បារាំងបង្កកទ្រព្យធនក្រុមហ៊ុនជាច្រើនជុំវិញសំណុំរឿងអាវុធគីមីនៅស៊ីរី
បារាំងបានសម្រេចបង្កកទ្រព្យធនរបស់ក្រុមហ៊ុន ៩ និងមនុស្សបីនាក់ ដែលជាប់សង្ស័យថាបានឧបត្ថម្ភកម្មវិធីអាវុធគីមី នៅស៊ីរី។ នេះបើតាមសេចក្តីប្រកាសរួមគ្នា របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការបរទេសបារាំង។ សេចក្តីប្រកាសនេះប្រព្រឹត្តទៅក្នុងខណៈដែលប៉ារីសកំពុងទទួលរៀបចំជំនួបប្រជុំអន្តរជាតិស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការប្រើអាវុធគីមី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៩
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចបារាំង បានប្រកាសបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចំនួន៩ ដែលជាក្រុមហ៊ុនរបស់ស៊ីរី និងលីបង់ ព្រមទាំងទ្រព្យសម្បត្តិរបស់បុគ្គលបីនាក់ ម្នាក់ជាពលរដ្ឋស៊ីរី និងម្នាក់ទៀតកើតនៅលីបង់។ ទ្រព្យរបស់ក្រុមហ៊ុននិងបុគ្គលនេះ នឹងត្រូវបង្កករយៈពេល៦ខែ ដោយរាប់ចាប់ពីថ្ងៃទី ១៨ ឧសភា ២០១៨នេះទៅ។ កាលពីមករា បារាំងបានបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនចំនួន២៥រួចហើយ ក្នុងហេតុផលតែមួយដូចគ្នានេះ។
ក្រោយហេតុការណ៍ប្រើសារធាតុគីមីក្លរ និងឧស្ម័នសារាំង នៅតំបន់ហ្គូតាខាងកើតក្បែរក្រុងដាម៉ាសប្រទេសស៊ីរី និងការបំពុលអតីតភ្នាក់ងាររុស្ស៊ីនៅអង់គ្លេសមក ប្រទេសចំនួន៣៣កំពុងជួបប្រជុំគ្នានៅទីក្រុងប៉ារីស ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូអន្តរជាតិប្រយុទ្ធប្រឆាំងនឹងភាពគ្មានទោសនៃការប្រើអាវុធគីមី ដើម្បីជាកិច្ចបន្ថែមពីលើការងាររបស់អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ។ គម្រោងការងាររបស់ពួកគេ គឺបង្កើតយន្តការអង្កេតមួយ និងអាចធ្វើការចោទប្រកាន់អ្នកប្រើអាវុធគីមី បើទោះបីជារុស្ស៊ីនិងអ៊ីរ៉ង់ សម្ព័ន្ធមិត្តរបស់ស៊ីរីប្រឆាំងក៏ដោយ។
អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃទី១៦ឧសភា ថាពិតជាមានការប្រើសារធាតុក្លរ នៅក្នុងការវាយប្រហារនៅក្រុង Saraqeb របស់ស៊ីរីមែន គ្រាន់តែមិនបញ្ជាក់ជាក្រុមណា។ ភ្នាក់ងារអង្កេតរបស់អង្គការហាមជាត់អាវុធគីមី បានចុះទៅពិនិត្យដល់កន្លែង។ គេកំពុងរង់ចាំលទ្ធផលអង្កេតនៃការប្រើអាវុធគីមី នៅហ្គូតា និងឌូម៉ា កាលពីថ្ងៃទី ៧មេសា ២០១៨នៅឡើយ។ ការវាយប្រហារគីមី ដែលបានជំរុញឱ្យអាមេរិក បារាំងនិងអង់គ្លេសចេញធ្វើអន្តរាគមន៍យោធាលើស៊ីរី នៅថ្ងៃទី ១៤មេសា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ