អានតួអត្ថបទ

បារាំង​-នូវែលកាឡេដូនី​រកឃើញ​សំណួរ​សម្រាប់​ធ្វើ​ប្រជាមតិ​ជុំ​វិញ​​ឯករាជ្យ​កោះ

​នូវែលកាឡេដូនី ដែន​ដី​បារាំង​នៅ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក នឹង​រៀប​ចំ​ធ្វើ​ប្រជាមតិ​ប្រជាមតិ​ស្តី​អំពី​ឯករាជភាព​ និង​ស្វយ័តភាព​តំបន់ នៅ​ថ្ងៃ​ទី ៤ វិច្ឆិកា ២០១៨ ខាង​មុខ។ នៅ​ថ្ងៃ​នេះ​និង​បន្ទាប់​ពី​បាន​ចរចា​យ៉ាង​តាន​តឹងរវាង​នាយក​រដ្ឋមន្ត្រី​​បារាំង ​និង​តំណាង​​នយោបាយ​នូវែលកាលេដូនី ទើប​បាន​រក​ឃើញ​ ឃ្លា សម្រាប់​យក​ទៅ​ចោទ​សួរ​ប្រជាពល​រដ្ឋ​ ក្នុង​ថ្ងៃ​ធ្វើ​ប្រជាមតិ។

នាយក​រដ្ឋមន្ត្រី​បារាំងលោក Edouard Philippe ជាមួយ​ចៅហ្វាយ​ខេត្ត​នូវែលកាលេដូនី​ខាង​ជើង4 décembre 2017.
នាយក​រដ្ឋមន្ត្រី​បារាំងលោក Edouard Philippe ជាមួយ​ចៅហ្វាយ​ខេត្ត​នូវែលកាលេដូនី​ខាង​ជើង4 décembre 2017. Fred Payet / AFP
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​បារាំង លោក អេដ័រ ហ្វីលីព បាន​ចំណាយ​ពេល​៧​ម៉ោង ផ្តល់​សំណើ​ដល់​ទៅ​៧ ទម្រាំ​អាច​រក​ឃើញ​សំនួរ​​មួយ​ឃ្លា ដែល​​ភាគី​ប្រឆាំង​និង​គាំទ្រ​ការ​ទាមទារ​ឯករាជ្យ​កោះ​នូវែលកាឡេដូនី ព្រម​ទទួល​យក​ និង​បិទ​បញ្ចប់​ភាព​តាន​តឹង​​​បាន។ នោះ​គឺ​ ៖ “តើ​អ្នក​ចង់​ឱ្យ​នូវែលកាឡេដូនី មាន​អធិបតេយ្យ​​ពេញ​លេញ និង​ក្លាយ​ជា​តំបន់​ឯករាជ្យទេ ?”

សូម​បញ្ជាក់​ថា ក្លាយ​ជា​ដែន​ដី​បារាំង​នៅ​ឆ្នាំ ១៨៥៣ នូវែល​កាឡេដូនី មាន​ទី​តាំង​​នៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ចម្ងាយ​ប្រមាណ​២ពាន់​គីឡូម៉ែត្រ​ពី​អូស្ត្រាលី និង​១៦០០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ប៉ារីស និង​មាន​ប្រជាជន​រស់​នៅ​សរុប​ប្រមាណ​២៧ម៉ឺន​នាក់ ក្នុង​នោះ​ជិត​៤០%​ ជនជាតិដើម​ កាណាក់ ២៧%​ជា​អឺរ៉ុប និង​សល់​ប៉ុន្មាន​កូន​កាត់ ឬ​មាន​ដើម​កំណើត​ផ្សេង។

នៅ​ឆ្នាំ​១៩៨០ ក្រោយ​ពី​មាន ​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​អ្នក​ឯករាជ្យ​និយម​ រហូត​ដល់​មានការ​ចាប់​ភ្នាក់ងារ​នគរ​បាលចំណាប់​ខ្មាំង និង​អំពើ​ហិង្សាស្លាប់​មនុស្ស​អស់​២១​នាក់​ នៅ​ឆ្នាំ​១៩៨៨ រដ្ឋបាល​បារាំង​ និង​ក្រុម​ឯករាជ្យ​និយម​របស់​កោះ បាន​រក​ឃើញ​ចុះ​កិច្ចព្រមព្រៀង « Nouméa » (ឈ្មោះ​ក្រុង​របស់​កោះ​នូវែលកាឡេដូនី) នៅ​ឆ្នាំ​១៩៩៨។

កិច្ចព្រមព្រៀង​បាន​ផ្តល់​ស្វ័យភាព​យ៉ាង​ទូលំទូលាយ​ដល់​កោះ​ និង​គ្រោង​រៀប​ចំ​ដំណើរ​ចេញ​ពី​អាណានិគម​បន្តិចម្តងៗ ដោយ​ចាប់​ផ្តើម​ពី​​ការ​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ ​យ៉ាង​យូរ​បំផុត​នៅ​ខែ​វិច្ឆិកា ២០១៨។ ប៉ុន្តែជា​ច្រើន​ខែ​ឆ្នាំ​មក សមាជិក​គណៈកម្មាធិការ​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ នូម៉េអា និយាយ​មិន​ចុះ​សម្រុង​នឹង​គ្នាទេ។ ក្រុម​អ្នក​ឯករាជ្យ​និយម FLNKS ចង់​ឱ្យ​សំណួរ​នៃប្រជាមតិ ផ្តោត​តែ​លើ​បញ្ហា​ អធិបតេយ្យ​កោះ​ តែ​មិន​ប៉ះ​ដល់​បញ្ហាទាមទារ​ឯករាជ្យ។ ចំណែក​ខាង​បក្ស​ស្តាំ​និយម​ ចង់​ឃើញមាន​​ជម្រើស​​រវាង​ ​ការ​ចង់​បាន​ឯករាជ្យឱ្យ​កោះ និង រក្សា​កោះ​ជា​ដែន​ដី​បារាំង​ដដែល។

ដូច្នេះ​​ការ​ប្រើ​​ពាក្យ​​ទាំង​ពីរ នៅ​ក្នុង​សំណួរប្រជាមតិ​​តែ​មួយ ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ប្រៀប​ដូច​ជា​បាន​ផ្សះ​ផ្សា​ភាគី​បក្សដិបក្ស​ទាំង​ពីរ​ផង និងបន្ធូរ​​សម្ពាធ​នយោបាយ​របស់​កោះផង ​មុន​ដំណើរ​ទស្សនកិច្ច​​របស់​​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល​ម៉ាក្រុង នៅ​ខែ​ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ