អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នកកាសែតដែល​គេសម្លាប់នៅអាហ្វ្រិកកណ្តាល កំពុង​ស៊ើបអង្កេត​លើក្រុមហ៊ុន​ដែលស្និទ្ធ​នឹង​ក្រេមឡាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្មានតម្លាភាព ខ្លាំងពូកែ និងជួនកាល មិនអាចត្រួតត្រាបាន ក្រុមហ៊ុន Wagner តែង​ការពារ​ផលប្រយោជន៍​វិមានក្រេមឡាំង ហើយ ការពារនេះ គឺនៅលើ​សមរភូមិ​ផ្ទាល់ ជាបឋម នៅស៊ីរី។ ក្រុមហ៊ុនWagner​នេះ ត្រូវបាន​អ្នកកាសែតរុស្ស៊ី ៣ នាក់ ធ្វើ​អង្កេត លុះទាល់តែ​ត្រូវគេ​លួច​បាញ់សម្លាប់ នៅ​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល។

រូបថត​របស់​អ្នកកាសែត​រុស្ស៊ី​ទាំងបី​ដែល​ត្រូវ​គេ​លប​សម្លាប់​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល
រូបថត​របស់​អ្នកកាសែត​រុស្ស៊ី​ទាំងបី​ដែល​ត្រូវ​គេ​លប​សម្លាប់​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

អ្នកយកការណ៍អំពីសង្គ្រាម លោក Orkhan Djemal អ្នកចងក្រង ខ្សែភាពយន្ត​ឯកសារ លោក Alexandre Rastorgouiev ហើយ​និង​អ្នកកាន់​កាមេរ៉ា ថត លោក Kirill Radtchenko បានគ្រោង ”ថតរូបភាព​អំពី​សកម្មភាព ក្រុមហ៊ុន​យោធា​ឯកជន Wagner នៅ​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល - ការនេះ ពន្យល់បំភ្លឺដោយ មជ្ឈមណ្ឌលគ្រប់គ្រង​ការស៊ើបអង្កេត ជា​គម្រោងបង្កើតឡើង ដោយ អតីត​មហាសេដ្ឋីរុស្ស៊ី លោក Mikhail Khodorkovski ដែល​ក្លាយជា​គូប្រឆាំង​នឹង​ក្រេមឡាំង និង​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុងស្ថានភាព​និរទេស ហើយ​ដែល​អ្នក កាសែតទាំង ៣ នាក់នោះ បានសហការ ជាមួយ។

-ពី អ៊ុយក្រែន រហូតដល់ ស៊ីរី

ក្រុមហ៊ុន Wagner ត្រូវបានបង្កើតឡើង ដោយអតីត​នាយទាហាន នៃ ស្ថាប័ន​ឈ្លបការណ៍​រុស្ស៊ី  GRU លោក Dmitri Outkine ដែលបាន​ស្ថិតនៅ ក្នុងក្រុម​ពួកទាហាន​ស៊ីឈ្នួល ស្រករទី១ បញ្ជូនទៅ ស៊ីរី ក្នុងឆ្នាំ ២០១៣។

តាមប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នសម្ងាត់​អ៊ុយក្រែន ចាប់ពីខែមិថុនាឆ្នាំ២០១៤ លោក Dmitri Outkine បាន ចូលរួមក្នុងយុទ្ធនាការ នៅតំបន់​បះបោរ​ខាងកើត ប្រទេសនេះ ដោយច្បាំង នៅខាងពួកផ្តាច់​ទឹកដី​រុស្ស៊ីនិយម។ នៅតំបន់នេះ រុស្ស៊ី មិន​ដែលទទួល​ស្គាល់ទេ វត្តមាន​យោធា​របស់ខ្លួន ទាំងច្រានចោលការចោទប្រកាន់ ពី ខាង ក្រុងគៀវ និង បស្ចិមលោក។

ជាពិសេស នៅស៊ីរី  ក្រុមហ៊ុន Wagner បានសកម្ម នៅទន្ទឹម​នឹង​កងទ័ព​រុស្ស៊ីតែម្តង។ កងទ័ព​ដែល​បាន អន្តរាគម នៅទីនោះតាំងពី​ខែកញ្ញាឆ្នាំ ២០១៥ ដោយគាំទ្រ​របបលោក​ប្រធានាធិបតី Bachar al-Assad និង ដោយ ដើរតួចម្បង ក្នុង​ប្រតិបត្តិការ​កងកម្លាំង​រុស្ស៊ី នៅប៉ែក​ខាងកើត​ស៊ីរី រំដោះបាន​មកវិញ បុរីបេតិកភណ្ឌ ពិភពលោក ក្រុង Palmyre។

ក្រុមហ៊ុន Wagner ធ្លាក់​ខ្លួនជាប់ ក្នុងរង្វង់​រឿងអាស្រូវ នៅខែកុម្ភៈ ពេលដែល​ក្រុងវ៉ាស៊ីនតោន បានប្រកាស ថាបានសម្លាប់​ យ៉ាងហោចណាស់អស់ ១០០ នាក់ ពួកអ្នកច្បាំង នៅខាង​របបនោះ ក្នុងតំបន់ Deir Ezzor ជាចម្លើយតបនឹងការវាយប្រហារ ទៅលើសេនាធិការដ្ឋាន ពួកយុទ្ធជនគួដ និងអារ៉ាប់​ស៊ីរី ដែលគាំទ្រដោយ សរអា។

ពេលនោះ ម៉ូស្គូ បានទទួលស្គាល់ថា មានស្លាប់អស់ ៥ នាក់ និង របួស”រាប់សិបនាក់” ក្នុងចំណោម​អ្នកច្បាំង ដែលស្ថិតនៅស៊ីរី ទៅតាម ”គំនិតផ្តួចផ្តើមរបស់​ពួកគេផ្ទាល់” ប៉ុន្តែ ស្រប​នឹងតុល្យាការខ្លះ ចំនួន​អ្នកស្លាប់ គឺដល់ទៅ ជាង ២០០ នាក់ឯណោះ ក្រោយពីមាន កំណត់​អត្តសញ្ញាណ​ពួក​សមាជិកក្រុម Wagner។

ទស្សនាវដ្តី Republic យោងទៅលើប្រភព​សន្តិសុខរុស្ស៊ី បានឲ្យ​ដឹងថា មានទាហានស៊ីឈ្នួល ២.៥០០ នាក់ ច្បាំងនៅស៊ីរី ក្នុងខែមីនាឆ្នាំ២០១៦ ដែលពីក្នុង​នោះ អ្នកច្បាំងមែនពិត គឺ ១.៦០០ នាក់ ប្រើប្រាស់ ថវិកា ៣៥០ លានដុល្លារ តាំងពីមានចាប់ផ្តើមប្រតិបត្តិការមក។

-ចំណងល្អក់កករ ជាមួយក្រេមឡាំង

នៅខែធ្នូ ឆ្នាំ ២០១៦ លោក Dmitri Outkine ត្រូវបានទទួល​ជួបក្នុងវិមាន​ក្រេមឡាំង បញ្ចាំង​ឲ្យឃើញតា​ម ទូរទស្សន៍ ក្នុងពិធីបំពាក់​ឋានន្តរស័ក្តិ ជា “ វីរបុរស” ជូន​បណ្តាយុទ្ធជន​ដែលបានច្បាំង នៅស៊ីរី។ ថ្ងៃនោះ​ឯង គាត់បានឈរ​ថតរូប ជាមួយលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។

អ្នកផ្តល់លុយ​ដល់​ក្រុមហ៊ុននោះ គឺ សេដ្ឋីឈ្មោះ Evgueni Prigojine អ្នករកស៊ី ដែលជំនិត​នឹង​លោកពូទីន ហើយ មានបាន ដោយធ្វើជា​ថៅកែ បណ្តាញ​ភោជនីយដ្ឋាន ដែលចុះ កុងត្រាច្រើន​ឥតគណនា ជាមួយ ខុទ្ទកាល័យ​ប្រធានាធិបតីរុស្ស៊ី។ ឈ្មោះសេដ្ឋីនេះ ត្រូវបាន​ក្រសួងយុត្តិធម៌​អាមេរិកាំង ចោទថាជា ដើមហេតុ នៃ ការបង្ហោះ​សារ​តាមអ៊ិនធ័ណេត ជួយឲ្យ​លោក ដូណាល់ ត្រាំ ឈ្នោះឆ្នោត ក្នុងឆ្នាំ ២០១៦។

ប៉ុន្តែតាមពួកអ្នកជំនាញ ដោយមកពីភាពតានតឹងជាមួយកងទ័ពរុស្ស៊ី នៅលើសមរភូមិស៊ីរី និង មកពី ការប្រជែងគ្នា​ដើម្បីឥទ្ធិពល​ក្រុងម៉ូស្គូ ក្រុមហ៊ុន Wagner ក្នុងឆ្នាំ ២០១៦ បាន​បាត់បង់​ជំនឿទុកចិត្ត ពី​ក្រសួងការពារជាតិរុស្ស៊ី ដែលតែង​បាន​ផ្គត់ផ្គង់ ដោយរីករាយ ទៅឲ្យក្រមហ៊ុននោះ ជាអាវុធ និងសម្ភារៈ។

មកពីមូលហេតុនេះ បានជា ក្រុមហ៊ុន Wagner ស្វែងរក ការចុះកុងត្រា​ផ្សេងៗ ជាអាទិ៍ ជាមួយ របបនៅស៊ីរី ដើម្បី​តាំងឡើងវិញ ការត្រួតត្រាលើបណ្តាញ​អណ្តូងប្រេង នៅស៊ីរី គ្រាន់នឹង​ទទួលបាន​ប្រយោជន៍ ភាគមួយនៃ “មាសខ្មៅ”នោះ ។

-ឧបករណ៍ជាអាថ៏កំបាំង នៅ ប្រទេសអាហ្វ្រិកកណ្តាល

ម៉ូស្គូ ត្រូវបានរំដោះឲ្យរួចពន្ធ ពីការលក់អាវុធទៅឲ្យរដ្ឋាភិបាលអាហ្វ្រិកកណ្តាល ។ ចាប់ពីដើម​ឆ្នាំ ២០១៨ មក រុស្ស៊ី ក៏បានដាក់ឲ្យប្រចាំការ នៅអាហ្វ្រិកកណ្តាល គឺ ពួកគ្រូបង្វឹកយោធា  បាន​បញ្ជូន អាវុធទៅបំពាក់ កងទ័ពជាតិប្រទេសនោះ និង ធានា​សន្តិសុខ​ដល់​លោក​ប្រធានាធិបតី Faustin –Archange Touadéra ដែលមាន យោធាជាតិរុស្ស៊ី ធ្វើជា ទីប្រឹក្សា​សន្តិសុខ របស់គាត់។

ម៉ូស្គូ បានបញ្ជាក់ កាលពីខែមីនា អំពី​ការបញ្ជូន នាយទាហាន ៥ នាក់ និង “ គ្រូបង្វឹកយោធា” ១៧០ នាក់ ដើម្បីជួយបង្កើតឲ្យ​បានជា កងទ័ព​អាហ្វ្រិកកណ្តាល។ ចំណែកក្រុមអង្កេតឈ្មោះ  Conflict Intelligence Team ហៅកាត់ថា CIT បានប្រមាណអំពី ឃ្លាខាងលើ ថា” អាច​ប្រហែលជា របាំង នៃ កងវរសេនាធំ របស់ ក្រុមហ៊ុន Wagner”។

តាមអ្នកជំនាញយោធារុស្ស៊ី លោក Pavel Feiguenhauer  “ ប្រទេសរុស្ស៊ី គ្មានផល​ប្រយោជន៍​ភូមិសាស្ត្រ-នយោបាយ នៅអាហ្វ្រិកកណ្តាលទេ ខុសពីនៅស៊ីរី “ ចំណែក “ក្រុមហ៊ុន Wagner ច្បាស់​ជាស្វែង​រកប្រាក់ ចំណូល គឺនៅ អាហ្វ្រិកកណ្តាល តែម្តង”។ គាត់ពន្យល់ថា ៖នៅអាហ្វ្រិក ពួកទាហាន​ស៊ីឈ្នួល រកចំណូល បានក្រាស់ក្រែល ជាងនៅតំបន់​ខាងកើត​អ៊ុយក្រែន ដោយនៅទីនោះ គេត្រូវការ​មែនទែន​ទាហានស៊ីឈ្នួល។ ដូច្នេះ មានមនុស្ស​ជាច្រើន នៅរុស្ស៊ី ត្រៀមទៅស្វែងរកប្រាក់ចំណូល នៅអាហ្វ្រិក។ ប៉ុន្តែ “បើគ្មានភ្លើងខៀវពី ក្រេមឡាំងទេ ក្រុមហ៊ុន Wagner មិនដាច់ចិត្តទៅទីនោះឡើយ”។

បើជាផ្លូវការ កម្មវិធី រុស្ស៊ី តម្រង់ទៅ ពង្រឹងកងទ័ពអាហ្វ្រិកកណ្តាល ដែលស្ថិតក្នុង ស្ថានភាព​យ៉ាប់យ៉ឺន នោះ ម៉ូស្គូ ក្នុងពេលជាមួយគ្នា ក៏ ប្រាថ្នាបង្កើន​ឥទ្ធិពលខ្លួនក្នុ ងប្រទេស​នោះឯង ជាទីដែលសម្បូណ៍​ដោយ ធនធានធម្មជាតិ បែបយ៉ាង មាស ពេជ្រ ឈើព្រៃ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ