លែងមានវិភាគទានរបស់អង់គ្លេស អឺរ៉ុបត្រូវរិះរកថវិកាថ្មីមកបង្រ្គប់ការខ្វះខាត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៦
ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវជួបប្រជុំគ្នា នៅថ្ងៃសុក្រនេះ ដោយគ្មានវត្តមានរបស់នាយករដ្ឋមន្រ្តី អង់គ្លេស។ នៅក្រោយ ការដើរចេញរបស់អង់គ្លេសពី សហភាពអឺរ៉ុប នេះជាលើកទី១ ដែលសហភាពអឺរ៉ុបបើកជំនួបកំពូល អឺរ៉ុប ដែលមានតែសមាជិកតែ២៧ប្រទេស។ កិច្ចប្រជុំកំពូលនៅថ្ងៃនេះផ្តោតលើកញ្ចប់ថវិកាអឺរ៉ុប នៅក្រោយការដកខ្លួនរបស់អង់គ្លេស ដែលជាប្រភពផ្តល់វិភាគទានសំខាន់ទី៤ របស់សហភាពអឺរ៉ុប។
ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង ២៧ សមាជិករបស់អឺរ៉ុប ត្រូវជួបប្រជុំ និយាយគ្នាលើបីចំណុចសំខាន់។ ទី១គឺកញ្ចប់ថវិការបស់សហភាពអឺរ៉ុប នៅក្រោយឆ្នាំ ២០២០ ទី២ គឺសហភាពអឺរ៉ុបដែលគ្មានអង់គ្លេសជាសមាជិក ហើយនិងទី៣ គឺអនាគតប្រធានគណៈកម្មការអឺរ៉ុប ដែលត្រូវចូលមកបន្តស្នងតំណែងពីលោកហ្សង់ក្លូត ហ្ស៊ុងគ័រ។
នៅទីក្រុងព្រុចស៊ែល ប្រមុខដឹកនាំកំពូលរបស់ប្រទេសសមាជិកអឺរ៉ុប ត្រូវគិតគូរពិភាក្សាគ្នា ពីកញ្ចប់ថវិកាថ្មី សម្រាប់រយៈពេល៧ឆ្នាំ (ពីឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៧)។ កញ្ចប់ថវិកាអឺរ៉ុប (សម្រាប់ឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០) មានប្រមាណ ១ពាន់ ពាន់លានអឺរ៉ូ។
បញ្ហាគឺនៅត្រង់ថា នៅក្នុងកញ្ចប់ថវិកាចាស់ របស់អឺរ៉ុប មានវិភាគទាន រួមចំណែកពីអង់គ្លេស ដល់ទៅ១០ពាន់លានអឺរូ ក្នុងមួយឆ្នាំៗ។ អង់គ្លេសជាប្រទេសសំខាន់ទី៤ ដែលបានផ្តល់វិភាគទានសម្រាប់ថវិកាអឺរ៉ុប។ អង់គ្លេស ផ្តល់ថវិកាដល់អឺរ៉ុប ច្រើនជាងខ្លួនបានទទួលជំនួយហិរញ្ញវត្ថុពីអឺរ៉ុប។ គឺដោយសារតែបានទទួលផលតិចជាង ការបង់ចំណែកវិភាគទានរបស់ខ្លួននេះហើយ ដែលធ្វើឲ្យប្រជាជនអង់គ្លេស បោះឆ្នោត ប្រជាមតិ សម្រេចអង់គ្លេស ឲ្យដើរចេញពីសហភាពអឺរ៉ុប។ តាមគម្រោង អង់គ្លេសនឹងចាកចេញដាច់ស្រេចពីសហភាពនៅចុងខែមីនា ឆ្នាំ ២០១៩។
សូមអាន៖កិច្ចប្រជុំក្រុងព្រុចសែល៖មេដឹកនាំអឺរ៉ុបមានទំនុកចិត្តខ្ពស់ឡើងវិញ ប្រឈមអង់គ្លេស
តើអឺរ៉ុបត្រូវធ្វើយ៉ាងណា ដើម្បីបំពេញការខ្វះខាត ក្នុងកញ្ចប់ថវិកា
បារាំងធ្លាប់បានលើកឡើងពីការដំឡើងពន្ធលើមុខជំនួញរបស់ក្រុមហ៊ុនអ៊ីនធ័រនែត ដែលកំពុងបោះទុនវិនិយោគនៅអឺរ៉ុប។ ក្រុមហ៊ុនអាមេរិកាំង Google ឬAmazon ជាដើម កំពុងរងចោទប្រកាន់ថា លួច គេចពន្ធ មិនបង់ឲ្យប្រទេសម្ចាស់ផ្ទះ នៅអឺរ៉ុប។ សមាជិកសភាអឺរ៉ុបមកពីប្រទេសបារាំងធ្លាប់បានទាមទារឲ្យគេដំឡើងពន្ធលើការផ្ទេរហិរញ្ញវត្ថុរបស់អ្នកដែលទិញលេងភាគហ៊ុន នៅក្នុងទឹកដីអឺរ៉ុប។ គេបានលើកឡើងផងដែរ ពីការដំឡើងពន្ធលើលការនាំចូលមកអឺរ៉ុប នូវផលិតផលបរទេស ដែលទាក់ទងនឹងផ្នែកបរិស្ថាន។
ប៉ុន្តែ ដើម្បី បំពេញបន្ថែម បង្រ្គប់កញ្ចប់ថវិកាអឺរ៉ុប ដែលមានដល់ ១៥០ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំៗ សហភាពអឺរ៉ុបធ្លាប់បានអំពានាវឲ្យប្រទេសសមាជិកដំឡើងវិភាគទានរបស់ខ្លួន សម្រាប់កេសថវិកាអឺរ៉ុប។ កញ្ចប់ថវិកា អឺរ៉ុប គឺជាប្រធានបទក្តៅគគុក និងជាប្រភព ខ្វែងគំនិតគ្នារហូតមក រវាងប្រទេសសមាជិករបស់អឺរ៉ុប។ ចំណុចរួមរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប មានតែមួយ នោះ គ្មានប្រទេសណាមួយចង់បង្កើន ថវិកា ចំណែកវិភាគទានរបស់ខ្លួន សម្រាប់កេសលុយអឺរ៉ុបនោះទេ។
នៅក្នុងចំណោមប្រទេសសមាជិកអឺរ៉ុបទៀតសោត មានភាគី ពីរធំៗប្រទាញប្រទង់គ្នា។ ម្ខាងទាមទារឲ្យសហភាពអឺរ៉ុបកាត់បន្ថយផែនការថវិកា និងថា អឺរ៉ុបចាយវាយលុយខ្ជះខ្ជាយរហូតមក។ នៅក្នុងភាគីទី១ នេះ មានប្រមូលផ្តុំដោយក្រុមប្រទេសអឺរ៉ុបខាងជើង ដូចជាស៊ុយអែត ដាណឺម៉ាក អូទ្រីស ហូឡង់ ដែលជាប្រទេសផ្តល់វិភាគទាន សុទ្ធ ប៉ុន្តែមិនដែលបានទទួលជំនួយហិរញ្ញវត្ថុពី អឺរ៉ុបវិញ។ នៅក្នុងក្រុមទី២ គឺ មានប្រទេសអឺរ៉ុបខាងកើត ដូចជាប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែកជាដើម ដែលបានទាមទារឲ្យរក្សា កញ្ចប់ថវិកាអឺរ៉ុប ឬបង្កើនច្រើនជាងមុនបើអាចទៅបាន។ ងាយយល់ទេ ព្រោះ ប្រទេសដែលទាមទារឲ្យរក្សាកញ្ចប់ថវិកាអឺរ៉ុបច្រើនដូចមុន គឺជាប្រទេសដែលបានជំនួយហិរញ្ញវត្ថុពីអឺរ៉ុប ច្រើនជាងថវិកាដែលខ្លួនត្រូវចូលរួមចំណែក បង់វិភាគទានសម្រាប់កញ្ចប់ថវិកាអឺរ៉ុប។
គ្មានអ្នកចង់បង់បន្ថែម គឺមានតែអ្នកចង់បានបន្ថែម
លែងមានអង់គ្លេស គឺសហភាពអឺរ៉ុបត្រូវខ្វះថវិកា ១០ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំៗ។ ចង់ ឬមិនចង់ សហភាពអឺរ៉ុបនឹងត្រូវសន្សំសំចៃ ចាយរឹតត្បិតជាងពេលមុនៗ។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសមាជិកត្រូវពិចារណារួមគ្នា ដើម្បីសម្រេចថា តើមុខចំណាយណាដែលមានអាទិភាព និងសក្តិសមទទួលបានជំនួយ ហិរញ្ញវត្ថុពីអឺរ៉ុប។
រហូតមក ៧០ភាគរយនៃកញ្ចប់ថវិកាអឺរ៉ុបផ្តោតទៅលើនយោបាយកសិកម្មអឺរ៉ុប និងទៅលើគោលការណ៍ប្រវត្តិសាស្រ្តអឺរ៉ុប ពោលគឺ នយោបាយពង្រឹងចំណងរវាងប្រទេសសមាជិកអឺរ៉ុប។ មានន័យថា ថវិកាអឺរ៉ុបត្រូវចូលរួមចំណែកកាត់បន្ថយគម្លាតរវាងសមាជិក ដែលជាអ្នកមាន និងសមាជិកជាអ្នកក្រ នៅក្នុងរង្វង់សហភាពអឺរ៉ុប។ នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃនេះ ថ្នាក់ដឹកនាំអឺរ៉ុបត្រូវចោទសួរផងដែរ ថា តើគេត្រូវដាក់បញ្ចូលលក្ខខណ្ឌថ្មី ភ្ជាប់ជាមួយនឹងកញ្ចប់ជំនួយ ដែលប្រទេសសមាជិកអឺរ៉ុបត្រូវទទួលបានពីកេសអឺរ៉ុបដែរឬទេ។ បារាំង និងអាល្លឺម៉ង់ជាដើម ចង់ឲ្យភ្ជាប់រឿង អន្តោប្រវេសន៍ ឬការគោរពច្បាប់ សិទ្ធិមនុស្ស របស់រដ្ឋសមាជិក ទៅក្នុងលក្ខខណ្ឌទទួលបានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ បារាំង និងអាល្លឺម៉ង់ ចង់បានដូច្នេះ ដោយសារតែកន្លងមក ប្រទេសអឺរ៉ុបខាងកើតមួយចំនួន ដូចជាប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគីជាដើម បានបដិសេធមិនចង់ចូលរួមទទួលយកជនអន្តោប្រវេសន៍ ទៅតាមការកំណត់របស់គណៈកម្មការអឺរ៉ុប។
នៅទីក្រុងព្រុចសែល នៅថ្ងៃនេះ ថ្នាក់ដឹកនាំកំពូល របស់ប្រទេសសមាជិកអឺរ៉ុប គ្រាន់តែពិភាក្សាពីតួលេខ ប៉ុន្តែ នឹងមិនមែន ជាអ្នកកំណត់នោះទេ គឺគេត្រូវរង់ចាំការវាយតម្លៃរបស់គណៈកម្មការអឺរ៉ុបដែលនឹងបង្ហាញឲ្យដឹងពីថវិកាអឺរ៉ុប នៅអំឡុងខែឧសភាខាងមុខ។
ក្រៅតែពីថវិកា អនាគតរបស់សហភាពអឺរ៉ុប ដែលនឹងគ្មានអង់គ្លេស ក៏ជាប្រធានបទដែលថ្នាក់ដាក់នាំកំពូលរបស់ប្រទេសសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប នឹងត្រូវលើកយកទៅជជែកគ្នា ម្តងទៀត នៅខែឧសភា ឆ្នាំក្រោយ នៅប្រទេសរ៉ូមានី។ នៅក្នុងឱកាសនោះ សហភាពអឺរ៉ុបត្រូវកំណត់ផងដែរ ផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ