អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូលត្រីភាគី រុស្ស៊ី-តួកគី-អ៊ីរ៉ង់ នៅក្រុងរុស្ស៊ី Sotchi ដើម្បី​រៀបរយ​សន្តិភាព​នៅ​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ២២វិច្ឆិកានេះ លោកប្រធានាធិបតីរុស្ស៊ី Vladimir Poutine ទទួលជួប ប្រធានាធិបតីតួកគី លោក Recep Erdogan និង ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rohani នៅក្រុង​រមណីយដ្ឋាន​រុស្ស៊ី Sotchi ដើម្បី​រៀបរយ​ដំណោះស្រាយ​ឲ្យ​ជម្លោះ​ក្នុងប្រទេស​ស៊ីរី សម្រាប់​អំឡុងពេល​វែងឆ្ងាយ​ទៅ​មុខ កាល ដែល​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត ដល់ពេល​ប្រព្រឹត្ត​ទៅ​មួយ​វគ្គ​ថ្មី​ទៀត កិច្ចចរចា នៅក្រុង​ហ្ស៊ឺណែវ ស្តីអំពី អនាគត​ប្រទេស​នេះ។ ចៅហ្វាយ​វិមាន​ក្រេមឡាំង ដែល​ជា​បង្អែក​ដ៏​មាំ​នៃ​របប​លោក ប្រធានាធិបតី បាស្ហារ អាល-អាសាដ មាន​បំណង​រៀបចំ​ប្រទេស​ស៊ីរី សម្រាប់​យុគ ក្រោយពី​សង្គ្រាម​ចប់ទៅ នៅទីនោះ នៅចំ​គ្រា​ដែល​របប​នេះ មាន​ការគាំទ្រពី​កងទ័ព​រុស្ស៊ី ចេះ​ដណ្តើម​បាន​មក​វិញ​នូវ​ដែនដី​មួយ​ភាគធំ នៃ​ប្រទេស​ស៊ីរី​ពី​ដៃ​ពួក​ឧទ្ទាម និង ពួកជីហាដ​នៃ​អង្គការ​ភេរវនិយម”រដ្ឋអ៊ីស្លាម”។ ឯភាគីប្រឆាំង​ស៊ីរី បាន​រួម​ប្រជុំ​ថ្ងៃនេះ នៅក្រុង Ryad ដើម្បី​តាក់តែង ឡើង​ជា​គោលជំហរ​រួម​ដែល​ត្រូវ​ប្រកាន់​យក សម្រាប់​ទៅ ចរចា ក្រុង​ហ្ស៊ឺណែវ នៅថ្ងៃ ២៨ វិច្ឆិកា​ខាងមុខ ដែល​នឹង​ប្រព្រឹត្ត​ទៅ ក្រោម​ការឧបត្ថម្ភ​នៃ​ប្រេសិត​វិសាមញ្ញ​អសប​ខាង​បញ្ហា​ស៊ីរី លោក Mistura។

ពីឆ្វេង​ទៅ​ស្តាំ ៖លោក​ Rouhani  ប្រធានាធិបតីអ៊ីរ៉ង់ លោក ពូទីន និង​ប្រធានាធិបតី​តួកគី  Erdogan នៅ Sochi
ពីឆ្វេង​ទៅ​ស្តាំ ៖លោក​ Rouhani ប្រធានាធិបតីអ៊ីរ៉ង់ លោក ពូទីន និង​ប្រធានាធិបតី​តួកគី Erdogan នៅ Sochi © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​នេះ រុស្ស៊ី​បាន​ដឹកនាំ​បើក​ជំនួប​កំពូល​មួយ​ថ្មី​ទៀត នៅ​ទីក្រុង​មាត់​សមុទ្ទ​របស់​រុស្ស៊ី ហៅ​ថា អង្គសមាជ​នៃ​កិច្ចសន្ទនា​អន្តរស៊ីរី ដែល​រុស្ស៊ី​បាន​បំផុស​ត្រៀម​រៀប​ចំ​តាំ​ងពី​ខែ​តុលា​មក​ម្ល៉េះ។ នៅ​ក្នុង​ឱកាស​ថ្លែង​បើក​ជំនួប​កំពូល​ត្រីភាគី លោក​ពូទីន បាន​បង្ហាញ​សុទិដ្ឋិនិយម​ និង​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ថា​គេ​អាច​មានសំណាង​ច្រើន​នឹង​បិទ​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី​បាន។ តែ​លោក​ពូទីន បាន​ទទូច​ឱ្យ​គ្រប់​​ភាគី​​ទាំង​អស់​ព្រម​ធ្វើ​សម្បទាន​រៀង​ខ្លួនៗ។

កាលពី​បី​ថ្ងៃ​មុន​ ពី​ប្រទេស​តួកគី ប្រមុខ​ការទូត​នៃ​៣​ប្រទេស​នេះ (រុស្ស៊ី អ៊ីរ៉ង់ តួកគី) បាន​ព្រមព្រៀង​គ្នា​លើ​ស្ទើរ​គ្រប់​ចំណុច​គន្លឹះៗ និង​បានសម្រប​យោបល់​គ្នា​រួច​ហើយ​ស្តី​អំពី​​​អនុសាសន៍ សម្រាប់​មក​យក​អនុម័ត​នៅ​​អង្គសមាជ​នេះ។ រុស្ស៊ី​និង​អ៊ីរ៉ង់ ជា​សម្ព័ន្ធមិត្ត​គាំទ្រ​របប​លោក​អាសាដ ចំណែក​តួកគី​ជា​អ្នក​គាំទ្រភាគី​ប្រឆាំង ធ្លាប់​បាន​ធ្វើការ​រួម​គ្នា​និ​ងដឹកនាំ​​ប្រជុំ​ដោះស្រាយ​វិបត្តិ​ស៊ីរី​ម្តង​រួច​ហើយ ដោយ​បាន​រក​​ឃើញកិច្ចព្រមព្រៀង​មួយ​ បង្កើត​តំបន់​គ្មាន​ការ​ប្រយុទ្ធ​បួន​កន្លែង​។ ​បើ​តាម​ប្រទេសទាំង​បី ស្ថានការណ៍​ប្រទេស​ស៊ីរី បាន​ឈាន​ដល់​ដំណាក់​កាល​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ ហើយ​សង្កេត​ឃើញ មាន​ការ​ធ្លាក់​ចុះ​នៃ​កំរិត​ហិង្សា​​តាន​តឹង​លើ​សមរភូមិ និង​បាន​នាំ​ភាគី​បក្សដិបក្ស​ឱ្យ​ចូល​តុ​ចរចា។

សម្រាប់​ជំនួប​​នៅ​ថ្ងៃ​នេះទៀត ខាង​កង​អគ្គសេនាធិការ​របស់​កងទ័ព​រុស្ស៊ី តួគគី អ៊ីរ៉ង់ បាន​ព្រមព្រៀង​គ្នា​រួច​ទៅ​ហើយ​លើ​វិធានការ​ សម្រាប់​បង្កើន​កំរិត​ការ​សម្របសម្រួលកម្លាំង​​គ្នា នៅ​ត្រង់​តំបន់​សន្តិសុខស៊ីរី ព្រមទាំង​បាន​តាក់តែង​ជំហាន​ជាក់លាក់​ឆ្ពោះទៅកម្ទេចពួក​អង្គការ​រដ្ឋ​អ៊ីសា្លម ដែល​នៅ​សេសសល់។

ទន្ទឹម​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ជំនួប​ប្រជុំ​ត្រីភាគី​នេះ លោក​ពូទីន​ក៏​បានទទួល​​ជួប​​​លោក អាសាដ និង​បាន​ជជែក​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ​ទៀត។ គូភាគី​ទាំង​ពីរ បានឯកភាព​គោរពនូវ​អធិបតេយ្យ ឯករាជ្យ និង​​បូរណភាព​ដែនដី​ស៊ីរី ព្រមទាំង​កម្ចាត់កម្ចាយ​ពួកអង្គការ​រដ្ឋអ៊ីស្លាម​ ភេរវនិយម​ឱ្យ​ដល់​ឬសគល់។

ទាក់ទង​នឹង​ជោគវាសនា​ លោកប្រធានាធិបតី​ បាស្ហារ អាល់ អាសាដ ម៉ូស្គូយល់​ថា​ជា​បុព្វសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ស៊ីរី ដោយ​គ្មាន​ការ​អារកាត់​និង​ជ្រៀតជ្រែក​ពី​ក្រៅ។

ពី​មុន​មក​រាល់​គ្រប់​គំនិត​ផ្តួចផ្តើម​រក​សន្តិភាព​ស៊ីរី តែង​ត្រូវ​ជាប់​គាំង ត្រង់​ជោគវាសនា​លោក អាសាដ​នេះឯង ប៉ុន្តែ​សង្គ្រាម​ស៊ីរី ដែល​បាន​សម្លាប់​ជីវិតមនុស្ស​អស់​ជាង​៣៣​ម៉ឺន​នាក់​ បាន​ដើរ​មក​ដល់​របត់​ថ្មី ៖ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​បរាជ័យ​ផ្ទួនៗ​និង​ស្ទើរ​តែ​ទាំង​ស្រុង ភាគី​ប្រឆាំង​ស៊ីរី​បន្ត​បែងខ្ញែក​​ កំពុង​ជួប​ប្រជុំ​គ្នា​​នៅ​ទីក្រុង​រីយ៉ាដ ដើម្បី​រក​តំណាង​រួម និង​សក្តិសម​ សម្រាប់​ចូល​ទៅ​ចរចា​​នៅ​សប្តាហ៍​ក្រោយ ឯ​ខាង​រដ្ឋាភិបាល​ស៊ីរី ហាក់​ដូច​ជា​មានប្រៀប​ជាង​គេ មាន​​រចនា​សម្ព័ន្ធ​រឹង​មាំ​ជាង​គ្នា ក្នុង​ធានា​រ៉ាប់រង​សន្តិសុខ​និង​សុវត្ថិភាព​ប្រទេស គួរ​ឱ្យ​ទុក​ចិត្ត​។ ​យោធា​របស់​រដ្ឋាភិបាល​ស៊ីរី បាន​ទទួល​ជោគជ័យ​លើ​សមរភូមិច្រើន​ដែល​អាច​មាន​ទឹក​មាត់កាន់​តែ​ប្រៃ​​ លើ​ឆាក​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ