មានគេបន្លំស្នើបេក្ខភាពលោកដូណាល់ ត្រាំ សម្រាប់ពានណូបែលសន្តិភាព
វិទ្យាស្ថានណូបែលនៅក្រុងអូស្លូ ប្រទេសនរវែស បានប្រាប់ថ្ងៃពុធនេះ ពីការដាក់ពាក្យប្តឹងទាក់ទងនឹងការស្នើបេក្ខភាពប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ មកប្រកួតប្រជែងរង្វាន់ណូបែលសន្តិភាព។ វិទ្យាស្ថានណូបែលជឿថា បេក្ខភាពលោកត្រាំ ដែលវិទ្យាស្ថានបានទទួល អាចជាការក្លែងបន្លំ។
ចុះផ្សាយនៅថ្ងៃ៖
វិទ្យាស្ថានណូបែលនរវែសលើកឡើងថា បានទទួលការស្នើបេក្ខភាពលោកដូណាល់ ត្រាំ សម្រាប់ពានណូបែលសន្តិភាព ដែលវិទ្យាស្ថានគិតថា ជាការក្លែងបន្លំ។ វិទ្យាស្ថានណូបែលគិតថា អាចមានជនណាម្នាក់លួចយកអត្តសញ្ញាណ ដើម្បីអាចធ្វើរឿងនេះអោយស្របច្បាប់បាន។ ប្រធានវិទ្យាស្ថានណូបែលមិនផ្តល់ព័ត៌មានលម្អិតរឿងនេះទេ។ វិទ្យាស្ថានណូបែលទុកអោយប៉ូលិសនរវែសធ្វើការស៊ើបអង្កេត។
ជាទូទៅ បញ្ជីឈ្មោះបេក្ខជនដែលគេស្នើ អោយសម្រាប់ពានរង្វាន់ណូបែលសន្តិភាពត្រូវរក្សាទុកជាការសំងាត់ អោយបានយ៉ាងតិច៥០ឆ្នាំ។ ប៉ុន្តែ វិទ្យាស្ថានណូបែលសន្តិភាពនរវែសបានប្រាប់តាំងពីដើមខែកុម្ភៈមកថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាបេក្ខជនសម្រាប់ពានណូបែលសន្តិភាពឆ្នាំ២០១៨។ រៀងរាល់ឆ្នាំ ការដាក់បេក្ខភាពសម្រាប់ពានណូបែលសន្តិភាព ត្រូវធ្វើអោយរួចមុនថ្ងៃ៣១មករា។ មានតែបុគ្គលមួយចំនួនដូចជាតំណាងរាស្ត្រ រដ្ឋមន្ត្រី សាស្ត្រាចារ្យ រឺក៏អ្នកដែលធ្លាប់ទទួលពានណូបែលរួចហើយប៉ុណ្ណោះ ដែលអាចស្នើឈ្មោះណាមួយបាន។ សមាជិក៥រូបនៃគណៈកម្មាធិការប្រគល់ពានរង្វាន់ ក៏មាន សិទ្ធិស្នើឈ្មោះបេក្ខជនដែរ។ ចំពោះបេក្ខភាពលោកដូណាល់ ត្រាំ គឺត្រូវបានជនជាតិអាមេរិកាំងមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ជាអ្នកស្នើឡើង។ ស្នើក្នុងន័យថា លោកត្រាំ មានមនោគមវិជ្ជា ប្រើកម្លាំងបាយដើម្បីទទួលសន្តិភាព។
ឆ្នាំនេះ វិទ្យាស្ថាននរវែសទទួលបានបេក្ខភាពចំនួន៣២៩ ជាបេក្ខភាពត្រឹមត្រូវ។ បេក្ខភាពដែលគេដាក់ទៅវិទ្យាស្ថាន មានបេក្ខភាពរបស់គ្រូពេទ្យវះកាត់ជនជាតិកុងហ្គោ គឺលោកDenis Mukwege និងស្ត្រីអ្នកកាន់សាសនាយេហ្ស៊ីឌី Nadia Murad។ អ្នកទាំង២សុទ្ធតែបានតស៊ូស្វិតស្វាញប្រឆាំងហិង្សាបំពានផ្លូវភេទ។ ក្រៅពីនេះ ក៏មានគេស្នើបេក្ខភាពចលនាប្រជាធិបតេយ្យហុងកុងឆ្នាំ២០១៤ បេក្ខភាពសម្តេចប៉ាបហ្វ្រង់ស៊័រ អតីតប្រធានាធិបតីបារាំង លោក ហ្សាក់ ស្ហៀរ៉ាក់ បេក្ខភាពលោកEdward Snowden ជាអតីតបុគ្គលិកផ្នែកចារកិច្ចអាមេរិក បេក្ខភាពក្រុមសង្គ្រោះ”មួកស”ស៊ីរី រឺក៏បេក្ខភាពគណៈកម្មាធិការប្រឆាំងការធ្វើទារុណកម្មជាដើម។ ការប្រកាសជ័យលាភីណូបែលសន្តិភាពនឹងធ្វើឡើង នៅដើមខែតុលា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ