លោកដូណាល់ ត្រាំព្រមានរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់កុំឲ្យវាយប្រហារលើទីក្រុងអ៊ីដឡិបរបស់ស៊ីរី
នៅថ្ងៃចន្ទ ទី៣ កញ្ញា លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានព្រមានត្រង់លើស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់កុំឲ្យបើកការវាយប្រហារលើទីក្រុងអ៊ីដឡិបក្នុងប្រទេសស៊ីរី។ តាមលោកត្រាំ ប្រតិបត្តិសឹកជាយថាហេតុលើទីក្រុងអ៊ីដឡិបដែលជាទីតាំងចុងក្រោយរបស់ពួកឧទ្ទាមអាចនឹងបង្កឲ្យមានសោកនាដកម្មមនុស្សជាតិក្រោមទ្រង់ទ្រាយធំ។ ប្រតិកម្មព្រមានរបស់លោកត្រាំពេលនេះបានធ្វើឡើង ក្នុងពេលដែលប្រមុខការទូតអ៊ីរ៉ង់ទើបបានជួបសន្ទនាជាមួយលោកប្រធានាធិបតីស៊ីរីអាសាដក្នុងទីក្រុងដាម៉ាស់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៣
« ប្រធានាធិបតីស៊ីរីអាសាដមិនត្រូវវាយប្រហារលើទីក្រុងអ៊ីដឡិបដោយគ្មានការប្រយ័ត្នប្រយែងនោះទេ។ ចំណែករុស្ស៊ី និងអ៊ីរ៉ង់នឹងប្រព្រឹត្តកំហុសមនុស្សធម៌ធ្ងន់ធ្ងរ បើពួកគេចូលរួមនៅក្នុងសោកនាដកម្មមនុស្សជាតិជាយថាហេតុ។ មនុស្សរាប់ពាន់នាក់អាចនឹងត្រូវសម្លាប់។ ចូរកុំទុកបណ្តោយឲ្យរឿងមួយនេះកើតឡើងឲ្យសោះ » នេះជាសារដែលលោកដូណាល់ ត្រាំបានសរសេរនៅក្នុងបណ្តាញសង្គម Twitter នាយប់ថ្ងៃចន្ទ ទី៤ កញ្ញា។ សារព្រមានរបស់លោកត្រាំបានធ្លាក់មក ចំពេលដែលរដ្ឋាភិបាលស៊ីរីបានរៀបចំជើងព្រួលអស់ជាច្រើនសប្តាហ៍ដោយបញ្ជូនទ័ពជាច្រើនរយនាក់ទៅដាក់ព័ទ្ធជុំវិញទីក្រុងអ៊ីដឡិបស្ថិតប៉ែកពាយព្យស៊ីរីជាប់ព្រំដែនជាមួយប្រទេសតួកគី។
ក្រៅពីការត្រៀមកម្លាំងរបស់រដ្ឋាភិបាលស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរីក៏បានប្រកាសពីការត្រៀមខ្លួនចូលរួមរំដោះទីក្រុងអ៊ីដឡិបដែលជាទីតាំងចុងក្រោយរបស់ពួកឧទ្ទាមដែរ។ ផ្ទាំងស៊ីបជាអាទិភាពរបស់ស៊ីរី និងសម្ព័ន្ធុមិត្ត គឺបោសសំអាតពួកជីហាតនៃចលនា Hayat Tahrir al-Cham ដែលដឹកនាំដោយយុទ្ធជននៃអតីតសាខាអាល់កៃដាក្នុងទឹកដីស៊ីរី។ ចំណែកតួកគីក៏បានត្រៀមកម្លាំងទ័ពនៅតាមព្រំដែនខ្លួនដែរ តែដើម្បីប្រឈមទប់នឹងការរត់ភៀសខ្លួនរបស់ពលរដ្ឋចេញពីទីក្រុងអ៊ីដឡិបចូលតួកគីក្នុងករណីណាដែលមានការវាយប្រហារ។
អង្គការសហប្រជាជាតិ និងក្រុងអង្គការក្រៅរដ្ឋាភិបាលបានព្រមានថា ការវាយប្រហារក្រោមទ្រង់ទ្រាយធំជាយថាហេតុលើទីក្រុងអ៊ីដឡិបអាចនឹងបង្កចេញនូវគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលស៊ីរីមិនធា្លប់ប្រទះគិតតាំងពីវិបត្តិបានផ្ទុះដំបូងក្នុងឆ្នាំ ២០១១។ គេនៅមិនទាន់ដឹងថា តើប្រតិបត្តិការសឹកលើទីក្រុងអ៊ីដឡិបនឹងចាប់ផ្តើមនៅពេលណាទេ។ អ្វីដែលគេដឹង រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងសមភាគីអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីនាថ្ងៃចន្ទ ទី៣ កញ្ញាពីភាពចំបាច់នៃការវាយប្រហារលើទីក្រុងអ៊ីដឡិបពីកម្លាំងទ័ពស៊ីរី។
គួររម្លឹកជូនថា តាំងស៊ីរីបានធ្លាក់ក្នុងវិបត្តិហែកហួរផ្ទៃក្នុងមក រុស្ស៊ី និងអ៊ីរ៉ង់បានចេញមុខគាំទ្ររដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតីអាសាដក្នុងផ្លូវនយោបាយ យោធា និងហិរញ្ញវត្ថុ។ នៅថ្ងៃសុក្រ ទី៧ កញ្ញាខាងមុខ ជំនួបកំពូលត្រីភាគីអ៊ីរ៉ង់ រុស្ស៊ី និងតួកគីស្តីពីស្ថានការណ៍នៅស៊ីរីនឹងរៀបចំក្នុងប្រទេសអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ