តើប្រជាជនហុងគ្រីនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដែលស្អប់ជនអន្តោប្រវេសន៍?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣១
ប្រជាជនហុងគ្រី ជិត ៨លាននាក់ នៅថ្ងៃអាទិត្យនេះ ត្រូវចេញទៅបោះឆ្នោត ជ្រើសរើសរដ្ឋាភិបាលថ្មី នៅក្នុងបរិបទមួយ បញ្ហា ជនអន្តោប្រវេសន៍ បានក្លាយជាសំណុំរឿងចំបងរបស់បេក្ខជនឈរឈ្មោះ។ នៅក្នុងស្រុក លោកវីចទ័រអរបាន បានដើរនយោបាយប្រឆាំងជនអន្តោប្រវេសន៍ និងប្រឆាំងដាច់ខាត មិនចង់ទទួលជនភៀសខ្លួន ដែលកំណត់បែងចែកដោយសហភាពអឺរ៉ុប។ ទទួលការគាំទ្រក្នុងស្រុក ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី ហុងគ្រី ជាតិនិយម បានក្លាយជាមនុស្សក្បាលរឹង ប្រឆាំងសហភាពអឺរ៉ុប ដែលតាមពិតទៅ ជាប្រភពផ្តល់ថវិកាដ៏សំខាន់មួយ របស់ហុងគ្រី។
ប្រទេសហុងគ្រី នៅថ្ងៃអាទិត្យនេះបានរៀបចំការបោះឆ្នោតសភាជាតិ ដែលនៅក្នុងនោះ ការស្ទង់មតិ បានបង្ហាញថា លោកនាយករដ្ឋមន្រ្តី វីចទ័រ អរបាន នឹងអាចឈ្នះឆ្នោត សម្រាប់ដឹកនាំរដ្ឋាភិបាលហុងគ្រី អាណត្តិទី៣ បន្តទៀត។
គណបក្សជាតិ និងអភិរក្សនិយម Fidesz របស់លោកនាយករដ្ឋមន្រ្តី វីចទ័រ អរ សង្ឃឹម ទទួលជ័យជំនះ ច្រើន នៅក្នុងការបោះឆ្នោត នៅថ្ងៃអាទិត្យនេះ ដោយសារកត្តាពីរ។ ទី១ គឺដោយសារតែកម្លាំងចុះខ្សោយរបស់គណបក្សប្រឆាំង គណបក្សប្រជែង របស់លោក។ រហូតមកដល់ពេលនេះ គណបក្សឆ្វេងនិយម គណបក្សកណ្តាលនិយម ដែលប្រឆាំងនឹងលោក អរបាន នៅតែបែកបាក់ មិនព្រមរួមកម្លាំងគ្នា ដើម្បីប្រឆាំងនឹងគណបក្សកាន់អំណាចរបស់លោកវីចទ័រ អរបាននោះទេ។ កត្តាទី២ ដែលធ្វើឲ្យលោកនាយក រដ្ឋមន្រ្តី អរបាន ទទួលបានសំឡេងគាំទ្រច្រើន នៅក្នុងចំណោមមហាជនហុងគ្រី គឺបញ្ហាជនអន្តោប្រវេសន៍។ នៅពីរឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីមានផ្ទុះឡើងវិបត្តិលំហូរជនអន្តោប្រវេសន៍ មកទឹកដីអឺរ៉ុប លោកវីចទ័រ អរបាន បានចាត់វិធានការនយោបាយ តឹងរ៉ឹង មិនស្វាគមន៍ ជនអន្តោប្រវេសន៍ ក្នុងទឹកដីហុងគ្រី។ លោកបានបញ្ជាឲ្យគេសង់របង លួសបន្លា នៅតាមព្រំដែន ជាមួយប្រទេសស៊ែប ដើម្បី រារាំងកុំឲ្យជនភៀសខ្លួន មកពីដើមបូព៌ា ធ្វើដំណើរឆ្លងកាត់ចូលទឹកដីហុងគ្រី។ នយោបាយការពារជនជាតិហុងគ្រី ប្រទេសហុងគ្រី មិនឲ្យរងការឈ្លានពានពីជនអន្តោប្រវេសន៍ កាន់សាសនាអ៊ីស្លាម ត្រូវបានគាំទ្រ ភាគច្រើនពីប្រជាជនហុងគ្រី ដែលកាន់គ្រឹស្តសាសនា។
នៅថ្ងៃអាទិត្យ គណបក្សរបស់លោកអរបាននឹងសង្ឃឹមឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែ ខុសពីការបោះឆ្នោត ពីរ លើក មុន គឺនៅឆ្នាំ ២០១០ និងឆ្នាំ ២០១៤ គណបក្សជាតិ និងអភិរក្សនិយមរបស់លោកវីចទ័រ អរបាន ប្រហែលជាមិនអាចឈ្នះដាច់ ដើម្បីបានសំឡេងភាគច្រើននៅសភានោះទេ។ គ្មានសំឡេងពីរភាគបី នៅសភា គណបក្សរបស់លោកអរបានអាចត្រូវបង្ខំចិត្តបង្កើតរដ្ឋាភិបាលចម្រុះជាមួយ គណបក្សប្រឆាំង។ លោកអរបានវិញចង់កាន់អំណាចតែម្នាក់ឯង។
នៅស្ថានភាពជាក់ស្តែង គណបក្សរបស់លោកអរបានកំពុងប្រជែងខ្លាំងជាមួយ នឹងគណបក្សស្តាំនិយមជ្រុលមួយទៀត គឺគណបក្សJobbik ដែលដើរតួជាគណបក្សប្រឆាំងសំខាន់ នៅហុងគ្រី និងត្រូវបានគេចាត់ទុកថា ជាគណបក្សណាហ្ស៊ីថ្មី ប្រឆាំងស្អប់ជនបរទេស។ គណបក្សនេះ កំពុងទាញយកសំឡេងមួយភាគ ពីគណបក្សជាតិនិយមរបស់លោកអរបាន និងឈរនៅចំណាត់ថ្នាក់លេខពីរ ជាមួយគាំទ្រ ពី ១៥ទៅ ២០ភាគរយ។ គណបក្ស Jobbik បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីអរបានថា បក្សពួកនិយម ធ្វើឲ្យសេវាសាធារណៈចុះខ្សោយ និងមាននយោបាយទន់ជ្រាយជាមួយជនអន្តោប្រវេសន៍។ នៅហុងគ្រី គេអាចនិយាយបានថា ការប្រជែងដណ្តើមអំណាចគ្នា គឺធ្វើឡើង តែរវាងគណបក្សស្តាំនិយមជ្រុលប៉ុណ្ណោះ។ ដូច្នេះ ទោះជាគណបក្សណាមួយឈ្នះឆ្នោត ក៏ ហុងគ្រី ត្រូវដឹកនាំ ដោយមនុស្សជាតិនិយម មិនស្វាគមន៍ជនបរទេសដែរ។
និយាយបំប៉ោងបញ្ហាជនអន្តោប្រវេសន៍ ដើម្បីសំឡេងឆ្នោត
ការនិយាយបំភិតបំភ័យរបស់លោកនាយករដ្ឋមន្រ្តីអរបាន ធ្វើឡើងដើម្បីតែសន្លឹកឆ្នោតតែប៉ុណ្ណោះ។ នៅហុងគ្រី ជនអន្តោប្រវេសន៍តំណាងឲ្យតែមួយភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបរបស់ហុងគ្រី ដែលមានប្រមាណ ១០លាននាក់។ នយោបាយសាងសង់ជញ្ជាំង របងលួសបន្លា នៅតាមព្រំដែន ជាមួយប្រទេសស៊ែប៊ី បានធ្វើឲ្យចំនួនជនភៀសខ្លួន ថយចុះ យ៉ាងសន្ធឹក។ ដោយសារតែនយោបាយប្រឆាំងជនអន្តោប្រវេសន៍របស់លោកនាយករដ្ឋមន្រ្តី អរបាន ពាក្យសុំសិទ្ធិជ្រកកោនរបស់ជនភៀសខ្លួន នៅក្នុងទឹកដីហុងគ្រី បានថយចុះ ពី ជាង ១សែន ៧ម៉ឺននាក់ មកនៅត្រឹមតែ៣ពាន់នាក់តែប៉ុណ្ណោះ នៅឆ្នាំ ២០១៧កន្លងទៅ។
សូមអាន៖ក្រុមប្រឹក្សាអឺរ៉ុបព្រមានហុងគ្រីមិនអោយធ្វើបាបជនភៀសខ្លួន
មួយវិញទៀត ជនភៀសខ្លួនដែលធ្វើដំណើរចូលទឹកដីហុងគ្រី គឺគ្រាន់តែដើម្បីឆ្លងកាត់ទៅរកប្រទេសអឺរ៉ុបខាងជើង ដូចជាអាល្លឺម៉ង់ ឬអូទ្រីសតែប៉ុណ្ណោះ គឺគ្មានបំណងស្នាក់នៅ ជ្រកកោនយូរអង្វែងនៅហុងគ្រី ដើម្បី ដណ្តើមការងារ ពីប្រជាជនហុងគ្រី ដូចដែលលោកអរបានបានលើកឡើងនោះទេ។
ប៉ុន្តែ ដោយលើកនិយាយសង្កត់ធ្ងន់លើបញ្ហាជនអន្តោរប្រវេសន៍ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកនាយករដ្ឋមន្រ្តីអរបានចេះនិយាយចាក់ចំចំណុច ព្រោះប្រជាជនហុងគ្រី នៅបាក់ស្មាតនៅឡើយនឹងហេតុការណ៍លំហូរជនភៀសខ្លួន ខ្លាំង កាលពីឆ្នាំ ២០១៥។ ម្យ៉ាងទៀត ប្រជាជនហុងគ្រី យល់ថា នយោបាយរបស់លោកនាយករដ្ឋមន្រ្តី អរបាន ដែលសង់ជញ្ជាំង នៅតាមព្រំដែនដើម្បីទប់ទល់នឹងលំហូរជនអន្តោប្រវេសន៍ គឺត្រឹមត្រូវ។ តាមលោកអរបាន ជញ្ជាំងលួសបន្លានៅតាមព្រំដែន នឹងជួយការពារយូរអង្វែង ទឹកដី ហុងគ្រី ពីការឈ្លានពានរបស់ជនអន្តោប្រវេសន៍ ជាពិសេស មកពីអាហ្វ្រិក ដែលបើតាមអង្គការអូតង់នឹងមានចំនួនកើនឡើង ដល់៦០លាននាក់ នៅ២០ឆ្នាំខាងមុខ។
មេដឹកនាំផ្តាច់ការនៅក្នុងរង្វង់សហភាពអឺរ៉ុប
លោកវីចទ័រ អរបានធ្លាប់បានរិះគន់តុលាការយុត្តិធម៌ អឺរ៉ុប ដែលបានសម្រេចឲ្យហុងគ្រី ចាញ់ក្តី នៅក្នុងបណ្តឹងតវ៉ា ពីរឿង ការដាក់កំហិតឲ្យទទួលជនភៀសខ្លួន មកក្នុងទឹកដី អឺរ៉ុប។ លោកអរបាន មិនខ្លាចនឹងតវ៉ាប្រឆាំង នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប ព្រោះលោកអាចមានផ្លូវដើរ ក្រឡាផ្សេង បើសិនគ្មានជំនួយពីអឺរ៉ុប។
សូមអាន៖គណៈកម្មការអឺរ៉ុបតម្រូវឲ្យរដ្ឋសមាជិក បង់ប្រាក់ បើសិនមិនចង់ទទួលជនភៀសខ្លួន
លោកអរបានមិនដែលលាក់បាំងពីជំហរ របស់លោក ដែលកោតសរសើរ ប្រធានាធិបតីរុស្ស៊ី លោកពូទីននោះទេ។ គេវាយតម្លៃថា បើសិនសហភាពអឺរ៉ុប ព្រងើយ ដាក់ទោសហុងគ្រី ដោយសារតែនយោបាយអន្តោប្រវេសន៍ នោះ ហុងគ្រីនឹងអាចងាកទៅរកពឹងរុស្ស៊ី ដែលកំពុងក្លាយជាគូប្រជែង និងប្រទេសគំរាមកំហែងសហភាពអឺរ៉ុប។
សហភាពអឺរ៉ុបកំពុងតាមដានខ្លាំងមែនទែន លើការបោះឆ្នោតនៅហុងគ្រី មិនត្រឹមតែរឿងនយោបាយប្រឆាំងជនអន្តោប្រវេសន៍របស់លោកអរបានតែប៉ុណ្ណោះទេ។ លោកអរបានកំពុងត្រូវគេតាមដានផងដែរ ពីរឿងរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសហុងគ្រី។ គេបារម្ភថា ដោយធ្វើនយោបាយប្រជាភិថុត បំភិតបំភ័យប្រជាជនយ៉ាងដូច្នេះ លោកអរបានកំពុងក្លាយជាមេដឹកនាំផ្តាច់ការ របស់ប្រទេសសមាជិកមួយរបស់សហភាពអឺរ៉ុប។ តាំងពីឆ្នាំ ២០០៨ លោកអរបានបានធ្វើនយោបាយជាច្រើនដើម្បីបិទខ្ទប់សំឡេងប្រឆាំងនឹងលោក ជាពិសេស នៅក្នុងនយោបាយប្រឆាំងជនអន្តោប្រវេសន៍នេះ។ មនុស្សស្និទ្ធនឹងលោកបានប្រមូលទិញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ទូទស្សន៍ មួយភាគធំនៅហុងគ្រី ក្នុងពេលកាសែត វិទ្យុឯករាជ្យ ដែលសរសេររិះគន់ នយោបាយរដ្ឋាភិបាលត្រូវបានបិទ ឬពិន័យជាប្រាក់ ក្នុងបទចោទប្រកាន់សរសេរព័ត៌មានមិនពិត។ នៅក្នុងក្របខ័ណ្ឌប្រឆាំងជនអន្តោប្រវេសន៍ នេះដែរ រដ្ឋាភិបាលរបស់លោកអរបាន នៅបានកាត់ផ្តាច់ជំនួយ ដល់សមាគមសាសនាដែលជួយជនអន្តោប្រវេសន៍ ដែលលោកចាត់ទុក ជាសត្រូវសំខាន់របស់ប្រទេសជាតិហុងគ្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ