អានតួអត្ថបទ
រុស្ស៊ី-បរិស្ថាន

រុស្ស៊ី​ដោះខ្លួន​មិន​ទទួល​ខុសត្រូវ​ទេ ចំពោះ​ខ្យល់អាកាសពុល​ដោយ​ធាតុវិទ្យុសកម្ម

សហគ្រាស​នុយក្លេអ៊ែរ​រុស្ស៊ី​ឈ្មោះ Mayak មិនមែន​ជា​ដើមហេតុ​នៃ ខ្យល់អាកាសពុល ដោយ​វិទ្យុសកម្ម រក​ឃើញ​កាល​ពី​ចុង​ខែកញ្ញា​នៅ​តំបន់​អឺរ៉ុប​ឡើយ សេចក្តីនេះ ប្រកាស​ថ្ងៃសុក្រ ទី៨ ធ្នូ ដោយ​លោកប្រធាន គណៈកម្មការ​វិទ្យាសាស្ត្រ​រុស្ស៊ី​ទទួល​បន្ទុក​ធ្វើ​អង្កេត​រឿង​នេះ ដោយ​ព្រម​ជាមួយ​នេះ គាត់​មិនឆ្លើយ​ឯណា តប​នឹង​សំណួរ ស្តី​អំពី ប្រភព​នៃ​ធាតុវិទ្យុសកម្ម​នោះ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

សេចក្តីសន្និដ្ឋាន​របស់​យើង គឺ​ថា សហគ្រាស​រុស្ស៊ី​ខាង​ផលិត​គ្រឿងផ្សំ​នៃ​អាវុធនុយក្លេអ៊ែរ ឈ្មោះ Mayak មិនមែន​ជា​ប្រភព​នៃ​ខ្យល់អាកាសពុល​ដោយ អ៊ីសូតូព​វិទ្យុសកម្ម Ruthenium-106 ឡើយ សេចក្តី នេះ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មូស្គូ រសៀល​ម្សិលមិញ ដោយ​លោក Vladimir Boltounov ជា នាយក​គណៈកម្មការពិសេស ដែល​បង្កើត​ឡើង​ដោយ សាជីវកម្ម​រដ្ឋរុស្ស៊ី​ខាង​ថាមពល​បរមាណូ ហៅ កាត់​ថា RiosAtom កាល​ពី​ថ្ងៃ ២៤ វិច្ឆិកា។ លោក​នាយក​នោះ បន្ថែម​ថា លទ្ធផល​នៃ​ការ​ធ្វើ​វិភាគលើ​បុគ្គលិក​ម្នាក់ៗ ក្នុង​សហគ្រាស Mayak មិន បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រែប្រួល​អ្វី​ណា​ឡើយ ក្នុង​សរីរាង្គកាយ​គេ។

ពី​ថ្ងៃទី១សីហា រហូត​ដល់ ថ្ងៃទី៣០វិច្ឆិកា ឋបនភណ្ឌ​ទាំង​ឡាយ និង​ខ្សែ​បច្ចេកវិជ្ជា​ផលិត នៃ​សហគ្រាស​នោះ បាន​ដំណើរការ​ដោយ គ្មាន​ឧបទ្ទវហេតុ គ្មាន​បញ្ហា​អ្វី​ណា កើត​ឡើង​ឡើយ។ ធាតុវិទ្យុសកម្ម ភាយ​ទៅ​ក្នុង​អាកាស មិន​បាន​មាន​កម្រិត​លើស​ពី​ខ្នាត ជា ធម្មនិយាម​ឡើយ។ លោក Vladimir Boltounov មិន​បាន​បន្លឺ​ឡើង​នូវ ការ​ប៉ាន់​ស្មាន​អ្វី​ណា ទាក់ទង​នឹង​ប្រភព​នៃ ការ​ភាយ ចេញ​មក​នូវ អ៊ីសូតូពវិទ្យុសកម្ម Ruthenium-106 នោះ។ គឺ​ថ្ងៃ ២០ វិច្ឆិកា ដែល​ទីភ្នាក់ងារ​ឧត្តុនិយម​រុស្ស៊ី Rosguidromet បាន​ប្រកាស​អំពី ការ​ផ្តុំ​ក្នុង​កម្រិត​ខ្ពស់​ក្រៃ នៃ Ruthenium-106 ជា ធាតុ ផលិតដោយ​ឧស្សាហកម្ម​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​រាវរក​ឃើញ កាល​ពី​ចុង ខែ កញ្ញា នៅ​តំបន់​ខាង​ត្បូង​ភ្នំ Oural ចម្ងាយប្រមាណ ១.៨០០ គម ខាង​កើត​ពី​មូស្គូ ជា​អាទិ៍​នៅ​ក្បែរ រោងចក្រ Mayak រោងចក្រដែល​ក៏​មាន​ឯកទេសកម្ម ខាង​ស្តារ​ឡើង​វិញ ឥន្ធនៈ​នុយក្លេអ៊ែរ​ប្រើ​ហើយ។

ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន គណៈកម្មការ​វិទ្យាសាស្ត្រ​រុស្ស៊ី ក៏​ចង្អុល​ឲ្យ​ឃើញ​ថា អត្រា Ruthenium-106 រាវរក​ឃើញ​នៅ​តំបន់​ខាងត្បូង​ភ្នំ Oural នោះ គឺ ពី ១០០ ទៅ ១.០០០ ដង ទាប​ជាង​កម្រិតអនុញ្ញាត ម៉្លោះហើយ បាន​ជា​វា​មិន​អាច ជា​គ្រោះថ្នាក់​អ្វី​ណា ដល់​សុខភាព​មនុស្ស​ឡើយ។ គណៈកម្មការ​រុស្ស៊ី​នេះ អះអាង​ទាំង​កង្វល់​ថា អត្រា​នៃ​ធាតុ Ruthenium-106 ដែល​ត្រូវ​បាន​កត់ត្រា​នៅ ប្រទេស រូម៉ានី គឺ​ខ្ពស់​ជាង​ឆ្ងាយ​ពី​នៅ​រុស្ស៊ី ប៉ុន្តែ គេ​បែរ​ទៅ​ជា មិន​សូវ​ចាប់​អារម្មណ៍ លើ​បញ្ហា​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ