អានតួអត្ថបទ
បែលហ្ស៊ិក-អូតង់

លោកដូណាល់ ទូស្ក​ស្នើ​លោក​ដូណាល់ ត្រាំ​ឲ្យ​គោរព​សម្ព័ន្ធមិត្ត​ផ្សេង​​​ក្នុង​អង្គការ​អូតង់

ជំនួបកំពូល​អង្គការ​អូតង់​បើក​ធ្វើ​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ ទី១១ កក្កដា​នេះ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ តែ​សង្រ្គាម​ពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​អាមេរិក និង​សហភាព​អឺរ៉ុប។ នៅ​ថ្ងៃ​អង្គារ ទី១០ កក្កដា ពោល ១ថ្ងៃ​មុន​ជំនួបកំពូល​អូតង់​ចាប់​ផ្តើម លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក​បាន​ស្នើ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​គោរព​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​អង្គការ​អូតង់។ សំណើ​របៀប​នេះ​របស់​លោក​ទូស្ក គឺ​ដើម្បី​ឆ្លើយ​បក​នឹង​លោក​ត្រាំ​ដែល​កំពុង​បន្ត​ចោទ​អូតង់ ពិសេស​ប្រទេស​​សមាជិក​ផ្សេង​នៅ​អឺរ៉ុប​ពី​បទ​ចំណាយ​តិចតួច​ក្នុង​វិស័យ​ការពារ។

លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក
លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក JOHN THYS / AFP
ផ្សាយពាណិជ្ជកម្ម

« យើង​មាន​សម្ព័ន្ធមិត្ត​ច្រើន​ណាស់។ គេ​មិន​អាច​ស៊ីខូង​លើ​យើង​បាន​ទេ។ សហភាព​អឺរ៉ុប​មិន​អាច​ដើរ​ខ្សែលើ​ជាមួយ​យើង​បាន​​ឡើយ។ យើង​បាន​បាត់បង់​ប្រាក់​ចំនួន ១៥១ ០០០លានដុល្លារ​នៅ​ក្នុង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៧។ លើស​ពី​នេះ​ទៅ​ទៀត យើង​ចំណាយ​យ៉ាង​តិច ៧០% សម្រាប់​អង្គការ​អូតង់។ មែនទែន​ទៅ យើង​បាន​ជួយ​ពួក​គេ​ច្រើន​ជាង​ជួយ​ខ្លួន​ឯង » នេះ​ជា​សារ​ដែល​លោក​ដូណាល់ ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter នា​ថ្ងៃ​ចន្ទ ទី៩ កក្កដា។ បន្ទាប់​ក្នុង​ថ្ងៃ​អង្គារ ទី១០ កក្កដា ពោល ១ថ្ងៃ​មុន​បើក​ជំនួបកំពូល​អូតង់ លោក​ត្រាំ​បាន​សរសេរ​បន្ថែម​ទៀត​ថា « វា​ពិត​ជា​អយុតិ្តធម៌​ខ្លាំង​សម្រាប់​អាមេរិក​ដែល​បាន​ចំណាយ​លុយ​ច្រើន​ជាង​សមាជិក​ផ្សេង​ដើម្បី​ការពារ​ពួក​គេ »។

ប្រតិកម្ម​របស់​លោក​ត្រាំ​របៀប​នេះ​មិន​បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​នៅ​ស្ងៀម​បាន​ទេ។ ក្រៅ​ពី​ស្នើ​លោក​ត្រាំ​ឲ្យ​គោរព​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​អង្គការ​អូតង់​ដូច​គ្នា លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក​បាន​ថ្លែង​ដោយ​ដៀមដាម​ដាក់​លោក​ត្រាំ​វិញ​ថា « ប្រធានាធិបតី​ត្រាំ​ជា​ទីស្រឡាញ់ ចូរ​លោក​ឲ្យ​តម្លៃ​ដល់​សម្ព័ន្ធមិត្ត​របស់​លោក​ផង។ អាមេរិក​មិន​មាន ហើយ​នឹង​គ្មាន​សម្ព័ន្ធ​ដ៏ប្រសើរ​ជាង​អឺរ៉ុប​ទេ ហើយ​មែន​ទែន​ទៅ លោក​ក៏​គ្មាន​សម្ព័ន្ធមិត្ត​ច្រើន​ដូច​លោក​បាន​និយាយ​នោះ​ដែរ »។ តាម​លោក​ដូណាល់ ទូស្ក សហភាព​អឺរ៉ុប​បាន​ចំណាយ​លើ​វិស័យ​ការពារ​ច្រើន​ជាង​ប្រទេស​រុស្ស៊ី និង​មិន​ចាញ់​ប្រទេស​ចិន​ទេ។

សូម​ជម្រាប​ជូន​ថា លោក​ត្រាំ​កំពុង​អាក់អន់ ស្រពន់ចិត្ត​នឹង​ប្រទេស​សមាជិក​អូតង់​ផ្សេង​ទៀត ពិសេស​ប្រទេស​អឺរ៉ុប​ដែល​បាន​បង់​វិភាគទាន​តិច​ខ្លាំង​ឲ្យ​អង្គការ​អូតង់។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​សមភាព​នៃ​រួម​ចំណែក​របស់​ប្រទេស​សមាជិក​នីមួយៗ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ទាមទារ​របស់​លោក​ត្រាំ​ដូច​នេះ​នឹង​ត្រូវ​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​យល់ព្រម​ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង ជំនួបកំពូល​អូតង់​រយៈពេល ២ថ្ងៃ​នឹង​បង្កប់​ដោយ​ភាព​តានតឹង និង​សង្រ្គាម​ពាក្យសម្តី​មិន​អាច​ចៀសរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ