អានតួអត្ថបទ

កាត់ទោស​អនុប្រធានាធិបតី​ហើយ បារាំង​ចោទ​ហ្គីណេអេក្វាទ័រថា​ចង់​បង្អាក់​ដំណើរការ​តុលាការ​ក្រុង​ប៉ារីសទៀត

បារាំង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រទេស​ហ្គីណេអេក្វាទ័រ នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ថា​ ចង់​បង្អាក់​សេចក្តី​សម្រេច​របស់​​តុលាការ​ក្រុង​ប៉ារីស​ ដែល​បាន​កាត់​ទោស​អនុប្រធានាធិបតី​ហ្គីណេអេក្វាទ័រ ពី​បទ​លួច​លុយ​ជាតិ​មក​ទិញ​អចលចទ្រព្យ​​ដ៏​ស្កឹម​ស្កៃ​ នៅ​ទីក្រុង​ប៉ារីស សម្រាប់​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន។ អនុប្រធានាធិបតី​ហ្គីណេអេក្វាទ័រ លោក តេអូដូរ៉ាំង អូប៊ីយ៉ង់Teodorin Obiang មាន​ឪពុក​ជា​ប្រធានាធិបតី​ហ្គីណេអេក្វាទ័រ ដែល​កាន់​អំណាច​ដឹកនាំ​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ទល់​សព្វថ្ងៃ។

លោក Teodorin Obiangអនុប្រធានាធិបតី​ហ្គីណេអេក្វាទ័រ​ដែល​ប៉ារីស​កាត់​ទោស​ពី​បទ​លួច​លុយ​រដ្ឋ​មក​ទិញ​អចលនទ្រព្យ​នៅ​បារាំង
លោក Teodorin Obiangអនុប្រធានាធិបតី​ហ្គីណេអេក្វាទ័រ​ដែល​ប៉ារីស​កាត់​ទោស​ពី​បទ​លួច​លុយ​រដ្ឋ​មក​ទិញ​អចលនទ្រព្យ​នៅ​បារាំង AFP/JEROME LEROY
ផ្សាយពាណិជ្ជកម្ម

ហ្គីណេអេក្វាទ័រ បានប្តឹង​ទៅតុលាការយុត្តិធម៌​​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​សុំ​ព្យួរ​ដំណើរការ​ក្តីក្តាំ​នៅទីក្រុង​ប៉ារីស ​ ដោយ​អំណាង​ថា​បារាំង​បាន​រំលោភ​អភ័យ​ឯកសិទ្ធិ​​​អនុប្រធានាធិបតីរបស់​ខ្លួន។ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ក៏​បានផ្តល់​ចម្លើយ​​បដិសេធ​នឹង​សំណើ​របស់​​ហ្គីណេអេក្វាទ័រ​ហើយ​ដែរ។

ប៉ុន្តែ​សម្រាប់​បារាំង ទង្វើ​របស់​ហ្គីណេអេក្វាទ័រ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ពន្យឺត និង​បង្អាក់​​ដំណើរការ​ព្រហ្មទណ្ឌ​ នៅ​​ក្នុង​ប្រទេស​បារាំង​តែ​ប៉ុណ្ណោះ ! ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​យុត្តិធម៌​​អន្តរជាតិ​​ក្រុងឡាអេ​មិន​អាច​ជួយ​អ្វី​​ហ្គីណេអេក្វាទ័រ​ឡើយ ព្រោះ​​​បារាំង​បដិសេធ​សម្មតិកិច្ច​របស់​ឡាអេ ក្នុង​សំណុំ​រឿង​អនុប្រធានាធិបតី​ហ្គីណេអេក្វាទ័រ​នេះ។

សូម​បញ្ជាក់​ថានៅ​​ឆ្នាំ​ ២០១៦​ ​បារាំង​បាន​បើកសវនាការ​ប្រឆាំង​នឹងលោក Teodorin Obiang អនុប្រធានាធិបតី និង​ជា​កូន​ប្រុសរបស់​ Teodoro Obiang ​ប្រធានាធិបតី​​​ហ្គីផ្តាប់ការ​​ហ្គីណេអេក្វាទ័រ ​តាំងពី​ឆ្នាំ​១៩៧៩​មក ពី​បទ​លួច​លុយ​រដ្ឋរាប់​លាន​ ​មក​ទិញអចលនទ្រព្យ​នៅ​បារាំង ក្នុង​នោះ​មាន​មួយ​ជា​​គេហដ្ឋាន​​ដ៏​ស្កឹម​ស្កៃ​ (៤ពាន់​ម៉ែត្រការ៉េ)​ នៅ​សង្កាត់​ដ៏ប្រណិត​​នៅ​ទីក្រុង​ប៉ារីស។ តុលាការ​ក្រុង​ប៉ារីស បានសម្រេច​​កាត់​ទោស​អនុប្រធានាធិបតី​ហ្គីណេអេក្វាទ័រ​រូប​នោះ កាលពី​ខែ​តុលា២០១៧ ​ឱ្យ​ជាប់​ពន្ធនាគារ​ក្រៅ​ឃុំ​បី​ឆ្នាំ​ និង​បង់​ពិន័យ​ជា​ប្រាក់​៣០​លាន​អឺរ៉ូ​។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់​តែ​ធ្លាក់​ដុន​ដាប​មួយ​កំរិត​ទៀត នៅ​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ពេល​រដ្ឋមន្ត្រីការបរទេស​ហ្គីណេអេក្វាទ័រ​បាន​ប្រកាស​ថា​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​ ត្រូវ​បាន​រៀប​ចំឡើង​នៅ​ប្រទេស​បារាំង។​ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គ្មាន​ការ​លូក​ដៃ​ពី​អាជ្ញាធរ​បារាំង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ