អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ៖ ផែនការ​Brexit របស់​លោកស្រី មេ អាច​សម្លាប់​កិច្ចព្រមព្រៀង​អាមេរិក អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមួយថ្ងៃ​មុន ជំនួប ទ្វេភាគី ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស តេរ៉េហ្សា មេ លោក​ដូណាល់ ត្រាំ បាន​រិះគន់​ខ្លាំងៗ រួចទៅហើយ រដ្ឋាភិបាល​អង់គ្លេស និង​ ផែនការ Brexit របស់​លោកស្រី​មេ។ សម្រាប់​ប្រធានាធិបតី​អាមេរិក ចំណុចដែល​ស្នើឡើង ដោយ​រដ្ឋាភិបាល​អង់គ្លេស មិន​ឆ្លើយតប​នឹង​ការចង់បាន​របស់​ប្រជាជន​អង់គ្លេស ដែល​បាន​បោះឆ្នោត ទាមទារ​ឲ្យ​អង់គ្លេស​ដើរចេញពី​សហភាពអឺរ៉ុប។ លោកដូណាល់ ត្រាំ​បាន​ព្រមានដែរថា ផែនការ ការដើរ​ចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប ដែល​ស្នើដោយ​រដ្ឋាភិបាល​របស់​លោកស្រី មេ នឹង​អាច​ទៅ​សម្លាប់​កិច្ចព្រមព្រៀង​ដោះដូរ បាណិជ្ជកម្ម​អាមេរិក និង​អង់គ្លេស។ 

នាយករដ្ឋមន្រ្តី​Theresa Mayទទួល​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅវិមាន​Blenheim នៅថ្ងៃទី ១២ កក្កដា ២០១៨
នាយករដ្ឋមន្រ្តី​Theresa Mayទទួល​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅវិមាន​Blenheim នៅថ្ងៃទី ១២ កក្កដា ២០១៨ ©REUTERS/Hannah McKay
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទសម្ភាសន៍ ឲ្យ​កាសែត​អង់គ្លេស The Sun ​ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ​បាន​វាយប្រហារ រិះគន់ រដ្ឋាភិបាល​អង់គ្លេស និង​ថា ផែនការ​Brexit ដែល​រដ្ឋាភិបាល​អង់គ្លេស ដាក់​ទៅ​សហភាព អឺរ៉ុប នឹង​អាច​សម្លាប់ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក និង​អង់គ្លេស។

សំដី​រិះគន់​​របស់​លោកដូណាល់ ត្រាំ ទៅលើ​ផែនការ​Brexit ត្រូវ​បាន​ចុះផ្សាយ នៅក្នុង​កាសែត​អង់គ្លេស The Sun នៅ​ចំថ្ងៃ​តែមួយ ដែល​រដ្ឋាភិបាល​អង់គ្លេស បាន​បង្ហាញ​ជាផ្លូវការ​សៀវភៅ​ស ឬ​ផែនការ ដើរចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប។ តាម​លោកដូណាល់ ត្រាំ បើសិន​អង់គ្លេស ចុះ​កិច្ច​ព្រមព្រៀង ជាមួយ​សហភាព​អឺរ៉ុប ដោយ​យោង​ទៅតាម​ផែនការ​Brexit របស់​លោកនាយករដ្ឋមន្រ្តី​មេ នោះ អាមេរិក​គឺ​សុខចិត្ត​ចរចា ជាមួយ​សហភាព​អឺរ៉ុប ជាជាង ចរចា​ជាមួយ អង់គ្លេស។ សម្រាប់​ប្រធានាធិបតី​អាមេរិកាំង បើសិន​អង់គ្លេស នៅ​តែ​រក្សា ផែនការ ​Brexit នោះ​អាមេរិក​នឹង​មិន​អាច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​បានទេ។

នៅក្នុង​សៀវភៅ ស ដែល​រដ្ឋាភិបាល​អង់គ្លេស ស្នើឡើង សម្រាប់​ដំណើរការ ដើរចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប អង់គ្លេស នៅ​តែ​ចង់​បន្ត រក្សា​ទំនាក់ទំនាក់​ពាណិជ្ជកម្ម ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប បើទោះបី ជា​អង់គ្លេស លែង​នៅ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​តទៅទៀតក្តី។ នៅក្នុង​ចំណុច​សំខាន់​ដែល​និយាយ​ពី​របាំង​ពន្ធគយ អង់គ្លេស បាន​ស្នើ​ថា នឹង​ជួយ​ប្រមូល​ពន្ធគយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ទី៣ ឲ្យ​សហភាព​អឺរ៉ុប។ អង់គ្លេស​ស្នើផងដែរ ឲ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី ដែល​នឹង​ត្រូវ​អនុវត្ត​ទៅ​ច្បាប់​វិន័យ​រួម​របស់​សហភាពអឺរ៉ុប ជាពិសេស​សម្រាប់​ទំនិញ កសិចំណីអាហារ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អង់គ្លេស នៅ​មួយថ្ងៃ​មុន​ជាន់ទឹកដី​អង់គ្លេស លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​មិនដឹង​ទេថា តើ​គម្រោង​នេះស្រប​ទៅតាម​អ្វី​ដែល​ពលរដ្ឋ​អង់គ្លេស​ចង់​បាន។  ប្រជាជនអង់គ្លេស​បាន​បោះឆ្នោត ចង់​ផ្តាច់​ទំនាក់ទំនង​ពី​សហភាព​អឺរ៉ុប។ ប៉ុន្តែ លោកដូណាល់ ត្រាំ​វិញ​យល់​ថា អង់គ្លេស តាមពិត មិន​បាន​លែងលះ​ដាច់ស្រឡះ ចេញពី​សហភាព​អឺរ៉ុប​នោះ​ទេ។

ជាក់ស្តែង សៀវភៅ​ស​បាន​បង្ហាញ​ហើយ​ថា ក្រៅតែ​ពី រក្សា​ទំនាក់ទំនង​ជិតស្និទ្ធិ​ក្នុង​ផ្នែកដោះដូរ​ពាណិជ្ជកម្មជាមួយ​សហភាព​អឺរ៉ុប អង់គ្លេស នៅ​តែ​បន្ត​អនុវត្ត​តាម​ច្បាប់រួម​របស់​សហភាពអឺរ៉ុប នៅក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​សន្តិសុខ នៅ​អឺរ៉ុប។ នៅក្នុង​បទសម្ភាសន៍ ជាមួយកាសែត​អង់គ្លេស លោកដូណាល់ ត្រាំ មិន​ខ្លាច​នឹង​រិះគន់​សហភាព​អឺរ៉ុប ដែល​បើតាម​លោក គឺ​បាន​កេង​យក​ចំណេញ​ច្រើន​ណាស់​ពី​អាមេរិក។ ក្រៅតែ​ពី​ថវិកា​សម្រាប់​កងទ័ព​អូតង់ លោក​ដូណាល់​ត្រាំ កំពុង​ដាក់​សម្ពាធ​ផងដែរ​លើ​សហភាព​អឺរ៉ុប ដោយ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ដែក និង​អាលុយមីញ៉ូម​ដែល​នាំចូល​ពី​អឺរ៉ុប។

លោកស្រី​មេ៖ អាមេរិក និង​អង់គ្លេស មិនត្រឹម​ជាសម្ព័ន្ធមិត្ត ប៉ុន្តែ ជា​មិត្តដ៏ស្និទ្ធស្នាល និង​ស្មោះត្រង់

នៅ​ថ្ងៃ​សុក្រនេះ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អង់គ្លេស បាន​និយាយ​ ​ថា លោកស្រី ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស អន្ទះអន្ទែង ចង់​ពន្យល់​ផ្ទាល់ លោកដូណាល់ ត្រាំ ពីផែនការ​Brexit ដែល​រដ្ឋាភិបាល​របស់លោកស្រី​បាន​ដាក់​ទៅ​សុំ​លែងលះ​ពី​សហភាព​អឺរ៉ុប។

តាំង​ពីថ្ងៃព្រហស្បតិ៍ លោកស្រី​នាយករដ្ឋមន្រ្តី​មេ បាន​រៀបចំ ប្រិតប្រៀង​ខ្លាំងណាស់ ដើម្បី អាច​ឈាន​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​អាមេរិក​របស់​លោកដូណាល់ ត្រាំ ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ អង់គ្លេស នៅក្រោយ អង់គ្លេស ដើរចេញពី​សហភាព​អឺរ៉ុប។

នៅពេល​កាសែត​ចុះផ្សាយសំដី​រិះគន់​របស់លោកដូណាល់ ត្រាំ មក​លើ​រដ្ឋាភិបាល​របស់​លោកស្រី ក្តី លោកស្រី​មេ នៅ​តែ​ព្យាយាម​លើកឡើង​ពី​សារៈសំខាន់ និង​ឱកាស​ក្នុង​ការពង្រឹង​ចំណង​អង់គ្លេស និង​អាមេរិក ដែល​បើតាម​លោកស្រី មិនត្រឹម​តែ​ជាសម្ព័ន្ធមិត្ត ប៉ុណ្ណោះទេ ប៉ុន្តែ ជា​មិត្ត​ដ៏​ស្មោះត្រង់​ជិតស្និទ្ធនឹង​គ្នា ថែម​ទៀត។ តាមលោកស្រី​មេ ប្រជាជន​អាមេរិកាំង ប្រមាណ ១លាន​នាក់ កំពុងបម្រើការ​ឲ្យ​ក្រុមហ៊ុន​អង់គ្លេស។ ដូច្នេះ លោកស្រី​សង្ឃឹមថា នៅក្រោយ​ពេល​អង់គ្លេស​ដើរចេញពី​សហភាព​អឺរ៉ុប អង់គ្លេស​នឹង​ពង្រឹង ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​អាមេរិក ដើម្បី​បង្កើតការងារ​ធ្វើ និង​ផលចំណេញ​ឲ្យ​គ្នា​ទៅវិញ ទៅមក រវាង​អង់គ្លេស និង​អាមេរិក។

លោកដូណាល់ ត្រាំ កំពុង​ជាន់ពន្លិច រដ្ឋាភិបាល​របស់លោកស្រី​តេរ៉េហ្សា មេ?

នៅក្នុង​សំដី​រិះគន់​ផែនការ Brexit លោក​ដូណាល់ ត្រាំ បាន​បង្ហាញ​ច្បាស់ៗ ពី​ការខកចិត្ត​របស់​លោក ដែល​ឃើញ ថា ជំហរ​របស់​នាយករដ្ឋមន្រ្តី​តេរ៉េហ្សា មេ មិន​រឹងមាំ និង តឹងរ៉ឹង នៅ​ក្នុង​ពេល​ចរចា​ចង់ ដើរចេញ​ពី​អឺរ៉ុប។ លោកដូណាល់ ត្រាំ បាននិយាយថា លោក​បាន​ផ្តល់​យោបល់ គំនិត​ច្រើន ដើម្បី​ឲ្យ​លោកស្រី​មេ យក​ទៅ​ពិចារណា សម្រាប់ ដើរចេញ ពី​សហភាព​អឺរ៉ុប។ “ប៉ុន្តែ លោកស្រី​មេ មិនព្រម​ស្តាប់ ធ្វើតាម”។

នៅពេល​និយាយ​បណ្តុះបង្អាប់ រិះគន់​លោកស្រី មេ លោកដូណាល់ ត្រាំ បាន​និយាយ​លើកសរសើរ​ផងដែរ អតីត​រដ្ឋមន្រ្តី​ការបរទេស អង់គ្លេស លោក​Boris Johnson ដែល​ទើប​តែលាលែង​ចេញពីតំណែង ដោយសារ​តែ​មិន​យល់ស្រប ជាមួយ​លោកស្រី នាយករដ្ឋមន្រ្តី មេ ពីរឿង​ផែនការ Brexit។ លោកដូណាល់ ត្រាំ​និយាយ​ថា លោកស្រី មេ​ជាមនុស្ស​ល្អ ប៉ុន្តែ ជាមួយគ្នានោះ លោក​បាន​និយាយ​ថា លោក Boris Johnson សម​នឹង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី ព្រោះ​លោក​មានជំហរ​រឹងមាំ ដាច់ខាត​ជាមួយ​សហភាពអឺរ៉ុប។

លោកដូណាល់ ត្រាំ រិះគន់​ខ្លាំងៗ​ប្រមុខរដ្ឋាភិបាល​អង់គ្លេស នៅពេលនេះ គឺ​មិន​ខុសអី ពី​កំពុង​តែ​ទៅ​ជាន់​ពន្លិច​បន្ថែម ទូក​រដ្ឋាភិបាល​របស់​លោកស្រី​មេ ដែល​កំពុងតែ​ឃ្លីងឃ្លោង ចុះទន់ខ្សោយ រួចហើយ ដោយសារ​តែ ការសុំលាលែង​ចេញពី​តំណែង​របស់​រដ្ឋមន្រ្តី សំខាន់ៗ ពីររូប គឺ​លោក​រដ្ឋមន្រ្តី​ការបរទេស ហើយ​និង​រដ្ឋមន្រ្តី​ទទួល​បន្ទុកការចរចា ជាមួយ​សហភាព​អឺរ៉ុប ដែល​តាមពិតទៅ មាន​ជំហរដាច់ខាត​ចង់​ឲ្យ​អង់គ្លេស​ដើរចេញ ១០០ភាគរយ​ពី​សហភាពអឺរ៉ុប។ តើ​លោកស្រី​មេ អាច​បញ្ចុះបញ្ចូល​បាន​សម្រេច លោកដូណាល់ ត្រាំ ឲ្យដូរ​គំនិត និង​ទទួលយល់ស្រប​តាម​ផែនការ​ Brexit​របស់លោកស្រី​ដែរឬទេ? នៅថ្ងៃសុក្រនេះ លោកស្រី មេ មាន​ពេល​ពេញមួយព្រឹក ដើម្បី​បញ្ចុះបញ្ចូល លោកដូណាល់ ត្រាំ មុន​ពេល​លោក ចេញ​ទៅ​វិស្សមកាល​ជា​លក្ខណៈ ឯកជន នៅស្កុតឡែន ដែល​ជា​ទឹកដី​មួយផ្នែក​របស់​អង់គ្លេស នៅ​ចុងសប្តាហ៍នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ