បារាំងចង់ជំរុញឱ្យមានការចរចាបង្កើតក្រមប្រតិបត្តិអ៊ីនធ័រនែត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១២
វេទិកាស្តីពីអភិបាលកិច្ចអ៊ីនធ័រនែត ត្រូវរៀបចំធ្វើជាលើកទី១៣ ចាប់ពីថ្ងៃចន្ទទី ១២ ដល់ថ្ងៃទី ១៤ វិច្ឆិកានេះ នៅទីស្នាក់ការអង្គការយូណេស្កូ ក្រុងប៉ារីស ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង Emmanuel Macron និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ បារាំងចង់ប្រើឱកាសនេះសម្រាប់អំពាវនាវដល់ពិភពលោកទាំងមូលឱ្យត្រលប់មកចូលតុចរចាដើម្បីបង្កើតក្រមប្រតិបត្តិជាលក្ខណៈអន្តរជាតិស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រនែត។
វេទិកាស្តីអំពីអភិបាលកិច្ចនៃអ៊ីនធ័រនែត លើកទី១៣ បានចាប់បើក ក្រោមប្រធានបទ “Internet of Trust” អ៊ីនធ័រនែតប្រកបដោយទំនុកចិត្ត។ វេទិកានេះត្រូវបានបង្កើតឡើងជាលើកដំបូង សម្រាប់រយៈពេលតែ៥ឆ្នាំ នៅឆ្នាំ២០០៥ ដោយអង្គការសហប្រជាជាតិ តាមរយៈជំនួបកំពូលសមាគមព័ត៌មានវិទ្យាពិភពលោក នៅក្រុងទុយនី ប្រទេសទុយនីស៊ី។ តែនៅឆ្នាំ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តបន្តសុពលភាពវេទិកាទៀត។
ជាការជជែកពិភាក្សាអំពីសំណើផ្សេងៗទាក់ទងនឹងវិន័យ និន្នការពិភពលោក និងហានិភ័យជាសក្តានុពលបង្កឡើងដោយអ៊ីនធ័រនែត ព្រមទាំងទម្លាប់ល្អនិងអាក្រក់នៃការប្រើបណ្តាញនេះ វេទិកាស្តីអំពីអភិបាលកិច្ចអ៊ីនធ័រនែត ជាអ្នកសម្រួលទំនាក់ទំនង និងការផ្តោះប្តូររវាងរដ្ឋាភិបាល និងអង្គការអន្តររដ្ឋាភិបាល ក្រុមហ៊ុនឯកជន សហគមន៍អ្នកបច្ចេកទេស និងអង្គការសង្គមស៊ីវិល ដើម្បីដោះស្រាយចំណោទនយោបាយសាធារណៈពាក់ព័ន្ធនឹងអភិបាលកិច្ចបណ្តាញអ៊ីនធ័រនែត។
ហេតុដូច្នេះហើយបានជា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចង់ប្រើឱកាសនេះសម្រាប់ផ្តល់ទស្សនៈវិស័យបារាំងនិងអឺរ៉ុប ស្តីអំពីយុទ្ធសាស្ត្រអន្តរជាតិដើម្បីការពារប្រព័ន្ធឌីជីថល និងសម្រាប់បំផុសផ្តល់សន្ទុះថ្មីដល់ការចរចាបង្កើតក្រមប្រតិបត្តិអន្តរជាតិដើម្បីសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រនែត ឡើងវិញ។ ការចរចាបង្កើតក្រមប្រតិបត្តិនេះត្រូវជាប់គាំងតាំងពីឆ្នាំ២០១៧មក បន្ទាប់ពីក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ត្រូវប្រឈមនឹងភាពខ្វែងគំនិតគ្នារវាងក្រុមប្រទេសមហាអំណាច។
សេចក្តីអំពាវនាវរបស់បារាំង
វិមានប្រធានាធិបតីបារាំងបានបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា បារាំងចង់ស្នើឱ្យ បង្កើតបែបបទនៃការរៀបចំ បណ្តាញអ៊ីនធ័រនែតពិភពលោក ដែលផ្តោតជាសំខាន់ទៅការកិច្ចសហប្រតិបត្តិការរបស់ដៃគូឯកជន។ ព្រោះពេលនេះ បណ្តាញអ៊ីនធ័រនែត មានតែអ្នកចាត់ចែងតែគ្មានការគ្រប់គ្រងទេ ! ស្ថានភាពបែបនេះ ជាតំណាងហានិភ័យខ្ពស់នាំឱ្យបណ្តាញដែលផ្តល់សេរីភាព បើកចំហ និងគួរឱ្យទុកចិត្ត អាចក្លាយទៅជាឋានល្ហល្ហេវគ្មានទិសតំបន់ទៅវិញ។
នៅក្នុងសេចក្តីអំពាវនាវ បារាំងបានស្នើសុំឱ្យមានការបញ្ចេញសកម្មភាពរួមគ្នាក្នុងទប់ស្កាត់សកម្មភាពសង្ស័យដែលបង្កការខូចខាតខ្លាំងជាស្វ័យប្រវត្តិ ឬដោយគ្មានការពិចារណា។
បារាំងហៅគ្រប់ភាគីពាក់ព័ន្ធ (រដ្ឋាភិបាល ក្រុមហ៊ុនឯកជនក្នុងវិស័យបច្ចេកវិទ្យា ឬសង្គមស៊ីវិល) ត្រូវចុះហត្ថលេខា សន្យាគាំទ្រឱ្យមានសន្តិសុខអ៊ីនធ័រនែត ដោយចំហ ដោយប្រាកដ ប្រកបដោយលំនឹងនិងសន្តិភាព។
ក្រុមអ្នកហត្ថលេខី ត្រូវសន្យាអភិវឌ្ឍសមត្ថភាពការពារមិនឱ្យអ្នកប្រើប្រាស់អ៊ីនធ័រនែតបរទេសអាចចូលជ្រៀតជ្រែក ទៅរំខានដំណើរការបោះឆ្នោតនៅក្នុងប្រទេសមួយ។ សំណើរបស់បារាំងក៏ទាមទារផងដែរឱ្យដៃគូអ៊ីនធ័រនែតឯកជនទាំងឡាយ ទប់ស្កាត់កុំឱ្យមានសកម្មភាពសងសឹកគ្នា ដោយការវាយប្រហារអ៊ីនធ័រនែតទល់នឹងការវាយប្រហារអ៊ីនធ័រនែតតបវិញ ព្រោះទង្វើបែបនេះនឹងអាចធ្វើឱ្យមានភាពចម្រូងចម្រាសជាទូទៅ។
ចិន អាមេរិក រុស្ស៊ី អវត្តមាន
លោកប្រធានាធិបតីម៉ាក្រុង នឹងត្រូវបង្ហើបបង្ហាញអំពីចំនួនប្រទេសនិងឈ្មោះពិតប្រាកដនៃអ្នកដែលព្រមព្រៀងចុះហត្ថលេខាលើសេចក្តីអំពាវនាវផ្តួចផ្តើមដោយបារាំង នៅក្នុងពេលថ្លែងសុន្ទករថាបើកវេទិកាស្តីពីអភិបាលកិច្ចអ៊ីនធ័រនែត រសៀលនេះ ដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បង្ហាញវត្តមានក្បែរលោកប្រធានាធិបតីបារាំងដែរ។
អ្វីដែលច្បាស់ គឺក្រុមប្រទេសហត្ថលេខីភាគីភាគច្រើនជារដ្ឋនៅអឺរ៉ុប និងបានចុះហត្ថលេខាលើសេចក្តីអំពាវនាវរបស់បារាំងរួចហើយ ចំណែកឯ ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី គ្មានឈ្មោះក្នុងបញ្ជីប្រទេសហត្ថលេខីទេ ! តែជាសំណាងល្អ ក្រុមហ៊ុនយក្សរបស់អាមេរិក Microsoft និងInternet Society ដែលជាអង្គការក្រៅរដ្ឋាភិបាលការពារបម្រើបម្រាស់អ៊ីនធ័រនែតមានសន្តិសុខ និងបើកចំហដល់គ្រប់មហាជនទូទៅ បានគូសបញ្ជាក់ថាពួកគេទាំងពីរនឹងចុះហត្ថលេខាលើសេចក្តីអំពាវនាវរបស់បារាំង។
ប្រធានក្រុមហ៊ុន Microsoft ប្រចាំទីក្រុងប៉ារីស បានអះអាងថាការវាយប្រហារតាមអ៊ីនធ័រនែតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានដាស់ស្មារតីគ្រប់គ្នាឱ្យយល់អំពីកំរិតនៃគ្រោះថ្នាក់របស់បណ្តាញអ៊ីនធ័រនែតដ៏ចាំបាច់សម្រាប់ពិភពលោកបច្ចុប្បន្ននិងអនាគត។ សេចក្តីអំពាវនាវរបស់បារាំងដែលមានបំណងចង់ជំរុញឱ្យមានការចរចាបង្កើតក្រមប្រតិបត្តិសន្តិសុខអ៊ីនធ័រនែតឡើងវិញ គឺជារបត់ថ្មីនៃការប្រឈមនឹងការគំរាមកំហែងសន្តិសុខអ៊ីនធ័រនែតនៅលើពិភពលោក។ ការវាយប្រហារអ៊ីនធ័រនែតមានទ្រង់ទ្រាយកាន់តែធំៗឡើងៗ បង្កឱ្យមនុស្ប្រមាណជិត១ពាន់លាននាក់រងគ្រោះ ដោយក្រុម WannaCry របស់កូរ៉េខាងជើង និង NotPetya របស់រុស្ស៊ី ព្រមទាំងការវាយប្រហាររំខានដល់ការបោះឆ្នោតរបស់ប្រទេសផ្សេងទៀត។ នេះបើតាមការរំលឹករបស់តំណាងMicrosoft។
សេចក្តីអំពាវនាវរបស់លោកប្រធានាធិបតីបារាំង បានអង្រួញវេទិកាប្រចាំឆ្នាំលើកនេះ ឱ្យមានអត្ថន័យកាន់តែខ្លាំង ជាពិសេសក្នុងខណៈដែលប៉ារីសកំពុងទទួលជំនួបប្រជុំផ្សេងទៀត ស្តីពីបញ្ហាទាក់ទងនឹងវិស័យអ៊ីនធ័រនែតនេះ។ បារាំងសង្ឃឹមថា វេទិកាស្តីពីអភិបាលកិច្ចអ៊ីនធ័រនែតនឹងរៀបចំជំនួបថ្មី ដើម្បីដាក់ឱ្យដំណើរការសេចក្តីអំពាវនាវរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ