អានតួអត្ថបទ
បារាំង ស៊ីរី

លោក​អាសាដ​ចោទ​បារាំង​ពី​បទ​គាំទ្រ​ភេរវនិយម បារាំង​ឆ្លើយ​បក​វិញ​ភ្លាមៗ​យ៉ាង​ចាស់​ដៃ

នៅ​ក្នុង​ប្រទេស​ស៊ីរី លោក​ប្រធានាធិបតី​អាសាដ​បាន​ចោទ​បារាំង​ត្រង់ៗ​ពី​បទ​បាន​គាំទ្រ​ភេរវនិយម និង​យល់​ឃើញ​ថា ទីក្រុង​ប៉ារីស​គ្មាន​សិទ្ធិ​អ្វី​ដើម្បី​និយាយ​ពី​សន្តិភាព​នៅ​ស៊ីរី​ទេ។ លោក​អាសាដ​បាន​បន្ថែម​ដោយ​ឌឺដង​ដាក់​បារាំង​ថា អ្នក​ដែល​បាន​គាំទ្រ​ភេរវនិយម​គ្មាន​សិទ្ធិ​និយាយ​ពី​រឿង​សន្តិភាព និង​ថែម​ទាំង​គ្មាន​សិទ្ធិ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ស៊ីរី​ទៀត​ផង។ ការ​ថ្លែង​របស់​លោក​អាសាដ​របៀប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​ប៉ារីស​បាន​ចោទ​ទីក្រុង​ដាម៉ាស់​ពី​បទ​ធ្វើ​ឲ្យ​បរាជ័យ​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​ស្តីពី​ស៊ីរី​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថ្មីៗ​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ពាក្យសម្តី​របស់​លោក​អាសាដ​ដូច​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ក្តៅស្លឹកត្រចៀក​ដោយ​លោក​ប្រមុខ​ការទូត Jean-Yves Le Drian បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ខ្លាំងៗ និង​រម្លឹក​ពី​តួនាទី​របស់​បារាំង​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី។

លោក​ប្រមុខការទូត​បារាំង Jean-Yves Le Drian បាន
លោក​ប្រមុខការទូត​បារាំង Jean-Yves Le Drian បាន REUTERS/Edgard Garrido
ផ្សាយពាណិជ្ជកម្ម

« លោក​បាស្ហា អាល់ អាសាដ​ហាក់​មិន​បាន​ស្ថិត​ក្នុង​ស្ថានការណ៍​ដើម្បី​អាច​បញ្ជាក់​ពី​ការ​សម្រេចចិត្ត​ក្នុង​រឿង​នយោបាយ​ឡើយ ព្រោះ​លោក​កំពុង​ពឹងពាក់​លើ​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ីរ៉ង់។ បន្ទាប់​មក នៅ​ពេល​ដែល​យើង​ជា​អ្នក​ទី១ ដែល​បាន​រំដោះ​ស៊ីរី​ឲ្យ​រួច​ពី​កណ្តាប់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម យើង​មិន​ត្រូវ​ការ​ទទួល​មេរៀន​ពី​នរណា​ម្នាក់ ហើយ​ក៏​មិន​ត្រូវ​ការ​ផ្តល់​មេរៀន​ឲ្យ​នរណា​ម្នាក់​ដែរ។

ចុង​ក្រោយ នៅ​នៅ​ពេល​ដែល​នរណា​ម្នាក់​បាន​ចំណាយ​ពេល​ដើម្បី​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្លួន​ឯង អ្នក​នោះ​តែង​តែ​បិទមាត់ ដោយ​មិន​សូវ​និយាយ​អ្វី​ទាំង​អស់។ អ្វី​ដែល​ច្បាស់​គឺ​ថា​តាំង​ពី​អើយ​មក​ម្ល៉េះ បារាំង​បាន​ចូលរួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។

នៅ​ថ្ងៃ​នេះ គឺ​កម្លាំង​សម្ព័ន្ធមិត្ត​ដែល​បាន​ទទួល​ជោគជ័យ​ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​នៅ​ពេល​នេះ អង្គការ​រដ្ឋអ៊ីស្លាម​នៅ​មិន​ទាន់​ទទួល​បរាជ័យ​ទាំង​ស្រុង​ទេ។ ដូច្នេះ គេ​ត្រូវ​តែ​បន្ត​យុទ្ធនាការ​ត​ទៅ​មុខ​ទៀត »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ