំបន់​កាតាឡូញ៉ា​នា​ពេល​ខាង​មុខ ក៏​នឹង​មាន​ផលវិបាក​សេដ្ឋកិច្ច​ដែរ។

ពិត​មែន​តែ​តំបន់​កាតាឡូញ៉ា​អាច​កសាង​អនាគត​ដោយ​ខ្លួន​បាន តែ​ភាព​ចម្រូងចម្រាស​រវាង​រដ្ឋអំណាច​អេស្ប៉ាញ និង​រដ្ឋអំណាច​កាតាឡូញ៉ា​នា​ប៉ុន្មាន​ខែ​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាស​ធំ តូច​ប្រមាណ​ជា ១ ៥០០ បាន​នាំ​គ្នា​រើ​ចេញ​ពី​តំបន់​កាតាឡូញ៉ា។ ចង់ ឬ​មិន​ចង់​នៅ​ចំពោះ​មុខ​អនាគត​នយោបាយ​ស្រពិចស្រពិល​នៅ​កាតាឡូញ៉ា​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ចង្វាក់​សេដ្ឋកិច្ច​មាន​ភាព​រអាក់រអួល​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ