អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី បាន​ជារុស្ស៊ី​បិទបាំង ពី​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី នៅ​ស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​សន្យា នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ថា នឹង​បើក​ការស៊ើបអង្កេត​ទៅលើ​ការវាយប្រហារ មួយ ទៅលើ​ទីតាំង​របស់​ឧទ្ទាម​ស៊ីរី ដែល​មាន​ជាប់​ពាក់ព័ន្ធ​ពលរដ្ឋ​រុស្ស៊ី។ ហេតុការណ៍​នេះ​បានកើតឡើង​នៅ​យប់​ថ្ងៃ​ទី ៧​កុម្ភៈ នៅពេល​យន្តហោះ​ចម្បាំង​អាមេរិក​បាន​បាញ់​ប្រហារ​ក្រុមទាហាន​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី ដែល​អាមេរិក បានចោទថា បាន​វាយប្រហារ​មុន ទៅលើ​ទីស្នាក់ការ​របស់​ក្រុមឧទ្ទាម​ស៊ីរី ដែល​គាំទ្រ​ដោយ​អាមេរិក។ នៅ​ថ្ងៃ​ពុធ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី និយាយ​ថា ពលរដ្ឋ​រុស្ស៊ី ៥​នាក់ ស្លាប់​ដោយសារ​ការវាយប្រហារ​របស់​យន្តហោះ​អាមេរិកាំង ប៉ុន្តែ ពួកគេ​មិនមែន​ជា​ទាហាន​រុស្ស៊ី​នោះទេ។ 

ទាហាន​រុស្ស៊ី​ឈរប្រចាំ​ការនៅភាគកណ្តាល​នៃ​ខេត្ត Deir Ezzor របស់​ស៊ីរី។ នៅភាគខាងកើត​ខេត្ត​ យន្តហោះ​ចម្បាំង​អាមេរិក​បាន​បាញ់​សម្លាប់​ទាហាន​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី ដែលនៅក្នុង​នោះ​មាន​ជាច្រើននាក់​ជា​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី នៅ​ស៊ីរី
ទាហាន​រុស្ស៊ី​ឈរប្រចាំ​ការនៅភាគកណ្តាល​នៃ​ខេត្ត Deir Ezzor របស់​ស៊ីរី។ នៅភាគខាងកើត​ខេត្ត​ យន្តហោះ​ចម្បាំង​អាមេរិក​បាន​បាញ់​សម្លាប់​ទាហាន​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី ដែលនៅក្នុង​នោះ​មាន​ជាច្រើននាក់​ជា​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី នៅ​ស៊ីរី Dominique DERDA / France2 / AFP
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារ​ជាតិ​អាមេរិក​ធ្លាប់​បាន​លើក​ឡើងថា មាន​ទាហាន​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី យ៉ាងតិច​១០០​នាក់​បាន​ស្លាប់ ដោយសារ​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​អាមេរិក។ ប៉ុន្តែ អាមេរិក​មិន​បញ្ជាក់ពី​អត្តសញ្ញាណ​របស់​ទាហាន​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​នោះទេ។

 

បន្ទាប់​ពី​ស្ងាត់ឈឹង មួយសប្តាហ៍ ក្រសួងការពារ​ការបរទេស​រុស្ស៊ី នៅថ្ងៃ​ពុធ ទី ១៤​កុម្ភៈ បាន​ចេញមុខ​ទទួល​ស្គាល់​ថា មាន​ពលរដ្ឋ​រុស្ស៊ី ៥​នាក់ ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​អាមេរិក ប៉ុន្តែ ពួកគេ​ទាំងនោះ មិន​ស្ថិត​នៅក្នុង​ជួរ​កងទ័ព​រុស្ស៊ី នោះទេ។ បណ្តាញ​ផ្សព្វផ្សាយ​រុស្ស៊ី និង​អន្តរជាតិ​បាន​លើកឡើង​ពី​វត្តមាន​ស៊ីឈ្នួល​រុស្ស៊ី​នៅ​ស៊ីរី។

 

នៅ​ពីរ​ថ្ងៃ​ក្រោយ ក្រសួង​ការបរទេស​រុស្ស៊ី​ទទួល​ស្គាល់ ដោយ​ចុងមាត់ ចុងកថា មាន​ពលរដ្ឋ​រុស្ស៊ី ៥​នាក់ ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​អាមេរិក នៅ​ភាគខាងកើត​ស៊ីរី រដ្ឋមន្រ្តី​ការពារ​អាមេរិក លោក​Jim Mattis បាន​និយាយ​នៅថ្ងៃ​សៅរ៍​ម្សិលមិញ ថា នឹង​បើក​ការស៊ើបអង្កេត​មួយ ថា ហេតុអ្វី​បាន​ជា​មានមុខ​ជនជាតិ​រុស្ស៊ី ក្នុង​ចំណោម ក្រុមទាហាន​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី ដែល បាន​វាយប្រហារ​ទៅលើ​ទីស្នាក់ការ​របស់​ពួកឧទ្ទាម ស៊ីរី ដែល​ជួយ​គាំទ្រ​ដោយ​អាមេរិក។

 

ភាគី​អាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​ជូនដំណឹង​ជាមុន ទៅ​រុស្ស៊ី តាមរយៈ​ទូរស័ព្ទ ពិសេស ដើម្បី​ប្រាប់​ថា ខ្លួន នឹង​បញ្ជូន​យន្តហោះ​ទៅ​វាយប្រហារ​លើ​ក្រុមទាហាន​ដែល​បាន​ឆ្លងទន្លេ​Euphrate ទៅលើ​វាយប្រហារ​លើ​កងទ័ព​គួឌីស្ថាន​ស៊ីរី ដែល​គាំទ្រ​ដោយ​អាមេរិក។ ភ្លើងខៀវ​របស់​រុស្ស៊ី​ហាក់​បញ្ជាក់ថា រុស្ស៊ី​មិន​បាន​ដឹង​ជាមុន​ពី​ប្រតិបត្តិការ​ទ័ព​រដ្ឋាភិបាល​ស៊ីរី ដែល​អាច​សម្រេច​ដោយ​ចិត្ត​ឯង ដើម្បី​វាយដណ្តើម​យក​តំបន់​ប្រេង​ពី​ដៃ​ពួកគីឌីស្ថាន​ស៊ីរី។ ទាហាន​រដ្ឋាភិបាល​ស៊ីរី ដែលមានជំនួយ​យោធា​ពី​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី អាច​គិតថា ក្រុមគួឌីស្ថាន​នេះកំពុង​ចុះខ្សោយ ព្រោះ​ក្រុមនេះ​កំពុង​ទទួល​ការវាយប្រហារ​ពី​ទាហាន​តួកគី នៅភាគខាងជើង​ស៊ីរី។

សូមអាន​​៖រុស្ស៊ី​ប្រកាស​កាត់​បន្ថយ​ទ័ព​នៅ​ស៊ីរី

វត្តមាន​របស់​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី ដែល​បាន​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមឧទ្ទាម​ស៊ីរី ដែល​គ្រប់គ្រង​តំបន់​ប្រេង​នៅ​ Deir Ezzor​បាន​ធ្វើ​ឲ្យម៉ូស្គូ ជាពិសេស​លោកប្រធានាធិបតី​ពូទីន​ទើសទាល់​ខ្លាំងណាស់។ តាមធម្មតា ម៉ូស្គូ​ប្រហែល​ជា​ប្រតិកម្ម ប្រឆាំង​ខ្លាំង​នឹង​អាមេរិក​ភ្លាមៗ ព្រោះថា មាន​ពលរដ្ឋ​រុស្ស៊ី ស្លាប់​ដោយសារ​ស្នាដៃ​របស់​អាមេរិក។ ប៉ុន្តែ បញ្ហា​គឺ​នៅត្រង់ថា ជនជាតិ​រុស្ស៊ី​ដែល​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​អាមេរិក តាមពិត​ជា​ពួកទាហាន​ស៊ីឈ្នួល ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​រុស្ស៊ី ប៉ុន្តែ មិនមែន​កងទ័ព​រុស្ស៊ី ដែល​កំពុង​ប្រតិបត្តិការ​ជួយ​ការពារ​របប​ស៊ីរី​នោះទេ។

 

ការរើស​ទាហាន​ស៊ី​ឈ្នួល ត្រូវ​បាន​ចាត់ទុក​ ជាសកម្មភាព​ខុសច្បាប់ នៅ​ប្រទេស​រុស្ស៊ី។ នៅ​ឆ្នាំ ២០១៤ តុលាការ​រុស្ស៊ី​បាន​កាត់ទោស អ្នកទទួល​ខុសត្រូវ​ពីរ​នាក់​របស់​ក្រុមហ៊ុន​ឯកជន​រុស្ស៊ី ដែល​បាន​រើសបញ្ចូល​ទាហាន​ស៊ីឈ្នួល ឲ្យទៅ​ប្រយុទ្ធ​នៅ​ភាគខាងកើត​អ៊ុយក្រែន និង​នៅ​ស៊ីរី។ បើសិន​ម៉ូស្គូ​ទទួលស្គាល់​ថា មានទាហាន​ស៊ីឈ្នួល​រុស្ស៊ី ធ្វើ​ប្រតិបត្តិការ​ទ័ព​នៅ​ស៊ីរី នោះមានន័យថា ស្មើ​នឹង​ថា រដ្ឋាភិបាល​រុស្ស៊ី បាន​ធូររលុង បណ្តោយ​ឲ្យ​មាន​រឿងនេះ​កើតឡើង​សាជាថ្មី។

 

ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ស៊ីរី ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​រុស្ស៊ី​មួយ ឈ្នោះ​ថា Wagner។ នៅយប់​ថ្ងៃ​ពុធទី ៧​កុម្ភៈ ក្រុមនេះ បាន​ចូលរួម​ជាមួយ​កងទ័ព​រដ្ឋាភិបាល ស៊ីរី ក្នុង​គោលដៅ វាយដណ្តើម​យក តំបន់ Deir Ezzor​ដែល​សំបូរ​ដោយ​ជង្រុក​ប្រេង ពី​ក្រុមទាហាន​គួឌីស្ថាន​ស៊ីរី ដែល​គាំទ្រ​ដោយ​អាមេរិក។ ពួកឧទ្ទាម ស៊ីរី ដែល​គាំទ្រ​ដោយ​សម្ព័ន្ធ​អារ៉ាប់ និង​អាមេរិក ទើប​បាន​វាយដណ្តើម​ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដើម្បី កាន់កាប់​ទឹកដី​ភាគ​ខាងកើត ទន្លេ​Euphrate នៅក្នុង​តំបន់​ Deir Ezzor

 

រុស្ស៊ី​ធ្លាប់​បាន​ចោទ​អាមេរិក​ថា កំពុង​បង្ហាញ​មុខមាត់​ពិតប្រាកដ​របស់ខ្លួន នៅក្នុង​សង្រ្គាម​ស៊ីរី ពោល​គឺគ្មាន​គោលដៅ កម្ទេច​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​នោះទេ ប៉ុន្តែ កំពុង​វាយប្រហារ​ទៅលើ​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ដណ្តើម​គ្រប់គ្រង​តំបន់​ប្រេង​ស៊ីរី។ ដូច្នេះ បើសិន​រុស្ស៊ី ទទួលស្គាល់​ថា មានទាហាន​ស៊ីឈ្នួល​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ទៅលើ​ពួកឧទ្ទាម​ស៊ីរី ក៏ព្រោះតែ​ចង់​ដណ្តើម​យក​តំបន់​សំបូរ​ប្រេងដែរ នោះ រុស្ស៊ី នឹង​ត្រូវ​បាក់មុខ អាម៉ាស់​ខ្លាំងណាស់ដែរ។ ម្យ៉ាងទៀត​សង្រ្គាម​ណាមួយ​រវាង​អាមេរិក និង​រុស្ស៊ី ដែល​កើតឡើង​ដោយសារ​តែ​ការស្លាប់​ពលរដ្ឋ​រុស្ស៊ី ក្នុង​ការវាយប្រហារ​របស់​អាមេរិក នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សន្លឹកឆ្នោត​របស់​លោកប្រធានាធិបតី​ពូទីន ដែល​កំពុង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី នៅ​ពាក់កណ្តាល​ខែ​មីនា​ខាងមុខ។

 

Wagner ជាក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី ដែល​ធ្វើ​ប្រតិបត្តិការ​ទ័ព​នៅ​ស៊ីរី តាំង​ពី​ឆ្នាំ ២០១៥

ការរើសបញ្ចូល​ទាហាន​ស៊ីឈ្នួល​ជា​រឿង​ខុសច្បាប់ នៅ​រុស្ស៊ី ប៉ុន្តែ ក្រុមហ៊ុន​ឯកជន​ Wagner​អាចរើស​បញ្ចូល​ទាហាន ឲ្យទៅ​ចូលរួម​ប្រយុទ្ធ ជួយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី បាន​ដោយ​គ្មាន​បញ្ហា។ តាម​វិបសៃតិ៍ ព័ត៌មាន​ឯករាជ្យ រុស្ស៊ី Fontanka.ru ក្រុមហ៊ុន​​ Wagner ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​Dmitri Outkine អតីត​មន្រ្តីស៊ើបការណ៍​សម្ងាត់​រុស្ស៊ី ដែលទើប​បាន​ទទួល​មេដាយ​វីរជន​ពីលោក​ពូទីន នៅក្នុង​ការប្រយុទ្ធ​នៅ ស៊ីរី នៅ​ឆ្នាំ ២០១៦។ ក្រុមហ៊ុន​Wagner មាន​កន្លែង​ហ្វឹកហាត់ នៅ​មូលដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី និង​បាន​ចូលរួម​ប្រយុទ្ធ​សហការ​ជាមួយ​កងទ័ព​រុស្ស៊ី នៅ​ស៊ីរី ចាប់តាំង​រុស្ស៊ី​បើក​ប្រតិបត្តិការ​ទ័ព​នៅ​ស៊ីរី នៅ ឆ្នាំ ២០១៥។ ក្រុមហ៊ុន​ Wagner ដែល​បានបញ្ជូន​ទាហាន​ស៊ីឈ្នួល​ប្រមាណ ៦០០​នាក់​ទៅ​ស៊ីរី បាន​ទទួល​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​មហាសេដ្ឋី រុស្ស៊ី លោក Evgueni Prigojine ម្ចាស់ភោជនីយដ្ឋាន​ធំៗ ដែល​ជាមនុស្ស​ស្និទ្ធ​នឹង​លោកប្រធានាធិបតី​ពូទីន។

 

ទាហានស៊ីឈ្នួលរុស្ស៊ីមានបេសកកម្មជួយកងទ័ពស៊ីរីដើម្បីការពារប្រយុទ្ធ​ដណ្តើមយកតំបន់ ប្រេងពីគូសត្រូវ នៅ​ស៊ីរី

មាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី ជួយ​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​ស៊ីរី នឹង​ធ្វើ​រដ្ឋាភិបាល​រុស្ស៊ី រួចខ្លួន រួច​ផុត​ពី​ការចោទប្រកាន់​នានា ដែល​ថា រុស្ស៊ី មាន​ជាប់​ពាក់ព័ន្ធ ​នឹង​ការវាយប្រហារ​ណាមួយ ទៅលើ​ក្រុមប្រយុទ្ធ​ក្នុងទឹកដី​ស៊ីរី  ដែល​មិនមែន​ជា​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

 

ខុសពី​កងទ័ព​រុស្ស៊ី ដែល​មាននាទី​ជួយ​ការពារ​របបស៊ីរី ទាហាន​ស៊ីឈ្នួល រុស្ស៊ី មាន​វត្តមាន​នៅ​ស៊ីរី ដើម្បី​ការពារ​ផលប្រយោជន៍ ទីតាំង​សំបូរប្រេង ដែល​ក្រុមហ៊ុន​រុស្ស៊ី នឹង​បាន​ទទួល​ចំណែក នៅពេល​រដ្ឋាភិបាល​ស៊ីរី វាយដណ្តើម​យក​ពី​ពួកប្រឆាំង​ស៊ីរី។

 

វត្តមាន​របស់​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី គឺជា​ផលប្រយោជន៍​សេដ្ឋកិច្ច ជា​ឆ្នាំងបាយ​របស់​មហាសេដ្ឋី​រុស្ស៊ី ដែល​ជា​មនុស្សស្និទ្ធ​របស់​លោកប្រធានាធិបតី​ពូទីន។ ជាក់ស្តែង នៅ​ឆ្នាំ ២០១៦ មហាសេដ្ឋី​ Evgueni Prigojine ដែល​ជាម្ចាស់ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner បាន​បង្កើត ក្រុមហ៊ុន​ថ្មីមួយទៀត ឈ្មោះ Evro Polis ដែល​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ស៊ីរី ក្នុង​ការការពារ គ្រប់គ្រង​តំបន់​ប្រេង នៅ​ស៊ីរី។ តាម​កិច្ចព្រមព្រៀង នោះ រដ្ឋាភិបាល​ស៊ីរី​យល់ព្រម​ចែក​២៥ភាគរយ​នៃ​ប្រាក់ចំណូល​បាន​មកពីប្រេង​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​រុស្ស៊ី។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ