អានតួអត្ថបទ
: រុស្ស៊ី-អ៊ីរ៉ង់

ប្រមុខ​រដ្ឋរុស្ស៊ី​និង​អ៊ីរ៉ង់​​បាន​ពិភាក្សា​​អំពី​ស្ថានការណ៍​នៅ​ស៊ីរី​ជាទី​ដែល​កន្លែង​ខ្លះ​បន្ត ​រងការ​ទម្លាក់​គ្រាប់បែក​

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានសន្ទនាតាមទូរសព្ទ ជាមួយសមភាគីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី ដើម្បីរកដំណោះស្រាយនយោបាយ ឲ្យជម្លោះនៅស៊ីរី ខណៈដែល ការទម្លាក់គ្រាប់បែក ផ្តាច់ជីវិតមនុស្ស នៅតែបន្តទៅ ក្បែររដ្ឋធានីដាម៉ាសតែម្តង។

Vladimir Poutine
Vladimir Poutine Sputnik/Reuters
ផ្សាយពាណិជ្ជកម្ម

តាមសេចក្តីជូនដំណឹង ចេញផ្សាយថ្ងៃអង្គារ ៦ កុម្ភៈ ដោយ វិមានក្រេមឡាំង ៖ មេដឹកនាំ ប្រទេស ទាំងពីរ បានគូសបញ្ជាក់ថា ឯកសារទាំងឡាយអនុម័ត ថ្ងៃ៣០មករាកន្លងទៅ ដោយ សមាជនៃកិច្ចសន្ទនា ថ្នាក់ជាតិស៊ីរី នៅក្រុងរុស្ស៊ី សូតឈី គឺដើម្បីផ្តល់សំទុះ​ហំហួន​ ដល់ដំណោះស្រាយនយោបាយឲ្យជម្លោះ នៅ ស៊ីរី ដោយឈរលើ សេចក្តី​សម្រេច​លេខ ២២៥៤ ចេញដោយក្រុមប្រឹក្សាសន្តិសុខអសប។ រដ្ឋបុរសទាំងពីរ ក៏​កត់​សម្គាល់​ពី ប្រសិទ្ធិភាពនៃការសហការគ្នា រវាង រុស្ស៊ី អ៊ីរ៉ង់ តួកគី ក្នុងក្របខ័ណ្ឌ​នៃ​កិច្ចចរចា​ នៅក្រុង អាស្តាណា រដ្ឋធានីកាហ្សាក់ស្ថាន ដើម្បីពាំនាំ​ស្ថិរភាព​ដល់​ស្ថានការណ៍​នៅស៊ីរី។

មិនតែប៉ុណ្ណោះ លោកប្រមុខរដ្ឋរុស្ស៊ី ពូទីន និង លោកប្រធានាធិបតីអ៊ីរ៉ង់ រ៉ូហានី បាន​និយាយ​ប៉ះលើ ជម្លោះអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន , លើ សង្គ្រាមនៅយេម៉ែន និង បាន​ប្តេជ្ញា​ថា ​កិច្ចព្រមព្រៀងអន្តរជាតិចុះខែ កក្កដាឆ្នាំ២០១៥ ដែលកម្រិត កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាថ្នូរ នឹងការលុបទណ្ឌកម្មប្រឆាំងប្រទេសនេះ ត្រូវតែ ដំណើរការឥតអាក់ខាន ឡើយ។

ពីចំណែកខ្លួន អង្គការក្រៅរដ្ឋាភិបាលស៊ីរីដែលមានទីស្នាក់ការនៅក្រុងឡុងដ្រ៏ ខាង តាម​ដាន​ការគោរព សិទ្ធិមនុស្សនៅស៊ីរី OSDE បានឲ្យដឹងថា ការវាយប្រហារពីអាកាស ចេះតែបន្តទៅលើតំបន់ Ghouta នៅ ខាងកើតពីរដ្ឋធានីដាម៉ាស - តំបន់នេះ​កាន់កាប់​ដោយ​ពួកឧទ្ទាមស៊ីរី ហើយស្ថិតក្នុងការឡោមព័ទ្ធជាប់ ពី ខាង កងទ័ពរដ្ឋាភិបាលស៊ីរី អស់ជាច្រើនឆ្នាំមកហើយ។ ការវាយប្រហារថ្ងៃ ៦ មករា បានផ្តាច់ជីវិតមនុស្ស អស់ ១៦ នាក់ - តួលេខនេះ ត្រូវ OSDE ទទួលបានពី សមរភូម៏ស៊ីរីផ្ទាល់។

ម៉្លោះហើយ បានជាក្នុងន័យមនុស្សធម៏ អសប ទាមទារឲ្យមានការឈប់បាញ់ជាបន្ទាន់ រវាងគ្រប់ភាគីបដិបក្ខ យ៉ាងហោចណាស់សម្រាប់រយៈពេលមួយខែ នៅពេញទូទាំង​ប្រទេស​ស៊ីរី គ្រាន់នឹងហុចលទ្ធភាព ដល់ ការដឹក ជំនួយមនុស្សធម៌ទៅ ផ្គត់ផ្គង់​ដល់​បណ្តាជន​ ដែលស្ថិតនៅក្នុងការឡោមព័ន្ធជាប់។

គណៈកម្មការ អសប ទទួលបន្ទុកធ្វើអង្កេតអំពី ឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរី បាន​ប្រកាស​ថ្ងៃ​អង្គារ​ថា ទោះបី មានបង្កើតបានជា របស់ដែលហៅថា “ តំបន់សន្តិសុខ”ក្តី ក៏អំពើ​ហិង្សា​​យ៉ាង​ព្រៃផ្សៃ បានរីករាលដាល នា ៤៨ ម៉ោងចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ