អានតួអត្ថបទ

អៀរឡង់​បោះឆ្នោត​ប្រជាមតិ​គាំទ្រ​សិទ្ធិរ​ម្លូត​កូន

អៀរឡង់​ជាអ្នក​ប្រកាន់​សាសនា​​កាតូលិក​ខ្លាំង​បំផុត និង​មាន​​រដ្ឋធម្មនុញ្ញ​ ហាម​ឃាត់​តាំង​ពី​ជាង​មួយ​សតវត្សរ៍​មក​ហើយ​មិន​ឱ្យ​ស្ត្រី​រម្លូត​​កូន ! ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ទី ២៥​ឧសភា​ ម្សិលមិញ បណ្តា​ជន​អៀរឡង់​ បាន​ផ្តាច់​ខ្លួន​ពី​ទម្លាប់​ចាស់ ដោយ​បាន​បោះឆ្នោត​យល់​ព្រម តាម​រយៈ​ប្រជាមតិ ផ្តល់​សិទ្ធិ​ដល់​ស្រ្តី ក្នុង​ការសម្រេច​​រម្លូត​កូន ក្នុង​សំឡេង​គាំទ្រ​ ជាង​៦៦,៤​%។ នេះ​បើ​តាម​លទ្ធផល​ជា​ផ្លូវការ​ប្រកាស​នៅរសៀល​ថ្ងៃ​សៅរ៍។

រូបភាព​ឃោសនា​ប្រជាមតិ​ គាំទ្រ​ច្បាប់​រម្លូត​កូន
រូបភាព​ឃោសនា​ប្រជាមតិ​ គាំទ្រ​ច្បាប់​រម្លូត​កូន ©Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​១៩៩៥ ពលរដ្ឋ​អៀរឡង់​៥០,៣% បាន​ធ្វើ​ប្រជាមតិ​ព្រម​ឱ្យ​មាន​ច្បាប់​លះលែង​ប្តី​ប្រពន្ធ។ ជាង​៦២% បាន​បោះឆ្នោត​គាំទ្រ​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅ​ឆ្នាំ​២០១៥ ហើយ​នៅ​ថ្ងៃ​សុក្រ​ទី ២៥​ឧសភា ២០១៨​នេះ អ្នក​ជន​បទ​ ឬអ្នក​ក្រុង ក្មេងឬ​ចាស់ ស្រី​ឬប្រុស ... អៀរឡង់​ទាំង​មូល បាន​ឆ្លើយ​ថា​ “ព្រម” ឱ្យ​ស្ត្រី​មាន​​សិទ្ធិ​រម្លូត​កូន នៅ​ក្នុង​ប្រជាមតិ​ជា​ប្រវត្តិសាស្ត្រ ដែល​បញ្ជាក់​អំពីដំណើរ​វិវឌ្ឍន៍​របស់​អៀរឡង់​ ​ផ្តាច់​ខ្លួន​ទម្លាប់​ចំណាស់​មួយ​សតវត្សរ៍ និង​​​អំពី​ការ​ធ្លាក់​ឥទ្ធិពល​របស់​វិហារ​កាតូលិក។​

ក្រោយ​សង្គ្រាម​ស៊ិវិល​ឆ្នាំ​១៩២០​មក វិហារ​កាតូលិក​អៀរឡង់​ មាន​អំណាច​ខ្លាំង​ណាស់នៅ​ក្នុង​ប្រទេស​ ព្រោះ​ជា​អ្នក​បាន​ជួយ​រំដោះ​អៀរឡង់​ពី​អាណានិគម​អង់គ្លេស។ អំណាច​របស់​វិហារ​កាតូលិក មាន​ឥទ្ធិពល​ខ្លាំង​រហូត​ដល់​ឆ្នាំ​១៩៨៣ សម្រេច​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ហាមឃាត់​មិន​ឱ្យ​មាន​ការ​រម្លូត​កូន​​ទេ បើ​ទោះ​បី​ជា​ស្ត្រី​មាន​កូន​ដោយ​ការ​ចាប់​រំលោភ​ ឬ​កូន​មាន​លូតលាស់​ខុស​ប្រក្រតី​យ៉ាង​ណា​ក៏​ដោយ។ ការ​រម្លូត​កូន​អាច​នឹង​ត្រូវ​ផ្តន្ទាទោសជាប់​ពន្ធនាគារ​​អស់​មួយ​ជីវិត នៅ​រវាង​ពី​​ឆ្នាំ​១៨៦១​ដល់​ឆ្នាំ​២០១៣ និងបន្ថយ​មក​​ត្រឹម​​១៤​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៣មក។

ថ្វី​បើ​ពេល​នេះ ពលរដ្ឋ​អៀរឡង់​ជាង​៨៧%​ កាន់​សាសនា​កាតូលិក​មែន ប៉ុន្តែ​វិហារ​កាតូលិក បាន​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួន​បន្តិច​ម្តងៗ ដោយ​ហេតុ​តែ​រឿង​អាស្រូវ​ សង្ឃ​កាតូលិក​ស្រលាញ់​ក្មេង​ផង រឿង​អាស្រូវ​សង្ឃកាតូលិក​គេច​ចំណេញលក់​ទារកកាលពី​ឆ្នាំ​១៩៥០​ផង រឿង​អាស្រូវ​រក​ឃើញ​ផ្នូរ​កប់​ខ្មោច​ទារក​កាលពី​ឆ្នាំ​២០១៤​ផង។ នៅក្នុង​ពេល​ឃោសនា​ប្រជាមតិ​នេះ វិហារ​កាតូលិក​មិន​សូវ​ចេញ​មុខ​ចេញ​មាត់​ឡើយ។

នាយក​រដ្ឋមន្ត្រី​អៀរឡង់ បាន​បញ្ចេញ​ប្រតិកម្ម​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នៃ​ប្រជាមតិ​​ម្សិលមិញ ដោយ​ចាត់​ទុក​ថា​ អៀរឡង់​កំពុង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ ! អៀរឡង់​នឹង​ក្លាយ​ជា​ប្រទេស​មាន​សប្បុរធម៌ និង​គួរ​ឱ្យគោរព​ជាង​មុន​។ នេះ​ជា​ទស្សនៈ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។ ជា​មួយ​លទ្ធផល​ដ៏​អស្ចារ្យ​ថ្ងៃ​នេះ អៀរឡង់​នឹង​អនុម័ត​ច្បាប់​រម្លូត​កូន​បាន​ក្នុង​ពេល​ឆាប់ៗ។ បើ​តាម​គម្រោង​ច្បាប់​របស់​រដ្ឋាភិបាល ការ​រម្លូត​កូន​អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ទាមទារ​មូលហេតុ​ចំពោះ​អាយុគ៌ភ ១២សប្តាហ៍​ដំបូង -​រហូត​ដល់​២៤​សប្តាហ៍​ ប្រសិន​បើ​មាន​ហានិភ័យ​ដល់​អាយុ​ជីវិត​ម្តាយ ​និង​ក្នុង​ករណីទារក​ក្នុងផ្ទៃ​មាន​ភាព​មិន​ប្រក្រតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ