អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាវុធគីមី៖​ហេតុអ្វី​បាន​ជា​ពិភពលោក​ត្រូវ​ពង្រឹង​អំណាច​របស់​អង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​អង្គារ ទី២៦​ដល់​ថ្ងៃ​ពុធ ទី២៧ មិថុនា អង្គការ​ដើម្បី​ហាមឃាត់​អាវុធគីមី​ហៅ​កាត់​ជា​ភាសាបារាំង​ថា OIAC បើក​ជំនួបកំពូល​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ នៅ​ក្នុង​ជំនួបកំពូល​ចូលរួម​ដោយ​សមាជិក​ទាំង ១៩៣ប្រទេស​ត្រូវ​ពិភាក្សា​លើ​សំណើ​របស់​ប្រទេស​អង់គ្លេស​ក្នុង​បន្ថែម​សិទ្ធិអំណាច​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ។ គឺ​ជា​សិទ្ធិអំណាច​ក្នុង​ការ​វែក​មុខ និង​កំណត់​អ្នក​ដែល​បាន​ប្រើ​អាវុធគីមី​នៅ​ក្នុង​ការ​វាយប្រហារ​នានា។ តែ​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​រវាង​រស្ស៊ី និង​បស្ចិមលោក​ស្តីពី​វិបត្តិ​ស៊ីរី ជំនួបកំពូល​របស់ OIAC ពេល​នេះ​អាច​នឹង​មាន​ភាព​តានតឹង​ខ្លាំង។ ហេតុអ្វី​បាន​ជា​អាវុធគីមី​កំពុង​បន្ត​ចោទ​ជា​បញ្ហា និង​ថា ហេតុអ្វី​បាន​ជា​ត្រូវ​បន្ថែម​សិទ្ធិអំណាច​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ?

លោក Ahmet Uzumcu នាយកអង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី
លោក Ahmet Uzumcu នាយកអង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី REUTERS/Toussaint Kluiters/United Photos
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ទាក់ទង​នឹង​អាវុធគីមី​បាន​លេច​ឮ​ខ្ចរខ្ចាយ និង​បាន​ធ្វើ​ឲ្យ​ពិភពលោក​រន្ធត់ចិត្ត​ខ្លាំង បន្ទាប់​ពី​អាវុធ​ដ៏​សាហាវ​គ្មាន​រូបរាង​ច្បាស់លាស់​មួយ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សម្លាប់​មនុស្ស​គ្មាន​រើសមុខ​នៅ​លើ​សមរភូមិ​ក្នុង​ជម្លោះ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ថ្មីៗ​ចុង​ក្រោយ​នេះ​ទៀត គឺ​ការ​ប្រើ​អាវុធគីមី​បំពុល​អតីត​ចារបុរស​រុស្ស៊ី ព្រម​ទាំង​កូនស្រី​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស និង​សម្លាប់​លោក​គីម ជុងណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ តាម​ពិត​ទៅ រឿងអាស្រូវ​ទាក់ទង​នឹង​អាវុធគីមី​បាន​កើត​មាន​តាំង​ពី​សម័យសង្រ្គាមលោកលើក​ទី១ មក​ម្ល៉េះ ពោល​មិនមែន​ទើប​តែ​លេច​ឡើង​នៅ​លើ​សមរភូមិ​នៃ​ជម្លោះ​ផ្ទែក្នុង​ស៊ីរី ឬ​អ៊ីរ៉ាក់​សព្វថ្ងៃ​នេះ​ទេ។

ពិត​ណាស់​ថា ការ​បង្កើត​ឲ្យ​មាន​អង្គការ​ដើម្បី​ហាមឃាត់​អាវុធគីមី​ហៅ​កាត់​ជា​ភាសាបារាំង OIAC ក្នុង​ឆ្នាំ ១៩៩៧ គឺ​ដើម្បី​កម្ទេច​អាវុធគីមី​នៅ​ក្នុង​ប្រទេស​សមាជិក​ទាំង ១៩៣ប្រទេស។ ចំនួន​ស្តុកអាវុធ​គីមី​ប្រមាណ​ជា ៩៦% ក្នុង​លោក​ត្រូវ​បាន​បំផ្លាញ​ចោល​ក្រោម​ការ​តាម​ដាន​ឃ្លាំមើល​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ។ តែ​បញ្ហា​នៅ​ត្រង់​ថា​មក​ដល់​សព្វថ្ងៃ វត្តមាន និង​ការ​ប្រើ​អាវុធគីមី​នៅ​បន្ត​មាន ហើយ​អង្គការ​អន្តរជាតិ​មួយ​នេះ​ត្រូវ​បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម​របស់​ខ្លួន។ ម្យ៉ាង​ទៀត និង​ទោះបី​ជា​មាន​រូបភាព​កូនក្មេង​ស្លាប់ និង​បាន​រងរបួស​ដោយ​អាវុធ​គីមី​យ៉ាង​រន្ធត់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក៏​ដោយ ក៏​សហគមន៍​អន្តរជាតិ​ហាក់​ពិបាក​ចាត់​វិធានការ​ចាស់ដៃ​លើ​អ្នក​ដែល​បាន​ប្រើ​អាវុធគីមី ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ភាព​ចម្រូងចម្រាស​រវាង​ក្រុមប្រទេស​បស្ចិមលោក និង​ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។

ប្រទេស​អង់គ្លេស​បាន​យល់​ឃើញ​ថា មាន​តែ​ការ​ផ្តល់​សិទ្ធិអំណាច​បន្ថែម​ឲ្យ​អង្គការ OIAC ទេ​ទើប​គេ​អាច​ទប់ស្កាត់​ការ​ប្រើប្រាស់​អាវុធគីមី​ឲ្យ​មាន​ប្រសិទ្ធិភាព​ជាង​នេះ។ សិទ្ធិអំណាច​ដែល​ទីក្រុង​ឡុងដ៏​ចង់​និយាយ​នោះ គឺ​សិទ្ធិ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ទទួល​ខុស​ត្រូវ​ខាង​ប្រើ​អាវុធគីមី។ សំណើ​របស់​ប្រទេស​អង់គ្លេស​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​សមាជិក​ទាំង ១៨៩ប្រទេស​របស់​អង្គការ OIAC ពិនិត្យ និង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ លោក​ប្រមុខ​ការទូត​អង់គ្លេស​បូរីស ចនសុន​បាន​ថ្លែង​ថា អ្វី​ដែល​អង្គការ OIAC ផ្តើម​ធ្វើ​មុន​គេ គឺ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ តាម​លោក​ចនសុន អង្គការ OIAC ជា​ស្ថាប័ន​ជំនាញ​តែ​មួយ​គត់​ក្នុង​ការ​សិក្សា​វែក​មុខ​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នៅ​ស៊ីរី​នោះ។

តាម​ការ​គ្រោង​ទុក កិច្ចប្រជុំ​របស់​អង្គការ​ដើម្បី​ហាមឃាត់​អាវុធគីមី​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ពុធ ទី២៧ មិថុនា តែ​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​រវាង​ប្រទេស​រុស្ស៊ី និង​ក្រុម​ប្រទេស​លោកខាងលិច កិច្ចប្រជុំ​នេះ​អាច​នឹង​ពន្យារ​ពេល​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ មិថុនា ហើយ​ដើម្បី​អាច​អនុម័ត​លើ​សំណើ​របស់​ប្រទេស​អង់គ្លេស​បាន លុះ​ត្រា​តែ​មាន​សម្លេង​បោះឆ្នោត​គាំទ្រ​ចំនួន ២ភាគ៣ នៅ​ក្នុង​សម្លេង​ទាំង ១៩៣ប្រទេស​សមាជិក។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កិច្ចប្រជុំ​អាច​នឹង​រក​បាន​កុងសង់ស៊ុស​រួម​មួយ​ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង រុស្ស៊ី​បាន​ចេញ​មុខ​រិះគន់ ទិតៀន​កិច្ចប្រជុំ​មួយ​នេះ​ដោយ​បាន​ចង្អុល​ចំ​មុខ​ប្រទេស​អង់គ្លេស​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ថា​មាន​បំណង​បំផុសបំផុល​ឲ្យ​មាន​ការ​ប្រឆាំង​រុស្ស៊ី និង​ស៊ីរី។

យ៉ាង​ណា​ក៏​ដោយ នាយក​អង្គការ OIAC លោក​អាម៉េត យូហ្ស៊ុមគូ​បាន​ថ្លែង​ទទួល​ស្គាល់​ថា កង្វះ​យន្តការណ៍​កំណត់​អត្តសញ្ញាណ​អ្នក​ប្រើ​អាវុធគីមី​ជា​ឧបសគ្គចម្បង​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​បន្ត​ប្រើប្រាស់​អាវុធគីមី។ ទន្ទឹម​គ្នា​នេះ លោក​យូហ្ស៊ុមគូ​មិន​ញញើត​ព្រមាន​ប្រឆាំង​នឹង​ភាព​អសកម្ម និង​ភាព​ព្រងើយកន្តើយ​របស់​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​បញ្ហា​នេះ​ដោយ​បញ្ជាក់​ថា វប្បធម៌​និទណ្ឌភាព​មិន​អាច​បន្ត​កើត​មាន​នៅ​ជុំវិញ​ការ​ប្រើប្រាស់​អាវុធគីមី​បាន​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ