អានតួអត្ថបទ
តួកគី-អាមេរិក

ប្រធានាធិបតី​តួកគី​លោកអ៊ែរដូហ្កាន​ដំឡើង​សម្លេង​ដាក់​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន

នៅ​ក្នុង​ប្រទេស​តួកគី លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន។ លោក​បុលតុន​ដែល​បាន​ទៅ​តួកគី​ដើម្បី​និយាយ​ជាមួយ​លោក​អ៊ែរដូហ្កាន​ពី​គម្រោង​ដក​ទ័ព​អាមេរិក​ចេញ​ពី​ប្រទសេ​ស៊ីរី។ តែ​ទីបំផុត លោក​ចន បុលតុន​បាន​ចាកចេញ​ពី​ទឹកដី​តួកគី​នៅ​រសៀល​ថ្ងៃ​អង្គារ ទី៨ មករា​ដោយ​មិន​បាន​ជួប​លោក​អ៊ែរដូហ្កាន និង​ថែម​ទាំង​បាន​បញ្ឆេះ​កំហឹង​ប្រធានាធិបតី​តួកគី​រូប​នេះ​ទៀត​ផង។ តើ​លោក​អ៊ែរដូហ្កាន​ក្តៅក្រហាយ​នឹង​លោក​បុលតុន​លើ​រឿង​អ្វី ?

លោកចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក រូបឆ្វេង និង​លោក​អ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី ថ្ងៃទី៨ មករា ២០១៩
លោកចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក រូបឆ្វេង និង​លោក​អ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី ថ្ងៃទី៨ មករា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

ភាព​ចម្រូងចម្រាស​រវាង​តួកគី និង​សហរដ្ឋអាមេរិក គឺ​ទាក់ទង​នឹង​កងកម្លាំង​គួដឌីស្ថាន​នៅ​ស៊ីរី។ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន និង​ប្រទេស​បស្ចិមលោក​មួយ​ចំនួន ពួក​គួដឌីស្ថានស៊ីរី​ជា​ដៃគូ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម​នៅ​ទឹកដី​ស៊ីរី។ តែ​សម្រាប់​ទីក្រុង​អង់ការ៉ា​វិញ កម្លាំងប្រដាប់អាវុធ​គួដឌីស្ថាន​ស៊ីរី​ជា​ចលនា​ភេរវនិយម​ដែល​ត្រូវ​កម្ទេចចោល។ អស់​ជា​ច្រើន​សប្តាហ៍​កន្លង​មក តួកគី​បាន​គំរាម​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ទីតាំង​របស់​កម្លាំង​គួដឌីស្ថាន​ស៊ីរី​នៅ​ប៉ែក​ខាងជើង​ស៊ីរី។ មុន​នឹង​ទៅ​ដល់​តួកគី​ក្នុង​ថ្ងៃ​ចន្ទ និង​ចាកចេញ​វិញ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី៨ មករា ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រាអែល។

នៅ​ទីនោះ លោក​ចន បុលតុន​បាន​ថ្លែង​ច្បាស់ៗ​ពី​គម្រោង​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី​ដែល​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៨។ តែ​លោក​បុលតុន​បាន​ភ្ជាប់​រឿង​ដកទ័ព​អាមេរិក​ពី​ស៊ីរី​នេះ​ទៅ​នឹង​លក្ខខណ្ឌ​មួយ​ដោយ​ទាមទារ​ឲ្យ​តួកគី​កុំ​ឲ្យ​វាយប្រហារ​លើ​កម្លាំងប្រដាប់អាវុធ​គួដឌីស្ថាន​ស៊ីរី។ លក្ខខណ្ឌ​មួយ​នេះ​ត្រូវ​បាន​លោក​ចន បុលតុន​លើក​ទៅ​និយាយ​ផ្ទាល់​ជាមួយ​លោក​អ៊ីប្រាហ៊ីម កាលីន អ្នក​នាំពាក្យ​ប្រធានាធិបតី​តួកគី។ « សម្តី​របៀប​នេះ​របស់​លោក​ចន បុលតុន​មិន​អាច​ឲ្យ​យើង​ទទួល​យក​បាន​ទេ ហើយ​វា​ពិត​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​អ៊ែរដូហ្កាន​នៅ​ចំពោះ​មុខ​សមាជិក​សភា​នៃ​គណបក្ស AKP ក្នុង​ថ្ងៃ​អង្គារ ទី៨ មករា។

មនុស្សខ្លាំង​តួកគី​រូប​នេះ​ដដែល​បាន​យល់ឃើញ​ថា លោក​បុលតុន​បាន​ប្រព្រឹត្ត​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ និង​បាន​បញ្ជាក់​ជា​ថ្មី​ថា ពួកគួដឌីស្ថាន​ស៊ីរី និង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​សុទ្ធសឹង​ជា​ពួក​ភេរវជន​ដែល​តួកគី​ត្រូវ​ចាត់ការ​កម្ទេច។ តាម​កាសែត​គាំទ្រ​រដ្ឋាភិបាល​តួកគី លោក​អ៊ែរដូហ្កាន​បាន​បដិសេធ​មិន​ទទួល​ជួប​លោក​បុលតុន។ តែ​អ្នក​នាំពាក្យ​ប្រធានាធិបតី​តួកគី​លោក​កាលីន​បាន​បញ្ជាក់​ថា គម្រោង​ជំនួប​រវាង​លោក​អ៊ែរដូហ្កាន និង​លោក​បុលតុន​មិន​មាន​ចែង​នៅ​ក្នុង​កម្មវិធី​នៃ​ទស្សនកិច្ច​របស់​លោក​បុលតុន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ