អានតួអត្ថបទ
អង់គ្លេស-អឺរ៉ុប

Brexit៖​ក្រោយ​សភាអង់គ្លេស​លើក​ការ​បោះឆ្នោត អឺរ៉ុប​ចេញ​មុខ​ព្រមាន​ពី​ការ​មិន​ចរចា​ឡើង​វិញ

នៅ​ថ្ងៃ​ចន្ទ ទី១០ ធ្នូ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា ម៉េ​បាន​ប្រកាស​លើក​ការ​បោះឆ្នោត​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ស្តីពី Brexit ដែល​បាន​អនុម័ត​ជាមួយ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃទី២៥ វិច្ឆិកា។ ការ​លើក​ថ្ងៃ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ ទី១១ ធ្នូ​ដោយ​លោកស្រី​ម៉េ​បារម្ភ​ពី​ការ​ប្រឆាំង​របស់​ក្រុម​អ្នកតំណាងរាស្រ្ត​អង់គ្លេស​ភាគច្រើន​ដែល​មិន​ពេញ​ចិត្ត​នឹង​សេចក្តីព្រាង​កិច្ចព្រមព្រៀង​នោះ។ ក្រោយ​ការ​លើក​ថ្ងៃ​បោះឆ្នោត លោកស្រី​ម៉េ​ត្រូវ​ត្រឡប់​ទៅ​ចរចា​ជា​ថ្មី​ជា​មួយ​អឺរ៉ុប តែ​អឺរ៉ុប​បាន​ព្រមាន​ជា​មុន​ថា មិន​ចរចា​ឡើង​វិញ​ទេ។

លោក ដូណាល់ ទូសក៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប
លោក ដូណាល់ ទូសក៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប JOHN THYS / AFP
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ពី​ក្រុមអ្នកតំណាងរាស្រ្ត​អង់គ្លេស​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ស្តីពី Brexit រវាង​រដ្ឋាភិបាល​អង់គ្លេស និង​សហភាពអឺរ៉ុប​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០១៩។ ការ​អូសបន្លាយ​ការ​បោះឆ្នោត​ពី​សភា​អង់គ្លេស​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ និង​ស្រពិចស្រពិល​បន្ថែម​ទៀត​ក្នុង​ការ​បិទបញ្ចប់​សំណុំរឿង Brexit ដ៏​ប្រទាញប្រទង់។ គួរ​រម្លឹក​ថា អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​ចំណាយ​ពេល​ចរចា​យ៉ាង​តានតឹង​អស់​រយៈពេល ១៧ខែ ទំរាំ​រក​បាន​សេចក្តីព្រាង​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃទី២៥ វិច្ឆិកា។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ធ្នូ ដែល​ជា​ថ្ងៃ​បើក​ជំនួបកំពូល​អឺរ៉ុប លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា ម៉េ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់ការ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ គឺ​ជា​ជំនួបកំពូល​ដែល​បាន​គ្រោង​ទុក​តាំង​ពី​យូរ និង​ដែល​ត្រូវ​និយាយ​លើ​ប្រធានរឿង​ផ្សេង​ក្រៅ​ពី Brexit។ តែ​មាន​ព័ត៌មាន​លេច ឮ​ថា លោកស្រី​ម៉េ​ឆ្លៀត​ឱកាស​នោះ​ដើម្បី​ជួប​សន្ទនា​ជាមួយ​សមភាគី​អឺរ៉ុប​មួយ​ចំនួន​ក្នុង​ចំណោម​សមភាគី​ទាំង ២៧រូប​មក​ពី ២៧ប្រទេស​សមាជិក​អឺរ៉ុប។ បើ​តាម​មើល​ទៅ លោកស្រី​ម៉េ​អាច​នឹង​និយាយ​ជាមួយ​សមភាគី​ខ្លះ​ដើម្បី​ស្វែង​រក​ការ​ចរចា​ឡើង​វិញ​ក្នុង​សំណុំរឿង Brexit។

បំណងប្រាថ្នា​របស់​លោកស្រី​ម៉េ​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​ខ្លះ​មិន​សប្បាយចិត្ត​ដោយ​បាន​ចាត់​ទុក​លោកស្រី​ម៉េ​ជា​ដៃគូ​ចរចា​គ្មាន​ការ​រៀបចំ និង​មិន​ប្រាកដប្រជា។ ចំណែក​ប្រទេស​សមាជិក​អឺរ៉ុប​ខ្លះ​ទៀត​បាន​យល់​ឃើញ​ថា សេចក្តីព្រាង​កិច្ចព្រមព្រៀង​ដែល​បាន​អនុម័ត​មិន​អាច​ចរចា និង​មិន​អាច​កែច្នៃ​ឡើង​វិញ​បាន​ទេ។ ចំណែក​លោក​ ដូណាល់ ទូសក៍ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ។ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា តើ​សំណុំរឿង Brexit អាច​នឹង​វិវត្តន៍​យ៉ាង​ម៉េច​ទៀត។ តែ​ទន្ទឹម​គ្នា​នេះ គ្រប់​គ្នា​ហាក់​បាន​បារម្ភ​ពី​ការ​លែងលះ​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង។

គួរ​រម្លឹក​ថា អង់គ្លេស និង​សហភាពអឺរ៉ុប​ត្រូវ​រក​កិច្ចព្រមព្រៀង​មួយ​ដែល​ទទួល​បាន​ទាំង​អស់​គ្នា​ឲ្យ​បាន​មុន​ថ្ងៃទី២៩ មីនា ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ